អ្នក​ជំនាញ​កសិកម្ម និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ធ្លាក់​ចុះ

ដោយ ជាតិ ចំណាន
2022.12.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំនាញ​កសិកម្ម និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ធ្លាក់​ចុះ

ស្រូវ​ដែល​ពលរដ្ឋប្រមូលផល កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២២។ Photo Courtesy


អ្នកជំនាញ​កសិកម្ម និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​កសិកម្ម​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ដែល​ធ្លាក់ចុះ និង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ បន្ទាប់​ពី​កម្ពុជា​បាន​ឈ្នះ​ក្ដី និង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល​អង្ករ​គ្រាប់​វែង​ទៅ​សហភាព​អឺរ៉ុប។ ពួកគាត់​ថា នេះ​ជា​ឱកាសល្អ​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់ និង​សម្របសម្រួល​ទីផ្សារ​ឱ្យ​មាន​លំនឹង។

អ្នកជំនាញ​កសិកម្ម លោក នី ណាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ថា ចំពោះ​កម្ពុជា​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំចេញ​អង្ករ​មកវិញ​នេះ គឺជា​ក្ដី​សង្ឃឹម​របស់​ប្រជាកសិករ​ក្នុង​ការ​បង្កបង្កើនផល​ស្រូវ​តទៅទៀត​។ លោក​បន្ត​ថា ក្នុង​ឱកាស​ដែល​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ពី​ការ​នាំ​ស្រូវ​ចេញទៅ​ក្រៅប្រទេស ក្រសួង​កសិកម្ម​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​ប្រជាកសិករ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​បង្កបង្កើនផល​តាមរយៈ​ការ​ជ្រើសរើស​ពូជ និង​បច្ចេកទេស​ដាំ​ដុះ​តាម​ស្ដង់ដារ តម្រូវ​តាម​ទីផ្សារ​បរទេស​។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ និង​ដាក់ចេញ​នូវ​ការកំណត់​តម្លៃ​កសិផល​ឱ្យ​មាន​ស្ថិរភាព ដើម្បី​ឱ្យ​ឈ្មួញ​និង​កសិករ​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់គ្នា។


លោក នី ណាក់៖ «នៅ​ពេល​ដែល​ដាក់ចេញ​តម្លៃ​មួយ​សម្រាប់​កសិករ​ហើយ​ត្រូវ​មាន​យន្តការ ការ​ត្រួត​ពិនិត្យ​និង​តាមដាន​ទៅលើ​ការអនុវត្ត​សេចក្ដីជូនដំណឹង សេចក្ដីសម្រេច​ហ្នឹង​។ ជាក់ស្ដែង​យើង​ឃើញ​ពី​បញ្ហា​ចុង​ក្រោយនេះ​គឺ​ឈ្មួញ​មិនបាន​គោរព​តាម​សេចក្ដីសម្រេច​របស់​ក្រសួងកសិកម្ម ដែល​កំណត់​ឱ្យ​ទិញ​ស្រូវ​ក្នុង​តម្លៃ​លើស​ពី ១​ពាន់​រៀល​ហ្នឹង​ទេ នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​ពុំ​បាន​ត្រួតពិនិត្យ​ល្អិតល្អន់​តាមដាន​វាយតម្លៃ​ទៅលើ​សេចក្ដីប្រកាស​ដែល​ខ្លួន​ចេញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​អនុវត្ត​នោះ​ទេ»។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ថ្ងៃទី​៣០ វិច្ឆិកា បាន​ប្រកាស​ថា កម្ពុជា​ឈ្នះក្ដី​លើ​បណ្ដឹងតវ៉ា​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចេញ​អង្ករ​គ្រាប់​វែង (Indica Rice) ទៅកាន់​សហភាព​អឺរ៉ុប។ សាលក្រម​ចុះ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់​សាលាដំបូង (The General Court) នៃ​សហភាព​អឺរ៉ុប​បញ្ជាក់​ថា ការ​ដាក់​ពន្ធ​របស់​គណៈកម្មការ​អឺរ៉ុប​មក​លើ​អង្ករ​គ្រាប់​វែង​របស់​កម្ពុជា​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប គឺជា​វិធានការ​ខុសច្បាប់ និង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់។

ទោះ​យ៉ាងនេះ​ក្ដី ប្រជា​កសិករ​នៅតែ​បារម្ភ ចំពោះ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រឡប់​មក​វិញ​នេះ នឹង​ផ្ដល់​ផល​ចំណេញ​ឱ្យ​ឈ្មួញ​អ្នក​នាំចេញ​តែប៉ុណ្ណោះ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​អាច​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ទេ​នោះ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យ​ដឹង​ថា​ក្រសួង​មិន​បាន​ច្រាល​ចោល​ព័ត៌មាន​នេះ​ទាំងស្រុង​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ កញ្ញា​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​សម្លឹង​មើល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ខណៈ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​នេះ បាន​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​និង​បង្កើត​យន្តការ​ថ្មីៗ​បន្ថែម​ទៀត​។ កញ្ញា​បន្ត​ថា បច្ចុប្បន្ន​ក្រសួង​កសិកម្ម​បាន​បង្កើត​ក្រុម​ការងារ​ផលិត​ពូជស្រូវ​ដែល​មាន​គុណភាព​លក់​ឱ្យ​ប្រជាកសិករ​ក្នុង​តម្លៃ​សមរម្យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដាំ​ដុះ និង​កាត់​បន្ថយថ្លៃ​ផលិត។

កញ្ញា អ៊ឹម រចនា៖ «អ៊ីចឹង​បើកាលណា​ប្រជាកសិករ​គាត់​ប្រើ​ពូជស្រូវ​ល្អ វា​នឹង​ឈាន​ទៅ​ដល់​ការ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការប្រើប្រាស់​ជី និង​ការទិញ​ជី​មក​ដាក់​ស្រែ​ដាក់​ស្រូវ​។ នេះ​គឺជា​ការ​កាត់បន្ថយ​ថ្លៃ​ចំណាយ ហើយ​វា​នឹង​ជំរុញ​ឱ្យ​ប្រជាកសិករ​យើង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​មុន»។

គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវ​ការ​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គិត​ចាប់​ពី​ឆ្នាំ​២០១៩ នេះ​តទៅ។ ការ​សម្រេច​នេះ គឺ​ក្រោយពី​គណៈកម្មការ​អឺរ៉ុប ដែល​តំណាង​ឲ្យ​ប្រទេស​សមាជិក​ចំនួន ២៨ ប្រទេស បាន​បើក​ការស៊ើបអង្កេត​រយៈពេល​ស្ទើរ​ពេញ​មួយឆ្នាំ ២០១៨ តប​តាម​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី​(Italy) ដែល​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប ចាត់វិធានការ​ការពារ​តាមរយៈ​ការ​គិត​ពន្ធ លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ដោយសារតែ​ប្រទេស​នេះ​យល់ថា អង្ករ​នាំចូល​ពី​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ បាន​បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្ទាល់​របស់​ខ្លួន។ ការ​យកពន្ធ​នាំចូល​អង្ករ​នេះ បាន​ធ្វើ​ឱ្យ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅ​ក្នុង​ទីផ្សារ​ប្រទេស​នៃ​តំបន់​អឺរ៉ុប បាន​ធ្លាក់ចុះ​គួ​រឱ្យ​កត់​សម្គាល់​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​កូនប្រសា​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ បាន​ចេញ​មុខ​ទៅ​តវ៉ា​ទៅ​គណៈកម្មការ​អឺរ៉ុប​ជា​បន្តបន្ទាប់។ ការខិតខំ​បែបនេះ ទំនងជា​ដោយសារ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន​របស់​លោក សុខ ពុទ្ធិវុធ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា​មួយចំនួន ដែល​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​ឈ្នះក្ដី នាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប ជា​ការ​បើក​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។ លោក​ថា កសិករ និង​ឈ្មួញ​នឹង​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន ប្រសិនបើ​រដ្ឋាភិបាល​និង​ក្រសួង​កសិកម្ម​ក្ដោប​ក្ដាប់​ឱកាស​នេះ និង​ពង្រឹង​ផែនការ​កសិកម្ម​។ លោក​បន្ត​ថា ក្រសួង​កសិកម្ម​ត្រូវ​សម្របសម្រួល​ចរន្ត​ទីផ្សារ និង​បង្កើន​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​ស្រប​ទៅតាម​ស្ដង់ដារ​បន្ថែម​ទៀត។​

លោក កើត សារ៉ាយ៖ «តែ​ទោះ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យ​កសិករ​ទទួល​បាន​នូវ​ភាពសមរម្យ​ក្នុង​ការ​ប្រមូល​ផល​ហើយ​លើក​ចេញ ក៏ដូចជា​ឈ្មួញ​ដែល​ទទួល​ទិញ​ពី​កសិករ​ក៏​ទទួល​បាន​កម្រៃ​សមរម្យ​នោះ រដ្ឋាភិបាល​ត្រូវ​ធានា ក៏ដូចជា​សម្របសម្រួល​ផ្នែក​ទីផ្សារ​ហ្នឹង​ឱ្យ​មាន​លំនឹង​ឡើងវិញ»។

យោង​តាម​តារាង​តម្លៃ​អង្ករ​ដែល​កត់ត្រា​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) គិត​ត្រឹម ខែកក្កដា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន ជិត​៤០​ម៉ឺន​តោន (៣៨៩ ០០០​តោន​)​។ តម្លៃ​អង្ក​ដែល​នាំចេញ​ជា​មធ្យម​មាន​ចំនួន ៨៥០​ដុល្លារ ក្នុង​១​តោន។ ចំពោះ​តម្លៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប (Europe) មានតម្លៃ​ចន្លោះ​ពី ១​ដុល្លារ​ទៅ ៣​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​តាម​គុណភាព​អង្ករ​នីមួយៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles