កម្ពុជា-សង្គម
04/12/2022 – 07:57
ដោយ៖ សាំ ឧត្តម
RFI

កម្មកររោងចក្រកាត់ដេរ ស៊ិន តៃ ចេញមកតវ៉ាទាមទារដំណោះស្រាយពីថៅកែ © FB
កម្មកររោងចក្រកាត់ដេរ ស៊ិន តៃ ZHEN TAI Garment (Cambodia) Co., Ltd បានចេញមកតវ៉ាទាមទារដំណោះស្រាយពីថៅកែរោងចក្រ ក្រោយថៅកែអះអាងថា រោងចក្រនឹងឱ្យកម្មករផ្អាកពីការងារបណ្តោះអាសន្នរយៈពេល២ខែ ដោយបើកប្រាក់ខែជូនត្រឹម៣០ដុល្លារក្នុងម្នាក់។ ប៉ុន្តែគោលការណ៍នេះ ត្រូវបានកម្មករចាត់ទុកថា ខុសនឹងលក្ខខណ្ឌការងារ ហើយពួកគេនឹងទាមទាររកយុត្តិធម៌ដោយឱ្យថៅកែគោរពនូវច្បាប់ការងារព្រមទាំងលក្ខខណ្ឌការងារមួយចំនួនទៀត។ តែយ៉ាងណា ពីខាងសហជីពសង្ស័យថា រោងចក្រកាត់ដេរនេះកំពុងក្ស័យធន់ ទើបសម្រេចព្យូរការងារបស់កម្មករ។
កាលពីថ្ងៃទី២ ធ្នូ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ស៊ិន តៃ បានផ្ទុះការតវ៉ានៅចំពោះមុខរោងចក្រ ដើម្បីស្នើឱ្យថៅកែចេញមកដោះស្រាយនូវលក្ខខណ្ឌធំៗចំនួន២ ជាពិសេសជុំវិញករណីព្យូរការងាររបស់ពួកគេរយៈពេល២ខែ ហើយទទួលបានប្រាក់ខែត្រឹម៣០ដុល្លារ។ កម្មករលើកឡើងថា គោលការណ៍ដែលសម្រេចចេញពីថៅកែរោងចក្រ គឺពិតជាមិនអាចទទួលបានយក ព្រោះប្រាក់ខែត្រឹម៣០ដុល្លាររយៈពេល២ខែ កម្មករមិនអាចទូទាត់ថ្លៃចំណាយលើបន្ទប់ជួល និងការចាយវាយប្រចាំថ្ងៃបានគ្រប់ផង។
ក្នុងអំឡុងពេលតវ៉ា តំណាងកម្មករមួយរូបបញ្ជាក់ថា កម្មករមិនព្រមទទួលយកលក្ខខណ្ឌរបស់ថៅកែរោងចក្រឡើយ ផ្ទុយទៅវិញកម្មករទាមទារឱ្យរោងចក្រគួរពិចារណាបែងចែកម៉ោងធ្វើការជាពីរវេន ហើយស្នើសុំប្រាក់ឈ្នូលចំនួន៥០ភាគរយនៅអំឡុងពេលយប់សម្រាកពីការងារនេះ។
លោកស្រី ម៉ិច ស៊ាងហៃ អនុប្រធានសហព័ន្ធសហជីពស្មារតីកម្មករខ្មែរសោកស្តាយនៅពេលដែល ថៅកែរោងចក្រមិនទទួលយកសំណើររបស់កម្មករជុំវិញការព្យូរការងារនេះ ព្រោះលោកស្រីមើលឃើញថា កម្មករទាំងអស់នឹងបាត់បង់ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ហើយកម្មករជាង៨០ភាគរយនឹងមិនមានប្រាក់បង់បំណុលធនាគារដែលពួកគេជំពាក់រាល់ខែព្រោះតែថៅកែគ្មានទំនួលខុសត្រូវ។
បន្ថែមពីនេះ អនុប្រធានសហជីពខាងលើថា រោងចក្រយីហោ ស៊ិន តៃ ជានិច្ចកាលតែងតែរំលោភលើសិទ្ធិកម្មករ និងបំពានច្បាប់ការងារជាច្រើនលើកច្រើនសារ។ ប៉ុន្តែកម្មករស៊ូទ្រាំដោយមិនមានចេញមុខតវ៉ាអ្វីឡើយ ហើយការផ្ទុះការតវ៉ានាពេលនេះពីព្រោះថា កម្មករអស់ការស៊ូទ្រាំបន្តទៀត។
ក្រោយការតវ៉ាបានមួយថ្ងៃ ក្រសួងការងារបានចេញលិខិតព្រមានទៅកាន់ប្រធានសហជីពស្មារតីកម្មករខ្មែរថា បានដឹកនាំកម្មករឱ្យចេញមកតវ៉ានៅមុខរោងចក្រ។ ជាការឆ្លើយតប លោក កឹម សុភេន ប្រធានសហជីពស្មារតីកម្មករខ្មែរបានច្រានចោល និងសោកស្តាយនូវអ្វីដែលក្រសួងការងារលើកឡើង។ ផ្ទុយទៅវិញលោកថា ការចេញមកតវ៉ារបស់កម្មករ គឺសម្អាងទៅលើទង្វើរបស់ថៅកែរោងចក្រតែម្តង ព្រោះកម្មកររងភាពយុត្តិធម៌ច្រើនមកហើយ។ ហើយលោកក៏ធ្លាប់បានជួបជាមួយក្រសួងការងារដើម្បីប្រាប់អំពីសារបានខ្លះៗនូវបញ្ហានេះដែរ ប៉ុន្តែបែរជាក្រសួងចោទប្រកាន់ថាសហជីពជាអ្នកដឹកនាំការតវ៉ាទៅវិញ។
សូមជម្រាបថា រោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ហ្គាមេន ZHEN TAI Garment (Cambodia) Co., Ltd ខាងលើ មានថៅកែជាជនជាតិចិន និងមានកម្មករបម្រើការងារ សរុបចំនួន១៧០០នាក់ ក្នុងនោះកម្មករពេញសិទ្ធិចំនួន៩១៥នាក់ ។
ក្នុងនោះ រោងចក្រកាត់ដេរសំលៀកបំពាក់ ស៊ិន តៃ ហ្គាមេន (ខេមបូឌា) ZHEN TAI Garment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ ក៏ធ្លាប់ត្រូវបានកម្មករចេញមកតវ៉ាម្តងរួចមកហើយកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២១។ កាលនោះ កម្មករទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់ខែខ្លះ និងផ្តល់ប្រាក់ថ្ងៃឈប់សម្រាកចូលឆ្នាំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយពួកគេបានអះអាងថា ប្រាក់ខែលើកទី ១ ក្នុងខែមេសា ពួកគេទទួលបានមិនគ្រប់ ៥០ ភាគរយនៃប្រាក់ខែសរុបនោះទេ៕