ដោយ ទីន ហ្សាការីយ៉ា
2023.01.19
RFA

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
គណបក្សភ្លើងទៀនបញ្ជាក់ពីជំហររបស់ខ្លួនថា គណបក្សប្រឆាំងនេះ នៅតែបន្តពង្រឹងជំហរ និងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត សម្រាប់ត្រៀមខ្លួនចូលរួមការបោះឆ្នោតនាពេលខាងមុខ។ ការប្រកាសបែបនេះធ្វើឡើង នៅស្របពេលគណបក្សកាន់អំណាច កំពុងតែធ្វើទុក្ខបុកម្នេញគណបក្សនេះ។ អ្នកវិភាគថា គណបក្សភ្លើងទៀនប្រកាន់ជំហរបែបនេះ ជារឿងត្រឹមត្រូវ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន អះអាងថា គណបក្សភ្លើងទៀន មិនចុះញមចំពោះការធ្វើទុក្ខបុកម្នេញណាមួយ មកលើមន្ត្រីរបស់ខ្លួនឡើយ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលកំពុងរងបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាផងនោះ អះអាងនៅថ្ងៃទី១៨ មករា ថា គណបក្សភ្លើងទៀន នៅតែបន្តដំណើរទៅមុខ រក្សាជំហររឹងមាំ និងពង្រឹងសកម្មភាពរបស់ខ្លួនថែមទៀត ដើម្បីបំរើប្រទេសជាតិ។
លោក សុន ឆ័យ៖ «គណបក្សភ្លើងទៀនហ្នឹងត្រូវរក្សាសាមគ្គីភាព ពង្រឹងសកម្មភាព និងជំហរឲ្យរឹងមាំ។ ការបង្កើនសកម្មភាពឲ្យមានអ្នកគាំទ្រកាន់តែច្រើន និងសាមគ្គីភាពនេះហើយ ដែលធ្វើឲ្យគណបក្សកាន់អំណាចពិចារណា លើការបន្ថយសកម្មភាពគំរាមកំហែង»។
ការប្ដេជ្ញាចិត្តរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន នៅស្របពេលគណបក្សនេះ កំពុងរងទុក្ខបុកម្នេញពីគណបក្សកាន់អំណាចជាបន្តបន្ទាប់ ក្នុងនោះ រួមមាន លោក សុន ឆ័យ កំពុងរងបណ្ដឹងពីគណបក្សកាន់អំណាច ដែលគណបក្សនេះទាមទារជំងឺចិត្ត ចំនួន ១លានដុល្លារ រឿងលោក សុន ឆ័យ រិះគន់លទ្ធផលបោះឆ្នោតឃុំ-សង្កាត់។ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ក៏រងបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាដែរ។ ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គំរាមវាយខ្នោះលោក គង់ គាំ ថែមទៀត រឿងលោក រិះគន់ប្រវត្តិបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែក្រោយពីលោកប្រគល់ដី និងផ្ទះ ដែលមានតម្លៃរាប់សិបលានដុល្លារជូនរដ្ឋាភិបាលវិញ ទើបលោក ហ៊ុន សែន លើកលែង និងដកពាក្យបណ្ដឹងវិញ។ ក្រៅពីនេះទៀត សកម្មជនគណបក្សភ្លើងទៀនមួយចំនួនកំពុងតែជាប់ពន្ធនាគារដែរ។
ករណីចុងក្រោយ អនុប្រធានគណបក្សភ្លើងទៀនមួយរូបទៀត លោក ថាច់ សេដ្ឋា ទោះបីជាតុលាការចោទប្រកាន់ពីរឿងចេញសែកគ្មានទឹកប្រាក់ក៏ដោយ ក៏ប៉ុន្តែសំណុំរឿងនេះ ត្រូវបានអ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ជារឿងនយោបាយ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា ជារឿងត្រឹមត្រូវ ដែលគណបក្សភ្លើងទៀន នៅតែរក្សាជំហររឹងមាំ នៅក្នុងពេលគណបក្សកាន់អំណាចកំពុងធ្វើទុក្ខបុកម្នេញបែបនេះ។
បណ្ឌិត សេង សារី៖ «ភ្លើងទៀនហាក់ដូចជាដើរត្រូវគន្លងយុទ្ធសាស្រ្តឡើងវិញ ដោយសារតែការធ្វើទុក្ខបុកម្នេញកន្លងមកនេះជាចេតនាមួយជំរុញឲ្យភ្លើងទៀនដើរចេញពីផ្លូវបោះឆ្នោតដែរ។ សេចក្ដីថ្លែងការណ៍របស់ភ្លើងទៀននេះធ្វើឲ្យអ្នកគាំទ្រនៅមូលដ្ឋានមានកម្លាំងចិត្តដើម្បីធ្វើដំណើរឆ្ពោះទៅការធ្វើផ្លាស់ប្ដូរផងដែរ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា តុលាការចាត់ការមន្រ្តីគណបក្សភ្លើងទៀននេះ ជារឿងអនុវត្តច្បាប់មិនមែនជារឿងធ្វើទុក្ខបុកម្នេញដូចការចោទប្រកាន់ឡើយ។
លោក សុខ ឥសាន៖ «អីចឹងមិនមែនគណបក្សកាន់អំណាចទៅធ្វើបាបគាបសង្កត់ពួកគាត់ទេ គឺគាត់បង្កើតបញ្ហាដោយខ្លួនគាត់ ហើយគាត់ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។ ដូច្នេះហើយអត់មាននិយាយថា សភាពនយោបាយក្ដៅត្រជាក់អី គឺពួកគាត់បង្កើតខ្លួនគាត់ទេ។ ដូច្នេះគណបក្សប្រជាជនកម្ពុជាអត់មានតួនាទីអីជំនួសតុលាការដោះស្រាយរឿងពិរុទ្ធភាពរបស់គណបក្សភ្លើងទៀនទេ»។
ទោះបីជាលោក សុខ ឥសាន អះអាងបែបនេះក្ដី ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ អះអាងថា គណបក្សកាន់អំណាចកំពុងប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ បង្រ្កាបទៅលើដៃគូប្រកួត និងអ្នករិះគន់។
របាយការណ៍របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch) ចេញផ្សាយកាលពីពេលថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បើកយុទ្ធនាការបង្រ្កាប ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅមុខទៀត។ របាយការណ៍បានលើកចំៗ ថា លោក ហ៊ុន សែន ត្រូវដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំ ដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការណ៍ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។ យុទ្ធសាស្ត្រចម្បងជាងគេ របស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងតុលាការ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត សេង សារី លើកឡើងថា គណបក្សកាន់អំណាចប្រើប្រាស់តុលាការជាឧបករណ៍ ធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សភ្លើងទៀន ក្រោមរូបភាពអនុវត្តច្បាប់បែបនេះ គ្មានចំណេញអ្វីឡើយ។ ផ្ទុយទៅវិញ លោកអះអាងថា នឹងធ្វើឲ្យគណបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពទៅវិញទេ។
បណ្ឌិត សេង សារី៖ «ការធ្វើទុក្ខបុកម្នេញផ្ទួនៗ នេះធ្វើឲ្យពលរដ្ឋមើលឃើញកាន់តែច្បាស់ទៅវិញទេថា គណបក្សកាន់អំណាចកំពុងតែប្រើប្រាស់តុលាការក្នុងការវាយប្រហារគណបក្សភ្លើងទៀន។ដូច្នេះធម្មជាតិរបស់ពលរដ្ឋខ្មែរតែងតែផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ ដូច្នេះគណបក្សកាន់អំណាចបាត់បង់អ្នកគាំទ្រខ្លាំងណាស់»។
លោក សុន ឆ័យ បន្ថែមថា ទោះបីជាគណបក្សភ្លើងទៀន កំពុងតែប្រឈមនឹងការគំរាមកំហែងបែបនេះក្ដី គណបក្សភ្លើងទៀន ក៏ស្វះស្វែងរកការសន្ទនាជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ ធានាថា គ្មានការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញណាមួយកើតឡើង។
ឆ្លើយតបនឹងបញ្ហានេះ លោក សុខ ឥសាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងមិនចរចា ជាមួយគណបក្សភ្លើងទៀនឡើយ។ លោកអះអាងថា កម្ពុជាមានសុខសន្តិភាព។ ហើយមន្ត្រីរបស់គណបក្សភ្លើងទៀន ដែលរងបណ្ដឹងនៅតុលាការគឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការអនុវត្តច្បាប់។
អ្នកវិភាគថា សន្តិភាពដែលលោក អះអាងនេះ ជាសន្តិភាពសម្រាប់តែក្រុមគណបក្សកាន់អំណាច មិនមែនសន្តិភាពសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសង្គមដែលធ្វើឲ្យពលរដ្ឋមានសេចក្ដីសុខឡើយ។ លោក បណ្ឌិត សេង សារីថា ការសន្ទនាគ្នារវាងគណបក្សទាំងពីរ ជាជម្រើសល្អសំរាប់ឲ្យដំណើរការបោះឆ្នោតរលូនទៅមុខ ដោយធានាថា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញនៅក្នុងសង្គមប្រជាធិបតេយ្យ។
ក្រៅពីគណបក្សភ្លើងទៀន ប្រកាសអំពីបន្តជំហររឹងមាំនេះ គណបក្សនេះក៏បញ្ជាក់នៅលើសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃទី១៨ មករានេះដែរថា គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពគណបក្សកាន់អំណាច។ គណបក្សនេះទាមទារឲ្យបញ្ឈប់ជាបន្ទាន់។ គណបក្សភ្លើងទៀន អំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YEA ….. all I can see during POL POT was the same policy of communist . after 1979 it still be the same nothing change that mean the same killer . every day all I see is the war still ruin in this nation none stop . after all HUN SEN leadership still say CHHAIYO PAK COMMUNIST PEOPLE PARTY. …UNITED ENDOCHEN just about wining over three nation