នយោបាយ ព័ត៌មានជាតិ
ហង់ សុខហុង | ១៩ មករា ២០២៣ | ម៉ោង ២២:០២
VOD

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលស្គាល់ថា អ្វីដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្ស កាលពីថ្ងៃម្សិលមិញ គឺជារឿងដែលឆ្គាំឆ្គង និងមិនគួរឱ្យកើតមានទៀតនោះទេ ហើយផ្ទៃក្នុងគណបក្សនឹងដកខ្លឹមសារដូចដែលមាននៅក្នុងសេចក្ដីថ្លែងការណ៍នោះចេញជាបន្ទាន់ផងដែរ ក្នុងន័យដើម្បីសម្រួលស្ថានការណ៍នេះឱ្យមានភាពប្រក្រតីឡើងវិញ។
ការបញ្ជាក់ជំហរបែបនេះរបស់លោក សុនឆ័យ អនុប្រធានគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រតិកម្មដោយព្រមានធ្ងន់ៗថា ខ្លួននឹងបង្គាប់ឱ្យមេធាវីរបស់រដ្ឋាភិបាល ពិនិត្យដោយម៉ត់ចត់ មុននឹងត្រូវដាក់បណ្តឹងចូលទៅតុលាការប្រឆាំងគណបក្សភ្លើងទៀន។
លោក សុនឆ័យ អះអាងនៅថ្ងៃនេះថា គណៈកម្មាធិការកណ្តាលគណបក្សភ្លើងទៀន នឹងដកចេញនូវខ្លឹមសារដូចមាននៅក្នុងសេចក្តីថ្លែងការណ៍នោះចេញ ដោយមិនបង្អង់យូរទៀតទេ។ ស្របពេលជាមួយគ្នានេះ លោកទទួលស្គាល់ថា ខ្លឹមសារនោះពិតជាមិនគួរគប្បីប្រើប្រាស់ ដូចអ្វីដែលលោក ហ៊ុន សែន ប្រតិកម្មមែន។
លោកបន្តថា៖ «យើងត្រូវចៀសឱ្យផុតអំពីការប្រើពាក្យពេចន៍ណាដែលប៉ះពាល់ទៅដល់តម្លៃនៃគណបក្សណាដែលយើងកំពុងតែប្រកួតប្រជែងជាមួយដូច្នេះនេះមានភាពខុសឆ្គងខ្ញុំទទួលស្គាល់ ហើយយើងនឹងកែឱ្យបានឆាប់ហើយយើងក៏នឹងធ្វើយ៉ាងម៉េចកុំឱ្យទម្លាប់ចាស់ដែលមិនល្អហ្នឹង កុំឱ្យកើតមានឡើងតទៅទៀត »។
ថ្លែងនៅក្នុងវេទិកាដែលស្ថិតក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានស្នើឱ្យគណបក្សភ្លើងទៀនចេញមុខសុំទោសជាសាធារណៈ ប្រសិនបើមិនដូច្នេះទេ លោកនឹងបង្គាប់ឱ្យលោក គីតិច ដែលជាមេធាវីរបស់លោក ពិនិត្យខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍នោះ នឹងដាក់បណ្តឹងទៅតុលាការ។
បើតាមលោក ហ៊ុនសែន មានតែការធ្វើដូច្នេះទេ ទើបអាចស្វែងរកយុត្តិធម៌ និងប៉ះប៉ូវការចោទប្រកាន់ ដែលលោកចាត់ទុកជាការមួលបង្កាច់ខុសពីការពិតនេះបាន។
លោកបន្តថា៖ «ឥឡូវនេះខ្ញុំសូមបញ្ជាក់សេចក្តីថ្លែងការណ៍ពីម្សិលខ្ញុំមើលមានចេញសេចក្តីថ្លែងការណ៍ដែលនិយាយប៉ះពាល់ដល់គណបក្សប្រជាជនគាបសង្កត់។ឥឡូវនេះតើគណបក្សប្រជាជនគាបសង្កត់អ្នកឯងលើរឿងអី?រឿងដូចជាអ្នកណាមួយដូចជាអនុប្រធានគណបក្សណាមួយជាប់គុក គេវាយខ្នោះបើកសែកអត់លុយ។អារឿងបើកសែកអត់លុយហ្នឹងជាប់ខ្នោះតែញឹកប៉ុន្មានថ្ងៃមុនឃើញដូចជាពីរបីអាទិត្យមុនឃើញឧកញ៉ាណាផងឃើញចេញសែកអត់លុយអាហ្នឹងសុទ្ធតែជួញជាប់គុកតែទាំងអស់ហ្នឹងហើយ។ហើយរឿងស្អីសុទ្ធតែរឿងនយោបាយរឿងស្អីសុទ្ធតែរឿងនយោបាយរឿងហ្នឹងនិយាយគ្នាឱ្យច្បាស់។ អត់ទេ! គណបក្សប្រជាជនមិនអាចទុកឱ្យអ្នកឯងធ្វើរបៀបហ្នឹងតទៅទៀតទេ។យើងប្តឹងទៀតបើមិនឱ្យប្តឹងមានស្អីអញលើកបាតុកម្មដាក់ឯងរត់ពេញទឹកពេញដីរកកន្លែងរត់មិនឃើញទៀតណោះ។នេះចេះគេថ្នមហើយប៉ុណ្ណឹងនោះចេញមកវាឈ្លើយតែម្តង»។
តាមរយៈសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃម្សិលមិញ បង្ហាញថា ខ្លួនប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញខាងនយោបាយពីគណបក្សកាន់អំណាច ហើយស្នើឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់។
គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន យ៉ាងហោចណាស់ក៏៣លើករួចហើយដែរ។ សេចក្តីថ្លែងការណ៍ទាំងនោះធ្វើឡើងគាប់ជួនមន្រ្តីជាន់ខ្ពស់នៅក្នុងគណបក្ស គឺលោក ថាច់សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទប្រកាន់ ចេញមូលប្បទានបត្រដែលគ្មានសាច់ ឬហៅថាសែកស្អុយ។
នៅថ្ងៃនេះដែរ ក៏ជាលើកទីមួយហើយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថា លោកគឺជាមេដឹកនាំបែបហិង្សា។ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុនសែន ក៏បានព្រមានចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារដោយមិនរុញរាទៀតឡើយ រាប់ចាប់តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ នៅពេលរកឃើញថា នៅបន្តសាបព្រោះវប្បធម៌រិះគន់គណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី អះអាងថា នឹងឈប់ឱ្យអ្នករិះគន់ទាំងនោះរត់រួចខ្លួនទៀតហើយ ទោះត្រូវភៀសខ្លួនតាមមធ្យោបាយណាក៏ដោយ។
លោកបន្តថា៖ «ឥឡូវនេះអាអ្នកនៅខាងក្រៅឯងជេរអញ ជេរទៅឯងរួចខ្លួនហើយ។តែអាពួកនៅខាងក្នុងគ្មានរួចទេអញខ្ទប់ទាំងទល់ដែនទៀតមិនឱ្យឯងចេញទៅណា»។
លោក សេកសុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកថា កម្ពុជាគឺជារដ្ឋដែលប្រកាន់គោលការណ៍របបប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែប្រសិនបើបណ្តាបក្សនយោបាយមិនអាចធ្វើសកម្មភាពអ្វីបាន ព្រោះតែត្រូវជាប់បណ្តឹង មានន័យថា កម្ពុជាមិនបានអនុវត្តតាមស្មារតីច្បាប់ទេ។ជាងនេះទៀត លោកថា ប្រសិនបើសូម្បីគណបក្សភ្លើងទៀន ត្រូវប្រឈមមុខចំពោះមុខច្បាប់ ឬអាចមានវាសនាមិនខុសពីគណបក្សសង្រ្គោះជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់អំណាចលើសលុបទៅលើដៃគូប្រកួតប្រជែងនៅក្នុងសង្វៀននយោបាយហើយ។
លោកបន្តថា៖ «យើងឃើញថាបើហ៊ានតែធ្វើតាមការចង់បានហ្នឹងមានន័យថាគណបក្សនេះគឺជាគណបក្សមួយដែលមិនមែនជាក្ដីសង្ឃឹមល្អឬក៏ជាសេចក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រជា[ពលរដ្ឋ]ម្ចាស់ឆ្នោតនោះទេ។វានឹងក្លាយជាគំរូមួយដ៏អាក្រក់ហើយវាក៏នឹងរុញច្រានប្រទេសកម្ពុជាទៅជាប្រទេសមួយដើរប្រាសចាកគន្លងនីតិរដ្ឋនិងរដ្ឋធម្មនុញ្ញដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង[ប៉ារីស]២៣តុលាឆ្នាំ១៩៩១នោះ»។
នៅថ្ងៃនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះសារនយោបាយរបស់គណបក្សភ្លើងទៀនហើយ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមដែរ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សកាន់អំណាច មិនអាចទទួលយកនូវការប្រមាថពីគណបក្សភ្លើងទៀននេះទេ និងគាំទ្ររាល់ចំណាត់ការតាមផ្លូវច្បាប់របស់រដ្ឋាភិបាល។
បើទោះជាបែបណា សហគមន៍អឺរ៉ុប ធ្លាប់បានព្រមានថានឹងដកប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតទាំងថ្នាក់ឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ជាពិសេសបរិយាកាសនយោបាយ រកឃើញថា នៅតែរងការគំរាមកំហែង និងយាយីខាងនយោបាយទៅលើបក្សប្រឆាំង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។