ដោយ សុជីវី
2023.01.19
RFA

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ (រូបកណ្ដាលកាត់ខ្សែបូរ) ជាអធិបតីក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ មករា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់
ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតចូលមកដល់ ហើយការប្រកួតប្រជែងនយោបាយកំពុងតែឡើងកម្ដៅនោះ ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សកាន់អំណាច ទំនងបារម្ភពីការធ្លាក់ចុះនៃសំឡេងគាំទ្រ ទើបមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រើប្រាស់ស្ថាប័នការពារជាតិឃោសនារកសំឡេងគាំទ្រមុនកាលកំណត់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការប្រើប្រាស់ស្ថាប័នកងទ័ពមកបម្រើឱ្យគណបក្សនយោបាយណាមួយជាទង្វើខុសច្បាប់ និងជាការយកប្រៀបទៅដៃគូប្រកួតប្រជែង។
មិនខុសពីលោក ហ៊ុន សែន ឡើយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រើប្រាស់វេទិកាសាធារណៈ អំពាវនាវប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីប្ដូរយកសន្តិភាព ដែលជាយីហោឈានមុខគេ ប្រចាំគណបក្សកាន់អំណាច។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងនៅចំពោះមុខនាយទាហាន និងពលទាហានជាច្រើន ក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុងថ្ងៃទី១៧ មករា ដោយប្រើប្រាស់វេទិកានេះរម្លឹកគុណគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម និងលើកសរសើរថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទើបកម្ពុជាមានសន្តិភាព។ លោកថា ប្រជាពលរដ្ឋត្រូវថែរក្សាសន្តិភាពនេះ តាមរយៈការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ខាងមុខនេះ។
លោក ទៀ បាញ់៖ «ងាយបំផុត ការចូលរួមដោយប្រសិទ្ធភាពបំផុតនោះគឺ ដឹងហើយថាថ្ងៃទី២៣ កក្កដា ខាងមុខនេះមានការបោះឆ្នោត បើយើងថាសុខកាយសុខចិត្តទាំងអស់គ្នា ទៅចូលរួមបោះឆ្នោតឱ្យគណបក្សប្រជាជន នោះហើយជាការរួមចំណែកថែរក្សានូវសុខសន្តិភាពរបស់យើងយ៉ាងពេញលេញ»។
កាលពីខែធ្នូ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រកាសឱ្យកងទ័ពត្រូវតែអព្យាក្រឹត្យ តែចំពោះគណបក្សនយោបាយតែប៉ុណ្ណោះ ប៉ុន្តែមិនអាចអព្យាក្រឹត្យចំពោះរដ្ឋាភិបាលឡើយ ពីព្រោះកងទ័ពបង្កើតឡើងសម្រាប់ការពាររាជរដ្ឋាភិបាលស្របច្បាប់។ ទោះយ៉ាងនេះក្ដី ក៏ក្នុងជួរកងទ័ព នាយទាហានជាន់ខ្ពស់ ភាគច្រើនសុទ្ធតែមានតួនាទីក្នុងជួរគណបក្សប្រជាជនកម្ពុជា និងខ្លះទៀតជាកូនចៅរបស់លោក ហ៊ុន សែន រួមមានលោក ហ៊ុន ម៉ាណែត ជាដើម។ ទន្ទឹមគ្នានេះ ក្រុមនាយទាហានខ្លះទៀតដែលមានភក្ដីភាពជាមួយគ្រួសារលោក ហ៊ុន សែន បានធ្វើសច្ចាប្រណិធានប្ដូរផ្ដាច់ការពារគ្រួសារលោក ហ៊ុន សែន ផងដែរ។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ មករា ថា ទោះបីគណបក្សកាន់អំណាចចាញ់ឆ្នោត កម្ពុជានៅតែមានសុខសន្តិភាពដែរ ព្រោះគណបក្សដទៃទៀត គ្មានគ្រឿងសព្វាវុធ ឬគម្រោងធ្វើសង្គ្រាមបង្កចលាចលនោះឡើយ។ លោកបន្តថា ការយកស្ថាប័ន និងថវិកាជាតិ មកបម្រើឱ្យគណបក្សនយោបាយឃោសនារកសន្លឹកឆ្នោត ជាទង្វើប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ និងគោលការណ៍អព្យាក្រឹត្យ។ លោកចាត់ទុកទង្វើរបស់លោក ទៀ បាញ់ ថា ជាការយកសង្គ្រាមមកគំរាមឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជន។
លោក អ៊ុំ សំអាន៖ «កាលណាស្ថាប័នការពារជាតិ លំអៀងទៅកាន់គណបក្សនយោបាយណាមួយ ឬលំអៀងទៅគណបក្សប្រជាជន វាធ្វើឱ្យបរិយាកាសនៃការបោះឆ្នោតហ្នឹងមានភាពអាប់អួ អាចបំភិតបំភ័យប្រជាពលរដ្ឋ ប្រើកងទ័ពហ្នឹងបំភិតបំភ័យប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនជាដើម។ ដូច្នេះធ្វើឱ្យបរិយាកាសនៃការបោះឆ្នោតហ្នឹង មិនអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌បានទេ»។
នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចូលមកដល់ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ មន្ត្រីក្នុងស្ថាប័នជាតិ ព្រមទាំងលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ តែងយកវេទិកាសាធារណៈនិយាយរម្លឹកពីសន្តិភាព ដែលបានមកពីកងទ័ពវៀតណាមជួយរំដោះកម្ពុជាពីរបបខ្មែរក្រហម និងថ្លែងសារព្រមានថា កម្ពុជានឹងបាត់បង់សន្តិភាព ឬមានសង្គ្រាម ប្រសិនបើគណប្រជាជនកម្ពុជាចាញ់ឆ្នោត។ ទន្ទឹមគ្នានឹងការគំរាមដោយពាក្យសម្ដីហើយ នៅថ្ងៃបោះឆ្នោតម្ដងៗ ក៏មានការចល័តកងទ័ពនៅក្នុងថ្ងៃបោះឆ្នោតដែរ ហើយព្រឹត្តិការណ៍នេះ បានដាស់ស្មារតីប្រជាពលរដ្ឋ ឱ្យនឹកដល់ពាក្យគំរាមពីសង្គ្រាមនេះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសុំការអត្ថាធិប្បាយបញ្ហានេះបានទេ នៅថ្ងៃទី១៨ មករា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការឃោសនាការបោះឆ្នោតរបស់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នការពារជាតិ ជាការយកប្រៀប និងកេងចំណេញលើគូប្រកួត។ លោកបន្តថា ស្ថាប័នការពារជាតិគួររក្សាគោលជំហរអព្យាក្រឹត្យ និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីឱ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខ ប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក សំ គន្ធាមី៖ «ច្បាប់មាន។ សូម្បីតែសម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដែរ ធ្វើម៉េចឱ្យទៅតាមច្បាប់ ទាំងមន្ត្រីរាជការស៊ីវិលអ្វីក៏ដោយ។ បើសិនជាលោកចង់ទៅឃោសនាចូលរួមនយោបាយ ទាល់តែយើងសុំច្បាប់ព្យួរពីមន្ត្រីរាជការសិន។ ច្បាប់គេតម្រូវអ៊ីចឹង»។
គ.ជ.បកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧។
ក្នុងមាត្រា១០ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចែងថា យោធាម្នាក់ៗ អាចមានគំនិត និងជំនឿ ដែលមានលក្ខណៈជាទស្សនវិជ្ជា ឬនយោបាយផ្ទាល់ខ្លួនបាន ប៉ុន្តែពុំអាចសម្ដែងជាសាធារណៈបានឡើយ។
ទោះជាបែបនេះក្ដី កន្លងមករដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ លោក ទៀ បាញ់ តែងតែចេញមុខការពារ និងឃោសនាឱ្យគណបក្សកាន់អំណាច នៅមុនការបោះឆ្នោតម្ដងៗ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៧ ក្នុងការបោះឆ្នោតឃុំ សង្កាត់ លោក ទៀ បាញ់ បានព្រមានប្រើអំពើហិង្សា ការបង្ហូរឈាម និង «វាយបំបែកធ្មេញ» ចំពោះអ្នកតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។