នយោបាយ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ១៩ មករា ២០២៣ | ម៉ោង ២១:២៩
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសឱ្យមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កំពុងរស់នៅក្រៅប្រទេស ឱ្យត្រលប់ចូលមកប្រទេសកម្ពុជាវិញ ខណៈដែលមន្ត្រីរូបនោះកំពុងជាប់បណ្ដឹងជាច្រើននៅតុលាការកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «អាវ៉ាន់ អញផ្ដាំទៅអើយ មកស្រុកមក ហ្អែងទៅតាមគេធ្វើអី? មកអញលើកលែងទោសឱ្យ បើហ្អែងចង់មក ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ កម្ចាត់តែអាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្ដាច់ខ្លួន លើកលែងទោសឱ្យ»។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីលោក ហូរ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេសបានឡើយទេ ជុំវិញការប្រកាសហៅឱ្យចូលប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ។
ចំណែកអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បានលើកឡើងថា ទាក់ទិននឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺមិនអាចជឿជាក់បាននោះទេ ព្រោះថាតុលាការមិនទាន់ទម្លាក់ការចោទប្រកាន់ទៅលើអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងនោះនៅឡើយ។
លោក ឯម សុវណ្ណរ៉ា ថា៖ «គួរតែមានចេញសាលដីកា ឬក៏មានការចេញលើកលែងទោសពីតុលាការ។ ហើយនេះគ្រាន់តែជាសម្ដីអ្នកនយោបាយ ព្រោះអ្នកនយោបាយ និងអ្នកនយោបាយ ខ្ញុំគិតថាមិនកសាងជំនឿជឿជាក់រឹងមាំទៅដល់អ្នកនយោបាយប្រឆាំងឱ្យចូលមកទេ»។
ម្យ៉ាងវិញទៀត អ្នកវិភាគនយោបាយរូបនេះថា បើទោះបីជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិត្រលប់មកប្រទេសកម្ពុជាវិញក្ដី ក៏ស្ថានភាពនយោបាយមិនមានអ្វីប្រសើរនោះដែរ ខណៈដែលបណ្ដឹងជាច្រើនកំពុងតែធ្លាក់មកលើមេដឹកនាំគណបក្សភ្លើងទៀន។
លោកថា៖ «បញ្ហាបច្ចុប្បន្ន អ្នកប្រឆាំងហ្នឹងធ្វើអ្វីមិនកើតទេ បើយើងមើលទៅលោក សម រង្ស៊ី ត្រូវរត់ចោលប្រទេសទៅ, អនុប្រធានគណបក្សប្រឆាំងភ្លើងទៀន មានលោក សុន ឆ័យ ជាប់បណ្ដឹង, ទីប្រឹក្សា លោក គង់ គាំ ជាប់បន្ទុកអីច្រើនអ៊ីចឹង ហើយលោក ថាច់ សេដ្ឋា ចាប់ខ្លួន។ អ៊ីចឹងវាពិបាកនឹងកសាងជំនឿជឿជាក់ថាធូរស្រាល»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បានផ្ដន្ទាទោសអតីតមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចំនួន៣៧នាក់ ក្នុងនោះ ៣៦នាក់ជាប់ពន្ធនាគារចន្លោះពី៥ទៅ៧ឆ្នាំ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតពីបទចោទ ពាក់ព័ន្ធការប៉ុនប៉ងនិងគាំទ្រដំណើរវិលត្រលប់មិនបានសម្រេចរបស់លោកស្រី មូរ សុខហួរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
this animal HUN SEN warning to HO VANN that he had his son in his hand . WOW this HUN SEN the un educated animal talking in that ceremony that he will use his iron hand just like during POL POT