ដោយ ទីន ហ្សាការីយ៉ា
2023.01.19
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហាក់មិនដកដៃ ក្នុងការចោទចាត់វិធានការទៅលើគណបក្សភ្លើងទៀនឡើយ។ បន្ទាប់ពីចាត់វិធានការចាប់ដាក់គុក និងរឹបអូសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំសំខាន់ៗគណបក្សភ្លើងទៀនជាបន្តបន្ទាប់នោះ ពេលនេះលោក ហ៊ុន សែន ព្រមានប្ដឹងគណបក្សភ្លើងទៀនទាំងមូល រឿងរិះគន់ថា បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល ចង់ឃើញបក្សកាន់អំណាច គួរបង្កបរិយាកាសល្អ ដើម្បីអាចឱ្យពលរដ្ឋ និងគណបក្សនយោបាយនានា ចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាច។
មេដឹកនាំគណបក្សកាន់អំណាច មិនបានបង្កបរិយាកាសល្អសម្រាប់ឆ្នាំបោះឆ្នោត២០២៣ នេះទេ ដោយលោក ហ៊ុន សែន នៅតែបន្តប្រើសារគំរាមកំហែង សំឡុតបំភិតបំភ័យ និងព្រមានប្រើប្រព័ន្ធតុលាការលើគណបក្សគូប្រកួតប្រជែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រដូចគណបក្សភ្លើងទៀន ជាត្រីក្នុងកន្ត្រកលោកចាប់ច្របាច់ក ពេលណាក៏បាន។ លោក ហ៊ុន សែន ថា ជាសំណាងរបស់គណបក្សភ្លើងទៀនហើយ ដែលលោកមិនបញ្ជាឱ្យក្រុមមនុស្ស ទៅវាយមេដឹកនាំគណបក្សនេះដល់ទីស្នាក់ការបក្ស ឬទៅវាយដល់ផ្ទះរបស់ពួកគេ។ លោក ហ៊ុន សែន និយាយខាំធ្មេញថា លោកមានអំណាចហិង្សាពេញដៃ។
លោក ហ៊ុន សែន៖ «ជម្រើសមានតែពីរទី១ ប្រើផ្លូវតុលាការ ទី២ ទៅដល់ផ្ទះវាយឯងហ្មង មានតែអ៊ីចឹង ព្រោះឯងនិយាយអត់ស្ដាប់ បើផ្លូវមួយណា? ពីរហ្នឹង? កុំព្រហើនពេកមើលពីថ្ងៃនេះអត់មានអត់ឱន មិនលើកលែងមិនអត់ឱនតាំងពីក្រោមដល់លើ បើត្រូវវាយខ្នោះគឺវាយខ្នោះភ្លាម»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់ជិត ១.២០០នាក់ នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្តិភាព» ថ្ងៃទី១៩ ខែមករា។
នេះមិនមែនជាទី១ទេ ដែលលោក ហ៊ុន សែន ព្រមានគណបក្សភ្លើងទៀន។ លោក ហ៊ុន សែន ប្រតិកម្មដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមករា បានចេញសេចក្ដីថ្លែងការណ៍លើកឡើងថា គណបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន ប៉ុន្តែ លោក ហ៊ុន សែន ថា រឿងមិនពិតទេ។ លោកក៏បញ្ជាទៅមេធាវីគណបក្សប្រជាជនកម្ពុជា លោក គី តិច ពិនិត្យមើលរឿង ដើម្បីរៀបចំដាក់ពាក្យប្ដឹងគណបក្សភ្លើងទៀន ទៅតុលាការ។ លោកថា បើគណបក្សភ្លើងទៀន ចង់រួចខ្លួន ត្រូវចេញមុខសូមទោស គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន៖ «គំរាមឯងពីអង្កាល់គំរាមនៅឯណានិយាយគ្នាឱ្យច្បាស់ បើឯងមិនដកពាក្យហ្នឹងទេ ប្ដឹងមួយទៀត មានសេចក្ដីថ្លែងការណ៍មួយចេញពីម្សិលថា គណបក្សប្រជាជនគឺគំរាមកំហែងគាបសង្កត់ឥឡូវឯណាឯងចង្អុលមុខមកនៅកន្លែងណា? និយាយឱ្យច្បាស់មក បើឯងមិនសូមទោសអញប្ដឹង ប៉ុន្តែវប្បធម៌ល្មមឈប់ហើយអាងអីសូមទោសៗ អត់ទេ ទាល់តែលេងបានៗ។»។
សារព្រមានរបស់លោក ហ៊ុន សែន ពេលនេះ ក្រោយពេលតុលាការនៃរដ្ឋាភិបាលរបស់លោក បានចោទប្រកាន់មេដឹកនាំកំពូលគណបក្សភ្លើងទៀនបីរូប ជាបន្តបន្ទាប់ ក្នុងនោះ អនុប្រធានគណបក្សនេះគឺលោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយ។
ទោះតុលាការមិនកាត់ក្ដីថា លោក ថាច់ សេដ្ឋា មានទោស ក្ដី ប៉ុន្តែ លោក ហ៊ុន សែន បាននិយាយមុនតុលាការរួចហើយថា លោក ថាច់ សេដ្ឋា ចេញសែកអត់លុយ។
ក្រោយប្រធានរបស់គណបក្សកាន់អំណាចព្រមានដូច្នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃដដែលនេះ ព្រមានថា នឹងធ្វើអ្វីគ្រប់យ៉ាងតាមច្បាប់ ដើម្បីការពារមិនឱ្យគណបក្សភ្លើងទៀន រំលោភបំពានគណបក្សនេះបានឡើយ។
ទាក់ទងការព្រមានរបស់គណបក្សកាន់អំណាចពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតប ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងថ្នាក់ដឹកនាំគណបក្សនេះបានទេ នៅថ្ងៃទី១៩ ខែមករា។
ទោះយ៉ាងណា គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមករា បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច និងទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
ការចេញសេចក្ដីថ្លែងការណ៍បែបនេះ ក្រោយពេលដែលគណបក្សកាន់អំណាច ប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទៅតុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ថែមទៀតផង។ ករណីចុងក្រោយនេះ តុលាការបានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទាំងតក់ក្រហល់ថែមទៀត ដែលអ្នកឃ្លាំមើល ចាត់ទុកថា ករណីទាំងនេះ ជាការធ្វើទុក្ខបុកម្នេញនយោបាយ។ លើសពីនេះ ថ្វីត្បិតលោក ហ៊ុន សែន ខំការពារថា គណបក្សរបស់លោក មិនបានធ្វើទុក្ខបុកម្នេញក្ដី ក៏គ្មានអ្វីលាក់បាំងឡើយ ព្រោះករណីទាំងសុទ្ធតែកើតឡើងក្រោយការគំរាមកំហែងជាសាធារណៈរបស់បុរសខ្លាំងរូបនេះទាំងអស់។
ទោះបែបនេះក្ដី ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន យល់ថា ប្រសិនបើគណបក្សភ្លើងទៀន និយាយខុសពីការពិត គួរទុកឱ្យពលរដ្ឋជាអ្នកវិនិច្ឆ័យ តាមរយៈការបោះឆ្នោតនាពេលខាងមុខ។ លោកបន្តទៀតថា ការព្រមានរបស់បក្សកាន់អំណាចពេលនេះ ហាក់បង្ហាញថា គណបក្សនេះកំពុងដឹកនាំប្រទេសពោរពេញដោយកំហុស ទើបបានខ្លាចការរិះគន់ របស់គណបក្សភ្លើងទៀន។ លោក រ៉ុង ឈុន លើកឡើងថា លោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស និងជាអ្នកនយោបាយជើងចាស់ផងនោះ គួរបើកចិត្តឱ្យទូលាយ ដោយមិនគួរអាងខ្លួនមានអំណាច ហើយយកអំណាចនោះ ទៅព្រមានគណបក្សគូប្រកួតប្រជែង ដែលគ្មានអំណាចបែបនេះទេ។ អតីតសមាជិកគ.ជ.ប លោក រ៉ុង ឈុន បារម្ភថា បើបក្សកាន់អំណាចបន្តព្រមាន និងមានវិធានការលើគណបក្សភ្លើងទៀនតទៅទៀត នឹងជះឥទ្ធិពលមិនល្អ ដល់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
លោក រ៉ុង ឈុន៖ «ម្ដងគំរាមនេះម្ដងគំរាមនោះធ្វើឱ្យការបោះឆ្នោតខាងមុខនោះពិបាកនឹងគេទទួលយក ពីព្រោះយើងដឹងហើយបើសិនជាយើងមិនកែលំអស្ថានភាពនយោបាយក៏ដូចការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យទេ បន្ទាប់ពីការបោះឆ្នោតថ្ងៃ២៣ទៅ កម្ពុជាយើងនឹងប្រឈមទៅនឹងបញ្ហាគេដក EBAទាំងស្រុងហើយGSPក៏មិនបានត្រឡប់មក»។
នៅសល់តែរយៈពេលជាង ៧ខែទៀតទេ ពលរដ្ឋនឹងមានឱកាសជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន តាមរយៈការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញថា គណបក្សភ្លើងទៀន កំពុងរងការធ្វើទុក្ខបុកម្នេញ ពីតុលាការ និងពីក្រុមជនជនអន្ធពាល ដែលបានវាយធ្វើបាបលើសកម្មជនគណបក្សនេះជាបន្តបន្ទាប់។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានរំលាយគណបក្សភ្លើងទៀន ដោយចោទប្រកាន់ថា គណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស។ ទោះយ៉ាងណា សហគមន៍អន្តរជាតិ បានរំលឹកទៅរដ្ឋាភិបាលលោក ហ៊ុន សែន ជាញឹកញាប់ ឱ្យបើកលំហ ប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I knew HUN SEN’s lower officers are start to worry . the reason they got so much money but they can not go any where . YES ….when people rising up all those officers will be just like in 1975 . I think this time is a bit deference because of the US and EU got their list of corrupt person among HUN SEN leadership