កម្មករថាការបិទរោងចក្រនិងព្យួរការងារបង្កការលំបាកបន្ថែមដល់ពួកគេ

ការងារ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ២០ មករា ២០២៣ | ម៉ោង ២១:៥៥
VOD

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ (ហ៊ី ឆាយ)


សហជីព​ និងកម្មករ​នៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់​ និងផលិតស្បែកជើង​មួយចំនួន​បានអះអាងថា​ រោង​ចក្រដែលពួកគេធ្វើការ​​ខ្លះបាន​ព្យួ​រការងារកម្មករ និងខ្លះទៀតបានបិទទ្វារតែម្តង នៅដើមឆ្នាំ២០២៣នេះ​។

សហជីព​ និងជាកម្មករនៅរោងចក្រ ​ឌីនហាន ក្នុង​សង្កាត់ស្ទឹងមានជ័យ លោក ឡុង សក្កដា​ បានឱ្យដឹងថា​ នៅពេលនេះ ​កម្មករនៅ​រោងចក្រ​ដែលលោកធ្វើការចំនួន​១ ១៧០នាក់ ត្រូវ​បានព្យួរការងារ​ក្នុងរយៈពេល​ត្រឹមតែ​៣​ខែចុងក្រោយនេះ​ ​នឹងឈានទៅដល់ការបិទទ្វារទាំងស្រុង​នៅ​ដើមខែកុម្ភៈខាងមុខ​នេះ​។

លោក ឡុង សក្កដា​ បន្តថា ​​សម្លៀកបំពាក់​មួយចំនួននៃរោងចក្រនេះ​ផលិតបាន ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម​រួចទៅហើយ ហើយលោកសន្និដ្ឋានថា ​​រោងចក្រ ឌីនហាន នេះ​នឹងត្រូវ​បើកដំណើរការនៅប្រទេសវៀតណាមវិញ​ ខណៈដែល​កម្មករដែលបាត់បង់ការងារ​កំពុងស្ថិតក្រោមស្ថានភាពលំបាកជាខ្លាំង​។

លោកថា៖​ «​វាពិបាកដែរ សម្លៀកបំពាក់ខ្លះចេញជាប់ពន្ធជាប់អ៊ីចឹងទៅ​ គេបញ្ជូនក្រណាត់ទៅវៀតណាម​៤ម៉ឺនឯណោះ ក្រណាត់ដែលដេរនៅនេះ។ អ៊ីចឹង​អាចថានៅយើងកាត់ពន្ធ នៅគេអត់កាត់ពន្ធទៅ គេបញ្ជូនទៅនោះ»។

លោកថា៖ «វាប៉ះពាល់ធំដល់កម្មករ​ សេដ្ឋកិច្ចគ្រួសាររបស់គាត់​​ សេចក្ដីសុខក្នុងគ្រួសារ ពេលខ្លះអត់លុយ អ៊ីចឹងឈ្លោះគ្នា​ បែកបាក់គ្នាអ៊ីចឹងទៅ។ អនាគតកូន គាត់​រៀនសូត្រអី​ តែគាត់ខ្វះលុយ ​កូនគាត់ក៏ពិបាក​»។

បុរសម្នាក់ដែលកម្មករអះអាងថាជាតំណាង​ក្រុមហ៊ុន ឌីន ហាន ហើយនៅពេលដែលអ្នកសារព័ត៌មាន វីអូឌី ទាក់ទងទៅ បានឆ្លើយតបយ៉ាងខ្លីថា ​រោងចក្រលោកពិតជាមានករណី​ព្យួរការងារបុគ្គលិកពិតមែន ហើយលោកថា ខាងក្រុមហ៊ុនក៏កំពុងដោះស្រាយបញ្ហា​ផងដែរ។

លោកបញ្ជាក់ថា៖​ «​ហ្នឹងហើយបង! ចាំមើល​ខ្ញុំដោះស្រាយជាមួយខាងក្រសួង​សិន​»។

អនុប្រធានសហជីព​នៅរោងចក្រ T&K ក្នុង​សង្កាត់ពោធិ៍សែនជ័យ​​ លោក សោម ពិសី បានឱ្យដឹង​ថា​ រោងចក្របាន​សម្រេច​ព្យួរការងារ​​ចំនួនពីរដងចាប់ពីដើមឆ្នាំ​នេះ​ ដោយលើកទី១ ចាប់ពីខែមករា ដល់ខែកុម្ភៈ ដែលចំនួនកម្មករត្រូវព្យួរការងារមាន​ចំនួន​៦០០នាក់ និងចាប់ពីខែមីនា​ ដល់ខែ​មេសា នឹងត្រូវ​ព្យួរ​ចំនួន​៣០០នាក់បន្ថែមទៀត​​។

លោក សោម ពិសី ថា​ក្នុងរយៈពេលនៃការព្យួរការងារនេះ​ កម្មករ​ម្នាក់​ត្រូវ​ទទួលបានប្រាក់ខែត្រឹមតែ​២៧ដុល្លា​រក្នុងមួយខែ​ ជាហេតុធ្វើឱ្យស្ថានភាព​សេដ្ឋ​កិច្ច​គ្រួសារ​កាន់តែលំបាក។​

លោកថា​៖ ​«លំបាកៗគ្រប់យ៉ាង ​និយាយរួមទៅ ​២៧រៀល [ដុល្លារ] ​ហ្នឹង​ យើងជាកម្មករ​ អត់មានអីត្រូវគ្រាន់ទេ ព្រោះ​សូម្បីតែផ្ទះជួល​៥០រៀល [ដុល្លារ] បាត់ហើយ​ ហើយ​២៧​រៀល [ដុល្លារ]​យកមកធ្វើអី?​ ប៉ុន្តែបើអ៊ីចឹងត្រូវធ្វើម៉េច​បង!​ និយាយទៅលំបាកច្រើន​ ប្រាក់ខែយើងមួយរយជាង ចាយមិនគ្រាន់! ទម្រាំ​ព្យួរការងារទៀត កាន់តែលំបាក​»។

​វីអូឌី មិនអាចសុំការឆ្លើយតបពី​អ្នកនាំពាក្យ​ក្រសួងការងារ​ លោក ហេង សួរ បានទេ នៅថ្ងៃ​សុក្រនេះ។

​ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថាសហជីពដែលធ្វើការជាមួយលោក​នៅក្នុងរោងចក្រប្រមាណ១០០ ​បានឱ្យដឹងថា ​មាន​រោងចក្រចំនួន​១០បានបិទទ្វា​រ រោងចក្រ​ចំនួន​២០ បានព្យួរការងារកម្មករ​ និងប្រមាណ​៦០រោងចក្រ​ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។

លោកថា៖ «​ស្គាល់​សហជីពជិតមួយរយក្រុមហ៊ុន​​ ដែលជាសមាជិក​របស់ផ្នែកពួកយើង​ ប្រហែលជា​១០ទៅ២០ភាគរយ​ហើយ។​ ហើយជិត​១០ភាគរយ​ដែលបានបិទ។ ក្រុមហ៊ុន​ដែល​អត់មានការងារធ្វើ​ មាន​៦០ទៅ៧០​ភាគរយ​»។ ​​

លោកថា ​មានហេតុផលមួយចំនួនដែលធ្វើឱ្យរោងចក្រ​កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ​ព្យួរការងារកម្មករ កាត់បន្ថយបុគ្គលិក ឬឈានដល់ការបិទរោងចក្រ ក្នុងនោះក៏រួមមានទាំងការមិនប្រគល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់​សហរដ្ឋអាមេរិក ដែលបាន​ផ្អាក​​​តាំងពីឆ្នាំ​២០២០ និងការបាត់បង់ ២០% នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់សហភាព​អឺរ៉ុប។

ទោះជាយ៉ាងណា​ ប្រធាន​សហជីព​រូបនេះថា ​ការកាត់បន្ថយ​កម្មករនៅតាមរោងចក្រនេះ​ក៏ជាប់ពាក់ព័ន្ធទៅនឹង​ការរាតត្បាតជំងឺកូវីដ​-១៩ និង​សង្រ្គាម​រវាង​ប្រទេស​រុស្ស៊ី និងអ៊ុយក្រែន​ផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្មករថាការបិទរោងចក្រនិងព្យួរការងារបង្កការលំបាកបន្ថែមដល់ពួកគេ"

  1. Anonymous says:

    what happen HUN SEN no order ???????? I think they start to cut down your corrupt money now

Leave a Reply

Submit Comment