ចាប់​ខ្លួន​លោក​ ថាច់​ សេដ្ឋា៖​ ទូត​អាមេរិក​ជំរុញ​អាជ្ញាធរ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ

កម្ពុជា-នយោបាយ
20/01/2023 – 06:37
ដោយ៖ជួប នរក្សា
RFI

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ © Internet


ស្ថានទូត​អាមេរិក​ប្រចាំទី​ក្រុង​ភ្នំពេញ ​បាន​ចេញ​មក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅកម្ពុជា​ ដោយ​អនុញ្ញាត​ឱ្យមាន​ទស្សនៈ​នយោបាយ​ប្រឆាំង​ នៅ​ចំពោះមុខ​នៃការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដែល​ខិត​ជិត​មក​ដល់។​ ការ​ជំរុញ​នេះធ្វើឡើង​ ក្រោយ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ស្រុកខ្មែរ​ កំពុង​ពុះកញ្ជ្រោល ​ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក​ ថាច់​ សេដ្ឋា ​ដែល​ជា​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។​

តាមរយៈប្រព័ន្ធសារអាឡិចត្រូនិក E-mail ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ ថា អាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាពលរដ្ឋកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនលើប្រព័ន្ធប្រជាធិបតេយ្យ និងឯករាជ្យ។ ប្រព័ន្ធប្រជាធិបតេយ្យ និងឯករាជ្យ ដែលស្ថានទូតអាមេរិកបញ្ជាក់ថា ជាការគោរព និងស្តាប់យោបល់ ពីសំឡេងគ្រប់មជ្ឈដ្ឋាន រួមទាំងសំឡេងប្រឆាំង។

នៅចំពោះមុខនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ស្ថានទូតអាមេរិកបានអះអាងថា ខ្លួននឹងជំរុញឲ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយត្រូវមានទស្សនៈនយោបាយនៃគណបក្សប្រឆាំងចូលរួម។ ការធ្វើយ៉ាងនេះ គឺដើម្បីជំរុញឲ្យការប្រកួតប្រជែងគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង មានភាពសេរី និងយុត្តិធម៌ ក្នុងពេលដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នៅខែកក្កដាខាងមុខ។ បើតាមទូតអាមេរិក គឺរដ្ឋាភិបាលត្រូវលើកកម្ពស់ការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក ដោយសេរីភាព និងបើកចំហ។

បន្ថែមពីនេះ​ ទូតអាមេរិកក៏ទទូចជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលបើកលំហរសេរីភាពក្នុងការជួបជុំរបស់សមាគម អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលខ្លួនកត់សម្គាល់ថា កំពុងរងការបង្រ្កាបជាបន្តបន្ទាប់។

ក្រៅពីប្រតិកម្មរបស់ស្ថានទូតអាមេរិក ក៏មានអង្គការអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការចាប់ខ្លួនមេដឹកនាំរបស់គណបក្សប្រឆាំង គឺលោក ថាច់ សេដ្ឋា។ នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson ចាត់ទុកថា នេះជាការឈឺចាប់ដែលបក្សភ្លើងទៀនកំពុងជួបប្រទះ។ តាមសំណេរលើបណ្តេញសង្គមធ្វីតទ័រ លោក Phil Robertson បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពបំភិតបំភ័យគណបក្សភ្លើងទៀន​ និងអ្នកប្រជាធិបតេយ្យដទៃទៀត។ នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ចាត់ទុកថា សកម្មភាពរបស់រដ្ឋាភិបាល ជាទង្វើមិនសមហេតុផល ហើយនឹងធ្វើឲ្យការបោះឆ្នោតពេលខាងមុខនេះ មានភាពចម្រូងចម្រាស់បន្ថែមទៀត។

សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពីបទចេញសែកដែលគ្មានទឹកប្រាក់ ដែលប្រព្រឹត្តនៅភ្នំពេញ កាលពីឆ្នាំ២០១៩។ ការចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ត្រូវបានអ្នកតាមដាន និងជាពិសេសគណបក្សភ្លើងទៀនផ្ទាល់ ថ្កោលទោសថា ជារឿងនយោបាយ និងទាមទារឲ្យដោះលែងលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ។

ក៏ប៉ុន្តែការទាមទារនេះ ត្រូវបានប្រមុខដឹកនាំបក្សកាន់អំណាចបដិសេធ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមរយៈវេទិកាសាធារណៈថា មិនមែនរឿងទាំងអស់សុទ្ធតែជារឿងនយោបាយនោះទេ តែនេះមកពីអ្នកនយោបាយខ្លះប្រព្រឹត្តខុសច្បាប់ ទើបមានការចាប់ខ្លួនមកអនុវត្តតាមនីតិវិធី៕

What Next?

Recent Articles

One Response to "ចាប់​ខ្លួន​លោក​ ថាច់​ សេដ្ឋា៖​ ទូត​អាមេរិក​ជំរុញ​អាជ្ញាធរ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ"

  1. Anonymous says:

    at first they though HUN SEN may not understanding what they say in diplomacy’s word . I knew all Democracy world talking to HUN SEN so many time about free people right to have free election in 2023 . I tell you what right now after all leader came to the ASIAN meeting they already tell direct to HUN SEN one more that is the last massage, not even that the world organization have been talking direct with HUN SEN about that also . please wait what will the world reaction to HUN SEN action

Leave a Reply

Submit Comment