មន្ត្រីបក្សប្រឆាំងថាលោក ហូរ វ៉ាន់ មិនវិលចូលកម្ពុជាទេ ព្រោះមិនទុកចិត្តសម្ដីលោក ហ៊ុន សែន

នយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២០ មករា ២០២៣ | ម៉ោង ១៦:០៣
VOD

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ នៅក្នុងកម្មវិធីមួយកាលពីអំឡុងខែមីនា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ Vann Ho)

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ នៅក្នុងកម្មវិធីមួយកាលពីអំឡុងខែមីនា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ Vann Ho)


លោក គង់ សភា ជា​អតីត​តំណាង​រាស្រ្ត​មណ្ឌល​ស្វាយ​រៀង នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​តុលាការបានរំលាយ​​​ បាន​​​​​អះ​​​​អាងថា ​លោក ហូរ វ៉ាន់ នឹង​មិន​វិល​មក​កម្ពុជា ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រីបើកផ្លូវសម្រាប់លោ​​ក​​ទេ ប្រសិនបើចេតនានៃការអំពាវនាវនេះមិនឆ្លុះ​បញ្ចាំង​ពី​សុច​រិត​​ និងការផ្សះផ្សាខាង​​នយោ​​បា​​យនោះទេ។

ថ្លែងពីសហរដ្ឋអាមេរិក តាម​បណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី​២០ ខែ​មករា​នេះ លោក គង់ សភា ដែលអះអាងបញ្ជាក់ពីជំហរ​​លោក ហូរ វ៉ាន់ បានឱ្យដឹងថា លោក ហូរ វ៉ាន់​ នឹង​មិនមកកម្ពុជា ដោយ​ត្រឹម​​ សារ​​​​អំ​ពា​​វ​​នាវបែបនេះ​របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឡើយ ប្រសិន​បើ​ការ​ផ្ញើ​សារ​នេះ​មិន​ឈរលើ​គោល​​​កា​​រ​​ណ៍​​​ស្មោះត្រង់ និងមិនអាចជឿទុកចិត្តបានទេនោះ។


បើតាម​លោក គង់ សភា មិន​មែន​តែ​លោក ហូរ វ៉ាន់ ម្នាក់​ទេ​​ដែលមានជំហរបែបនេះ សូម្បីអតី​​ត​​មន្ត្រីនយោបាយ​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់គណបក្សសង្គ្រោះជាតិ​ដែល​​ត្រូវតុលាការរំលាយ ក៏​យ​​ល់​ឃើញ​ថា ប្រសិនបើរដ្ឋាភិបាលមានចិត្តទូលាយ និងបើកផ្លូវឱ្យមានការពិគ្រោះយោបល់ដោ​​យ​​ស្មើភាពគ្នា ពួកគេនឹងវិលមកកម្ពុជាវិញ។

លោកបន្តថា៖ «ខ្ញុំគិតថា បើគាត់បើកវប្បធម៌​សន្ទនា ហើយ​ជជែកគ្នាទៅ ការវិលត្រលប់របស់​​ថ្នាក់​ដឹក​​នាំ​​គណបក្សសង្គ្រោះជាតិ វាជាការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ឡើ​ងវិញ។ អ៊ីចឹង​បើក​ដោយ​​ស​ន្តិ​​​ភាពប្រជាធិបតេយ្យពិត​ប្រាកដ ច្បាស់ជាថ្នាក់[ដឹកនាំ]ទាំងអស់ និងគាត់[ហូរ វ៉ាន់] ចូលរួមហើយ​​។ ​​ប៉ុន្តែ​​បើ​​ក្នុងគោលបំណងអាក្រក់ អាហ្នឹងយើងអត់ទាន់វិលត្រលប់​ទៅ​ទេ»។

វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃនេះ ដោយលោកប្រាប់ថាជាប់រវល់។

បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​១៩ ខែមករា ម្សិល​មិញ បញ្ជាក់​​ជំ​​ហ​​​​រ​​ជាថ្មី​​ទៀត​ថា អ្វីដែលលោកបើកផ្លូវឱ្យលោក ហូរ វ៉ាន់ ចូលកម្ពុជាវិញនេះ ព្រោះ​​សត្រូវរបស់​​លោ​​​ក​​​​​មាន​​តែ​​​​ម្នាក់​​គត់ នោះប្រហែលជាលោកចង់សំដៅដល់លោក សម រង្ស៊ី

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាលើកទី១ហើយដែលលោកផ្ញើសារទៅលោក ហូរ វ៉ាន់ ក្នុងការ​​អ​នុ​​​គ្រោះឱ្យអ្នកនយោបាយចាស់វស្សារូបនេះបានវិលចូលកម្ពុជាវិញ ដោយ​គ្មាន​ទោស​ពៃ​រ៍បែប​នេះ​​។

លោកបន្តថា៖ «អាវ៉ាន់ អញផ្ដាំទៅ អាអើយ​មកស្រុកមកអាវ៉ា។ មកស្រុក​មក ឯង​ទៅតាម​គេ​ធ្វើអីហ្អា​​! ​​​​​មក អញលើកទោសឱ្យ បើឯងចង់មក​ ព្រោះសេចក្តីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាដែងអាអ្នកន​យោ​​បាយ​​ជ្រុល​​និយមតែម្នាក់ទេ ក្រៅពីនោះផ្តាច់ខ្លួនចេញមក អញលើកលែងទោស និយាយ​​គ្នា​​ឱ្យ​ច្បាស់ៗអ៊ីចឹង។ បើវាឈ្លើយ វាហួសហេតុពេកតែម្តង វាមិនដឹងយ៉ាងម៉េចវា»។

នេះជាការអំពាវនាវសារជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអ្នកនយោបាយ​​ជាន់​​ខ្ព​ស់​របស់​គណបក្សសង្គ្រោះជាតិ ដែលនៅក្បែរ​លោក សម រង្ស៊ី ផ្តាច់ខ្លួនចេញ ហើយលោក​​នឹង​​ផ្ត​​ល់​​​​​ការលើកលែងទោសឱ្យ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​ពី​មោទក​ភាព កាល​ពី​ខែ​តុលា ឆ្នាំ២០២២ ថា​ក្នុង​ពេល​​​លោក​​​កម្ទេ​ច​​​​​​​អង្គការចាត់តាំងរបស់ខ្មែរក្រហម គឺលោកប្រើយុទ្ធសាស្រ្តនយោបាយ DIFID ទាំង៥ ប៉ុន្តែលើក​​នេះ​វិញ លោកនាយក​រដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ដើម្បីកម្ចាត់ដៃគូនយោបាយ​ដែលលោក ហ៊ុន សែន ហៅ​ថាជា​​​ក្រុម​​ជ្រុល​​និយមរបស់លោក សម រង្ស៊ី គឺលោក​ប្រើ​យុទ្ធ​សាស្រ្ត​ត្រឹម​តែ ២​ប៉ុណ្ណោះ គឺធ្វើឱ្យឯកោ ហើយ​​បញ្ចប់​​យកតែម្តង។

តាមរយៈ​យុទ្ធ​សាស្រ្តន​យោបាយ​តាម​បែប DIFID នេះហើយ ដែលគេសង្កេតឃើញរបបកម្ពុជាប្រ​​ជា​​ធិ​​ប​តេយ្យ ត្រូវដួលរំលំ ក្រោយឆ្នាំ១៩៩៨។ នៅមុនពេលក្រុមមេដឹកនាំខ្មែរក្រហម មាន​លោក អៀ​​ង ​សារី ជាដើម មិន​​ទាន់​​ផ្តាច់​​ខ្លួន និងកំពុងនៅមានអំណាច ហើយតស៊ូនយោបាយនៅ​តាម​ជាយ​​​ដែន​កម្ពុជា-ថៃ លោក​​នា​​យ​​​ករដ្ឋមន្ត្រីក៏​​ធ្លាប់បានសន្យាថាមិនសួរនាំ ឬយកទោសពៃរ៍អ្វីដែរ បើពួក​​​គេ​​ផ្តាច់ខ្លួន​​ចេញពីរបប​​ខ្មែ​​រ​​​​​ក្រ​​ហមនេះ។ ប៉ុន្តែនៅនាទីចុងក្រោយ ក្បាលម៉ាស៊ីនដឹកនាំរបស់​​របប​​​ក​​ម្ពុ​​​ជា​​​ប្រជាធិប​​តេយ្យ​​​ទាំង​​​​នោះ សព្វ​​ថ្ងៃ ត្រូវបានកាត់ទោសដោយសាលាក្ដីខ្មែរក្រហម។

ចំណែកលោក ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ការផ្ញើសារត្រឹម​​អ្នក​​​​​​​នយោបាយនេះ នៅ​មិនទាន់គ្រប់គ្រាន់និងអាចជឿទុកចិត្តបាននៅឡើយទេ ប្រសិនបើមិន​​មាន​​សេចក្តី​​សម្រេចណាមួយចេញពីតុលាការទេនោះ។ លោ​ក​បន្ត​ថា សាររបស់​អ្នកនយោបាយ​​អាច​​​បត់បែន​​បានគ្រប់ពេលវេលា ហេតុនេះការយកប្រៀបលើដៃគូ បើទោះជាធ្វើទៅខាតមួយគ្រា ក៏គេត្រូវតែប្រថុយសិនដែរ ដើម្បីបានជ័យជម្នះនៅពេលក្រោយទៀត។

លោកបន្តថា៖ «យើងអត់​ដឹង​ដែរ ប៉ុន្តែ​ចង់​និយាយ​ថា បើ​មាន​ចេតនា​ច្បាស់​លាស់​ គួរ​តែ​មាន​ការ​ចេញ​សា​​លដីកា ឬក៏ការលើកលែងទោសពីតុលាការ។ នេះវាគ្រាន់តែជាសម្ដីរបស់អ្នកនយោបាយ យើង​ពិ​​បាក​​ជឿណាស់ ពីព្រោះគាត់ធ្វើ គាត់ប្រកាសអ៊ីចឹង​ហើយ។ ការ​ប្រកាស​បែប​នេះ ខ្ញុំគិតថាមិន​ក​​សាង​​​ជំនឿ​ជឿជាក់​រឹងមាំទៅ​ដល់​អ្នក​នយោបាយ​បក្សប្រឆាំងឱ្យចូលមកទេ»។

កន្លងទៅ​នេះ គេសង្កេតឃើញមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និង​អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​​​មួយ​ចំនួន ដូចជា អ្នកស្រី កឹម តុលា ជាដើម បានវិលត្រលប់មកស្រុកកំណើតវិញ បន្ទាប់ពី​​ភៀ​​ស​​​ខ្លួនទៅក្រៅប្រទេស នៅពេលបក្សសង្គ្រោះជាតិ ត្រូវរំលាយកាលពីចុងឆ្នាំ២០១៧។ ការ​ធ្វើ​​មាតុ​​ភូមិ​និវត្តន៍​​របស់​មន្ត្រីបក្សជំទាស់ទាំងនោះ ក្រោយមាន​​ការ​​ប្រកា​ស​​​​​​របស់រដ្ឋាភិបាល​​ដែលធានា​​មិន​​​​​យកទោ​ស​ពៃរ៍ តែចុងក្រោយ ពួកគេត្រូវបានចាប់ខ្លួនដដែល៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "មន្ត្រីបក្សប្រឆាំងថាលោក ហូរ វ៉ាន់ មិនវិលចូលកម្ពុជាទេ ព្រោះមិនទុកចិត្តសម្ដីលោក ហ៊ុន សែន"

  1. Anonymous says:

    this what HUN SEN said >>AH VANN EAY come back so I can brake your neck

Leave a Reply

Submit Comment