កម្ពុជា-នយោបាយ
20/01/2023 – 07:01
ដោយ៖ សេង បារាំង
RFI

អ្នកស្រី ហុង អាន អនុប្រធានប្រតិបត្តិខេត្តឧត្តរមានជ័យរបស់គណបក្សភ្លើងទៀន © FB
អាជ្ញាធរខេត្តឧត្តរមានជ័យបានបដិសេធថាគ្មានករណីគំរាមកំហែងសម្លាប់លើមន្រ្តីគណបក្សភ្លើងទៀនប្រចាំខេត្តឧត្តរមានជ័យឡើយ។ ការបដិសេធនេះធ្វើឡើងក្រោយពីអនុប្រធានប្រតិបត្តិខេត្តឧត្តរមានជ័យមួយរូប គឺអ្នកស្រី ហុង អាន បានបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញ បានបើកឡានព្យាយាមប៉ុនប៉ងសម្លាប់នៅពេលធ្វើដំណើរតាមផ្លូវក្នុងកំឡុងពេលធ្វើការងារបំពេញតួនាទីទៅទីស្នាក់ការបក្សភ្លើងទៀន។
អ្នកស្រី ហុង អាន បានគូសបញ្ជាក់ថា ការប៉ុនប៉ងសម្លាប់នេះ បានធ្វើឡើងក្រោយពីអ្នកស្រីបានបន្តធ្វើសកម្មភាពចូលរួមក្នុងឆាកនយោបាយនៅក្នុងគណបក្សភ្លើងទៀន មានតួនាទីជាអនុប្រធានប្រតិបត្តិខេត្តឧត្តរមានជ័យ បន្ទាប់ពីចេញពីពន្ធនាគារ។ មិនតែប៉ុណ្ណោះ អ្នកស្រីបន្ថែមថា ក្នុងនោះក៏មានការព្យាយាមអុកឡុកយាយីកូនរបស់អ្នកស្រី គំរាមសម្លាប់ស្រែកជេរប្រមាថមើលងាយផងដែរ ធ្វើឲ្យអ្នកស្រីមានការព្រួយបារម្ភពីសុវត្ថិភាពមែនទែន។
អនុប្រធានប្រតិបត្តិខេត្តឧត្តរមានជ័យរបស់គណបក្សភ្លើងទៀនរូបនេះ បានអះអាងថាការប៉ុនប៉ងសម្លាប់ និងគំរាមកំហែងនេះ បានចាប់ផ្ដើមពេលធ្វើឃោសនាបោះឆ្នោត និងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតរួច។ បើតាមអ្នកស្រី ហុង អាន គេព្យាយាមប៉ុនប៉ងសម្លាប់នៅពេលអ្នកស្រីបានធ្វើដំណើរតាមផ្លូវក្នុងកំឡុងពេលធ្វើការងារបំពេញតួនាទៅទីស្នាក់ការគណបក្សភ្លើងទាន។
តែយ៉ាងណាការចោទប្រកាន់នេះ ត្រូវបានលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ ប្រកាសបដិសេធថាគ្មានករណីនេះកើតឡើងឡើយ។ ថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រទី២០ ខែមករានេះ លោក ឌី រ៉ាដូ ថាអាជ្ញាធរខេត្តឧត្តរមានជ័យ រួមទាំងអភិបាលខេត្ត គឺប្រកាន់ជាប់នូវគោលការណ៍ច្បាប់ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ គាត់មានសេរីភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួន។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យរូបនេះ បានបញ្ជាក់ផងដែរ ប្រសិនអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ធ្វើសកម្មភាពគោរពទៅតាមគោលការណ៍ច្បាប់ គ្មានការរារាំងឡើយ។
ទាក់ទិនទៅនឹងការធ្វើទុកបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀននេះ គណបក្សភ្លើងទៀន ចាត់ទុកថាជាការគំរាមកំហែងមុនការបោះឆ្នោត និងស្នើសុំការពិភាក្សាដោះស្រាយបញ្ហានេះជាមួយគណបក្សកាន់អំណាច បើមិនដូច្នោះទេពួកគេនឹងពិចារណាជុំវិញការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕
that what was happen during the killing field . ANGKA LIER order and the lower ANGKA will please him by kill them. HUN SEN was that ANGKA from the killing field and up to day . I think Cambodia will be no more killer after this ugly animal gone hell . it can be over because HUN SEN the KBOTH CHEATH un educated evil already got the thief Vietcong al over the country . 2023 is this the end of this un educated evil monster