លោក ហ៊ុន សែន ហៅ​លោក ហូរ វ៉ាន់ ឱ្យ​វិល​ចូល​ស្រុក​វិញ បើ​លោក​ព្រម​ផ្ដាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី

ដោយ សុជីវី
2023.01.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ហៅ​លោក ហូរ វ៉ាន់ ឱ្យ​វិល​ចូល​ស្រុក​វិញ បើ​លោក​ព្រម​ផ្ដាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី

(ឆ្វេង) លោក ហូរ វ៉ាន់ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ដាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ហៅ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​វិល​ចូល​ស្រុក​វិញ ដោយ​ពុំ​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ ប្រសិនបើ​លោក​ផ្ដាច់​ខ្លួន​ពី​លោក សម រង្សី ។ អ្នក​ជំនាញ​ផ្នែក​នយោបាយ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ​មិន​អាច​ឱ្យ​ធ្វើ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ថា លោក​នឹង​លើកលែង​ទោស​ឲ្យ លោក ហូរ វ៉ាន់ ប្រសិនបើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ផ្ដាច់​ខ្លួន​ចេញ​ពី លោក សម រង្សី ។

លោក ហ៊ុន សែន ដែល​ធ្លាប់​បញ្ជា​ឱ្យ​តុលាការ​ចាត់​វិធានការ​លើ​លោក ហូរ វ៉ាន់ ម្ដង​រួច​ទៅ​ហើយ ដោយ​ចោទ​ថា លោក​ជា​អ្នក នៅ​ពី​ក្រោយ​ហេតុការណ៍​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន ប្រចាំ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ តុលា ឆ្នាំ២០២២ នោះ ពេល​នេះ លោក បែរ​ជា​ក្រឡះ​សម្ដី ហៅ​លោក ហូរ វ៉ាន់ ឱ្យ​វិល​ចូល​ស្រុក​វិញ ដោយ​ពុំ​មាន​ការ​ចាប់​ខ្លួន​នោះ​ឡើយ។

លោក ហ៊ុន សែន៖ «សូម្បី​តែ​កូន​អា​វ៉ាន់ ក៏​រក្សា​ទុក​នៅ​ក្នុង​ក្រសួង ដូចជា កូន​អា​វ៉ាន់​ធ្វើ​ជា​អនុ​ប្រធានៗ ក្រុម​ការងារ​បក្ស​ភ្លើង​ទៀន​នៅ​ភ្នំពេញ។ អា​វ៉ាន់ អញ​ផ្ដាំ​ទៅ​អើយ​មក​ស្រុក​មក ហ្អែង​ទៅ​តាម​គេ​ធ្វើ​អី មក​អញ​លើកលែង​ទោស​ឲ្យ​តែ​ឯង​ចង់​មក ព្រោះ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ ខ្ញុំ​កម្ចាត់​តែ​អា​អ្នក​ដឹកនាំ​នយោបាយ​ជ្រុល​និយម​តែ​ម្នាក់​ទេ ក្រៅពី​នោះ​ផ្ដាច់​ខ្លួន​ចេញ​មក​ លើកលែង​ទោស​ឲ្យ និយាយ​គ្នា​ឲ្យ​ច្បាស់ៗ»

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​ឆ្លៀត​ឱកាស​តាម​ទម្លាប់​របស់​លោក​និយាយ​បង្កាច់​បង្ខូច​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ពី​រឿង​ល្បែង និង​រឿង​ស្នេហា​លួច​លាក់ ព្រមទាំង​ព្រមាន​ដល់​អ្នក​ដែល​រិះគន់​លោក តាម​បណ្ដាញ​សង្គម ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន​ទៀត​ផង។ លោក ថែម​ទាំង​បញ្ជា​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ផ្នែក​បច្ចេកវិទ្យា ឲ្យ​តាម​ដាន​អ្នក​ដែល​រិះគន់ ឬ​ជេរ​ប្រមាថ​លោក​នោះ នៅ​ក្រៅ​ប្រទេស ឬ​នៅ​ក្នុង​ប្រទេស ហើយ​បើ​រក​ឃើញ​ថា នៅ​ក្រៅ​ប្រទេស ត្រូវ​បន្ដ​ស្រាវជ្រាវ​ដល់​ក្រុម​គ្រួសារ​ថែម​ទៀត។

ទាក់ទង​នឹង​ការ​ប្រកាស​ឱ្យ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ចូល​ស្រុក​វិញ លោក ហូរ វ៉ាន់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ ខែមករា ថា លោក​មិន​អាច​ផ្ដល់​ការ​ឆ្លើយតប ជុំវិញ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន បាន​នៅ​ឡើយ​ទេ។

លោក ហូរ វ៉ាន់៖ «អត់​ទេ! ខ្ញុំ​អត់​ទាន់​បាន​ស្ដាប់​ផង។ បើ​ខ្ញុំ​ស្ដាប់​សិន​បាន​មាន​ចម្លើយ សុំទោស។ ខ្ញុំ​ពិចារណា​មើល​សិន ព្រោះ​ការ​សម្រេច​នេះ​គឺ ការ​សម្រេច​ក្នុង​ជីវិត​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​ស្រឡាញ់​ជីវិត ស្រឡាញ់​សង្គម ស្រឡាញ់​ប្រទេស​ជាតិ​ដែរ»

អ្នកវិភាគ​នយោបាយ លើក​ឡើង​ថា សារ​របស់​លោក ហ៊ុន សែន នេះ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ឡើយ ព្រោះ​ជា​ការ​គំរាមកំហែង និង​ជា​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន រួម​នឹង​សារ​គំរាម​មក​លើ​អ្នក​នយោបាយ​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន រួម​នឹង លោក ហូរ វ៉ាន់ កាន់តែ​មិន​ជឿ​ទុក​ចិត្ត។ លោក​រំលឹក​ថា កន្លង​ទៅ​លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​របស់ លោក សម រង្សី ក្រោយពីមានព្រឹត្តការណ៍៩វិច្ឆិកា ឱ្យ​ចូល​ស្រុក​វិញ ហើយ​លោក​ធានា​ថា ពុំ​មាន​ការ​ចាប់​ខ្លួន​នោះ​ឡើយ ប៉ុន្តែ អ្នក​ដែល​បាន​វិល​ចូល​តាម​ការ​ហៅ របស់​លោក ហ៊ុន សែន មួយ​ចំនួន ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ដាក់​ពន្ធនាគារ ពេល​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាមៗ។

លោក ឯម សុវណ្ណារ៉ា៖ «បើ​យើង​មើល​ពី​របរ​ខ្មែរក្រហម កម្ពុជា​ប្រជាធិបតេយ្យ​ពេល​ឡើង​កាន់​តំណែង ក៏​ធ្លាប់​អំពាវនាវ​ឱ្យ​សកម្មជន ឬ​ក៏​បញ្ញវន្ត​ដែល​នៅ​បរទេស​ហ្នឹង​ឱ្យ​ចូល​មក​ជួយ​កសាង​ប្រទេស តែ​ដល់​ពេល​ចូល​មក ក៏​ចាប់​ដាក់​គុក រហូត​ដល់​សម្លាប់​បាត់បង់​ជីវិត ហ្នឹង​ជា​ករណី​មួយ ដែល​អ្នក​នយោបាយ​មិន​ជឿជាក់​ទេ ព្រោះ​របត់​នយោបាយ និង​ស្ថានភាព​ជាក់ស្ដែង។ បច្ចុប្បន្ន​ហ្នឹង វា​អត់​ស៊ី​គ្នា។ អ៊ីចឹង ការ​អំពាវនាវ​នេះ មិន​មាន​ប្រសិទ្ធិ​ឱ្យ​អ្នក​ក្រៅ​ប្រទេស​ចូល​មក​ទេ»

លោក ហូរ វ៉ាន់ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​សិប​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើ​តុលាការ​ជា​អាវុធ ផ្ដន្ទាទោស​ជា​ច្រើន​ករណី ដោយសារ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន។ តុលាការ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​ពន្ធនាគារ ២០ខែ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា នៅ​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​ដាក់​ញត្តិ​របស់​ក្រុម​ស្ត្រី​ក្លាហាន​នៅ​មុខ​ស្ថានទូត​ចិន កាល​ពី​ឆ្នាំ២០២០ និង​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ២០ឆ្នាំ ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ចូល​ស្រុក មិន​បាន​សម្រេច​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។

ទោះ​ជា​យ៉ាង​ណា​ក្ដី សហគមន៍​ជាតិ និង​អន្តរជាតិ រួមមាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ជា​ដើម ចាត់​ទុក​ថា ការ​កាត់​ទោស​ទ្រង់ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់ និង​តែងតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ងាក​មក​បើក​លំហ​នយោបាយ គោរព​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ហៅ​លោក ហូរ វ៉ាន់ ឱ្យ​វិល​ចូល​ស្រុក​វិញ បើ​លោក​ព្រម​ផ្ដាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី"

  1. Anonymous says:

    I do not think HO VANN that dump like that un educated evil monster

Leave a Reply

Submit Comment