សកម្មជនបក្សភ្លើងទៀនថាមិនរាថយទោះក្បាលម៉ាស៊ីនបក្សជួបការប្រឈម

នយោបាយ ព័ត៌មានជាតិ
ហង់ សុខហុង and កញ្ញា ប៉ា សុខេង | ២០ មករា ២០២៣ | ម៉ោង ១៦:៥៩
VOD

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)


សកម្មជនបក្សភ្លើងទៀនមួយចំនួនអះអាងថា ពួកគេនៅតែបន្តដំណើរនយោបាយទៅមុខដដែល បើទោះក្បាលម៉ាស៊ីនបក្សខ្លួនកំពុងមានបញ្ហាប្រឈម និងរងការព្រមានធ្ងន់ៗពីគណបក្សកាន់អំណាចក៏ដោយ។

ការអះអាងនេះធ្វើឡើង ខណៈគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានបង្ហោះសេចក្តីថ្លែងការណ៍មានខ្លឹមសារថា គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។

​​ក្រោយការបង្ហោះសេចក្តីថ្លែងការណ៍នោះមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៩ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្ម​ដោយ​ព្រមាន​ធ្ងន់ៗថា លោក​នឹង​បង្គាប់​ឱ្យ​មេធាវី​របស់​រដ្ឋាភិ​បាល ពិនិត្យ​ដោយ​​​ម៉ត់​​​ចត់ មុន​នឹង​ត្រូវដាក់បណ្ដឹង​ចូល​ទៅ​តុលាការប្រឆាំង​គណបក្ស​ភ្លើង​ទៀន។ លោក ហ៊ុ​​ន សែន បានប្រាប់ឱ្យគណបក្ស​ភ្លើង​ទៀនចេញ​មុខ​សុំទោសជាសាធារណៈ។

យ៉ាងណា អនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ នៅរសៀលថ្ងៃទី១៩ ខែមករា បានទទួល​ស្គាល់ថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បក្សលោកនោះ គឺជារឿងឆ្គាំឆ្គង ពិតជា​​មិន​​​​​គួរគប្បី​ប្រើ​​ប្រាស់ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ប្រតិ​​កម្ម​​មែន។ លោក សុន ឆ័យ ថាគណៈកម្មាធិការ​កណ្ដាល​បក្សភ្លើង​ទៀន នឹង​ដក​​​​ខ្លឹម​​សារនោះចេញ ដោយមិនបង្អង់យូរទៀតទេ។

​ក្រោយការបន្ទន់ឥរិយាបថរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀនយ៉ាងដូច្នេះ សកម្មជន និងជាចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកពី​គណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊េ្សត បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី នៅយប់ថ្ងៃទី១៩ ខែមករា ថាបើបិទមាត់មិននិយាយសោះ​ មិនបាច់ធ្វេីនយោបាយប្រឆាំងទេ​។

អ្នកស្រីបន្តថា គេទះមួយកំផ្លៀងហេីយ​បែរជាសុំទោសគេវិញ​ ទាំងគេជាអ្នកខុសសោះ​។ បេីជំហរទន់ជ្រាយដូច្នេះ គ្មាននរណាធ្វេីសកម្មភាពទៀតទេ។

អ្នកស្រី រ៉ូហ្សេត សរសេរថា៖ «បេីធ្វេីបិទមាត់ មិននិយាយសោះ​ មិនបាច់ធ្វេីនយោបាយប្រឆាំងទេ​ គ្រាន់តែបង្កេីតបក្សទៅចូលរួមកំដរគេ​ ឬចូលរួមជាមួយបម្រេីគេតែម្តងទៅ។ គេទះមួយកំផ្លៀងហេីយ​ បែរជាសុំទោសគេវិញ​ ទាំងគេអ្នកខុសសោះ​ យេីងគ្រាន់តែលេីកដៃការពារខ្លួនសោះ​ ក៏ត្រូវលេីកដៃសុំទោសគេវិញដែរ។ បេីជំហរទន់ជ្រាយអ៊ីចឹង​ គ្មាននរណាធ្វេីសកម្មភាពទៀតទេ»។

បើទោះមិនបានបញ្ជាក់ថា ការបង្ហោះនេះសំដៅដល់នរណាក៏ពិតមែន ប៉ុន្តែតាមរយៈការបញ្ចេញមតិ ឬ comments ឆ្លើយឆ្លងក្នុងការបង្ហោះ សកម្មជនបក្សភ្លើងទៀនរូបនេះហាក់សំដៅដល់ភាពទន់ជ្រាយរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀនខ្លួនឯង។

អ្នកស្រីថា៖ «បេីគេមានលេស​ហេីយ​ ទោះផឹកទឹកអំពៅ ដេកអានសៀវភៅនៅផ្ទះ ក៏គេនៅតែមានលេសដែរ។​ […] រាល់ថ្ងៃនេះ នរណាក៏គេដឹង!​ តែបេីធ្វេីនយោបាយខ្លាចគេ​បែបនេះ​ គេវាយកូនហេីយ​មិនការពារ​ តែមកវាយកូនឯងបន្ថែមទៀត វាអន់ពេកហេីយ។​ ជំហរបែបនេះ​មិនមែនឧត្តមគតិដេីមរបស់យេីងទេ។ ធ្វេីដូចតែបក្សតូចៗបង្គ្រប់កិច្ចបានហេីយ»។

វីអូឌី បានទាក់ទងសុំការពន្យល់បន្ថែមពីអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊េ្សត នៅថ្ងៃទី២០ ខែមករានេះ ពាក់ព័ន្ធជំហររបស់អ្នកស្រីក្នុងស្ថានភាពនយោបាយនាពេលនេះ។ យ៉ាងណា អ្នកស្រីថាសុំមិនអត្ថាធិប្បាយ ដោយថា គាត់មិនចង់បញ្ចេញយោបល់អ្វីនៅពេលនេះទេ។

អ្នកស្រីបានឆ្លើយតបថា៖ «ខ្ញុំមិនចង់បញ្ចេញយោបល់អ្វីនៅពេលនេះទេ»។

យ៉ាងនេះក្តី សកម្មជនបក្សប្រឆាំងជាស្ត្រីដែលត្រូវអ្នកតាមដាននយោបាយកត់សម្គាល់រូបនេះ អះអាងប្រាប់វីអូឌីយ៉ាងខ្លីថា ការគំរាមកំហែងរបស់បក្សកាន់អំណាច ទៅលើថ្នាក់ដឹកនាំបក្សភ្លើងទៀនថ្មីៗនេះ នឹងមិនធ្វើឱ្យអ្នកស្រីដកឃ្លា ឬរុញរាក្នុងសកម្មភាពនយោបាយឡើយ ពោលគឺនៅតែបន្តទៅមុខទៀត។

អ្នកស្រីបញ្ជាក់យ៉ាងខ្លីថា៖ «នៅបន្តទៅមុខទៀត»។

ចំណែកចៅសង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពីគណបក្សភ្លើងទៀន អ្នក​ស្រី ចៅ រតនៈ​ យល់ថា ការបន្ទន់ឥរិយាបថរបស់ថ្នាក់ដឹកនាំបក្សបែបនេះ គឺជាការអត់ធ្មត់ និងបន្តដំណើរឆ្ពោះទៅរកការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកស្រីថា ការគំរាមកំហែងរបស់គណបក្សកាន់អំណាច ទៅលើក្បាលម៉ាស៊ីនបក្ស នឹងមិនធ្វើឱ្យអ្នកស្រីដកឃ្លា ឬឈប់ពីនយោបាយជាមួយបក្សប្រឆាំងទេ ពីព្រោះអ្នកស្រីបានដឹងនិងឆ្លងកាត់បញ្ហានេះមកច្រើនហើយ។ សម្រាប់សមាជិកបក្សប្រឆាំងរូបនេះ ការបន្តនយោបាយរបស់អ្នកស្រី គឺដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បើទោះជាដឹងថា វាមិនងាយស្រួលក៏ដោយ។

អ្នកស្រី ចៅ រតនៈ បញ្ជាក់តាមសារ Messenger ថា៖ «ការគំរាមកំហែងរបស់គណបក្សកាន់អំណាច នឹងមិនធ្វើឱ្យពួកខ្ញុំដកឃ្លា ឬឈប់ពីនយោបាយទេ ពីព្រោះយើងបានដឹងនិងឆ្លងកាត់មកច្រើនហើយដែរ ព្រោះថា ដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ វាពុំមែនជារឿងងាយស្រួលនោះទេ»។

អ្នកស្រី ចៅ រតនៈ ចង់ឃើញបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឆ្នាំ២០២៣នេះ ប៉ុន្តែអ្នកស្រីទាមទារបក្សកាន់អំណាច បញ្ឈប់នូវការបំភិតបំភ័យ គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញដល់ថ្នាក់ដឹកនាំ និងសកម្មជនមូលដ្ឋានរបស់បក្សប្រឆាំងបន្តទៀត ដើម្បីបើកលំហនយោបាយ ព្រមទាំងមានការប្រកួតប្រជែងគ្នាដោយសេរី និងត្រឹមត្រូវ។

សកម្មជន និងជាចៅសង្កាត់រងទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ខឿន វីរ៉ាត់ អះអាងថា លោកនៅតែបន្តទៅមុខ និងគោរពគោលការណ៍របស់បក្សភ្លើងទៀន។ លោកថា បក្សមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរដោយអហិង្សាសកម្ម ស្របតាមរដ្ឋធម្មនុញ្ញ ដែលអាចទទួលយកបានទាំងអស់គ្នា។

លោក វីរ៉ាត់ បន្តថា ទោះជារូបភាពបែបណាក៏ដោយ លោកនៅតែចង់ឃើញបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ដើម្បីឱ្យនៅមូលដ្ឋានមានសំឡេងពហុបក្ស។

លោក ខឿន វីរ៉ាត់ ថា៖ «អ៊ីចឹងយើងអត់មានអីត្រូវរារែកទេ ហើយទោះបីជាមានបញ្ហាកើតឡើងមួយចំនួនក៏ដោយ ក៏ពួកយើងនៅតែមានជំហរឹងមាំជាមួយថ្នាក់ដឹងនាំគណបក្ស ធ្វើដំណើរឆ្ពោះទៅការបោះឆ្នោតដដែល អនុវត្តតាមផែនការរបស់គណបក្សដដែល គឺការចុះក្នុងការរៀបចំពង្រឹងរចនាសម្ពន្ធ ត្រៀមបណ្តុះបណ្តាលភ្នាក់ងារសង្កេតការណ៍បោះឆ្នោត រៀបចំជួបជុំសកម្មជនដើម្បីផ្សព្វផ្សាយគោលជំហរ និងគោលនយោបាយគណបក្ស ហើយធ្វើយ៉ាងម៉េចទៅឱ្យដល់គោលដៅនៃការបោះឆ្នោត»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការឆ្លើយតបចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានលើបក្សប្រជាជនពីសំណាក់បក្សភ្លើងទៀន ពោលគឺមិនមែនជាការគំរាមកំហែងទេ។

លោកថា បើគ្មានការលាបពណ៌ វាយប្រហារពីបក្សភ្លើងទៀនមកលើបក្សប្រជាជន ក៏គ្មានការឆ្លើយតបបែបនេះដែរ។

មន្ត្រីបក្សកាន់អំណាចរូបនេះថា បើចង់បានបរិយាកាសល្អឆ្ពោះទៅការបោះឆ្នោត បក្សភ្លើងទៀនមិនត្រូវវាយប្រហារមកលើបក្សប្រជាជនកម្ពុជាទេ ដូចជាការដែលអនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ចោទប្រកាន់បក្សប្រជាជនថាគប់គិតនឹង គ.ជ.ប លួចសន្លឹកឆ្នោត ជាដើម។ លោកថា រឿងនេះ បក្សប្រជាជនមិនអាចទទួលយកបានឡើយ។

លោក សុខ ឥសាន ថា៖ «ហើយទី២ គឺមានការចោទថា បក្សប្រជាជនចេះតែគំរាមកំហែងគណបក្សគាត់ ដូច្នេះមានលក្ខណៈណាដែលអាចចោទថាគណបក្សប្រជាជនគំរាមកំហែង? គណបក្សប្រជាជន ជាដៃគូប្រកួតប្រជែងជាមួយគ្នា អត់មានទៅគំរាមកំហែងគណបក្សណាទេ។ ហើយជាពិសេស គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចហ្នឹង ចង់បានណាស់បរិយាកាសនយោបាយល្អ ឆ្ពោះទៅរកការបោះឆ្នោត ពីព្រោះអ្វីៗដែលកើតឡើងជាចំណុចអវិជ្ជមាន គឺជាការទទួលខុសត្រូវរបស់គណបក្សប្រជាជន កាន់អំណាច»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា តាមពិតទៅ ដំណើរការនៃការបោះឆ្នោត វាត្រូវតែមានបរិយាកាសដែលគ្មានការភ័យខ្លាច និងគ្មានការព្រួយបារម្ភ។

មន្ត្រីអង្គការខុមហ្វ្រែលរូបនេះ យល់ថា បើសិនយល់ឃើញថា ដំណើរការមុនការបោះឆ្នោតមិនមានសេរីភាពគ្រប់គ្រាន់ ឬរងការគំរាមកំហែង បក្សនយោបាយនីមួយៗគួរតែកត់ត្រា និងលើកនូវបញ្ហា ដើម្បីឱ្យដំណើរការអាចជជែកគ្នាបាន។ បើមិនដូច្នេះទេ ភាគីក្រៅរដ្ឋាភិបាលថារងការគំរាមកំហែង រីឯបក្សកាន់អំណាចនឹងថានោះជាច្បាប់។ ដូច្នេះ វាទាមទារនូវភស្តុតាងពាក់ព័ន្ធ ជាដើម។

លោក កន សាវាង្ស ថាលោកមិនវាយតម្លៃថាយ៉ាងណានោះទេ ប៉ុន្តែតាមដែលលោកតាមដាន ឃើញថា ស្ថានភាពមួយរយៈចុងក្រោយនេះ មានការកោះហៅដោយតុលាការទៅលើថ្នាក់ដឹកនាំ និងថ្នាក់មូលដ្ឋានបក្សក្រៅរដ្ឋាភិបាល ជាពិសេសបក្សភ្លើងទៀន ដូចជាហៅទៅសួរនាំនូវដំណើររឿងផ្សេងៗ ជាដើម។

លោក កន សាវាង្ស ថា៖ «រដ្ឋាភិបាលហ្នឹង គឺគណបក្សដែលគ្រប់គ្រងអំណាច គួរតែបើកផ្លូវនៅក្នុងការជជែក សម្របសម្រួលផ្នែកនយោបាយ ថាតើដំណើរការនៃការចូលរួមហ្នឹងវាយ៉ាងម៉េចទៅ? សម្រាប់ឱ្យធានាស្ថានភាពហ្នឹងធូរស្បើយ ស្ថានភាពហ្នឹងគឺវាល្អប្រសើរ ដែលចៀសផុតអំពីការលើកឡើងពីគណបក្សក្រៅរដ្ឋាភិបាល»។

លោកបន្តថា៖ «ថាតើថាយើងគួរតែធ្វើយ៉ាងម៉េច ដើម្បីឱ្យការផ្សះផ្សាផ្នែកនយោបាយ ឬក៏ការត្រូវរ៉ូវផ្នែកនយោបាយ ដើម្បីឱ្យការប្រកួតហ្នឹងនូវលទ្ធផល អ្នកឈ្នះៗដោយអស់ចិត្ត កុំឱ្យគេនិយាយ[រិះគន់ហើយ] អ្នកដែលចាញ់គឺចាញ់ដោយអស់ចិត្ត? មិនមែនថាចាញ់ដោយការប្រើប្រាស់នូវអំណាចអីមួយទេ ព្រោះកាលណាប្រើប្រាស់នូវអំណាចអីមួយ[ដាក់សម្ពាធ] ដើម្បីកុំឱ្យមានការលើក មានការនិយាយ[នូវបញ្ហាប្រឈម]ហ្នឹង វានៅតែ[ចាញ់ដោយ]មិនអស់ចិត្ត»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment