អង្គការ​សង្គមស៊ីវិល​ថា ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ះ​តែ​លើ​មន្ត្រី​តូចតាច

ដោយ​ ម៉ៅ សុធានី
2023.01.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សង្គមស៊ីវិល​ថា ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ះ​តែ​លើ​មន្ត្រី​តូចតាច

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​សម្ពោធ​អង្គការ​ច្បាប់​នៃ​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ មីនា ឆ្នាំ​២០១៤។RFA File


ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចំណាត់ការ​ច្បាប់​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) អនុវត្ត​បាន​តែ​លើ​មន្ត្រី​តូចតាច​ប៉ុណ្ណោះ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ស្ថាប័ន​មួយ​នេះ បាន​ព្រមាន​ផ្អាក​តំណែង​អភិបាល​ស្រុក​បរសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធ​ករណី​ឃុបឃិត​ជាមួយ​ឈ្មួញ​លក់​ដី​សាធារណៈ​របស់​រដ្ឋ​ខុសច្បាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការពារ​ពាក់ព័ន្ធ​ដីធ្លី ព្រៃឈើ និង​ប្រឆាំង​អំពើ​ពុក​រលួយ ស្នើ​ឱ្យ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា រវាង​មន្ត្រី​តូចតាច និង​មន្ត្រី​ធំៗ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ពួកគេ​សង្កេត​ឃើញ​ថា ស្ថាប័ន​ជាតិ​មួយ​នេះ នៅ​ខ្វះ​ចន្លោះ​ច្រើន ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​មាន​អំណាច ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដុះស្លែ។

កាល​ពី​ដើម​សប្តាហ៍​នេះ (ថ្ងៃច័ន្ទ ១៦ ខែមករា ) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ឱម យ៉ិនទៀង បាន​ផ្ញើ​លិខិត ទៅ​អភិបាល​ស្រុក​បរសេដ្ឋ លោក ឈឺន សុធន  ឱ្យ​ផ្អាក​សកម្មភាព អ្នកស្រី  វន់ ឈើវិនគីអានសាយណាវ ដែល​បាន​ប្រមូល​ទិញ​ដី​រដ្ឋ​ខុសច្បាប់ ដោយ​មាន​លោក ស៊ិន សារុន នាយក​រដ្ឋបាល​ស្រុក​បរសេដ្ឋ ជា​អ្នក​រៀបចំ​ឯកសារ រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​លក់​ឱ្យ​ឈ្មួញ។

លិខិត​ដែល​វិទ្យុអាស៊ីសេរី​ទទួល​បាន​បន្ថែម​ថា នាយក​រដ្ឋបាល​ស្រុក​បរសេដ្ឋ លោក ស៊ិន សារុន បាន​ឃុបឃិត​ជាមួយ​ឈ្មួញ រំលោភ​យក​ដី​ក្នុង​តំបន់​ទំនប់​មួយ​កន្លែង​ ស្ថិត​ក្នុង​ស្រុក​បរសេដ្ឋ ដើម្បី​លក់​ទៅ​ឱ្យ​ឈ្មួញ ហើយ​បាន​ធ្វើ​លិខិត​ចម្លង  ដៃម៉ារឺវេន (កុងតាកបិទបើកទ្វារទំនប់) បើក​ទំនប់​ទឹក បណ្តាល​ឱ្យ​ទឹក​ក្នុង​អាង​ទំនប់​រីង​គោក​រាក់​ងាយ​ស្រូល​វាស់វែង​យក​ដី​លក់។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ(ACNCIPO) លោក ជា ហ៊ាន ចោទ​ថា លោក ឈឺន សុធន បាន​ប្រព្រឹត្ត​កំហុស​ច្រើន ក្នុង​ពេល​គាត់​កាន់​តួនាទី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​នេះ។ លោក​បញ្ជាក់​ថា អតីត​ប្រធាន​មន្ទីរ​រូប​នេះ ​បាន​បណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ទិញ​លក់​ដី​ព្រៃ​អភិរក្ស ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​អស់​រាប់​រយ​ហិកតារ ឋិត​ក្នុង​ឃុំ​តាសាល និង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់។

លោក ជា ហ៊ាន៖ «ឧទ្យានជាតិ​គិរីរម្យ​ និង​តំបន់​ជួរ​ភ្នំក្រវាញ ឃើញ​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ច្រើន ។ ខ្ញុំ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ការ​គ្រប់គ្រង​ដី​រដ្ឋ​ បើ​សិន​ជា​ពាក់ព័ន្ធ​អំពើ​ណាមួយ​មាន​ភាព​មិន​ប្រក្រតី​យើង​ត្រូវ​អនុវត្ត​ច្បាប់។ ពិនិត្យ​ឃើញ​ថា មាន​ការ​ពាក់ព័ន្ធ​លក់​ដី​រដ្ឋ ឬ​សម​គំនិត​ជាមួយ​ឈ្មួញ​ ដើម្បី​លក់​ដី​រដ្ឋ​ត្រូវ​អនុវត្ត​ដូចៗ​គ្នា»។

លោក ជា ហ៊ាន បន្ថែម​ថា លោក ឈឺន សុធន មិន​បាន​ចេញ​ដីកា​ដក​ហូត​ ដី​ព្រៃ​អភិរក្ស​រាប់​ពាន់​ហិកតារ ដែល​ឈ្មួញ​កាន់​កាប់​ខុសច្បាប់​ និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នោះ​ឡើយ ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​ជាច្រើន​តំបន់​ប្រឈម​ការ​បាត់បង់​ ដោយសារ​ធ្វើ​ឯកសារ​កាន់​កាប់​មិន​ប្រក្រតី ជាដើម។

លោក ឱម យ៉ិនទៀង បាន​សរសេរ​ក្នុង​លិខិត​ថា អភិបាល​ស្រុក​បរសេដ្ឋ លោក ឈឺន សុធន ត្រូវ​ផ្អាក​ជា​បន្ទាន់​នូវ​សកម្មភាព​របស់​ឈ្មួញ​ដោយ​ប្រគល់​ដៃម៉ារឺវេន​ (កុងកាក​បិទ​បើក​ទ្វារ​ទំនប់) បើក​ទំនប់​ទឹក ទៅ​ឱ្យ​រដ្ឋបាល​ស្រុក​រក្សា​ទុក​វិញ។ លោក​ចាត់​ទុក ទង្វើ​នេះ​ ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

លោក​ព្រមាន​ថា ក្នុង​ករណី​អភិបាល​ស្រុក​បរសេដ្ឋ មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ទេ លោក​នឹង​ស្នើ​ទៅ​អាជ្ញាធរ ឱ្យ​ផ្អាក​មុខងារ​អភិបាល​ស្រុក​រូប​នេះ​ផ្អែក​តាម​មាត្រា ២៦ នៃ​ច្បាប់​ស្តី​ពី​អំពើពុករលួយ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ មករា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។ រីឯ​អភិបាលស្រុក​បរសេដ្ឋ លោក ឈឺន សុធន ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សាទរ​ចំណាត់​ការ​នេះ ក៏​ប៉ុន្តែ​លោក​ថា នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដែល​ស្ថាប័ន​មួយ​នេះ បាន​មើល​រំលង និង​មិន​អើពើ ​អនុវត្ត​ច្បាប់​ចំពោះ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន ដែល​ទន្ទ្រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ខុស​ច្បាប់។

លោក​បន្ថែម​ថា នៅ​មាន​អំពើ​ពុក​រលួយ​ជា​ច្រើន​រាប់​មិន​អស់ ដែលACU មិន​ទាន់​ចាត់​វិធានការ ហើយ​ភាគ​ច្រើន​គឺ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ធំៗ របស់​គណបក្ស​កាន់​អំណាច។

លោក ប៉ែន ប៊ុណ្ណារ៍៖ «នីតិរដ្ឋ​ត្រូវ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ មិន​ត្រូវ​លើក​លែង​មន្ត្រី​ណា​ម្នាក់ ដែល​ប្រព្រឹត្ត​ល្មើស​ហើយ ក្នុង​ចំណោម​រាប់​ពាន់​នាក់​ ហើយ​ធ្វើ​តែ​ម្នាក់​នោះ​ទេ​ត្រូវ​ចាត់​វិធានការ​ទាំង​អស់។ គ្រាន់​ឃើញ​ថា ធនធាន​ធម្មជាតិ​គេ​ចាក់​លុប គេ​កាប់​រាន​ដី​ព្រៃ​ គេ​ចេញ​កម្ម​សិទ្ធិ​ខុស​ច្បាប់ សុទ្ធ​​តែ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ទាំង​អស់​នោះ​ហើយ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

អង្គការ​តម្លាភាព​អន្តរជាតិ (TI) កាល​ពី​ដើម​ឆ្នាំ ២០២២ បាន​ផ្សាយ​ របាយការណ៍​ថ្មី​មួយ រក​ឃើញ​ថា កម្ពុជា​ទទួល​បាន ២៣​ពិន្ទុ ក្នុង​ចំណោម​ពិន្ទុ​១០០ ក្នុង​តារាង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ២០២១ ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១៥៧ លើ​១៨០​ប្រទេស។ អង្គការ​នេះ​វាយ​តម្លៃ​ថា កម្រិត​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ មាន​ភាព​ប្រសើរ​តិចតួច​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment