អង្គការ​អន្តរជាតិ​ ស្នើ​ឱ្យដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្រោយ​សេរីភាព​បញ្ចេញមតិ​របស់​សង្គមស៊ីវិល​ក្នុង​ស្រុក​ត្រូវរឹតត្បិត

កម្ពុជា-នយោបាយ
20/01/2023 – 06:39
ដោយ៖ សាំ ឧត្តម
RFI

បទចម្រៀងចំណងជើងថា«ឈាមបាតុករ» © FB


បណ្តា​ក្រុមអង្គការ​សង្គមស៊ីវិល​អន្តរជាតិ​ចំនួន៣​កាលពីថ្ងៃទី១៦ ​ខែមករា​ បាន​អំពាវនាវ​ឱ្យសហគមន៍​អន្តរជាតិ​ដាក់សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម ​បន្ទាប់​ពីលំហរ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​បន្ត​រងការគៀប​សង្កត់។​ ការ​ស្នើបែបនេះ​ ធ្វើឡើង​ក្រោយ​ពេល​ដែល​ក្រុម​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុកចំនួន៤​ ត្រូវ​អគ្គស្នងការ​នរគបាលជាតិ​ហៅសាកសួរ​អំពី​ដើមចម​នៃការ​ផ្សព្វផ្សាយ​បទចម្រៀង​មួយ​មាន​ចំណង​ជើងថា «​ឈាមបាតុករ»​ និង​បាន​ស្នើឱ្យ​លុប​បទចម្រៀង​នេះចេញ​ពីបណ្តាញ​សង្គម​ថែមទៀត​ ខណៈ​សមត្ថកិច្ច​ចាត់ទុកថា​ ការ​ចែកចាយ​ចម្រៀងនេះ​ គឺជាការ​ញុះញង់​ និង​បង្កបញ្ហា​អសន្តិសុខ​សង្គម។​

ក្នុងសេចក្តីថ្លែងការណ៍រួមពីអង្គការសង្គមស៊ីវិលចំនួន៣ រួមមាន៖ សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ, វេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ (FORUM-ASIA) និងអង្គការបណ្តាញប្រជាធិបតេយ្យអាស៊ី (ADN) ក៏បានអំពានាវឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបើកលំហរសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបញ្ឈប់ការគំរាមកំហែងមកលើក្រុមអង្គការសង្គមស៊ីវិលដែលកំពុងបំពេញតួនាទីការងាររបស់ខ្លួនដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ  ការបញ្ជាឱ្យលុបវីដេអូចម្រៀងរបស់តារាចម្រៀងរ៉េបលោក «គា សុគន្ធ» ចេញពីទំព័រហ្វេសប៉ុករបស់អង្គការសង្គមស៊ីវិលក្នុងស្រុកទាំង៤ ត្រូវបានក្រុមអង្គការអន្តរជាតិខាងលើចាត់ទុកថា ជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជារូបភាពគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ខណៈបទចម្រៀងដែលមានចំណងជើងថា «ឈាមបាតុករ» បានរៀបរាប់ពីការបង្ក្រាប និងការប្រើប្រាស់អំពើហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធទៅលើការតវ៉ារបស់កម្មកររោងចក្រយ៉ាកជិងក្នុងការទាមទារតម្លើងប្រាក់ឈ្នូលកាលពី៩ឆ្នាំមុននៅលើកំណាត់ផ្លូវវេងស្រេង។

បន្ថែមពីនេះ អង្គការដែលធ្វើលើផ្នែកសិទ្ធិមនុស្សអន្តរជាតិទាំង៣ បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាឡើងវិញនូវសំណើលុបចោលបទចម្រៀងមួយនេះ ពីព្រោះថា នេះមិនសមស្របទៅនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជាឡើយ។ ហើយនេះស្តែងឱ្យឃើញថា ក្រោមការគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី កំពុងតែបង្ហាញនូវរូបភាព​បង្ក្រាប​ជា​ប្រព័ន្ធទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើក្រុមអង្គការសង្គមស៊ីវិល សកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថានជាដើម។           

ម្ល៉ោះហើយការអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា គឺជាវិធីសាស្ត្រមួយដើម្បីអាចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរព និងការពារសិទ្ធិមនុស្ស ជាពិសេសសេរីភាពជាមូលដ្ឋាន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនអ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍ខាងលើ។

សូមជម្រាបថា កាលពី០៦ ខែមករា ក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើសុំអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ។ ក្រោយមកមាន អង្គការលីកាដូ អង្គការសង់ត្រាល់ អង្គការសហភាពផ្ទះសាមគ្គី និងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជាត្រូវបានអគ្គស្នងការនគរបាលជាតិហៅទៅសាកសួរ និងបានស្នើឱ្យលុបបទ ចម្រៀងនោះ ខណៈក្រុមអង្គការសង្គមស៊ីវិលទាំង៤ក៏ព្រមដកបទចម្រៀងនេះចេញពីបណ្តាញសង្គម ក្រោយរងការព្រមានរួច។ បើតាមក្រសួងវប្បធម៌ ខ្លឹមសារបទចម្រៀង «ឈាមបាតុករ»​ បានបង្ហាញពីការអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គម៕

What Next?

Recent Articles

One Response to "អង្គការ​អន្តរជាតិ​ ស្នើ​ឱ្យដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្រោយ​សេរីភាព​បញ្ចេញមតិ​របស់​សង្គមស៊ីវិល​ក្នុង​ស្រុក​ត្រូវរឹតត្បិត"

  1. Anonymous says:

    do not worry it will come

Leave a Reply

Submit Comment