អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ឆ្នាំ​២០២២​កត់​សម្គាល់​ដោយ​ការបង្ក្រាប​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល

20 មករា 2023
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

អង្គការ​តាម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិបាន​វាយ​តម្លៃ​ថា​ ​ឆ្នាំ​២០២២​ ​កន្លង​ទៅ​នេះ​ត្រូវ​បាន​កត់​សម្គាល់​ដោយការបង្ក្រាប​ «យ៉ាងចាស់​ដៃ​»​ ដោយ​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​គណបក្ស​ប្រឆាំង​និង​សកម្មជន​ដីធ្លី មេដឹកនាំ​សហជីព​ សកម្មជន​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា​តុលាការ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ឧបករណ៍​យក​អ្នកដែលមាន​ទស្សនៈ​ផ្ទុយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាត់ទោស​និង​ដាក់​ពន្ធនាគារ​ «ជាចង្កោម»

របាយការណ៍​បាន​បន្ថែម​ថា៖ ​«ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា​បាន​ប្រព្រឹត្ត​បទល្មើស​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​មាន​ស្ថាន​ទម្ងន់ទោស»​ដោយ​គ្រាន់តែ​បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគាត់​ក្នុង​ការសម្តែង​មតិ​ ការបង្កើត​សមាគម​និង​ការជួបជុំ​ជា​សាធារណៈ​ដោយ​សន្តិវិធី»។​

មាន​ប្រទេស​ជិត​១០០​ដែល​អង្គការ​នេះ​ពិនិត្យ​មើល​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​បាន​ចេញ​ផ្សាយ​

នៅក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ ​២០២៣​ ​ដែល​មាន​កម្រាស់​៧១២​ទំព័រ។ ឆ្នាំ​កន្លង​ទៅ​នេះបាន​បង្ហាញ​និន្នាការ​មិនល្អ​នៅ​តំបន់​ជាច្រើន​តាំងពី​អាស៊ី​ មជ្ឈិម​បូព៌ា​ដល់​អឺរ៉ុប​ដោយសារ​មាន​ការកើនឡើង​នូវ​និន្នាការ​នៃ​ការដឹកនាំ​បែប​ផ្តាច់ការ​និយម។ ប្រទេស​មីយ៉ាន់ម៉ា​និង​កម្ពុជា​មាន​កំណត់ត្រា​មិនល្អ​បន្ថែម​ទៅ​នឹង​ប្រវត្តិ​មិន​ល្អ​ស្រាប់។​

អង្គការ​ Human Rights Watch បាន​បន្ថែម​ថា៖​

«អាជ្ញាធរ​កម្ពុជា​បាន​លុបបំបាត់​ចោល​នូវ​អ្វី​ដែល​នៅ​សេសសល់​នៃ​សេរីភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ ដោយ​ការយាយី ​គំរាម​កំហែង​ និង​កាត់ទោស​អ្នកនយោបាយ​ និង​សកម្មជន​គណបក្ស​ប្រឆាំង»

អង្គការ​នេះ​បាន​កត់​សម្គាល់​ដល់ការបន្ត​ការកាត់ក្តី​សកម្មជន​ជាង​១០០ នាក់​ដែល​ជាប់ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ រួម​ទាំង​ជនជាប់ចោទ​២៧​ នាក់​ដែល​កំពុង​និរទេសខ្លួន​ក្រៅ​ប្រទេស​ហើយ​ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំងមុខ។

បញ្ហា​ជាច្រើន​ទៀត​ដែល​អង្គការ​នេះ​សម្តែង​ការព្រួយ​បារម្ភ​មាន​ការបន្ត​កាត់​បន្ថយ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​និង​ការបង្ក្រាប​លើ​កូដកម្ម​របស់​អតីត​កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍ដែល​ឈាន​ទៅ​ដល់​ការចាប់​ខ្លួន​ ឃុំឃាំង​និង​កាត់ទោស​សកម្មជន​សហជីព​រាប់​សិប​នាក់​ពី​បទធ្វើ​កូដកម្ម​ «ខុសច្បាប់»

ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក​ថា​បាន​អនុវត្ត​តាម​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ។

លោក​ ជិន ម៉ាលីន ​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖

«វិធានការ​ច្បាប់​តាម​នីតិវិធីតុលាការ​គឺ​ជា​មធ្យោបាយតែមួយ​គត់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បើ​កាល​ណា​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​និង​ដំណើរការ​នីតិវិធី​តុលាការ​ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់»

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ម៉ាលីន ​ដែល​ក៏​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរបាន​ហៅ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​ថា​បាន​ធ្វើ​ឡើង​ដោយ​មាន​ «លក្ខណៈ​នយោបាយ» ​និង ​«សងសឹក» រាជរដ្ឋាភិបាល។​

លោក​បាន​បន្ថែម​ថា៖​

«បើ​មើល​ទៅ​លើ​វិធានការ​ដែល​គាត់​រិះគន់​ទៅលើ​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ន័យ​ការពារ​សកម្មជន​ទាំងអស់​នោះ​គឺ​មិន​មានមូលដ្ឋាន​ផ្លូវច្បាប់​ណា​មួយ​ដើម្បី​ដោះ​បន្ទុក​នោះ​ឡើយ​ក្រៅ​តែពី​អះអាង​ថា​អ្នកទាំងហ្នឹង​ជា​សកម្មជន​នយោបាយ​រីឯ​មូលដ្ឋាន​ដោះបន្ទុក​ផ្លូវច្បាប់​គឺ​អត់​មាន​ទេ»

គណបក្ស​ប្រឆាំង​ដែល​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ Human Rights Watch ​ថា​មាន​លក្ខណៈ ​«ជាក់លាក់» ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ​ចំពោះ​ស្ថានការណ៍​ដែល​បាន​កើត​មាន​នៅ​ប្រទេស​កម្ពុជា។​

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖

«របប​លោក ​ហ៊ុន សែន ​គាត់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ដើម្បី​មក​បិទ​មាត់​សំឡេង​ប្រឆាំង​ដែល​មិន​សម្រាប់​តែ​នៅ​ក្រៅ​ប្រទេស​ទេ​ ទោះបី​អ្នក​នៅ​ក្នុង​ប្រទេស​ដែល​ខិតខំ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ក៏​លោក ​ហ៊ុន សែន ​មិន​លើក​លែង​ដែរ»។​

រូបឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ។ (ចាប ចិត្រា/VOA)

លោក​ អេង ឆៃអ៊ាង ​បាន​លើក​ឡើង​ពី​ករណី​របស់​លោក​គង់ គាំ​ដែល​បច្ចុប្បន្ន​ជា​ឧត្តម​ទីប្រឹក្សា​នៃ​គណបក្ស​ភ្លើងទៀន​បាន​រងការគំរាម​កំហែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​សារ​ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​រិះគន់​គណបក្ស​កាន់​អំណាច។​

លោក​ អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖

«ពេលខ្លះ​គាត់​មិន​ត្រឹមតែ​ប្រើ​តុលាការ​ផ្ទាល់​ទេគឺ​គាត់​ប្រើប្រាស់​អំណាច​ដោយផ្ទាល់​តែម្តង​ក្នុង​ការកម្ទេច​អ្នកណា​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពីខ្លួន»។​

លោក​ ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC) ​គឺជា​អតីត​អ្នកទោស​ម្នាក់​ដោយសារ​តែ​បាន​តាម​សង្កេតការណ៍​លើ​សកម្មភាព​របស់​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​កាលពី​ដើមឆ្នាំ​២០១៤​នៅ​ជាយ​រាជធានី​ភ្នំពេញ។

លោក ​សាវឿន ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​រាជធានី​ភ្នំពេញ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​សប្តាហ៍​នេះ​ពាក់​ព័ន្ធ​នឹង​ការចែក​រំលែក​វីដេអូ​ចម្រៀង​មួយ​ដែល​រំឭក​ដល់​ការបង្ក្រាប​កាលពី​៩​ឆ្នាំ​មុន​នោះ។​ ប៉ុន្តែ​លោក​បាន​លុបចោល​វីដេអូ​នោះ​ដោយសារ​មិន​ចង់​មាន​បញ្ហា​អ្វី​ច្រើន​ជាមួយ​នឹង​អាជ្ញាធរ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖​

«ជា​ជំហរ​របស់​ខ្ញុំ​ការបង្ហោះ​នេះ​មិនមែន​ជា​ចេតនា​ញុះញង់​អ្វី​ទេ​គឺ​យើង​គ្រាន់តែ​ចង់​រំលឹក​អំពី​ស្ថានភាព​៩​ឆ្នាំ​មុន​ហើយ​នឹង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ក៏​ដូចជា​យើង​ជំរុញ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការប្រើប្រាស់​នូវ​អំពើ​ហិង្សា​បន្ត​ទៀត​ពីព្រោះ​យើង​មិន​ចង់​ឃើញ​ហិង្សា​បែប​ហ្នឹង​ទេ»។​

លោក​ សាវឿន ​បាន​សម្តែង​ការព្រួយ​បារម្ភ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​មិន​បាន​ប្រសើរ​ឡើង៖

«បើ​រដ្ឋ​នៅ​តែ​ប្រើប្រាស់​ការបង្ក្រាប​ឬ​ក៏​ការធ្វើ​ទុកបុកម្នេញ​ទៅ​លើ​សកម្មជន​សហជីព​ ទៅលើ​សកម្មជន​ដីធ្លី​ហ្នឹង​វា​គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ហើយ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​កាន់​តែ​ដុនដាប​ធ្លាក់​ចុះ​បន្ថែម​ទៀត»

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ​ហើយ​បរិយាកាស​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ព្រួយបារម្ភ​ផងដែរ​ដោយសារ​ការយាយី​រំខាន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។​

រាយការណ៍ដោយលោក ម៉ែន គឹមសេង

What Next?

Recent Articles

One Response to "អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ឆ្នាំ​២០២២​កត់​សម្គាល់​ដោយ​ការបង្ក្រាប​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល"

  1. Anonymous says:

    tis evil monster will come to his day soon . please look at this ugly face it seem to be evil indeed

Leave a Reply

Submit Comment