អ្នក​នាំពាក្យ៖ គណបក្ស​កាន់​អំណាច​ទាម​ទារ​គណបក្ស​ភ្លើង​ទៀន​សុំ​ទោស​ជា​សាធារណៈ បើ​មិន​ចង់​ប្រឈម​ពាក្យ​បណ្តឹង

20 មករា 2023
លាស់ លីបលីប
វីអូអេខ្មែរ

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

ភ្នំពេញ — អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក សុខ ឥសាន អះអាង​ថា​គណ​បក្ស​ភ្លើង​ទៀនត្រូវសុំ​ទោស​ជា​សាធារណៈ ​ដើម្បី​បញ្ចៀស​ការ​ប្តឹង​ផ្តល់​របស់​គណបក្ស​កាន់​អំណាច​ទៅ​កាន់​តុលាការ​ នៅ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​លើក​ឡើង​អំពី​ការ​គាប​សង្កត់​បំភិត​បំភ័យ​ពី​គណបក្ស​កាន់​អំណាច។

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ចេញ​ផ្សាយ​នា​សប្តាហ៍​នេះ ក្រោយ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវបាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ ​និង​ប្រាប់​ឲ្យ​មេធាវី​ពិនិត្យ​ខ្លឹមសារ​ ដោយសារ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​អំពីគណបក្ស​កាន់​អំណាច។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុម​មេធាវី​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ដោយ​លោក ​គី តិច​ ​កំពុង​ពិនិត្យ​ខ្លឹម​សារនៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀន ​ដែល​លោក​ថា​និយាយ​ប៉ះ​ពាល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​ប្តឹង​ទៅ​តុលាការ​។ ​


លោក សុខ ឥសាន បន្ថែម​ថាបើ​គណ​បក្ស​ភ្លើង​ទៀន​ ចង់​សុំ​ទោស គឺ​ត្រូវសុំ​ទោស​ជា​សាធារណៈ​ឱ្យ​បាន​លឿន មុន​សំណុំ​រឿង​ដល់​ដៃ​តុលាការ។

​លោកបញ្ជាក់​ថា៖ ​«​បាទ​!​ បើ​តាម​ប្រសាសន៍​របស់​សម្តេច​ឱ្យ​សុំ​ទោស​ជាផ្លូវ​ការ ជាសាធារណៈ ​អាហ្នឹង​បាន​រួច​ខ្លួន បើ​ថា​មិន​សុំ​ទោស​ជា​ផ្លូវ​ការជា​សាធារណៈ​ទេ អាហ្នឹងគណបក្ស​នៅ​តែអនុវត្ត​នូវ​ជំហរ​របស់​ខ្លួន​ គឺ​ប្តឹង​ទៅ​តុលា​ការ​ហើយ។ ហើយ​អាហ្នឹង​សុំ​ឱ្យ​រហ័ស​ដែរ​បាន​ៗ ពី​ព្រោះថា​បើ​កាលណា​សុំ​ទោសក្រោយ​ដែល​ដាក់​ពាក្យ​ប្តឹ​ងទៅ​តុលាការ​អាហ្នឹង​វាអត់​មាន​ប្រសិទ្ធភាព​អីទេ​ បើ​ធ្វើ [គឺ]​ធ្វើ​ឱ្យ​ទាល់​ពេល​វេលា ​កុំ​ឱ្យតែ​រឿង​ករណី​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​បាន​សុំ​ទោស​តា​មក្រោយ​អាហ្នឹង​វា​ជា​បញ្ហាមួយ​ដែល​វាផ្ទុយ​អំពី​ការ​ពិត​ សភាព​ការណ៍​ពិត​ជាក់​ស្តែង»

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀនដែល​ចេញកាល​ពី​ថ្ងៃ​ពុធ​ លើក​ឡើង​ថា​៖​ ​«​គណ​បក្ស​ភ្លើង​ទៀន ​ប្រឆាំង​ដាច់​ខាត​លើ​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​ និង​កា​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ​គ្រប់​រូប​ភាព​ពី​គណ​បក្ស​កាន់អំណាច ​ដោយ​ទាម​ទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះជា​បន្ទាន់»

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា​លោក​នឹង​មិនអត់​ឱនទៀត​នោះ​ទេ ​ចំពោះ​អ្នក​ណាដែល​និយាយ​ប៉ះ​ពាល់​ និង​ជេរ​ប្រមាថ​គណ​បក្សកាន់​អំណាច។

ក្រោយ​ពីលោក​នាយក​រដ្ឋ​មន្ត្រី ព្រ​មាន​ប្តឹង​ទាក់​ទង​នឹង​អត្ថន័យក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ គណ​បក្ស​ភ្លើង​ទៀនបាន​លុប​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន។ នេះ​បើ​តាម​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន។

រូបឯកសារ៖ ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​កាន់ដៃ​គ្នា​សាទរ​ទៅកាន់​អ្នក​គាំទ្រ នៅ​ក្នុងសមាជ​វិសាមញ្ញ​របស់​បក្ស​នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០​២២​។​ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​កាន់ដៃ​គ្នា​សាទរ​ទៅកាន់​អ្នក​គាំទ្រ នៅ​ក្នុងសមាជ​វិសាមញ្ញ​របស់​បក្ស​នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០​២២​។​ (លាស់ លីបលីប/វីអូអេ)

លោក សុន ឆ័យ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​៖ «បាទ! ​យើង​លុប​ចេញ​តាំង​ពី​ឮប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ភ្លាម​ហ្នឹង យើង​ក៏​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គណ​បក្ស​អស់​ហើយ​»

លោក សុន ឆ័យ ​យល់​ថា​ករណី​នេះ​មិន​គួ​រ​ប្តឹងផ្តល់ទៅ​តុលាការ​នោះ​ទេ ហើយ​គណបក្ស​កាន់​អំណាច​គួរ​តែ​ប្រាប់ និងជជែក​ទល់​មុខ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ នូវ​អ្វីដែល​មិន​ចូល​ចិត្ត ដើម្បី​ឱ្យ​មាន​ការ​កែ​តម្រូវ និងដើម្បីបង្ក​បរិយា​កាស​នយោ​បាយ​នៅ​កម្ពុជាឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ ​«​ការ​តវ៉ា ​បែប​ហ្នឹង​ធ្លាប់​មាន​ពីដើមៗ​មក​ មិនដែល​មានបញ្ហា​អ្វីទេ។ នេះជា​លើក​ដំបូង​ហើយ​ដែល​មាន​ការ​កត់សម្គាល់ពីសម្តេច​នាយក​រដ្ឋមន្ត្រី ដូច្នេះ​យើង​នឹង​យកចិត្ត​ទុកដាក់ អ្វីដែល​លោក​មិនពេញ​ចិត្ត​យើង​នឹងចាត់វិធានការ​ភ្លាម ដើម្បី​ទប់​ស្កាត់ ឬក៏កែ​ប្រែ»

លោក​បន្ត​ថា៖ ​«​ដូច្នេះ​ខ្ញុំ​ថា ​វាជាកិច្ចសហការ​គ្នា​រវាង​គណ​បក្ស​ ជាពិសេស​គណបក្ស​ទាំង​២ហ្នឹង ដោយ​មាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​។ ហើយ​យើង​ក៏​នឹង​ណែនាំ​[សមា​ជិកគណបក្ស] ខ្ញុំ​ជឿ​ថា​ខាង​គណ​បក្ស​ប្រជាជន​លោក​ក៏​ណែនាំ​ខាង​លោក​ដែរ ដូចជា​ឯកឧត្តម​ សម្តេច​ក្រឡាហោម តែង​ណែនាំ​សមាជិក​គណ​បក្ស​ប្រជាជន​ដែរ​ កុំ​ឱ្យ​និយាយ​អីប៉ះពាល់​ ឬក៏រើស​អើង​ទៅដល់​គណ​បក្ស​មួយទៀត។ នេះជា​ជំហរ​រួមគ្នា​ ដែល​យើង​បន្ត​ប្រុង​ប្រយ័ត្ន និង​កែ​ប្រែ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​ បាទ​!»

បើ​តាម​លោក សុន ឆ័យ ទាំង​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ថ្នាក់​ដឹកនាំ​និង​សមាជិក​គណ​បក្ស​បាន​ស្រុះស្រួលគ្នាថាចង់​ឱ្យមាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឱ្យ​បាន​ជាប់​លាប់ និង​បង្កើត​យន្ត​ការ​មួយ​ជាមួយ​គ្នា ដើម្បីដោះស្រាយ​នូវ​បញ្ហា​ ឬ​ចំណុច​ខ្វះខា​ត​ ដែល​នៅ​សេស​សល់​ឱ្យ​បាន​ចប់។ លោក​បន្តថា​គណបក្ស​ភ្លើង​ទៀន ក៏​កំពុង​ពិចារ​ណា ​ទាក់ទង​ការ​ធ្វើលិខិត​របស់​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ ដាក់ជូន​ទៅប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដើម្បី​ជួប​ជជែក​គ្នា ​និង​ដោះ​ស្រាយ​បញ្ហា​រួមគ្នា​ផង​ដែរ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក គី តិច ​មេធាវី​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​នៅ​ឡើយទេ។

នៅ​ថ្ងៃ​សុក្រ​នេះ គណបក្ស​ភ្លើង​ទៀន​បាន​សេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ ដោយបញ្ជាក់​ថាគណ​បក្ស​ភ្លើង​ទៀន «អបអរសាទ​រ​» ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​បញ្ជាក់​ពី «ភាព​ស្អាត​ស្អំ ត្រឹម​ត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​» របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​យល់​ថា គណ​បក្ស​នីមួយ​ៗ គួរតែ​មាន​យន្ត​ការ​ច្បាស់​លាស់​រៀង​ៗខ្លួន និងត្រូវ​ដឹងថា​តើ​ការ​លើក​ឡើង​របស់​ខ្លួន​មាន​ភាព​ពិតប្រាក​ដដែរ​ឬ​ទេ។

លោកបន្តថា​ការ​ផ្សះ​ផ្សារ​នយោ​បាយ ​មិន​អាច​កើត​ឡើង​ដោយ​ការ​ប្តឹង​ផ្តល់ ឬ​ហែក​ហួរ​គ្នា​ ​ក្នុង​ទម្រង់​គុំគួន​គ្នានោះ​ទេ​ ព្រោះ​លោក​ថា​ការប្តឹង​ផ្តល់​លើ​មតិ​នយោបាយ ឬ​ឈ្នះ​ចាញ់​ដោយប្រើ​តុលាការ​ លើ​ការ​ទម្លាក់​កំហុស ​ឬ​បំបាក់​ដៃ​គូ​ប្រកួត​ប្រជែង​គ្នា អាច​រឹតតែ​បង្កើន​ស្ថាន​ភាពតឹង​តែង​នៃ​ការ​បោះ​ឆ្នោត ដែល​នាំឱ្យ​ក្រោយ​ការ​បោះ​ឆ្នោត ​គឺ​អ្នក​ឈ្នះ​មិន​សប្បាយ​ចិត្ត ចំណែក​អ្នកចាញ់​មិនអស់​ចិត្ត។ ដូច្នេះ​លោក​ថា​ការ​ជជែក​រក​ផ្លូវដោះ​ស្រាយ​វិវាទ​នយោ​បាយ ឬការរិះ​គន់​លើ​គោល​នយោ​បាយ​ជា​រឿង​ល្អ​សម្រាប់​ដៃ​គូ​ប្រកួត​ប្រជែង។

លោក​ប្រាប់​វីអូអេ​ជា​អក្សរតាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា៖ ​«​ខ្ញុំ​យល់​ថា​គណ​បក្ស​នយោ​បាយ​នីមួយៗ ​មាន​គោល​នយោ​បាយ​ផ្សេ​ង​ៗ​គ្នា ​មិន​ដូច​គ្នា​ តែ​រឿង​លើក​ឡើង​ថា​ការ​ចូល​រួមផ្នែក​នយោបាយ​ដោយ​គ្មាន​ការ​គម្រាម​កំហែង គួរ​តែ​ស្តាប់​គណ​បក្ស​នីមួយៗ ​លើក​ពី​បញ្ហា​ប្រឈម ​និង​ទទួល​ស្គាល់​អ្វីជា​ភាព​ពិត និង​ដោះ​ស្រាយ ទើប​វា​ចូល​រួម​ដំណើរ​ការ​ល្អ ​ក្នុង​ការ​ប្រកួត​ប្រជែ​ង»​៕

What Next?

Recent Articles

2 Responses to "អ្នក​នាំពាក្យ៖ គណបក្ស​កាន់​អំណាច​ទាម​ទារ​គណបក្ស​ភ្លើង​ទៀន​សុំ​ទោស​ជា​សាធារណៈ បើ​មិន​ចង់​ប្រឈម​ពាក្យ​បណ្តឹង"

  1. Anonymous says:

    this guy is what I should say the boll shucker . after he said some thing good for that evil he will ask for $$$$$$$$$$$$$ YES you will going hell at the same time

  2. Does these CCP leaders know or understand the word DEMOCRACY is?? I guess not because non of them ever get a proper education. This installed government wants us not to criticize them of theirs’ wrong doing. Too bad! I hope the Candlelight Party will not bowed to them and ask for pardons from this evil government. If the CCP so cleans and never done anything wrong, why afraid of others make criticism and comments. ដូចពាក្យចាស់លោកថាៈ គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ!