ដោយ ទីន ហ្សាការីយ៉ា
2023.01.21
RFA

លោក ហ៊ុន សែន ថ្លែងបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក SPM
សមាជិកគណបក្សប្រជាជនកម្ពុជាដែលជ្រកក្រោមស្លាកឈ្មោះក្រសួងស្ថាប័នរដ្ឋបាននាំគ្នាប្រកាសប្រឆាំងនឹងគណបក្សភ្លើងទៀន ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានប្រើប្រព័ន្ធតុលាការចាត់វិធានការទៅលើបក្សភ្លើងទៀនរឿងរិះគន់ថា បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនថាពួកគេចង់ជជែងជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដើម្បីបង្កបរិយាកាសនយោបាយឱ្យបានល្អមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។
ភ្លាមៗ ក្រោយពេលលោក ហ៊ុន សែន ព្រមានគណបក្សភ្លើងទៀនអំពីការចេញសេចក្តីការណ៍រឿងគណបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនោះ ស្ថានប័នរដ្ឋជាច្រើនបានចេញសេចក្តីថ្លែងការណ៍បន្ធរតាមលោក ហ៊ុន សែន ថ្កោលទោសគណបក្សភ្លើងទៀន។ លិខិតទាំងនោះចេញពីគណៈកម្មាធិការបក្សកាន់អំណាចនៅតាមក្រសួង ស្ថាប័នរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្ស។ ញត្តិដែលមានខ្លឹមដូចៗគ្នានេះគណបក្សកាន់អំណាចហាក់ចង់បង្ហាញទៅកាន់មហាជនទូទៅយល់ថាពួកគេជាជនរងគ្រោះ និងត្រូវការភាពយុត្តិធម៌ ខណៈបក្សកាន់អំណាចកំពុងក្តោបក្តាប់ប្រព័ន្ធតុលាការនោះ។ លើសពីនេះញត្តិដដែលក៏ហាក់បង្កប់ន័យរើសអើង និងកាន់តែបង្ហាញពីការគំរាមលើបក្សភ្លើងទៀន ដោយសមាជិកបក្សកាន់អំណាចស្នើឱ្យអាជ្ញាធរចាត់វិធានការលើបក្សភ្លើងទៀន ឬលើបុគ្គលទាំងឡាយដែលពួកគេអះអាងថាដើម្បីការពារភាពស្អាតស្អំ កិត្តិយសរបស់គណបក្សប្រជាជន។
លិខិតថ្កោលទោសរបស់សមាជិកបក្សកាន់អំណាចនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមករា បានព្រមានប្ដឹងគណបក្សភ្លើងទៀនទាក់ទងរឿងរិះគន់ថាបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ ជាមួយគ្នានេះ លោកបានបញ្ជាទៅមេធាវីគណបក្សប្រជាជនកម្ពុជា គឺលោក គី តិច ពិនិត្យមើលរឿង ដើម្បីរៀបចំដាក់ពាក្យប្ដឹងគណបក្សភ្លើងទៀនទៅតុលាការ។ ប៉ុន្តែលោកថាបើគណបក្សភ្លើងទៀន ចង់រួចខ្លួនត្រូវចេញមុខសូមទោស គណបក្សប្រជាជនកម្ពុជា។
សារព្រមានរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពីណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមករា បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច និងទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
គណបក្សភ្លើងទៀននៅថ្ងៃទី២០ ខែមករា បានចេញសេចក្តីថ្លែងការណ៍មួយទៀតអបអរសាទរសេចក្តីថ្លែងការណ៍គណបក្សប្រជាជនដែលបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់បក្សកាន់អំណាចនេះ។ ក្នុងនោះបក្សភ្លើងទៀន ប្រកាសគាំទ្រជំហរសេចក្តីថ្លែងការណ៍បក្សកាន់អំណាចដើម្បីពង្រឹងនូវបរិយាកាសនយោបាយឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទាក់ទងរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីថាគណបក្សភ្លើងទៀនបានយកចិត្តទុកដាក់ចំពោះមតិយោបល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅដោះស្រាយ ដើម្បីបង្កបរិយាកាសនយោបាយល្អរវាងគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថាបក្សរបស់លោកចង់បានបរិយាកាសនយោបាយមួយដែលស្មើភាព សេរី ដោយគ្មានការគំរាមកំហែងជាដើម ហើយលោករំពឹងថាគណបក្សទាំងពីរនឹងអាចជជែកលើ ចំណុចខ្វែងគំនិតកន្លងមកក្នុងការដោះស្រាយបញ្ហាជាជាងប្រឈមមុខដាក់គ្នា។
លោក សុន ឆ័យ៖ «អតីតកាលគណបក្សនយោបាយអាចរិះគន់ទៅបាន តែឥឡូវសម្តេចនាយករដ្ឋមន្រ្តីមិនចង់ឱ្យហេតុការណ៍នោះកើតឡើងទៀត យើងក៏គោរពតាមហ្នឹងដែរ ដោយយើងយកចិត្តទុកដាក់យោបល់របស់លោកធ្វើឱ្យល្អប្រសើរ នេះគឺជារឿងថ្មីមានប្រតិកម្មពីសម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថាគណបក្សប្រជាជនកម្ពុជាមិនទទួលយកសេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀននោះទេ។ លោកបញ្ជាក់ថាគណបក្សកាន់អំណាចរបស់លោកនៅតែទាមទារឱ្យគណបក្សភ្លើងទៀនត្រូវចេញមុខសូមទោសគណបក្សប្រជាជនកម្ពុជាដដែល។
លោក សុខ ឥសាន៖ «ការចោទប្រកាន់ថាគណបក្សប្រជាជនកៀបសង្កត់គឺផ្ទុយពីការពិតជាក់ស្តែង។ អត់មានកៀបសង្កត់ទេ ពីព្រោះអ្នកឯង(បក្សភ្លើងទៀន) ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ កិត្តិយសរបស់គេ (គណបក្សប្រជាជន) គឺគេត្រូវរកយុត្តិធម៌ហើយ»។
ទោះបីលោក ហ៊ុន សែន និងមន្រ្តីបក្សកាន់អំណាចខំការពារថា គណបក្សប្រជាជនមិនបានធ្វើទុក្ខបុកម្នេញក្ដី ក៏គ្មានអ្វីលាក់បាំងឡើយ ព្រោះករណីទាំងសុទ្ធតែកើតឡើងក្រោយការគំរាមកំហែងជាសាធារណៈរបស់បុរសខ្លាំងរូបនេះទាំងអស់។ ជាក់ស្តែងគណបក្សកាន់អំណាចបានប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅតុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ថែមទៀតផង លើកលែងតែលោក គង់ គាំ ប្រកាសដកពាក្យប្តឹងវិញក្រោយលោកប្រគល់ដីនិងផ្ទះជូនរដ្ឋាភិបាលតាមការទាមទាររបស់លោក ហ៊ុន សែន។ ករណីចុងក្រោយនេះ តុលាការ បានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទាំងតក់ក្រហល់ថែមទៀត ដែលអ្នកឃ្លាំមើល ចាត់ទុកថា ករណីទាំងនេះ ជាការធ្វើទុក្ខបុកម្នេញនយោបាយ។
ទោះយ៉ាងណា អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថាលោកហ៊ុន សែន និងគណបក្សប្រជាជនកំពុងរំលោភបំពានលើគណបក្សភ្លើងទៀន។ លោកយល់ថាបើសិនបក្សកាន់អំណាចចង់បានសេចក្តីថ្លៃថ្នូរ និងកិត្តិយសពិតប្រាកដនោះត្រូវផ្តើមចេញពីទង្វើជាក់ស្តែង ដោយត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើដៃគូប្រកួតប្រជែង រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងស្មារតីកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស។
លោក គឹម សុខ៖ «នៅពេលគណបក្សប្រជាជនកម្ពុជាបំពាន ធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀនជ្រុលហួសពេក ទោះបីគណបក្សភ្លើងទៀនបង្ខំចិត្តសូមទោស ក៏ការសូមទោសនោះមិនអាចធ្វើជាឧបករណ៍វាស់ឱ្យឃើញគណបក្សប្រជាជនស្អាតស្អំបានទេ ដូច្នេះសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាដូចជាទាបពេក ឬអន់ពេកហើយដោយត្រូវការពាក្យមួយម៉ាត់ពីគណបក្សភ្លើងទៀន»។
រីឯ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថាស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាប់អួរមុនការបោះឆ្នោតខាងមុខនេះ។ លោកថាបើបក្សកាន់អំណាចបន្តព្រមាន និងវិធានការលើគណបក្សភ្លើងទៀននឹងមិនផ្តល់ផលចំណេញដល់បក្សកាន់អំណាចនោះឡើយ តែផ្ទុយបក្សកាន់អំណាចនឹងកាន់តែរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិបន្ថែមទៀត។
លោក គៀន ពន្លក៖ «ទោះបីគណបក្សកាន់អំណាចយល់ថាខ្លួនមានកិត្តិយសយ៉ាងណាក៏ដោយ តែម្ចាស់សន្លឹកឆ្នោតគឺប្រជាជនកម្ពុជាទាំងមូលបានដឹងរួចទៅហើយថាអ្នកណាមានកិត្តិយសពិតប្រាកដ ហើយអ្វីដែលសំខាន់ម្ចាស់សន្លឹកឆ្នោតដែលចេញទៅបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣នេះ ថាតើនរណាជាអ្នកមានកិត្តិយសពិតប្រាកដ នរណាជាគណបក្សប្រកាន់យកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
នៅសល់តែរយៈពេលជាង៧ខែទៀតទេ ពលរដ្ឋ នឹងមានឱកាសជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន តាមរយៈការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញថា គណបក្សភ្លើងទៀន កំពុងរងការធ្វើទុក្ខបុកម្នេញ ពីតុលាការ និងពីក្រុមជនជនអន្ធពាល ដែលបានវាយធ្វើបាបលើសកម្មជនគណបក្សនេះជាបន្តបន្ទាប់។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានរំលាយគណបក្សភ្លើងទៀន ដោយចោទប្រកាន់ថា គណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។ ទោះយ៉ាងណាសហគមន៍អន្តរជាតិ បានរំលឹកទៅរដ្ឋាភិបាលលោក ហ៊ុន សែន ជាញឹកញាប់ឱ្យបើកលំហ ប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
my massage to Mr HUN NAL witch my brother in law was with you during POL POT regime . YES …HUN NAL you should knew where you are came from and some one knew all about your back ground . this what I talking about some one live in the village with you and going in the forest with you . the reason why I write this letter and tell you to back down is >>>> you can not win over international community because they knew every thing you done to your opposition . please do ask what they are requesting to you right now be for it is too late . 2023 is your last change do not wait till that time come you have only two month to do it . do not think CHINA can help you and do not bring Cambodian any kind of sadness all over again . don’t you you think you just about to destroy your own nation right now ??????????? wake up HUN NAL