បទ​យក​ការណ៍​៖ ​សមាជិកស្ត្រី​ថ្ងៃ​សុក្រ​ ​អ្នក​ស្រី​​ ​សោម​ ចន្ធូ​ ស្លាប់​​ ខណៈ​​​បំណង​ចង់​ឃើញ​ស្វាមី​ចេញ​ពី​ពន្ធនាគារ​មិន​បាន​សម្រេច​

បទយកការណ៍
ទួក ពិសិដ្ឋ | ២១ មករា ២០២៣ | ម៉ោង ១១:៣៣
VOD

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

(ពាក់ម៉ាស់) ​អ្នកស្រី សោម ចន្ធូ ជាភរិយារ​បស់លោក​ សុខ ចន្ថា រួមនឹងក្រុម «ស្ត្រីថ្ងៃសុក្រ» ជាច្រើនទៀតដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូប បានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


ក្រុមស្រ្តីថ្ងៃសុក្រ ដែលសកម្មចេញមុខទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន បាន​រម្លឹកពីការតស៊ូរបស់អ្នកស្រី សោម ចន្ធូ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ទាំងមិនទាន់សម្រេច​បំណងរកយុត្តិធម៌ឱ្យស្វាមីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងបាននៅឡើយ។

​អ្នកស្រី សោម ចន្ធូ វ័យ៥៣ឆ្នាំ គឺជាភរិយារ​បស់លោក​ សុខ ចន្ថា ​អតីត​​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​ព្រៃវែង​ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ។​ គាត់បានទទួលមរណភាព​ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២​ ដោយសារជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមក្រោយពេលមកពីជួបសួរសុខទុក្ខស្វាមី នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បានប្រហែលមួយសប្តាហ៍។

ស្របពេលដែលបាត់បង់ អ្នកស្រី សោម ចន្ធូ ជារៀងរហូតបែបនេះ សមាជិកស្រ្តីថ្ងៃសុក្រផ្សេងៗទៀត បានបង្ហាញក្តីស្រណោះ និងរម្លឹកពីវីរៈភាពរបស់អ្នកស្រី សោម ចន្ធូ ដែលតែងតែចូលរួមសកម្មភាពលើកបដា និងស្រែកទាមទារកណ្តាលរាជធានីភ្នំពេញឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន និងមន្រ្តីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំរៀងរាល់ថ្ងៃសុក្រ ស្ទើរមិនដែលអាក់ខានម្តងណាឡើយ ទោះបីជាគាត់មានជំងឺប្រចាំកាយក្តី។

សមាជិកស្រី្តថ្ងៃសុក្រម្នាក់ គឺអ្នកស្រី ព្រំ ចាន់ថា វ័យ៤៥ឆ្នាំប្រាប់វីអូឌីថា អ្នកស្រី សោម ចន្ធូ ជាមនុស្សម្នាក់រួសរាយរាក់ទាក់ មិនតម្កើនខ្លួន ហើយស្លូតបូត។ អ្នកស្រីថា គាត់សឹងតែមិនអាចទទួលយកបានចំពោះមរណភាពរបស់អ្នកស្រី សោម ចន្ធូ ដោយថា ពេលវេលាហាក់បីដូចជាលឿនពេកចំពោះការស្លាប់នេះ។ អ្នកស្រីបន្តថា អ្នកស្រី សោម ចន្ធូ បានចូលរួមតវ៉ាជាមួយសមាជិកស្រ្តីថ្ងៃសុក្រផ្សេងទៀត ទាំងជីវភាពក្រីក្រលំបាក ដោយត្រូវរកចំណូលទ្រទ្រង់ជីវភាពគ្រួសារផង និងចេញមុខធ្វើសកម្មភាពដែលប្រឈមនឹងសុវត្ថិភាពផ្ទាល់ខ្លួនផង។

អ្នកស្រីបន្តថា៖ «គាត់ព្យាយាមក្នុងការមក[តវ៉ា]ណាស់អូន! គាត់ឆ្ងាយហើយ គាត់មកជិះម៉ូតូជួនណាទៅគ្រោះថ្នាក់ចរាចរណ៍ រលាត់ដៃជើងអីគាត់ថាមិនអីទេ គាត់នៅតែមកអ៊ីចឹង។ គាត់ព្យាយាមមែនទែន អាណិតគាត់ខ្លាំងណាស់ខ្ញុំនោះ និយាយតាមត្រង់ បាត់បង់គាត់គឺខ្ញុំសោកស្តយមែនទែន»។

អ្នកស្រី​បានរម្លឹកថា កាលនៅមានជីវិត អ្នកស្រី សោម ចន្ធូ ធ្លាប់បាននិយាយពីគោលបំណងរបស់គាត់ដោយចង់ឃើញស្វាមីចេញពីមន្ទីរឃុំឃាំង វិលមកជួបជុំក្រុមគ្រួសារឡើងវិញ​ ប៉ុន្តែ ក្តីស្រមៃនេះមិនទាន់បានសម្រេចផង អ្នកស្រី សោម ចន្ធូ បានស្លាប់មុនគោលបំណងបានសម្រេចទៅវិញ។

អ្នកស្រីបន្ថែមថា៖ «អនាគតទៅមាន [ប្រជាធិបតេយ្យ] ពិត ឬក៏អាចមានប្រជាធិបតេយ្យ មានការផ្លាស់ប្តូក្នុងពេលឆាប់ៗ នេះគឺខ្ញុំនឹងសុំឱ្យ ធ្វើសំណាកគាត់ [រូបសំណាកអ្នកស្រី សោម ចន្ធូ] នឹងអាចមានការចងចាំដែលវីរៈភាពរបស់ពួកខ្ញុំធ្វើការតស៊ូដើម្បីប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទូទៅ»

ក្រុមស្រ្តីថ្ងៃសុក្រ ជាឈ្មោះផ្លូវការរបស់ ភរិយាមន្ត្រីគណបក្សសង្រោះជាតិដែលតុលាការបានរំលាយ។ ស្រ្តីមេផ្ទះទាំងនេះ តែងតែជួបជុំគ្នាចេញមុនយ៉ាងសកម្មជារៀងរាល់ថ្ងៃសុក្រ ដើម្បីតវ៉ាឱ្យតុលាការទម្លាក់បទចោទចំពោះស្វាមីរបស់ខ្លួនជិត ៣ឆ្នាំមកហើយ។

ស្រ្តីថ្ងៃសុក្រម្នាក់ទៀត គឺអ្នកស្រី អ៊ុក ចន្ធី វ័យ ៥៥ឆ្នាំបានរម្លឹកដែរថា គាត់មានអនុស្សាវរីយ៍ជាច្រើនជាមួយអ្នកស្រី សោម ចន្ធូ រាប់មិនអស់ក្នុងពេលទាមទារយុត្តិធម៌រយៈពេលជិត ៣ឆ្នាំមកនេះ។ អ្នកស្រីថា ពេលខ្លះមានការរុញច្រានពីអាជ្ញាធរ បណ្តាលឱ្យមានរបួសស្នាម ក្នុងពេលធ្វើសកម្មភាពម្តងៗ ប៉ុន្តែ​អ្នកស្រី សោម ចន្ធូ នៅតែប្តេជ្ញាមកចូលរួម​ជួបជុំជាមួយស្រ្តីថ្ងៃសុក្រផ្សេងៗ ទៀតមិនដែលខកខានម្តងណាឡើយ ដោយសង្ឃឹមថានឹងបានជួបជុំស្វាមីឡើងវិញ។

នាថ្ងៃចុងក្រោយនៃជីវិត អ្នកស្រី សោម ចន្ធូ បានចាប់ដៃជាមួយ អ្នកស្រី អ៊ុក ចន្ធី ដោយបង្ហូរទឹកភ្នែកចុះមក ដោយដឹងថា គាត់មិនអាចបន្តដំណើរទាមទារយុត្តិធម៌ជាមួយសមាជិកស្រ្តីថ្ងៃសុក្រផ្សេងៗបានទៀតទេ។

អ្នកស្រីថា៖ «គ្រាន់តែខ្ញុំទៅដល់ [មន្ទីរពេទ្យភ្លាម គាត់ហុចដៃមកចាប់ដៃខ្ញុំ ហើយខ្ញុំក៏ចាប់ដៃគាត់វិញ ហើយគាត់ក៏ហូរទឹកភ្នែក ខ្ញុំហូរទឹកភ្នែកដូចគ្នា បង្ហាញអារម្មណ៍ក្តុកក្តួល គាត់ទទួលដឹងថា គាត់ប្រហែលជាមិនអាច តស៊ូបានទៅមុខទៀត គឺគាត់ក្តាប់ដៃខ្ញុំយ៉ាងណែន និយាយដល់ចំនុចហ្នឹងខ្ញុំមានអារម្មណ៍ក្តុកក្តួល ខ្ញុំទទួលយកអត់បាន»

អ្នកស្រី សោម ចន្ធូ បានរៀបការជាមួយលោក សុខ ចន្ថា ក្នុងអំឡុងឆ្នាំ ១៩៨៤។ អ្នកស្រីគឺជាកូនស្រីច្បងក្នុងចំណោមបងប្អូន ៥នាក់ ដែលមានស្រុកកំណើតនៅភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៏ ខេត្តព្រៃវែង។

ស្រ្តីថ្ងៃសុក្រម្នាក់ទៀត គឺអ្នកស្រី កុល សាត វ័យ ៣៨ឆ្នាំ បានប្រាប់វីអូឌីថា ក្នុងថ្ងៃដែល តុលាការប្រកាសសាលក្រមកាត់ទោសមន្រ្តីគណបក្សសង្គ្រោះជាតិដាក់ពន្ធនគារ ដែលរួមមានទាំងស្វាមី អ្នកស្រី អ៊ុក ចន្ធី ផងនោះគឺ ជាថ្ងៃដែល អ្នកស្រី អ៊ុក ចន្ធី ឈឺចាប់បំផុត ដោយបានស្រែកយ៉ាងខ្លាំងៗថា កម្ពុជាជាសង្គមអយុត្តិធម៌ ដែលបានកាត់ទោសស្វាមីរបស់គាត់ទាំងមិនមានភស្តុតាងច្បាស់លាស់នោះទេ។

អ្នកស្រីថា៖ «ពេលដែលគាត់នៅមានជីវិត ពេលដែលគាត់ទៅថ្ងៃមួយកម្មវិធីកោរសក់គាត់ដើម្បីថ្វាយសក់ តស៊ូមតិដើម្បីឱ្យគេដោះលែងប្តី ពួកខ្ញុំក៏ដូចជាអ្នកទោសមនសិកាផ្សេងទៀត  ខ្ញុំចង់ចាំសម្តីគាត់។ គាត់ថាស្រុកខ្មែរយើងនេះ ជំនាន់ខ្ញុំប៉ុណ្ណឹងទៅហើយ! ធ្វើបាបប្តីខ្ញុំ ចុះជំនាន់ចៅខ្ញុំ ឬចៅទួតខ្ញុំទៅក្រោយៗទៀត តើចៅពួកខ្ញុំឬចៅទួតរបស់​ខ្ញុំ តើមានសិទ្ធិសេរីភាពដែឬក៏អត់?»

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ទណ្ឌិតជិត៣០០នាក់ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស ប៉ុន្តែមិនមានវត្តមានសកម្មជនបក្សប្រឆាំង ឬអ្នកជាប់ឃុំមនសិការផ្សេងៗទៀតនោះទេ។ ជាមួយគ្នានេះ ក្រុមស្រ្តីថ្ងៃសុក្រ បានចាត់ទុកថា នេះគឺជារឿងអយុត្តិធម៌ និងមានការរើសអើងផ្នែកនយោបាយ ដែលមិនមានសកម្មជនបក្សប្រឆាំងណាម្នាក់ត្រូវបានបន្ថយទោស។

លោក សុខ ចំរើន វ័យ២៨ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់​ អ្នកស្រី សោម ចន្ធូ បានឱ្យដឹងថា ក្នុងពេលដែលម្តាយខ្លួនបានស្លាប់ ក៏មិនមានការអនុញ្ញាតឱ្យឪពុករបស់ខ្លួនបានជួបម្តាយជាលើកចុងក្រោយនោះដែរ។ លោកបន្ថែមថា នៅពេលឪពុករបស់លោកជាប់ក្នុងពន្ធនាគារ គឺបន្ទុកក្នុងគ្រួសារត្រូវធ្លាក់ទៅលើអ្នកស្រី សោម ចន្ធូ ដោយគាត់បាន លក់ចង្រឹត និងកំពឹសចៀនដឹកកង់ជិះលក់តាមផ្ទះនៅស្រុកកំណើត ។

លោក សុខ ចំរើន គឺជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់។ លោកប្រាប់ថា ម្តាយរបស់គាត់បានផុតដង្ហើមក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)ក្នុងរាជធានីភ្នំពេញ ក្រោយពេលសម្រាកបានត្រឹមរយៈពេល ២ថ្ងៃ។

លោក ចំរើន និយាយថា ម្តាយរបស់ខ្លួនមានជំងឺប្រចាំកាយ រួមមាន លើសសម្ពាធឈាម ទឹកនោមផ្អែម បណ្តាលឱ្យគាត់ខ្សោយកម្លាំង និងរួមផ្សំការពិបាកចិត្តក្នុងពេលដែលស្វាមីជាប់ពន្ធនាគាផង ទើបបណ្តាលឱ្យគាត់ស្លាប់លឿនបែបនេះ។

លោកថា៖ «ម្តាយខ្ញុំគាត់ឈឺចិត្តពេក ដែលប្តីគាត់ការពារជាតិ តស៊ូដើម្បីជាតិ ប៉ុន្តែបែរជាគេ ចោទគាត់ថា ក្បត់ជាតិ ដល់ពេលទៅគាត់ឈឺចិត្តពេកឥឡូវគាត់ស្លាប់បាត់ទៅហើយ»។

ទោះជាយ៉ាងណា ក្នុងពេលដែល អ្នកស្រី សោម ចន្ធូ នៅមានជីវិត លោក សុខ ចំរើន បានប្រាប់ថា​ ទោះជាមានជំងឺប្រចាំកាយ ប៉ុន្តែម្តាយរបស់ខ្លួនតែងតែធ្វើដំណើរទៅរាជធានីភ្នំពេញជានិច្ចដើម្បីចូលរួមតវ៉ាជាមួយស្រ្តីថ្ងៃសុក្រផ្សេងៗទៀត ដោយមានគាត់ជាអ្នកជូនទៅផ្ទាល់។ លោកថា ដោយបារម្ភពីសុខភាពម្តាយរបស់ខ្លួន លោកក៏មិនចង់ឱ្យម្តាយចេញមុខតវ៉ាដែរ ប៉ុន្តែគាត់មិនព្រម ដោយនៅតែបន្តចូលរួមជាមួយស្រ្តីថ្ងៃសុក្រផ្សេងៗទៀត ដោយរំពឹងថា តុលាការនឹងដោះលែងស្វាមីរបស់ខ្លួន។

លោកថា «ចេះតែហាមគាត់ថា ម៉ែឯងសម្រាកសិនទៅ ម៉ែឯង អត់ស្រួលខ្លួនទេ តែគាត់នៅតែទៅចឹង ដើម្បីទៅជួយក្រុមទាំងអស់គ្នា ជួយតវ៉ាស្រែក ដើម្បីប្រាប់ទៅអន្តរជាតិឱ្យគាត់បានដឹង បានឭសុំអន្តរាគមន៍ពីអន្តរជាតិ»។

លោក ចំរើន បង្ហាញក្តីស្រណោះចំពោះឪពុករបស់ខ្លួនទាំងមិនបានជួបមុខភរិយាមុនពេលលាចាកលោក ទោះបីជាលោកបានស្នើសុំមន្រ្តីពន្ធនាគារអនុគ្រោះឱ្យឪពុករបស់ខ្លួនបានមកអុជធូបនៅមុខសពអ្នកស្រី សោម ចន្ធូ ជាលើកចុងក្រោយក៏ដោយ ប៉ុន្តែមិនមានការអនុគ្រោះទេ

លោកនិយាយថា៖ «គ្រួសារគេផ្សេងជុំគ្នា គ្រួសារអ្នកស្នេហាជាតិគឺត្រូវបែកបាក់គ្នា ទាំងអស់អត់នៅបានជុំគ្នាទេ គាត់ [អាជ្ញាធរ] បំបែកបំបាក់ទាំងអស់»។

ជំពូកទី២ នៃព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស បានលើកឡើងថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំ តែត្រូវស្ថិតក្នុងពិធីបុណ្យចំនួន៥ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ព្រះរាជក្រឹត្យដដែលបន្តថា ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែអនុវត្តទោសបាន ១\៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវអនុវត្តទោស១០ឆ្នាំជាមុនសិន។ ចំណែកលក្ខខណ្ឌលើកលែងទោសវិញ ទណ្ឌិតត្រូវបានអនុវត្តឱ្យបានចំនួន ២/៣(ពីរភាគបី)នៃទោសសិន។ ចំពោះទណ្ឌិតដែលត្រូវប្រឈមទោសដាក់ពន្ធនាគារអស់មួយជីវិត អាចត្រូវបានលើកលែងទោស ត្រូវអនុវត្តទោសបានយ៉ាងតិច៣០ ឬ២០ឆ្នាំ ក្នុងករណីមានការបន្ធូរបន្ថយទោស។

កាលពីថ្ងៃទី​២១ ខែ​សីហា ឆ្នាំ២០២២ សមត្ថកិច្ចបាន​ផ្ទេរសកម្មជនបក្សប្រឆាំង​​​​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរ​ព្រំដែនវៀតណាម ដោយគ្រួសារនិងមេធាវី អះអាងថា សមត្ថកិច្ច​​​មិន​បាន​បញ្ជាក់ពីមូលហេតុច្បាស់​លាស់ និងមិនបានជូនដំណឹងដល់ពួកគេឡើយ។ ​

សកម្មជន​គណបក្ស​សង្គ្រោះជា​តិ​ដែល​ត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរ​វិល​ត្រលប់មិនបានសម្រេច​​របស់​​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ក្រោយពីមានការ​កាត់ទោស​ក្រុម​សកម្មជនបក្សប្រឆាំងក្នុងទ្រង់​ទ្រាយ​ធំ​ចំនួន៤៣​នាក់នេះ​រួចមក អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើទៅរ​ដ្ឋាភិបាល​កម្ពុ​ជាឱ្យពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​​ស​ម្អា​​​​ងថា ​វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ច​នៃការគោរព​សិទ្ធិមនុស្ស​​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​ឡើយ​។

ជុំវិញករណីនេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា សង្កេតឃើញថា ការកាត់ទោសមន្រ្តីអតីតគណបក្សសង្រ្គោះជាតិដាក់ពន្ធនាគារនេះ គឺមិនមានភាពយុត្តិធម៌នោះទេ ដោយថា ជារឿងនយោបាយដែលបក្សកាន់អំណាចធ្វើឡើងដើម្បីបង្រ្កាបគូប្រជែងរបស់ខ្លួនដោយប្រើប្រាស់វិធានការច្បាប់តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងមរណភាពរបស់អ្នកស្រី សោម ចន្ធូ លោកថា តុលាការគួរមានការអនុគ្រោះឱ្យលោក សុខ ចន្ថា ចេញពីពន្ធនាគារដើម្បីគោរពវិញ្ញាណក្ខន្ធភរិយារបស់ខ្លួនគឹអ្នកស្រី សោម ចន្ធូ ផងដែរ។

លោកថា៖ «ទោះបីជាច្បាប់តឹងរឹងយ៉ាងណាក៏ដោយ ក៏មានករណីលើកលែងមូយ ដែលតុលាការអាចឆន្ទានុសិទ្ធិរបស់គាត់អនុញ្ញាតឱ្យ គ្រួសារចូលរួម បុណ្យសព គ្រួសារគាត់។

លោកបន្ថែមថា៖ «ព្រោះមែនទែនទៅ បើសិនជាតុលាការគោរពទៅតាមនិតីវិធី ហើយនិតិវិធីទាំងនោះគោរពទៅតាមច្បាប់ជាតិ ពួកគាត់ក៏មិនចាំបាច់បែបគ្នាអ៊ីចឹងដែរ បើសិនជាច្បាប់យើងគោរពទៅតាម និតីសិទ្ធមនុស្សអន្តរជាតិ ឬក៏សន្ធិសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជា ជារដ្ឋហត្ថលេខី នឹងមិនមានរឿងហ្នឹងកើតឡើងទេ»

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនអាចសុំការអធ្ថាធិប្បាយបន្ថែមបាន នៅថ្ងៃអង្គារ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែលោកបានចុចបិទទូរសព្ទ។

ចំណែក លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃមិនអាចអាចសុំការអធ្ថាធិប្បាយបន្ថែមបាននៅថ្ងៃអង្គារ ដោយលោកអះអាងថារវល់ប្រជុំ។

យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឆ្លើយតបជាមួយអ្នកសារព័ត៌មាន វីអូឌី តាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លីថា ករណីនេះ ជាការសម្រេចរបស់តុលាការ ដូច្នេះ ក្រសួងយុត្តិធម៌មិនមានអ្វីបកស្រាយបន្ថែមទេ។

លោកសរសេរថា៖ «គាត់អាចធ្វើសំណើទៅកាន់តុលាការ ហើយការសម្រេចគឺនៅលើតុលាការ មិនមែនក្រសួងយុត្តិធម៌អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ»

យ៉ាងណាក្តី លោក សុខ ចំរើន បាននិយាយថា លោកគ្រោងដាក់សំណើជាផ្លូវការទៅតុលាការដើម្បីអនុញ្ញាតឱ្យឪពុករបស់ខ្លូនបានចេញធ្វើបុណ្យខួប១០០ថ្ងៃ ដែលគ្រោងធ្វើនាពេលខាងមុននេះ។

ទោះជាបែបណាក្តី មុនពេលផុតដង្ហើម​ លោក សុខ ចំរើន បានប្រាប់ថា ​ម្តាយរបស់ខ្លួន មានបណ្តាំចុងក្រោយជាមួយលោកថា ត្រូវស្រលាញ់បងប្អូន ហើយថាធ្វើជាមនុស្សត្រូវមានឧត្តមគតិស្នេហាជាតិ​ ដោយមិនត្រូវក្បត់ជាតិដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនោះឡើយ។

លោក សុខ ចំរើន និយាយថា៖ «ពេលនៅឡើងឡានពេទ្យគាត់ [អ្នកស្រី សោម ចន្ធូ] ផ្តាំខ្ញុំថា ម៉ែទៅលែងរួចហើយកូន! គត់ឱ្យខ្ញុំហ្នឹងតស៊ូទៅមុនទៀត ហើយមើលថែបងប្អូន៣នាក់ហ្នឹង បងប្អូនមានតែ៣នាក់ទេ ហើយគាត់ឱ្យខ្ញុំតស៊ូទៅមុខទៀតមិនបោះបង់ទេ អ្វីដែលគាត់ធ្លាប់ស្រលាញ់ជាតិ ធ្លាប់តស៊ូដើម្បីជាតិយ៉ាងម៉េច គាត់ឱ្យតស៊ូទៅមុខទៀតកុំរាថយ »៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "បទ​យក​ការណ៍​៖ ​សមាជិកស្ត្រី​ថ្ងៃ​សុក្រ​ ​អ្នក​ស្រី​​ ​សោម​ ចន្ធូ​ ស្លាប់​​ ខណៈ​​​បំណង​ចង់​ឃើញ​ស្វាមី​ចេញ​ពី​ពន្ធនាគារ​មិន​បាន​សម្រេច​"

  1. Anonymous says:

    please ask that evil if he felling sad for these people ????????????

Leave a Reply

Submit Comment