ដោយ ម៉ៅ សុធានី
2023.01.21
RFA

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួបពិភាក្សាជាមួយអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោក ចូសេហ្វ ស្សយអ័រ (Joseph Scheuer) នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក Sar Kheng
មន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួនលើកឡើងថា ពួកគេនៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងការគាបសង្កត់ពីរដ្ឋាភិបាល មិនដូចការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់តំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាឡើយ។ ពួកគាត់បានស្នើឱ្យរដ្ឋាភិបាល គួរបើកលំហសិទ្ធិសេរីភាព និងទទួលយកការរិះគន់ក្នុងន័យស្ថាបនារបស់អង្គការសង្គមស៊ីវិល ដើម្បីជំរុញ និងស្ដារការគោរពសិទ្ធិមនុស្សឡើងវិញ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
មន្ត្រីសង្គមស៊ីវិល លើកឡើងថា អ្នកការពារសិទ្ធិមនុស្ស នៅតែប្រឈមនឹងការគាបសង្កត់ គំរាមកំហែង ក្នុងការបំពេញបេសកកម្មការងារ មិនដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់តំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមករា ថា មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលបំពេញតួនាទីការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងបរិស្ថាន អ្នកដឹកនាំកម្មករ និងក្រុមអ្នកសារព័តមាន នៅតែបន្តទទួលរងនូវការគំរាមកំហែង ពីរដ្ឋាភិបាលដោយប្រើប្រាស់ប្រព័ន្ធតុលា។ លោកបន្តថា អាជ្ញាធរបានឃ្លាំមើល និងជ្រៀតជ្រែកសកម្មភាពឬសិក្ខាសាលាទាំងឡាយណាដែលទាក់ទងនឹងសិទ្ធិមនុស្ស ហើយសកម្មភាពនេះ បានបង្កការគំរាមកំហែងដល់អ្នកចូលរួមផងដែរ៖
លោក ស៊ឹង សែនករុណា៖ «ជាពិសេសសមត្ថកិច្ចមួយចំនួន នៅតែរឹតត្បិត ដាក់មនុស្ស ឬដាក់សមត្ថកិច្ចនឹង ទៅឃ្លាំមើល ទៅថតរូបថតបញ្ជីឈ្មោះ ហើយហៅអ្នកដែលចូលរួមទៅសាកសួរជាដើម។ នេះជារូបភាពមួយបង្ហាញពីការរឹតត្បិត ការគំរាមកំហែងពីសំណាក់អាជ្ញាធរ ពីសំណាក់សមត្ថកិច្ចទាំងអស់នោះហើយ។ ខាងក្រសួងមហាផ្ទៃគួរពិនិត្យបញ្ហានឹងឡើងវិញ»។
ការលើកឡើងរបស់អ្នកការពារសិទ្ធិមនុស្សរូបនេះ គឺបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោក ចូសេហ្វ ស្សយអ័រ (Joseph Scheuer)។ លោក ស ខេង លើកឡើងថា រដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា។
ទោះយ៉ាងណា អង្គការសង្គមស៊ីវិលនៅកម្ពុជា ជាពិសេសផ្នែកសិទ្ធិមនុស្ស ដែលឈានមុខក្នុងការ លាតត្រដាងពីការរំលោភសិទ្ធិមនុស្ស និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ តែងតែរងការចោទប្រកាន់ពីរដ្ឋាភិបាល និងបានផ្សាភ្ជាប់អង្គការសង្គមស៊ីវិលទៅនឹងរឿងនយោបាយ ឬជា “បដិវត្តពណ៌”។ ទន្ទឹមគ្នានេះដែរ ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងលើអង្គការសង្គមស៊ីវិលកើតឡើងជាហូរហែ។
ជាក់ស្ដែងថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានកោះហៅថ្នាក់ដឹកនាំសំខាន់ៗ របស់អង្គការសង្គមស៊ីវិលចំនួន ៤ នាក់ ទៅបំភ្លឺ ទាក់ទងនឹងការបង្ហោះ និងចែកចាយវីដេអូចម្រៀងរ៉េប “ឈាមបាតុករ” ដែលច្រៀងដោយយុវជន គា សុគន្ធ រៀបរាប់ពីក្រុមបាតុករធ្វើបាតុកម្មលើដងផ្លូវ ដើម្បីតវ៉ាទាមទារដំឡើងប្រាក់ខែ កាលពីឆ្នាំ២០១៤ ហើយត្រូវបានសមត្ថកិច្ចបាញ់ និងវាយបង្ក្រាបដោយហិង្សា។ ប្រធានអង្គការទាំង៤ នាក់នេះ រួមមាន នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន។ អាជ្ញាធរបានចោទថាបទចម្រៀងនេះមានខ្លឹមសារអុជអាល ញុះញង់ អាចបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ដល់សង្គម និងបង្ខំឱ្យក្រុមមន្ត្រីសង្គមស៊ីវិលលុបវីដេអូ “ឈាមបាតុករ” ចេញពីបណ្ដាញសង្គម និងគេហទំព័រ។ អង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពបញ្ចេញមតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២០ ខែមករា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាល តែងតែផ្សាភ្ជាប់អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ទៅនឹងរឿងនយាបាយ និងចាត់ទុករបាយការណ៍ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលថា ជាបដិវត្តពណ៌។ លោកបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលបានដាក់អង្គការមួយចំនួនបញ្ចូលទៅក្នុងបញ្ជី ស និងធ្វើការតាមដានរាល់សកម្មភាពរបស់អង្គការទាំងនោះ៖
លោក អំ សំអាត៖ «អ៊ីចឹងនៅពេលអង្គការទាំងអស់ហ្នឹងគេធ្វើការដោយគោរពទៅតាម លក្ខន្តិក គោរពទៅតាមរដ្ឋធម្មនុញ្ញ គោរពទៅតាមច្បាប់ជាតិ និងអន្តរជាតិ អាជ្ញាធរហ្នឹងគួរតែគាត់ត្រូវតែយល់ដឹង ហើយមានកិច្ចសហប្រតិបត្តិការល្អ ហើយបើកទូលាយឱ្យមានសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលហ្នឹង។ គឺគេបំពេញការងារទៅតាមលក្ខន្តិក ទៅតាមគោលការណ៍របស់គេហើយ វាអត់មានអ្វីត្រូវការរឹតត្បិតទៅលើសេរីភាពទាំងអស់ហ្នឹងទេ»។
អង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាល គួរសហការជាមួយអង្គការស៊ីវិលដោយស្មោះត្រង់ ដើម្បីរួមគ្នាលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ចៀសវាងទទួលរងការរិះគន់ និងទទួលរងទណ្ឌកម្មពីសហគមអន្តរជាតិបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។