លោក សម រង្ស៊ី ថាលោក ហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្របោកបញ្ឆោតអ្នកប្រឆាំងនៅក្រៅប្រទេស

កម្ពុជា-នយោបាយ
21/01/2023 – 08:24
ដោយ៖ ជួប នរក្សា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ © Internet


លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កំពុង​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​បោក​បញ្ឆោត​ក្រុម​អ្នក​ប្រឆាំង​នៅ​ប្រទេស​ឲ្យ​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ។​ ប្រតិកម្ម​របស់​លោក​ សម រង្ស៊ី ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​បាន​ប្រកាស​លើក​លែង​ទោស​ដល់​ក្រុម​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ ណា​ដែល​ហ៊ាន​ដក​ខ្លួន​ចេញ​ពី​លោក​ សម រង្ស៊ី។​

សម្រាប់លោក សម រង្ស៊ី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែបោកបញ្ឆោត និងប៉ុនប៉ងឲ្យអ្នកនយោបាយប្រឆាំងត្រលប់ចូលប្រទេសកម្ពុជា រួចឈប់ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។ តែអ្នកនយោបាយប្រឆាំងចាស់វស្សារូបនេះ បានអះអាងថា ក្រុមអ្នកនយោបាយនៅក្រៅប្រទេសនឹងមិនចាញ់បោកការឃោសនារបស់លោក ហ៊ុន សែន ឡើយ។ ដោយផ្ទុយមកវិញ ការលើកឡើងរបស់លោក ហ៊ុន សែន នឹងធ្វើឲ្យកម្លាំងអ្នកប្រឆាំងនៅក្រៅប្រទេស កាន់តែរួមដៃគ្នាបន្ថែមទៀត។ នេះបើតាមលោក សម រង្ស៊ី នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រ។

ប្រតិកម្មរបស់លោក សម រង្ស៊ី កើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងលើកលែងទោសឲ្យបណ្តាមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយភ្ជាប់លក្ខខណ្ឌថា ត្រូវផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ជាដាច់ខាត។ ពោលគឺមហិច្ឆតារបស់លោកនាយករដ្ឋមន្ត្រី គឺកំចាត់តែអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់គត់ ដែលម្នាក់នោះគេមើលឃើញថាសំដៅទៅលើលោក សម រង្ស៊ី។

ជាការកត់សម្គាល់ ការដាក់ចេញយុទ្ធសាស្រ្តនយោបាយជាបន្តបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តួយ៉ាងយុទ្ធសាស្ត្រឯកោនិងបញ្ចប់ (IF) ដើម្បីកម្ចាត់លោក សម រង្ស៊ី គឺនៅអំឡុងពេលមុនការបោះឆ្នោតថ្នាក់ជាតិ២០២៣ជិតមកដល់ និងខណៈពេលដែលស្ថានការណ៍នយោបាយស្រុកខ្មែរកំពុងពុះកញ្ជ្រោលជាថ្មី។ ពុះកញ្ជ្រោល នៅត្រង់ថា មានការបង្រ្កាបតាមផ្លូវច្បាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងមួយរយៈកាលចុងក្រោយនេះ។ នេះបើតាមការកត់សម្គាល់របស់ក្រុមអ្នកតាមដាននយោបាយ។

ទោះយ៉ាងណា យុទ្ធសាស្ត្របំបែកក្រុមអ្នកប្រឆាំងពេលនេះ ត្រូវបានក្រុមអ្នកវិភាគ និងគណបក្សប្រឆាំងកំពុងតែរង់ចាំមើល ខណៈដែលក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសអះអាងថា នឹងមិនបោះបង់ចោលលោក សម រង្ស៊ី នោះឡើយ។ តែស្ថានភាពដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើកលែងទោសឲ្យក្រុមមន្ត្រី ដែលផ្តាច់ខ្លួនពីលោក សម រង្ស៊ី ក៏អាចជាយុទ្ធសាស្រ្តឈានទៅរកការចរចាគ្នាជថ្មីម្តងទៀត។ នេះបើតាមអ្នកវិភាគនយោបាយ៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ថាលោក ហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្របោកបញ្ឆោតអ្នកប្រឆាំងនៅក្រៅប្រទេស"

  1. Anonymous says:

    this is going back to 1975 how many of those who want to go back Cambodia . please go ahead and make your day but do not cry . this is what HUN SEN said win .win policy . but it may be deference this time HUN SEN will make soup out of them

Leave a Reply

Submit Comment