កាស៊ីណូ​មួយ​នៅ​ក្រុង​បាវិត​រក​ឃើញ​ជន​បរទេស​ធ្វើ​ការ​ខុស​ច្បាប់​ជាង​៣​ពាន់​នាក់​ក្នុង​ចំណោម​ជិត​៤ពាន់​នាក់

ព័ត៌មានជាតិ សង្គម
លោក សូត សុខប្រាថ្នា | ២២ មករា ២០២៣ | ម៉ោង ១៨:១៩
VOD

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង។

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២២។ (Michael Dickison/VOD)


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា គ្រាន់តែក្នុងកាស៊ីណូមួយនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុមអធិការកិច្ចហត្ថពលកម្មបរទេសរកឃើញថា មានជនបរទេស​ដែលធ្វើការងារស្របច្បាប់មានតែ​ ៤៧០នាក់ប៉ុណ្ណោះ ខណៈជនបរទេសជាង៣ ០០០នាក់ទៀតត្រូវបានរកឃើញថា ធ្វើការងារខុសច្បាប់។ ​

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃសុក្រទី២០ ខែមករាថា ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង។ ការចុះអធិការកិច្ចនោះ លោកបញ្ជាក់ថា ក្រុមការងារបានរកឃើញជនបរទេសដែលធ្វើការនៅកាស៊ីណូនេះជាង ៣ ៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។

ការអះអាងនេះ ធ្វើឡើងនាឱកាសលោកចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ​ទី២០ ខែមករា ឆ្នាំ២០២៣។ ​

លោក ស ខេង ​បន្ថែមថា ផ្អែកលើសភាពការណ៍ដែលរកឃើញជនបរទេសយ៉ាងច្រើនធ្វើការងារខុសច្បាប់នៅកាស៊ីណូមួយក្នុងក្រុងបាវិតនេះ រាជរដ្ឋាភិបាល​បានសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសនេះ ដោយប្រគល់ភារកិច្ចជូន​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាប្រធានគណៈកម្មការ។

លោកបញ្ជាក់ថា ការកែសម្រួលនេះ សំដៅពង្រីកវិសាលភាពការងារនេះនៅទូទាំងប្រទេស ដឹកនាំដោយ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់។

ទំព័រហ្វេសប៊ុកលោក ស ខេង បន្ថែមថា៖ «សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ផ្អែកលើសភាពការណ៍វិវត្តប្រែប្រួលទាំងនេះ ទាមទារឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ និងប្រទេសនានា ដើម្បីសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការបង្ការទប់ស្កាត់សកម្មភាពល្មើសច្បាប់ទាំងនេះ និងសហការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅរក្សា និងបង្កើតឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាទៅគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវដឹកនាំ ​ សហការ សម្របសម្រួល ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រង និងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់កម្មករនិយោជិតបរទេស និងនិយោជកនៃរោងចក្រសហគ្រាស និងមូលដ្ឋានអាជិវកម្មនានាក្នុងមូលដ្ឋាន​របស់ខ្លួន។ លើសពីនេះ  ត្រូវតាមដាន ត្រួតពិន្យ ដំណើរការអធិការកិច្ចហត្ថពលកម្មបរទេសឱ្យបានម៉ត់ចត់ តាមប្រព័ន្ធគោលការណ៍ និងនីតិវីធីកំណត់ដោយតម្លាភាព គណនេយ្យភាព និងត្រូវធានារក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងមិនត្រូវធ្វើឱ្យប៉ះពាល់ ឬរំខានដល់ដំណើរការផលិតកម្ម អាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាស និងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

លោក ស ខេង ​ បានអះអាងថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ យ៉ាងសកម្មដោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី។

ក្នុងចំណោមជាង៧០០ករណីនោះ បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១ ០៤៥នាក់ ដោយឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួន ៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ៤ក្រុមហ៊ុន។ លោកបន្តថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរ​បានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment