ខួប​១៩​ឆ្នាំ​៖ ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យ​រដ្ឋ​អំណាច​​រក​​ឃាតករ​ពិត​ករណី​ឃាតកម្ម​លើ​លោក​ ​ជា​ ​វិជ្ជា​

ព័ត៌មានជាតិ សិទ្ធិមនុស្ស
លោក សូត សុខប្រាថ្នា | ២២ មករា ២០២៣ | ម៉ោង ១៧:៣០
VOD

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងក្នុងពិធីខួបគម្រប់ខួប១៩ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅខាងមុខរូបសំណាករបស់លោក ដែលស្ថិតនៅខាងមុខវត្តលង្កា ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងក្នុងពិធីខួបគម្រប់ខួប១៩ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅខាងមុខរូបសំណាករបស់លោក ដែលស្ថិតនៅខាងមុខវត្តលង្កា ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)


បើទោះបីជាឃាតកម្មលើអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កន្លងទៅរយៈពេល ១៩ឆ្នាំទៅហើយក្តៅ ប៉ុន្តែឃាតករពិត និងអ្នកនៅពីក្រោយខ្នងនៅពុំទាន់ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ ខណៈក្រុមអ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងការងារ នៅតែទទូចចង់បានយុត្តិធម៌ពិត​។

ថ្លែងក្នុងខួបគម្រប់១៩ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅជាប់រូបសំណាករបស់លោកទល់មុខវត្តលង្កា​  ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ដោយសាររដ្ឋាភិបាលជាអ្នកកាន់អំណាចនាពេលបច្ចុប្បន្ន ដូច្នេះពួកគេមានអាទិភាពក្នុងការស្វែងរកឃាតករ​ពិតក្នុងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈចង់រក។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំជឿជាក់ថាលោក[រដ្ឋាភិបាល]មានអាទិភាពគ្រប់គ្រាន់ នៅក្នុងការស្វែងរកឃាតករ។​ បើសិនណាគាត់អត់រក ខ្ញុំគិតថារកមិនឃើញទេ ប៉ុន្តែបើគាត់រក ខ្ញុំជឿថារកឃើញ»។

អ្នកស្រីបន្ថែមថា ជិត២០ឆ្នាំមកនេះ ទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ព្រមទាំងសង្គមស៊ីវិល សហជីពជាដើម តែងតែទទូចម្តងហើយម្តងទៀតដោយចង់ឃើញយុត្តិធម៌ពិតក្នុងសំណុំរឿងនេះ ប៉ុន្តែរហូតមកទល់ពេលនេះពន្លឺយុត្តិធម៌នៅតែគ្មានដដែល។

អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែត្បិតតែមិនងាយអីចឹង ខ្ញុំក៏សូមសំណូមពរដល់បងប្អូនដែលកំពុងរងភាពអយុត្តិធម៌ សូមបន្តការងារតស៊ូបន្តទៅមុខទៀត ព្រោះមានតែការប្តេជ្ញាចិត្តរបស់បងប្អូន មានតែការប្តេជ្ញាចិត្តរបស់កម្មករ មានតែការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាហ្នឹងទេ ដែលធ្វើឱ្យយើងទទួលបានយុត្តិធម៌»។

ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺ លោក ជា មុន្នី ថ្លែងក្នុងពិធីដាក់កម្រងផ្កាគម្រប់ខួប១៩ឆ្នាំនៃការបាញ់សម្លាប់បងប្រុសរបស់លោកនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថា កាលនៅមានជីវិត លោក ជា វិជ្ជា បានបំពេញកាតព្វកិច្ចយ៉ាងល្អជាពលរដ្ឋខ្មែរ​។ បន្ថែមពីនេះ លោកក៏បានបំពេញកាតព្វកិច្ចជាតំណាងសហជីពការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពជូនកម្មករ កម្មការិនី ព្រមទាំងពលរដ្ឋទូទៅផងដែរ។

លោកបន្តថា ជិត២០ឆ្នាំមកនេះ វីវៈភាពរបស់លោក ជា វិជ្ជា នៅតែត្រូវបានមនុស្សជាច្រើនគោរព ពិសេសក្នុងចង្កោមអង្គការ សង្គមស៊ិវិល សហជីព តាមរយៈការចូលរួមគម្រប់ខួបឃាតកម្មលើរូបលោករហូតមក បើទោះបីជាបច្ចុប្បន្ន មានការយាយី ការរឹតត្បិតសិទ្ធិសេរីភាព មកលើពួកគេក៏ដោយ។

លោក ជា មុន្នី និយាយថា៖ «យើងសូមអំពាវនាវដល់​រដ្ឋាភិបាល ត្រូវតែស្វែងរកឃាតករ។ មានន័យថា ១៩ឆ្នាំ បើមិនបានរកឃាតករ មានន័យថា ឃាតករនៅជាមួយអ្នកពាក់ព័ន្ធធំៗហ្នឹងឯង។ យើងអត់ចង់បញ្ចេញកំហឹងទេ ព្រោះពេលវេលាវាគង់តែមកដល់ទេៗ។ សម្រាប់ខួប១៩ឆ្នាំនេះ  សូមឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា ដែលបានចែកឋានទៅ សូមឱ្យលោកទៅកាន់សុគតិភពទៅចុះ។ ចំណែកឯយើងខ្ញុំ ជាអ្នកជំនាន់ក្រោយ យើងនៅតែបន្តជំរុញស្វែងរកឃាតករ»។

កាលពីថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមសហជីពជួបជុំគ្នាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ប៉ុន្តែត្រូវគោរព និងអនុវត្តតាមកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមក ហើយសហជីពត្រូវសហការជាមួយអាជ្ញាធរ ដើម្បីធានានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។​

លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ឃាតកបាញ់​​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែតមួយ ​ក្រោយ​វត្ត​លង្កា រាជធានីភ្នំពេញ។ ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ពេលនោះកើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការគំរាម​សម្លាប់ ​និង​ការ​គំរាម​កំហែង​ជាបន្តបន្ទាប់ពី​ជន​មិន​ស្គាល់​មុខ​​ ​ចំពោះ​សកម្មភាព​សហជីព​​​របស់​លោក​ដើម្បីការពារប្រយោជន៍និងសិទ្ធិសេរីភាព​​កម្មករ​។ ​

រយៈពេល១៩ឆ្នាំ​មកនេះ អាជ្ញាធរនៅ​មិនទាន់បាន​នាំ​ខ្លួន​ឃាតក​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្តន្ទាទោស​នោះ​ទេ ក្រៅតែ​ពី​ជនសង្ស័យពីរ​រូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិល និងសហជីពហៅថា ជាឃាតកសិប្បនិមិត្តតែប៉ុណ្ណោះ។

​ប៊ន សំណាង​ និង​ សុក សំអឿន ​ត្រូវបានតុលាការ​​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗចំនួន២០ឆ្នាំ​ ពីបទ «ឃាតកម្មដោយចេតនា» លើលោក ជា វិជ្ជា តែ​ត្រូវ​បាន​តុលាការ​កំពូលដោះ​លែង និងឱ្យរួចផុតពីការចោទប្រកាន់​វិញ​ កាល​ពីខែកញ្ញា ​ឆ្នាំ​២០១៣ ​ក្រោយ​ពីពួកគេត្រូវជាប់ពន្ធនាគារសរុបជាង៥ឆ្នាំ ដោយតុលាការកំពូលសំអាងថា អ្នកទាំងពីរគ្មានកំហុស។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា សំណុំរឿងរបស់លោក ជា វិជ្ជា នេះ សមត្ថកិច្ចនៅមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតនៅឡើយទេ ដោយថារឿងនេះសមត្ថកិច្ច​បន្តស្រាវជ្រាវបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «អាចថា ប្រព័ន្ធយុត្តិធម៌ ឬមួយក៏សមត្ថភាពរបស់សមត្ថកិច្ចយើងហ្នឹង បើប្រៀបធៀបទៅនឹង​បណ្តាប្រទេសផ្សេងទៀតហ្នឹង ក៏មិនជាអន់ជាងគេប៉ុន្មានដែរក្នុងការស្រាវជ្រាវបំបែកសំណុំរឿង។ សំណុំរឿងស្មុគស្មាញមួយចំនួននៅប្រទេសគេហ្នឹងក៏ត្រូវចំណាយពេលច្រើនឆ្នាំ ១០ឬ២០ឆ្នាំអី ហើយសំណុំរឿងខ្លះបំបែកបាន សំណុំរឿងខ្លះក៏បំបែកមិនបាន ដូចតែគ្នាអ៊ីចឹងដែរ។ ក៏ប៉ុន្តែ​គ្រាន់តែថាក្នុងដំណើរការស្វែងរកយុត្តិធម៌គឺសមត្ថកិច្ចនៅតែបន្តធ្វើការងារនេះអ៊ីចឹងបាទ»។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និយាយថា សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នេះ មិនមែនសមត្ថកិច្ចអសមត្ថភាពក្នុងការស្វែងរកឃាតករពិតនោះទេ ប៉ុន្តែរឿងនេះពាក់ព័ន្ធអ្នកធំក្នុងជួររដ្ឋាភិបាល​កម្ពុជា ទើប១៩ឆ្នាំមកនេះនៅតែគ្មានយុត្តិធម៌ ហើយការស៊ើបអង្កេតត្រូវបានទុកចោលតែម្តង។

លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ អ៊ីចឹងខ្ញុំ ក្នុងនាមជាសហជីពមួយរូប ក្នុងនាមមិត្តភក្តិលោក ជា វិជ្ជា សូមជំរុញទៅក្រសួងមហាផ្ទៃ ធ្វើម៉េចពន្លឿនរកយុត្តិធម៌  រកឃាតករ និងអ្នកនៅពីក្រោយខ្នង»។

សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ ខែមករាថា ​ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ​គឺមានថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ប្រមាណ​ ១០០នាក់  បានមកជួបជុំគ្នាស្ថិតនៅទីតាំងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា ​ ដើម្បីរម្លឹកនូវគុណូបការៈដ៏ថ្លៃថ្លា និងរវីរភាពដ៏អង់អាចក្លាហានរបស់លោកកាលនៅមានជីវិត។

អាដហុកលើកឡើងថា ក្នុងពេលចូលរួមនោះ ពួកគេនៅតែជំរុញទៅសមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ​ស៊ើបអង្កេតតាមនីតិវិធីស្វែងរកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់ពន្លឺយុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ឈានទៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា៕  


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment