កម្ពុជា
22/01/2023 – 08:40
ដោយ៖ ជួប នរក្សា
RFI

ខួប១៩ឆ្នាំនៃការបាញ់សម្លាប់លើមេដឹកនាំសហជីព លោក ជា វិជ្ជា © Internetដោយ៖ជួប នរក្សា១២ នាទី
២២ មករា ២០០៤-២២ មករា ២០២៣ គឺជាខួប១៩ឆ្នាំនៃការបាញ់សម្លាប់លើមេដឹកនាំសហជីព លោក ជា វិជ្ជា កណ្តាលក្រុងភ្នំពេញ។ នៅក្នុងឆ្នាំនេះ បណ្តាសហជីព អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ បានប្រជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងទទូចឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឲ្យម៉ត់ចត់ ដើម្បីវែកមុខឃាតករពិតប្រាកដ ដែលពួកគេទន្ទឹងយុត្តិធម៌មក១៩ឆ្នាំ។
អស់ពេល១៩ឆ្នាំមកហើយ ដែលឃាតករ និងអ្នកស្ថិតនៅពីក្រោយខ្នងនៃការបាញ់សម្លាប់ លោក ជា វិជ្ជា នៅមិនទាន់បានវែកមុខ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ បើទោះបីជាតុលាការកំពូលធ្លាប់បានវិនិច្ឆ័យសេចក្តីសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញាបើកការស៊ើបអង្កេត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យនេះ។ សម្រាប់បណ្តាក្រុមសហជីព គឺបានត្រឹមតែទន្ទឹងរង់ចាំពន្លឺយុត្តិធម៌ អស់ពេល១៩ឆ្នាំមកហើយប៉ុណ្ណោះ។
បើតាមសេចក្តីថ្លែងការណ៍ គឺការណ៍ដែលអាជ្ញាធរមិនអាចវែកមុខឃាតករអស់ពេល១៩ឆ្នាំមកនេះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកស្រលាញ់សេរីភព និងយុត្តិធម៌ បានដាក់ការសង្ស័យ និងចោទប្រកាន់អាជ្ញាធរថា គ្មានសមត្ថភាព និងគ្មានឆន្ទៈពិតប្រាកដក្នុងការស្វែងរកឃាតករ និងអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោក ជា វិជ្ជា។ តាមសហជីព បញ្ហានេះបានឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌កម្ពុជា មានភាពទន់ខ្សោយយ៉ាងខ្លាំងបំផុត។
នៅចំពោះមុខនៃការទន្ទឹងយុត្តិធម៌មកអស់១៩ឆ្នាំ ក្រុមបណ្តាសហជីព និងអង្គការសង្គមស៊ីវិល បានទទូចជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការស៊ើបអង្កេតរកមុខឃាតករពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ និងឈានទៅលុបបំបាត់វប្បធម៌និរទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមកម្ពុជា។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ត្រូវឃាតករបាញ់សម្លាប់ នៅខាងមុខតូបលក់កាសែតមួយ ក្បែររបងវត្តលង្ការ។ ក្រោយឃាតកម្មដ៏កក្រើកនេះ អាជ្ញាធរក្រុងភ្នំពេញបានបើកការស៊ើបអង្កេត និងឈានទៅចាប់ខ្លួនបុរស២នាក់ ឈ្មោះ ប៊ន សំណាង និងសុខ សំអឿន។
ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល សហគមន៍អន្ដរជាតិ មេដឹកនាំសហជីពនានា រួមទាំងក្រុមគ្រួសារលោក ជា វិជ្ជា ផងនោះ បានហៅការចាប់ខ្លួនអ្នកទាំងពីរថា ជាការចាប់ខ្លួនឃាតករសិប្បនិម្មិត និងទាមទារឱ្យអាជ្ញាធរដោះលែងពួកគេ។
នៅទីបំផុត ប៊ន សំណាង និងសុខ សំអឿន ត្រូវបានដោះលែងឱ្យមានសេរីភាព កាលពីខែកញ្ញា ឆ្នាំ២០១៣។ មកដល់ពេលនេះ ការស្វែងរកឃាតករពិតប្រាកដ នៅតែជាការទាមទារដ៏ទទូចពីសំណាក់ក្រុមគ្រួសារលោក ជា វិជ្ជា និងក្រុមសង្គមស៊ីវិលដដែល ដោយពួកគេបានឲ្យពាក្យមួយឃ្លាថា «១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌»៕