ពលករ​គាំទ្រ​បក្សភ្លើងទៀន​នៅក្រៅប្រទេស​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​លោក ថាច់ សេដ្ឋា

ដោយ មាន ឫទ្ធិ
2023.01.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​គាំទ្រ​បក្សភ្លើងទៀន​នៅក្រៅប្រទេស​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​លោក ថាច់ សេដ្ឋា

ពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង​ដែលគាំទ្រ​គណបក្សភ្លើងទៀន ធ្វើបាតុកម្ម​នៅ​តំបន់ក្វាងជូ (Gwangju) កាល​ពីព្រឹក​ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


ពលករខ្មែរ​គាំទ្របក្សភ្លើងទៀន​នៅ​ក្រៅប្រទេស​​ចេញ​ធ្វើ​បាតុកម្ម​ដើម្បីទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​ដោយ​អយុត្តិធម៌​ផ្សេងទៀត។ ពួកគេ​ចាត់ទុកករណី​ទាំងនោះ គឺជា​ការធ្វើទុក្ខ​បុកម្នេញ​​ផ្នែកនយោបាយ ហើយ​ទាមទាររដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសមនសិការ​ទាំងអស់​មុនការបោះឆ្នោតថ្នាក់ជាតិ​ខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​នៅតែ​អះអាថា​ ករណីនេះ​ជា​ការអនុវត្តច្បាប់។

សកម្មជនគណបក្សភ្លើងទៀន​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេសថៃ​ដែលភាគច្រើន​ជាពលករ​បានចេញ​ធ្វើបាតុកម្ម​នៅថ្ងៃ​ទី២២ ខែមករា ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមទាំង​អ្នកជាប់ឃុំ​ដោយសារ​រឿងនយោបាយ​ទាំងអស់​ដោយ​ឥតលក្ខខណ្ឌ។


ក្រោម​អាកាសធាតុ​ដកសូន្យអង្សា ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការក្នុង​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ៥០នាក់​ បានជួបជុំគ្នា​ក្បែរស្ថានីយ៍រថភ្លើង ​តំបន់ក្វាងជូ (Gwangju) ឈរលើកបដារូបថត​អមដោយ​សម្រែក​ទាមទារយុត្តិធម៌។ អនុប្រធាន​សាខាគណបក្សភ្លើងទៀន​កូរ៉េខាងត្បូង លោក សែម សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរីថា ​បាតុកម្ម​បានប្រព្រឹត្ត​ទៅដោយរលូន។ លោកឱ្យដឹងថា​ អ្នកចូលរួម​បាន​បញ្ចេញ​មតិ​​ពោរពេញ​ដោយការឈឺចាប់​ចំពោះស្ថានភាព​នយោបាយ​នៅកម្ពុជា​កំពុង​ធ្លាក់ចុះ។ លោកបន្តថា ​បាតុកម្មពេលនេះ​បាតុករ​ចង់ផ្ញើសារទៅ​រដ្ឋាភិបាល ហ៊ុន សែន និងតុលាការកម្ពុជា​ថា ​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា ជារឿង​មិនត្រឹមត្រូវ ពីព្រោះ​ករណីបែបនេះ​តែងតែ​កើតឡើងជារឿយៗ​ចំពោះ​បក្សប្រឆាំង។ លោកបញ្ជាក់ថា​ បើសិនរដ្ឋាភិបាល​ដឹកនាំ​ដោយបក្សប្រជាជនកម្ពុជា​ចង់បាន​ភាពស្របច្បាប់​ពីសហគមន៍ជាតិ​និងអន្តរជាតិ​គួរតែ​បើកលំហ​ប្រជាធិបតេយ្យ បញ្ឈប់​ការចាប់ចង និង​ដោះលែង​អ្នកទោសមនសិការ​ ឲ្យមានសេរីភាព​ឡើងវិញ ដើម្បី​ចូលប្រកួតប្រជែង​ការបោះឆ្នោត​នៅខែកក្កដា​ខាងមុខ។


លោក សែម សម្បត្តិ៖ «វាមិនមិនមែន​ជារឿងល្អ ហើយ​មិនមែន​ជារឿង​ចំណេញ​ដល់​ប្រជាពលរដ្ឋទេ តែវា​ជារឿង​ខាត​ទៅវិញទេ ការចាប់ចង​ទាំងនេះ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ហ្នឹង គឺ​គាត់​អត់សប្បាយចិត្​តទេ ហើយ​ក៏អត់​មានគាំទ្រ​ដែរ ដូច្នេះ​ក្នុងនាមខ្ញុំ​ជាពលករ​ក្នុងនាមជាក្រុមការងារ ​ខ្ញុំសូមណូមពរ​សម្តេច ឬគណបក្សប្រជាជន ឬតុលាការ​ហ្នឹង​ទម្លាក់ចោលការចោទប្រកាន់​ទាំងអស់ ហើយ​យើងចាប់ដៃគ្នា​កសាងប្រទេសជាតិ​ឱ្យបាន​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា»

ចំណែក​សកម្មជនបក្សភ្លើងទៀន និងពលករខ្មែរ​ធ្វើការ​ប្រទេសថៃ​ប្រមាណ៥០នាក់វិញ ក៏បាន​ប្រមូលផ្តុំគ្នា​ដែរ។ ពួកគេ​រៀបចំពិធី​បែបសាសនា​ កោរសក់​នៅវត្តមួយ​នៃស្រុកស៊ីរ៉ាឆា (Si Racha) ខេត្តឈុនបុរី (Chonburi) ដើម្បី​បង្ហាញទៅ​កាន់សាធារណជន​អំពី​ការកាន់ទុក្ខ និង​ទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា រួមទាំង​អ្នកទោសមនសិការ​ដែលកំពុងជាប់ឃុំ​ដោយអយុត្តិធម៌​កន្លងមក។ ទន្ទឹមនឹងនេះ​កម្មករ​គាំទ្រ​បក្សភ្លើងទៀន​រៀបចំ​សម្តែងឈុតឆាក​រឿងខ្លី​បង្ហាញស្ថានភាព​ក្នុង​សង្គមសព្វថ្ងៃ​ដែលពលរដ្ឋខ្មែរ​រងគ្រោះ​ពី​អំពើអយុត្តិធម៌ ការររំលោភដីធ្លី​ជាដើម។ តំណាងពលករ​ដែលគាំទ្រ​គណបក្សភ្លើងទៀន​​នៅក្នុងប្រទេសថៃ លោក ឆន សុខខឿន ដែលចូលរួម​កោរសក់​ថ្លែងថា​ ពិធីនេះរៀបចំឡើង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាលលោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោកយល់ថា​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា មិនមែន​ជា​ការអនុវត្តច្បាប់​ឡើយ តែករណីនេះ​គឺជា​ការបំបាក់ស្មាតី​កម្លាំងគាំទ្រ​គបក្សភ្លើងទៀន​នៅមុន​ការបោះឆ្នោត៖

លោក ឆន សុខខឿន៖ «គោលបំណងធំ​របស់យើង​គឺ​ធ្វើពិធីកោរសក់​ស្នើដល់រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ ជាពិសេស​លោក ថាច់ សេដ្ឋា ជាអនុប្រធាន​គណបក្សភ្លើងទៀន ហើយ​ទីពីរ​យើងធ្វើនេះ​ដើម្បី​ស្នើដល់អន្តរជាតិ​ឱ្យ​ឃើញថា​លោក ហ៊ុន សែន កំពុងរំលោភសិទ្ធិ​របស់គណបក្សប្រឆាំង»

អាជ្ញាធររដ្ឋាភិបាល​លោក ហ៊ុន សែន បានចាប់ខ្លួន​លោក ថាច់ សេដ្ឋា កាលពីថ្ងៃ​ទី១៦ ខែមករា បន្ទាប់ពី​អនុប្រធានគណបក្សភ្លើងទៀន រូបនេះ ទើបវិលត្រឡប់​ពីជួបជុំ​ពលករខ្មែរ និងទៅរៀបចំ​រចនាសម្ព័ន្ធ របស់គណបក្សភ្លើងទៀន​នៅក្រៅប្រទេស ដូចជា​ប្រទេសកូរ៉េខាងត្បូង និង​ប្រទេសជប៉ុន។ តុលាការ បានចោទ​លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ នឹង​ការចេញសែក​អត់លុយ និងបាន​បញ្ជូនទៅឃុំខ្លួន​នៅពន្ធនាគារព្រៃស​ភ្លាមៗ។

ឆ្លើយបតរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែងថា​ បាតុកម្មរបស់ពលរដ្ឋខ្មែរ​នៅក្រៅប្រទេស​គឺជា​ការបញ្ចេញមតិ​របស់ពួកគេ។ ប៉ុន្តែ​លោកថា​អ្នក​ដែល​យកករណី​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា និង​សកម្មជនបក្សប្រឆាំង​មកភ្ជាប់​រឿងនយោបាយ​នោះ លោកចោទថា​ជាអ្នក​បំផ្លាញគោលការណ៍​យុត្តិធម៌​ដែលធ្វើឱ្យ​សង្គម​ច្របូកច្របល់។

លោក ផៃ ស៊ីផាន៖ «កាលណា​មានការឃាត់ខ្លួន មានការឃុំខ្លួន​គឺវា​ស្ថិតក្នុងទិសដៅ​នៃការអនុវត្តតាមគោលការណ៍​យុត្តិធម៌​ដែលមានអង្គហេតុ បូកជាមួយភស្តុតាង​និងអង្គច្បាប់ ដូច្នេះ​គ្មានប្រការណា​ក្រៅពី​មេធាវី​តតាំងក្តី​នៅសាលា​វិនិច្ឆ័យក្តី»

ទោះយ៉ាងណា គណបក្សភ្លើងទៀន និង​អ្នកឃ្លាំមើល ចាត់ទុកថា  ការចាប់ និងឃុំខ្លួន លោក ថាច់ សេដ្ឋា គឺជារឿង​នយោបាយ និងជា​រូបភាព​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋខ្មែរ មិនឱ្យ​ចូលរួម​សកម្មភាពនយោបាយ​ជាមួយ​គណបក្សភ្លើងទៀន។ អ្នកឃ្លាំមើល យល់ថា ជារឿយៗ រដ្ឋាភិបាល​លោក ហ៊ុន សែន តែងប្រើ​តុលាការ ជាឧបករណ៍​ដើម្បី​ចាប់អ្នករិះគន់​ដាក់​ពន្ធនាគារ ហើយ​តែងតែ​ប្រឌិត​បទចោទប្រកាន់​មិនសមរម្យ​ផ្សេងៗ ដើម្បី​បង្ខូច កិត្តិយស​របស់ពួកគេថែមទៀត​ដូចជា​ករណី លោក ថាច់ សេដ្ឋា ជាដើម។

ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក  នី សុខា យល់ថា​ ការតវ៉ា​ដោយសន្តិវិធី​របស់ពលរដ្​ឋនៅក្រៅប្រទេស​ស្នើរដ្ឋាភិបាល​ដោះលែង​លោក ថាច់ សេដ្ឋា និង​សកម្មជនដទៃទៀតនោះ គឺជា​សិទ្ធិសេរីភាព​និង​ជាការសម្តែងឆន្ទៈ​របស់ពួកគាត់​ដែល​រដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់​ស្តាប់ និង​ឆ្លើយតបជាវិជ្ជមាន​ចំពោះ​សំណើរនោះ។ ទោះយ៉ាងណា​លោក នី សុខ យល់ថា​រដ្ឋាភិបាល​ល្មមដល់ពេល​ស្តារប្រជាធិបតេយ្យ និងការគោរសិទ្ធិមនុស្ស​សម្រាប់ប្រកួតប្រជែក​ការបោះឆ្នោត​ខាងមុខ ដើម្បី​ប្រយោជន៍ សង្គម និង​ពលរដ្ឋខ្មែរ។

លោក  នី សុខា៖ «ដើមឆ្នាំ២០២៣​នេះ យើងឃើញ​ទិដ្ឋភាព​មិនទាន់​មានការដោះស្រាយ​ស្ថានការណ៍នយោបាយ​នៅឡើយ នេះ​បង្ហាញសញ្ញាណមួយ​ឱ្យ​ឃើញថា​អាចវាជៈឥទ្ធិពល​ដល់​បរិយាកាស​មុនការបោះឆ្នោត​អាច​ប្រព្រឹត្តទៅ​ដោយ​បរិយាកាសសេរី បរិយាកាសល្អទេ​បាទ​ដែលងយើង​ទាំងអស់គ្នា​កំពុង​ព្រួយបារម្ភ»

គិតមកទល់​ពេលនេះ មានសកម្មជន​គណបក្សប្រឆាំង និង​អ្នករិះគន់រដ្ឋាភិបាល​ប្រមាណ ៦០នាក់ កំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ដោយសារតែ​ការអនុវត្តសិទ្ធិសេរីភាព​របស់ពួកគេ។ បច្ចុប្បន្ន​គណបក្សប្រជាជនកម្ពុជា បានប្ដឹងថ្នាក់ដឹកនាំ​គណបក្សភ្លើងទៀន​ទៅ​តុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និង​រឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់​ហើយ​ករណីចុងក្រោយនេះ តុលាការ​បានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទៀត។ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គំរាម​ប្រើប្រាស់ហិង្សា និង​ប្តឹងគណបក្សភ្លើងទៀត​បន្ថែមទៀត។

ក្រោយពី​អាជ្ញាធររដ្ឋាភិបាល​លោក ហ៊ុន សែន  ចាប់ខ្លួនលោក ថាច់ សេដ្ឋា ស្ថានទូតសហរដ្ឋអាមេរិក​បានជំរុញឱ្យ​អាជ្ញាធរកម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយ​អនុញ្ញាត​ឱ្យ​មានទស្សនៈនយោបាយ​ផ្ទុយ ជំរុញ​ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌​សម្រាប់​ភាគីទាំងអស់ ព្រមទាំង​លើកកម្ពស់​ការផ្លាស់ប្ដូរគំនិត​យោបល់​ដោយសេរី និង​បើកចំហ។ ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិក​ក៏ជំរុញឱ្យ​រដ្ឋាភិបាលកម្ពុជា​បើកឱ្យ​មានសេរីភាព​នៃការប្រមូលផ្ដុំ និង​ការចងក្រង​ជាសមាគម ព្រមទាំង​បើកឱ្យ​សង្គមស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ​បំពេញការងារ​របស់ខ្លួន​បានដោយ​សេរីផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment