មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ថា មិន​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ឡើយ

ដោយ ថា ថៃ
2023.01.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ថា មិន​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ឡើយ

(ឆ្វេង) លោក ម៉ែន សុថាវរិន្ត្រ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្សសង្គ្រោះជាតិ រូប៖ ហ្វេសប៊ុកលោក ម៉ែន សុថាវរិន្ត្រ


មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ប្ដេជ្ញា​ចិត្ត​មិន​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ជា​ថ្នូរ​នឹង​ការ​បាន​ត្រឡប់​ចូល​កម្ពុជា​វិញ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ឡើយ។ អ្នក​វិភាគ​នយោបាយ​យល់​ថា យុទ្ធសាស្ត្រ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បច្ចុប្បន្ន​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចាត់​ទុក​សម្ដី​ លោក​ ហ៊ុន​ សែន​ ដែល​ហៅ​ពួក​គេ​ចូល​ស្រុក​វិញ ដោយ​ពុំ​មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ថា គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​បំបែក​បំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ជា​វោហារសាស្ត្រ​នយោបាយ ដែល​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ ដែល​នៅ​ក្បែរ​លោក សម រង្ស៊ី គឺ​លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ នៅ​ថ្ងៃ​ទី២០ ខែ​មករា​ថា រូប​លោក​ចង់​ឱ្យ​បក្ស​កាន់​អំណាច បង្កើត​វប្បធម៌​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​នយោបាយ​ដើម្បី​ឈាន​ទៅ​រក​បោះឆ្នោត​ ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិ​ធម៌ ល្អ​ជា​ជាង​ដែល​ចង់​ឱ្យ​ភាគី​ម្ខាង​បែក​បាក់​គ្នា។

លោក ម៉ែន សុថាវរិន្ទ្រ៖ «យើង​អត់​អាច​បោះបង់​ លោក​ សម រង្សី​ បាន​ទេ​ ហើយ​ដូច​គណបក្ស​ប្រជាជន ​គាត់​មិន​អាច​បោះបង់​លោក​ ហ៊ុន​ សែន​ បាន​ដែរ​។ ដូច្នេះ​តើ​ ជា​ថ្នាក់​ដឹក​នាំ​យើង​មិន​អាច​កម្ចាត់​នរណា​មួយ​ទេ​យើង​ខ្មែរ​ដូច​គ្នា​។ ឥឡូវ​ខ្លាច​អី ​លោក​នាយក​រដ្ឋមន្ត្រី​ខ្លាច​អី ឥឡូវ​នេះ​គាត់​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ គាត់​បាន​ផ្សាយ​ថា​នៅ​អាមេរិក ​នៅ​ក្រៅ​ប្រទេស​គាំទ្រ​គាត់​ច្រើន​ណាស់​ នៅ​ស្រុក​ខ្មែរ​គាំទ្រ​គាត់​ច្រើន​ណាស់​ ហើយ​ថា​អ្នក​ចុះ​ចូល​គណបក្ស​ប្រជាជន​ច្រើន​ណាស់​ ឥឡូវ​នេះ​គេ​មាន​ភ្លើង​ទៀន​ គេ​មាន​បក្ស​ប្រឆាំង​ក្រៅ​រដ្ឋាភិបាល​ច្រើន​ ហើយ​ឥឡូវ​ឱ្យ​ពួក​ខ្ញុំ​ទៅ​វិញ​ មាន​លោក​ប្រធាន​សម ​រង្សី ​ទៅ​វិញ»

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ហៅ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ គឺ​លោក ហូរ វ៉ាន់ និង​អ្នក​នយោបាយ​មួយ​ចំនួន​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ប្រសិន​អ្នក​ទាំង​នោះ​ព្រម​ផ្ដាច់​ខ្លួន​ពី​លោក សម រង្សី។ មក​ទល់​ពេល​នេះ លោក ហូរ វ៉ាន់ មិន​ទាន់​បញ្ជាក់​អំពី​ជំហរ​របស់​លោក​ច្បាស់​លាស់​យ៉ាង​ណា​នោះ​ឡើយ​ទេ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី១៩ មករា លោក​ប្រាប់​អាស៊ី​សេរី​ថា លោក​សុំ​ពេល​ពិចារណា​សិន។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត លោក អ៊ុំ សំអាន ក៏​ប្រកាស​ជំហរ​ថា មិន​ត្រឡប់​ទៅ​កម្ពុជា ដូច​លោក ហ៊ុន សែន ចង់​បាន​នោះ​ដែរ ហើយ​លោក​ អះអាង​ថា ពេល​នេះ​មិន​មាន​មន្រ្តី ឬ​សកម្ម​ជន​ណា​មួយ​ចាញ់​បោក លោក ហ៊ុន សែន នោះ​ដែរ។ លោក​ថា ការ​ហៅ​របស់​លោក ហ៊ុន សែន ដោយ​កំហឹង​នេះ គ្រាន់​តែ​ដើម្បី​ឌឺដង ដាក់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន៖ «ដូច​ក្នុង​របប ប៉ុល ពត អ៊ីចឹង​ឯង។ ប៉ុល ពត បាន​អំពាវនាវ ​ដល់​បញ្ញវន្ត​ អ្នក​ស្នេហា​ជាតិ​ហ្នឹង​ឱ្យ​ចូល​ស្រុក​វិញ​ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេសជាតិ​ ពេល​ទៅ​ដល់ ប៉ុល ពត យក​ទៅ​សម្លាប់​អស់​ អា​ហ្នឹង​យើង​ឃើញ​ជាក់​ស្ដែង​អ៊ីចឹង។ ដូច្នេះ​យើង​មិន​អាច​ចាញ់ល្បិច​កល​របស់​លោក ហ៊ុន សែន នោះ​ទេ ដែល​ជា​ល្បិច​កល​រាក់​កំផែល ​ហើយ​យើង​ទៅ​ហ្នឹង បិទ​មាត់​ជិត​ហើយ​ មិន​ហ៊ាន​រិះគន់​បញ្ហា​ដែល​លោក​ហ៊ុន​ សែន​ ដឹកនាំ​ផ្ដាច់ការ​ត​វង្ស​ត្រកូល​នោះ​ទេ»

ជុំវិញ​រឿង​នេះ​ ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ណា​មួយ​ស្នើ​សុំ​ចូល​មក​កម្ពុជា​វិញ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល គឺ​ដើម្បី​ឱ្យ​អ្នក​នយោបាយ ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី និង​អ្នក​ដែល​ចង់​ផ្ដាច់​ខ្លួន​ អាច​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព គ្រាន់​តែ​ធ្វើ​លិខិត​ស្នើ​សុំ​ ទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ឱ្យ​បាន​ត្រឹម​ត្រូវ។

ទោះ​ជា​បែប​នេះ​ សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ លោកស្រី គិន ស្រីអូន លើក​ឡើង​ថា ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​វា​ជា​ក្ដី​ប្រាថ្នា​របស់​ពលរដ្ឋ​គ្រប់​រូប​ ប៉ុន្តែ​សម្រាប់​លោក​ស្រី​អះអាង​ថា​ មិន​អាច​ទៅ​កម្ពុជា​ដោយ​ពុំ​មាន​វត្ត​លោក​ សម​ រង្សី​ នោះ​ទេ​។

លោកស្រី គិន ស្រីអូន៖ «ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​ ក៏​ខ្ញុំ​មិន​អាច​មាន​សេរីភាព​ក្នុង​ការ​និយាយ​ការ​ពិត នៅ​ក្នុង​បច្ចុប្បន្ន សង្គម​ដែល​មាន​អំណាច​ពុក​រលួយ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ និយាយ​ហារ​ស្ដី​ការ​ពិត​មិន​បាន គឺ​មិន​មាន​សេរីភាព​នោះ​ទេ។ ទោះ​បី​ខ្ញុំ​មិន​មាន​សុវត្ថិភាព​នៅ​ស្រុក​គេ ប៉ុន្តែ ខ្ញុំ​អាច​មាន​ការ​និយាយ​ស្ដី​ការ​ពិត​ឆ្លុះ​បញ្ចាំង​ក្នុង​សង្គម​បាន​ខ្លះ»

ជុំ​វិញ​រឿង​នេះ​ដែរ​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី វិញ លោក​មើល​ឃើញ​ថា យុទ្ធសាស្ត្រ​កម្ចាត់​របស់​លោក ហ៊ុន សែន មក​លើ​ក្រុម​លោក សម រង្ស៊ី នៅ​តែ​ជា​យុទ្ធសាស្ត្រ​សំខាន់​ ដែល​លោក​ ហ៊ុន សែន​ នៅ​បន្ត​ប្រើ​។ តែ​យ៉ាង​ណា​លោក​ថា យុទ្ធសាស្ត្រ​កម្ចាត់​នេះ​មិន​អាច​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ទេ ស្រប​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ប្រើ​សារ​កំហែង​នៅ​តែ​មាន។

បណ្ឌិត មាស នី៖ «អ៊ីចឹង​បើ​សិន​ជា​យើង​មាន​​ការ​កៀរគរ​ឱ្យ​ចូល​មក​តែ​មួយ​វា​អាច យើង​សួរ​សំណួរ​ថា​តើ​ពហុបក្ស​វា​ទៅ​ណាបើ​សិន​ជា​យើង​មាន​ចេតនា​ឱ្យ​ចូល​មក​តែ​មួយ។ បើ​សិន​ជា​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គឺ​គេ​ជំរុញ​ឱ្យ​ធ្វើ​ម៉េច គេ​ឱ្យ​ពហុបក្ស​នឹង​វា​ដើរ ហ្នឹង​បាន​ជា​ការ​ដើរ​ឈាន​ទៅ​រក​ប្រជាធិបតេយ្យ បើ​សិន​ជា​យើង​ទៅ​ដើរ​គៀង​ប្រមូល​គេ ហើយ​បង្ខំ​ឱ្យ​ចូល​មក​តែ​មួយ អា​ហ្នឹង​គេ​ហៅ​ថា​បាត់​នូវ​រស​ជាតិ​ប្រជាធិបតេយ្យ​ពហុបក្ស»

លោក ហ៊ុន សែន ដែល​ជា​មេ​ដឹក​នាំ​ក្រាញ​អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា ហើយ​លោក​ប្រើ​តុលាការ​ជា​អាវុធ ដើម្បី​កម្ចាត់​គូ​ប្រកួត​នយោបាយ​ណា ដែល​ហ៊ាន​រិះគន់​លើ​រូប​លោក។ ជាក់​ស្ដែង ការ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន ដែល​អាច​សម្រេច​ឲ្យ​អ្នក​ណា​ម្នាក់​ជាប់​គុក ឬ​មិន​ជាប់​គុក​ទៅ​តាម​អារម្មណ៍​របស់​លោក។ អ្នក​ឃ្លាំ​មើល​វាយ​តម្លៃ​ថា ទង្វើ​នេះ​កាន់​តែ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា បុរស​ខ្លាំង​រូប​នេះ មាន​ឥទ្ធិពល​លើ​តុលាការ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រតិកម្ម​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​អ្នក​គាំទ្រ​និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ឯនាយ​សមុទ្រ ផ្ដាច់​ខ្លួន​ពី​លោក ដើម្បី​បាន​ឱកាស​វិល​ចូល​ស្រុក​វិញ​នោះ គឺ​ជា​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត ដើម្បី​គោល​បំណង​បញ្ឈប់​សកម្មភាព​របស់​អ្នក​តស៊ូ​ ដើម្បី​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពួក​លោក​នៅ​ក្រៅ​ប្រទេស​ មិន​ចាញ់​បោក​លោក ហ៊ុន សែន ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ កាន់​តែ​ពង្រឹង​ផ្លូវ​ចិត្ត​និង​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ថែម​ទៀត។ លោក សម រង្ស៊ី បន្ត​ថា ពេល​នេះ លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់​ស្លោ​ខ្លាច​ទាំង​កម្លាំង​បែក​បាក់​ផ្ទៃ​ក្នុង​ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ជា​ពិសេស រូប​លោក​ផ្ទាល់​តែ​ម្ដង។ ទន្ទឹម​គ្នា​នេះ​ លោក ក៏​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន សែន មាន​ចិត្ត​សឿង​បើក​ផ្លូវ​ឲ្យ​លោ​ វិល​ចូល​កម្ពុជា​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment