មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភា​គ​ឈឺ​ចិត្ត​ជួស​លោក គង់ គាំ ដែល​ត្រូវ​រើ​អីវ៉ាន់​ចេញ​ពី​ដី​ផ្ទះ​ទាំង​បង្ខំ​

ដោយ ជាតិ ចំណាន
2023.01.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភា​គ​ឈឺ​ចិត្ត​ជួស​លោក គង់ គាំ ដែល​ត្រូវ​រើ​អីវ៉ាន់​ចេញ​ពី​ដី​ផ្ទះ​ទាំង​បង្ខំ​

 រូបភាពពីពលរដ្ឋ


ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ដែល​ត្រូវ​បាត់បង់​ដី​ផ្ទះ​បាន​រើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ផ្ទះ និង​ដី​របស់​លោក។ លោក ហ៊ុន សែន ចោទ​លោក​ គង់ គាំ ថា បាន​យក​ដី​ផ្ទះ​របស់​រដ្ឋ ប៉ុន្តែ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​លោក គង់ គាំ មាន​ប្លង់​ដី និង​មាន​ម្ចាស់​សិទ្ធិ​ស្រប​ច្បាប់។

រូប​ភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ គ្រួសារ​លោក គង់ គាំ រើ​សម្ភារៈ និង​ឥវ៉ាន់​ទាំង​បង្ខំ​ចិត្ត ​ទៅ​រស់នៅ​ជម្រក​ថ្មី ​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រជាធិបតេយ្យ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ សោកស្ដាយ​ជំនួស​លោក គង់ គាំ។ លោក គង់ គាំ ប្រញាប់​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ពេល​នេះ ព្រោះ​លោក ហ៊ុន សែន ទុក​រយៈ​ពេល ១ខែ ឱ្យ​លោក​រើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ដី​ផ្ទះ ដែល​លោក​បាន​រស់​នៅ ​ជាង ៤០ឆ្នាំ​ហើយ។

អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន​ យល់​ថា ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​លោក គង់ គាំ ​ជា​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន លើ​សេរីភាព​បញ្ចេញ​មតិ​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ដែល​មាន​ហ៊ាន​​រិះគន់ ដើម​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ការ​បង្ក​ក្ដី​ឈឺ​ចាប់​នេះ មិន​បាន​បំបាក់​ស្មារតី​លោក គង់ គាំ ឬគណបក្ស​ភ្លើងទៀន​ទេ ប៉ុន្តែ​ទង្វើ​របស់​លោក ហ៊ុន សែន បែរ​ជា​ធ្វើឱ្យ លោក គង់ គាំ និងគណបក្ស​ភ្លើងទៀន កាន់​តែ​មាន​កម្លាំង​ក្នុង​ការ​តស៊ូ​ប្រកួត​ប្រជែង​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​គណបក្ស​កាន់​អំណាច។

លោក អ៊ុំ សំអាន៖ «ដូច្នេះ​បើ​សិន​ដី​ហ្នឹង​​ជា​រដ្ឋ​ហេតុ​អី​មិន​រឹបអូស​តាំង​ពី​មុន​មក។ គាត់​(លោក គង់ គាំសុខ​ចិត្ត​អស់​ដី​របស់​គាត់​ជាជាង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដូច្នេះ ខ្ញុំសូម​សរសេរ​នូវ​ឧត្តម​គតិ​របស់​គាត់»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថា ទង្វើ​របស់​លោក ហ៊ុន សែន ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន មាន​អំណាច​ពេញ​ដៃ​​ក្នុង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​។ លោក គឹម សុខ បន្ត​ថា​ ពេល​នេះ​លោក ហ៊ុន សែន កំពុង​បង្កើត​សត្រូវ​ ហើយ​ថ្ងៃណា​មួយ​លោក ហ៊ុន សែន អស់​អំណាច អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បាត់​ដី​បាត់ដី​ផ្ទះ​វិញម្ដង។

លោក គឹម សុខ៖ «ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ពុំ​មាន​​គោលដៅ​ចង់​បាន​ដី​នោះ​ប៉ុន្មាន​ទេ ប៉ុន្តែ គឺ​ជា​ការ​ប្រើ​អំណាច​បំពាន​ច្បាប់​ដោយ​ប្រើ​ស្ថាប័ន​រដ្ឋ​ឯកសារ​នានា​ដែល​គេ​ក្លែងបន្លំ​ថា តាម​ផ្លូវ​ច្បាប់​ ដើម្បី​សម្រេច​បំណង​នយោបាយ ហើយ​ការ​សម្រេច​បំណង​នយោបាយ​នោះ​គឺ​ការ​ខ្ទប់​សិទ្ធិ​ឬ​ក៏​សកម្មភាព​នៃ​ការ​ចូលរួម​ធ្វើ​នយោបាយ​របស់​គូ​ប្រជែង»

ក្រៅ​ពី​នេះ​មន្ត្រី​បក្ស​ប្រឆាំង ​និង​អ្នក​វិភាគ បញ្ចេញមតិបែបនេះ ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​គ្នា​បង្ហោះ​រឿង​លោក គង់ គាំ បាន​បាត់បង់​ដី​ផ្ទះ​នេះ​ដែរ។ ពួក​គាត់​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​ដោយ​ហៅ​ដី​ដែល​លោក គង់ គាំ។ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ដួង ចន្ត្រា ប្រដូច​ទង្វើ​របស់​រដ្ឋាភិបាល ហ៊ុន សែន ថា ដូច​ទង្វើ​មេ​ដឹកនាំ​ខ្មែរក្រហម ដែល​បាន​រឹបអូស​ដីធ្លី​ពលរដ្ឋ​ទាំង​បង្ខំ​កាល​ពី​អំឡុង​ឆ្នាំ​១៩៧៥។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​លោក គង់ គាំ និង​កូន​ប្រុស​របស់​លោក គង់ ម៉ូនីកា បាន​ទេ ​នៅ​ថ្ងៃ​ទី២១ ខែ​មករា។ រីឯ​ភរិយា​លោក គង់ គាំ លោក​ស្រី សៀក អយ សុំ​មិន​និយាយ​ទាក់ទង​រឿង​ដី​ផ្ទះ​នេះ​ទេ។

ចំណែក​កូន​ប្រុស​របស់​លោក គង់ គាំ ម្នាក់​ទៀត គឺ​លោក គង់ សភា ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា (CANADA) បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លា​ហើយ​ដី​តា​គាំ លា​ដោយ​ក្ដី​ឈឺចាប់។

ឆ្លើយ​តប​ការ​លើកឡើង​ទាំង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា តាម​នីតិវិធី រដ្ឋាភិបាល​កំពុង​ផ្ទេរ​កម្មសិទ្ធិ​ដី​នេះ ​ពី​ការ​គ្រប់គ្រង​របស់​លោក គង់ គាំ មក​ជា​ការ​គ្រប់គ្រង​របស់​ក្រសួង​ការ​បរទេស ហើយ​ក្រសួង​ការ​បរទេស នឹង​ធ្វើ​ពិធី​​ប្រគល់​ដីនេះទៅ​ឱ្យ គ.ជ.ប ដើម្បី​សាងសង់​ទីស្នាក់ការ​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន៖«អត់​មាន​យល់​អី​ទេ យើង​ខ្ចី​គេ​យើង​ត្រូវ​តែ​ឱ្យ​គេ​វិញ ហើយ​គាត់​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ឯកឧត្តម គង់ គាំ លោក​បាន​សម្រេច​ចិត្ត​ប្រគល់​ដី​ហ្នឹង​វិល​ត្រឡប់​ពី​ក្រសួង​ការ​បរទេស​វិញ​ណា»

លោក គង់ គាំ បាន​ប្រគល់​ផ្ទះដី ដែល​មាន​ប្លង់​កម្មសិទ្ធិ និងកាន់​កាប់​ជាង ៤០ឆ្នាំ​មក​ហើយ ទៅ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី១២ មករា ទៅ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។ ដី​ទី​ជាង​ ៥​ពាន់​ម៉ែត្រ​ការ៉េ (៥.២៩០) ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​រៀល​អ៊ីស្ទេត លោក​បណ្ឌិត គឹម ហ៊ាង ឱ្យ​ដឹង​ថា ដីនៅតំបន់នេះ ​មាន​តម្លៃ​ចាប់ពី ២.៥០០ដុល្លារ​ទៅ ៤ពាន់​ដុល្លារ (៤.០០០) ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយអាស្រ័យ​លើ​ប្រភេទ​ដី ​ ​ អ្នក​ជំនាញ​ផ្នែក​អចលន​វត្ថុ​រូប​នេះ​លោក​រំលឹក​ថា កាលពីអំឡុង​ឆ្នាំ២០១៥ លោក​ធ្លាប់​នាំ​ថៅកែ​ជនជាតិ​ចិន ទៅ​ទិញ​ដីរបស់លោក គង់ គាំ ដែរ ប៉ុន្តែ ​លោក គង់ គាំ​មិន​ព្រម​លក់។

បណ្ឌិត គឹម ហ៊ាង៖«បើ​យើង​និយាយ​ហ្នឹង​នៅក្នុង​ប្លុក​ទាំង​អស់​ហ្នឹង ខាង​ក្នុងៗ ៣.០០០ដុល្លារ នៅ​ក្រៅ ៤.០០០ដុល្លារ តាម​ជាក់ស្ដែង។ អ៊ីចឹង ការ​ទិញ​លក់​ដី​មិនមែន​ថា យើង​ចង់​កំណត់​ទេ អាស្រ័យ​លើ​ប្រវត្តិ​ដី​បើ​ដី​ប្រជាជន​គាត់​រកស៊ី​ធម្មតា គាត់​កាន់កាប់​តាំង​ពី​អឺយ​ដី​ហ្នឹង​អាច​បួន​ពាន់ (ដុល្លារប្រាំ​ពាន់​(ដុល្លារអាច​មាន​គេ​ទិញ តែ​បើ​ដី​ពាក់ព័ន្ធ​ទៅ​នឹង​របស់​ក្រសួង​អី ពាក់កណ្ដាល​គេ​មិន​ចង់​យក​ផង»

នៅគ្រា​ដែល​ការបោះឆ្នោត​ជាតិខែកក្កដា កាន់តែ​កៀក​មក​ដល់ រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ប្រើ​ប្រព័ន្ធ​តុលាការ មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ភ្លើងទៀន​ជា​បន្ត​បន្ទាប់​។ ​ក្បាល​ម៉ាស៊ីន​គណបក្ស​ភ្លើងទៀន​បី​រូប ​​រុំ​ព័ទ្ធ​ដោយ​បណ្ដឹង​និងប្រឈមការ​បាត់បង់​ដីផ្ទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles