សាច់ញាតិ​និង​មេដឹកនាំ​សហជីព បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្

ដោយ ថា ថៃ
2023.01.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​និង​មេដឹកនាំ​សហជីព បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា

សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យធ្វើពិធីរំលឹកខួប ១៩ឆ្នាំ នៃ​ឃាតកម្មលើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅមុខ​រូបសំណាក​លោក ជា វិជ្ជា ស្ថិត​នៅលើ​សួនច្បារ​ក្បែ​វិមានឯករាជ្យ​នៅព្រឹក​ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប ​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

ករណី​ឃាតកម្ម​ដ៏​កក្រើក​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា បាន​កន្លង​ផុត​ទៅ​១៩​ឆ្នាំ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​នៅតែ​មិន​ទាន់​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​មក​ដាក់​ទោស​បាន​នៅ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ទើប​សាច់ញាតិ ប្រជា​ពលរដ្ឋ ​កម្មករ​ មន្ត្រី​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ជិត​រយ​(១០០)​នាក់ ​ដែល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និង​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​​រូប​សំណាក​របស់​លោក​​នៅ​មុខ​វត្ត​លង្ការ​ក្បែរ​វិមាន​ឯករាជ្យ ​ក្នុង​ខួប​១៩​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម នៅព្រឹកថ្ងៃទី២២ ខែមករា នៅតែ​មិន​ទាន់​ស្ងប់​ចិត្ត​និង​បន្ត​​​​ស្រែក​​ទាមទារ​យុត្តិធម៌​ជូន​ជនរងគ្រោះ។


ទស្សនាវីដេអូឯកសារ ស្តីពី តើនរណាសម្លាប់លោក ជា វិជ្ជា៖

Chea Vichea by AP-01.jpg
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងតូបលក់កាសែតជាប់របងខាងលិចវត្តលង្កា រាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៤។ (រូប៖ AP)

ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី ថ្លែង​សារ​ចំពោះ​មុខ​អ្នក​ចូល​រួម​ថា ​លោក ជា វិជ្ជា មាន​វីរភាព​ទាមទារ​ផលប្រយោជន៍​និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ និង​ពលរដ្ឋ​ផ្សេង​ទៀត​។ លោក ​យល់ថា ​មូល​ហេតុ​ដែល​ឃាតក និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​លើ​បងប្រុស​របស់​លោក​ អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​រយៈពេល​១៩ឆ្នាំ​មកនេះ​ ដោយសារ​ពួកគេ ​កំពុង​ធ្វើធំ​នៅ​ស្រុកខ្មែរ ​ប៉ុន្តែ​លោក ​នៅតែ​សង្ឃឹម​ថា ​យុត្តិធម៌​នឹង​មាន​នៅ​ពេល​ខាងមុខ។


លោក ជា មុនី៖ «ខ្ញុំ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល ស្វែងរក​និង​ចាប់​ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទៅលើ​លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត  ​និង​ លោក ហ៊ី វុទ្ធី ដែល​ជា​មេដឹកនាំ​សហជីព​ហើយ​ក៏​សូម​ឲ្យ​ដោះលែង​អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​គ្នា​ធ្វើការ​ផ្នែក​សិទ្ធិ និង​ច្បាប់​ការពារ​ប្រយោជន៍​ឲ្យ​កម្មករ​កម្មការិនី​ ដូចជា​កម្មករ​កម្មការិនី​ណាហ្គាវើលដ៍​ជាដើម ។ការ​ចាប់ ​ការ​ចង ការ​ធ្វើ​ទារុណកម្ម​បែប​នេះ វា​មិន​បាន​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ទេ»។​

Chea Muny and Chea Vichea1.jpg
លោក ជា មុនី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ថ្លែងនៅពេលរំលឹកខួប ១៩ ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ (រូប៖ AP)

ជា​មួយ​គ្នា​នេះ​ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​​បង្កើត​ឡើង​ដោយ លោក ជា វិជ្ជា ​នោះ​ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពីរ​ទំព័រ​ក្រោម​ចំណង​ជើង​ថា ”១៩ឆ្នាំ រង់​ចាំ​ពន្លឺ​យុត្តិធម៌”។

សហព័ន្ធ​សហជីព​មួយ​នេះ លើក​ឡើង​ថា ​បើ​ទោះបី​ជា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៤ ​បាន​ចេញ​លិខិត​បង្គាប់​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​តាម​សេចក្តី​សម្រេច​ពី​តុលាការ​កំពូល ​ឲ្យ​បើក​ការ​ស៊ើប​រក​ជន​ដៃដល់​និង​ប្រមូល​ភស្តុតាង​ដើម្បី​ឲ្យ​តុលាការ​ បន្ត​តាម​នីតិវិធី ព្រមទាំង​រដ្ឋា​ភិ​បាល ​កាលពី​ឆ្នាំ២០១៧​ បាន​បង្កើត​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដើម្បី​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា​ក្តី ក៏​ថ្នាក់​ដឹកនាំ​និង​សមាជិក​សហជីព ព្រមទាំង​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់​លោក ជា វិជ្ជា បាន​ត្រឹម​តែ​ទន្ទឹង​រង​ចាំ​ពន្លឺ​យុត្តិធម៌​អស់​រយៈ​ពេល​១៩​ឆ្នាំ​ហើយ។ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ថា ការណ៍​ដែល​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​លោក ជា វិជ្ជា មិន​ទាន់​ត្រូវ​បាន​វែកមុខ​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​បែបនេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ស្រលាញ់​សេរីភាព និង​យុត្តិធម៌ សង្ស័យ​និង​ចោទ​ថា អាជ្ញាធរ ​អសមត្ថភាព​ ឬ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ដោះស្រាយ​សំណុំ​រឿង​នេះ​ និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ​ទន់ខ្សោយ​ខ្លាំង​បំផុត​។ សហព័ន្ធ​សហជីព​ដដែល​សំណូមពរ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ពិតប្រាកដ ដើម្បី​ចាប់​ឃាតក​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ​មក​ដាក់​ទោស​តាម​ច្បាប់​​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ និង​ឈាន​ទៅ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ​ព្រមទាំង​ដើម្បី​ពង្រឹង​យុត្តិធម៌​សង្គម​។​​​​​​​​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(IDEA) គឺ​លោក​ វន់ ពៅ រម្លឹក​ថា ​លោក ជា វិជ្ជា គឺជា​មេ​សហជីព​ដំបូង​គេ​ ដែល​បាន​តស៊ូ​ទាមទារ​លើក​កម្ពស់​សិទ្ធិ​និង​អត្ថ​ប្រយោជន៍​ជូន​កម្មករ​នៅ​តាម​រោងចក្រ​ឲ្យ​គេច​ផុត​ពី​ការ​ជិះជាន់​និង​ការ​កេងប្រវ័ញ្ច​របស់​ថៅកែ ​ហើយ​ជា​អ្នក​បណ្តុះបណ្តាល​ធ្វើ​ឲ្យ​មាន​ចលនា​សហជីព​ឯករាជ្យ ​ដើម្បី​ការពារ​កម្មករ។​

លោក​ វន់ ពៅ៖ «យក​ឱកាស​នេះ សូម​ឲ្យ​រដ្ឋាភិបាល ឆ្នាំ២០២៣​ហើយ ត្រូវ​រក​ឃាតក​ពិត​ដើម្បី​ឲ្យ​យើង​ស្ងប់​ចិត្ត​ទាំង​អស់​គ្នា»

Vorn Pao Chea Vichea1.jpg
​លោក​ វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(IDEA) ពេលរំលឹកខួប ១៩ ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ (រូប៖ AP)

ទាក់ទង​ករណីនេះ ​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​បានទេ នៅថ្ងៃទី២២​ ខែមករា​។ ប៉ុន្តែ​កន្លងមក ​លោក ផៃ ស៊ីផាន លើក​ឡើង​ថា​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា មិនទាន់​បិទ​បញ្ចប់​ទេ ប៉ុន្តែ​តុលាការ និង​រដ្ឋាភិបាល គ្មាន​តម្រុយ​ឬ​ភស្តុតាង​អ្វី​ថ្មី​ទេ។លោក ជំរុញ​ឲ្យ​គ្រួសារ ឬ​អ្នក​ដែល​ចង់​បាន​យុត្តិធម៌ ត្រូវ​ស្វែង​រក​ភស្តុតាង​ថ្មីៗ​ដាក់​ជូន​អាជ្ញាធរ​ដោយ​ខ្លួនឯង។

signal-2023-01-22-121530_007.jpeg
តំណាងអង្គការសង្គមស៊ីវិលចូលរួមរំលឹកខួប ១៩ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ទោះជាយ៉ាងណា ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន​​ ដែល​ជា​មិត្ត​ភក្តិ​របស់​លោក ជា វិជ្ជា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ក្រុងភ្នំពេញ​ ​មិនមែន​អសមត្ថភាព ប៉ុន្តែ​ដោយសារ​​ករណី​ឃាតកម្ម​នេះ ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​នៅ​កម្ពុជា។ លោក រំលឹក​ឡើងវិញ​ថា មុន​ឃាតក​បាញ់​សម្លាប់​នោះ​ ​លោក ជា វិជ្ជា បាន​ទទួល​សារ​គំរាម​ផ្តាច់​ជីវិត​​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​នៅក្នុង​ខែកក្កដា ឆ្នាំ​២០០៣ បន្ទាប់ពី​លោក​ប្រកាស​ឱ្យ​សមាជិក​សហជីព​សេរី​កម្មករ​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ ពេលនោះ ​លោក បាន​ជូន​លោក ជា វិជ្ជា ​ទៅ​​ប្ដឹង​​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​និង​​បាន​បង្ហាញ​លេខ​ទូរស័ព្ទ​អ្នក​គំរាម​ទៅ​ប៉ូលិស​ ប៉ុន្តែ​ប៉ូលិស ​បាន​ឆ្លើយ​ថា ​មិន​ហ៊ាន​ចាត់ការ​ទេ ​ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ ហើយ​មន្ត្រី​ប៉ូលិស​រូប​នោះ បាន​ណែនាំ​ឱ្យ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​។ ទោះជា​យ៉ាងនេះ​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទេ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក រ៉ុង ឈុន៖ «តែ​រឿង​នេះ​ដោយសារ​ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់ ដូច្នេះ​អាច​ផ្អឹប​សំណុំ​រឿង​នេះ​ចោល។ខ្ញុំ​ជា​ប្រធាន​សហជីព និង​ជា​មិត្តភក្ដិ សូម​ជំរុញ​ដូចជា​ក្រសួងមហាផ្ទៃ​ត្រូវតែ​ពន្លឿន​រក​យុត្តិធម៌​ និង​ចាប់​ឃាតក​មក​ផ្ដន្ទា​ទោស ទៅ​តាម​ផ្លូវ​ច្បាប់»

បន្ថែម​ពី​នេះ លោក រ៉ុង ឈុន ​ក៏​ឆ្លៀត​ឱកាស​ផ្ញើ​សារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ព្រមទាំង​​ដោះស្រាយ​វិបត្តិ​នយោ​បាយ​​សព្វថ្ងៃ​ ដោយ​បញ្ឈប់​ការ​គំរាមកំហែង ​ការ​ចាប់​ដាក់គុក ​និង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ ដើម្បី​​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ខែ​កក្កដា​ខាង​មុខ​។ ​បើ​ពុំនោះ​ទេ ​លោក ​បារម្ភ​ថា​ ​កម្ពុជា ​នឹង​រង​សម្ពាធ​កាន់តែ​ច្រើន​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្ម​ អ៊ី.ប៊ី.អេ (EBA) ពី​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជ​កម្ម ​ជី.អេស.ភី​ (GSP)​ពី​សហរដ្ឋ​អាមេរិក។

Rong Chhun-Chea Vichea1.jpg
​លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

រីឯ​ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណី​អាហារ​ និង​សេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន​ វិញ ​អ្នកស្រី ​ស្នើ​ឲ្យ​កម្មករ​ សហជីព​ និង​អ្នក​តស៊ូ​មតិ​ផ្សេង​​ បន្ត​ស្មារតី​របស់​លោក ជា វិជ្ជា​ តទៅ​ទៀត​ បើ​ទោះ​ជា​នៅ​ពេល​ខាងមុខ​ ត្រូវ​ប្រឈម​មុខ​នឹង​ការរារាំង​ ការ​បិទ​ខ្ទប់ ឬ​​ស្ថានភាព​អាក្រក់​បែប​ណា​ក៏ដោយ។

អ្នកស្រី អ៊ូ ទេពផល្លីន​៖ «ស្នើ​ឲ្យ​អ្នក​កំពុង​រស់នៅ​ទាំងឡាយ ដែល​មាន​សិទ្ធិ សម្រេច​ចិត្ត​ អំណាច​សម្រេច​ចិត្ត​នៅ​ពេញ​ដៃ​ធ្វើ​សេចក្តី​ល្អ​ទាន់​ខ្លួន​នៅ​មាន​ជីវិត ហើយ​ញញឹម​មុន​ពេល​លា​ចាក​លោក​នេះ​ទៅ​ តើ​ខ្លួន​ឯង​នឹង​ទុក​អី​សម្រាប់​ពិភព លោក​នេះ​។ យើង​ឃើញ​ថា លោក ជា វិជ្ជា ទោះ​បី​លោក មិនមែន​លោក​ជា​អ្នក មាន​អំណាច មិន​មែន​លោក​មាន​លុយ​រាប់​សែន​ដុល្លារ ក្នុង​កុង​ធនាគារ មិនមែន លោក​មាន​ឡាន មាន​កាបូប​ថ្លៃៗ​ទេ ប៉ុន្តែ​សេចក្តី​ល្អ​របស់​គាត់​ធ្វើ​ឲ្យ​១៩ឆ្នាំ​ មកនេះ មនុស្ស​ជាច្រើន​នៅ​ចងចាំ​ដែរ បើសិនជា​លោក ធ្វើ​ពលី​ដើម្បី​មនុស្ស​ផ្សេង​ទៀត គេ​នឹង​ចងចាំ​ទង្វើ​ល្អ​របស់​ពួកគាត់»។​​

signal-2023-01-22-121530_009.jpeg
តំណាងអង្គការសង្គមស៊ីវិលចូលរួមរំលឹកខួប ១៩ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ទន្ទឹម​គ្នា​នេះ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ ​មើលឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​រដ្ឋាភិបាល ​មានស្តង់ដា២​ឬ​មាន​ភាព​ចម្លែក ​ដោយ​ថា ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព ​​និង​សកម្មជន​សង្គម​ផ្សេង​ទៀត ​គឺ​អាជ្ញាធរ​កម្រ​រក​ឃាតក​ពិត​ឃើញ​ណាស់ ​ប៉ុន្តែ​រឿង​ឃាតកម្ម​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​វិញ ​គឺ​អាជ្ញាធរ​ឆាប់​រក​ឃាតក​​ឃើញ។ លោក អាត់ ធន់ ឲ្យដឹងថា​ មក​ទល់​ពេល​នេះ ​ខាង​អង្គការ ILO នៅតែ​ចាត់ទុក​ករណី​​ឃាតកម្ម ​និង​ការ​គំរាម​កំហែង​លើ​មេដឹកនាំ​សហជីព​កន្លងមក​នេះ​ គឺជា​រឿង​អាទិភាព​ និង​កំពុង​បន្ត​​តាមដាន​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។

លោក អាត់ ធន់៖ «ខ្ញុំ​ជឿ​ថា អាជ្ញាធរ មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​បច្ចេកទេស​ទេស​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​គ្រប់គ្រាន់ ជាពិសេស​ប្រព័ន្ធ​បច្ចេក​វិទ្យា​គ្រប់គ្រាន់​តាម​ទូរស័ព្ទ​អី ដូច្នេះ​ហើយ​បាន​ជា​យើង​អត់​ចង់​និយាយ​ដដែល ស្នើ​នេះ​ស្នើ​នោះ​ទេ គឺ​យើង​ឲ្យ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ។ បើ​ចង់​រក​យុត្តិធម៌​ជូន អ្នក​ទាំង​អស់​នេះ​គឺ​ត្រូវ​ពិនិត្យ​ឡើងវិញ ហើយ​រក​យុត្តិធម៌​ពិត​ដើម្បី​ដាក់​ទោស​ឬ​ទណ្ឌកម្ម​ទៅ​តាម​ទោស​កំហុស​របស់​ខ្លួន​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់ យុត្តិធម៌ ស្ងប់ចិត្ត​។ ពេលនោះ​ហើយ​គេ​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ ហើយ​គោរព​ថែម​ទៀត»។​​​​​​​​​​

signal-2023-01-22-121530_017.jpeg
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤។

គិត​មកដល់ពេលនេះ មិនមែន​មានតែ​សំណុំរឿង​លោក ជា វិជ្ជា មួយ​ទេ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​គ្រោះ​នោះ​។សំណុំរឿង​ឃាតកម្ម​លើ​មនុស្ស​ល្បីៗ​ជាច្រើន​ទៀត​ដូចជា​​ប្រធាន​សហជីព អ្នកកាសែត ​តារាចម្រៀង​ អ្នកនយោបាយ ​និង​ចុងក្រោយ​គឺ​អ្នកវិភាគ​សង្គម​ដ៏​ល្បី​ឈ្មោះ​គឺ​បណ្ឌិត កែម ឡី ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​វែកមុខ​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ឃើញ​នោះ​ឡើយ​។ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ រិះគន់​ថា​ រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ករណី​ធ្វើ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅក្នុង​សង្គម​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាច់ញាតិ​និង​មេដឹកនាំ​សហជីព បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្"

  1. Anonymous says:

    we do not know for sour about the killer during POL POT all we knew was the policy of Vietcong that wanted to take over Cambodia . we knew after 1979 you can ask HUN SEN to find out who was the real killer . I’m sorry every one for thirty eight years HUN SEN never found any one that mean this killer is in HUN SEN CPP no though about it .

Leave a Reply

Submit Comment