ព័ត៌មានជាតិ បរិស្ថាន
ដោយ វីអូឌី | ២៣ មករា ២០២៣ | ម៉ោង ១០:៥៦
VOD

យុវជនស្រលាញ់បរិស្ថានដាក់លក់ដូងក្នុងកម្មវិធីរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញនិងបានផ្សព្វផ្សាយពីបញ្ហាកោះកុងក្រៅត្រូវបាននាយកសាលាហាមឃាត់មិនឱ្យបន្ដសកម្មភាពកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣។
យុវជនការពារកោះកុងក្រៅបានអះអាងថាពួកគេកំពុងព្រួយបារម្ភ និងការប្រឈមផ្សេងៗពីសុវត្ថិភាព ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញបន្តឃ្លាំមើលគ្រប់សកម្មភាពរបស់ពួគេ ក្នុងរូបភាពនៃការគំរាមកំហែង នៅបន្ទាប់ពីក្រុមយុវជនស្រលាញ់បរិស្ថានទាំងនោះ បានចូលរួមផ្សព្វផ្សាយពីបញ្ហាកោះកុង ដែលរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ។
យុវជន គឹម ជីលីន ដែលអះអាងថាអាជ្ញាធរបន្តតាមដានពីសកម្មភាពរបស់ខ្លួន បានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកមានការព្រួយបារម្ភពីសុវត្ថិភាព រាល់ពេលចេញទៅធ្វើការម្តងៗ។ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ យុវជនដែលសកម្មភាពនឹងកិច្ចការបរិស្ថានរូបនេះ លើកឡើងថា នៅពេលនេះអាជ្ញាធរខណ្ឌទួលគោក បានរឹតបន្តពីសកម្មភាពរបស់ខ្លួន ហើយពេលខ្លះបានបន្តតាមដានដល់កន្លែងស្នាក់នៅថែមទៀត។
បើតាម គឹម ជីលីន ហៅសកម្មភាពរបស់អាជ្ញាធរខណ្ឌទួលគោកនេះថា គឺជារូបភាពនៃការគំរាមកំហែង និងបំបាក់ស្មារតីរបស់ក្រុមយុវជន ក្នុងគោលបំណងបំបិទសិទ្ធិមិនឱ្យពួកគេចូលរួមក្នុងកិច្ចការពារបរិស្ថាន។
លោកបន្តថា៖«ខ្ញុំ និងមិត្ដភក្ដិត្រូវបានអាជ្ញាធរ គេដានតាមដល់ផ្ទះ កំណត់សម្គាល់ទីតាំង។ អានេះជារូបភាពគំរាមកំហែងមែនទែន។ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា មិនគួរកើតឡើងចំពោះខ្ញុំទេ ខណៈពេលដែលមិនមានយុវជនប៉ុន្មានធ្វើសកម្មភាពបែបនេះ»។
ក្នុងពេលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងប្រារព្វខួប ៦៣ឆ្នាំ នៃកំណើតសាកលវិទ្យាល័យមួយនេះ កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ មករា ក្រុមយុវជនស្រលាញ់បរិស្ថាន ក៏បានចូលរួមផ្សព្វផ្សាយពីបញ្ហាកោះកុង តាមរយៈសកម្មភាពរៀបចំជាស្តង់មានលក់ដូងជាដើមដែរ។ប៉ុន្តែសកម្មភាពរបស់ពួកគេ ត្រូវហាមឃាត់ និងមិនអនុញ្ញាតឱ្យរៀបចំឡើយ បើទោះជាកម្មវិធីនេះ បើកផ្លូវឱ្យក្រុមនិស្សិតអាចរៀបចំជាស្តង់បាន នៅក្នុងបរិវេណសាលាដើម្បីរកចំណូលបានខ្លះក្តី។
មិនខុសគ្នាទេ យុវតី មេន ស្រីដាវ បានប្រាប់ វីអូឌីថា ចាប់ពីពួកគេធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាប្រឈមមុខ និងដើរបិទស្ទីកឃ័រអំពីកោះកុងក្រៅរួចមក អាជ្ញាធរតាមឃ្លាំមើលពីសក្មភាពរបស់ពួកគេមិនដែលដាច់ឡើយ។ស្ថិតក្នុងវ័យប្រមាណ ២១ឆ្នាំ កញ្ញា បន្តថានៅពេលនេះ រូបនាងពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព។
កញ្ញាបន្តថា៖«និយាយរួមទៅគេតាមមកដល់ផ្ទះក្រោយពីពួកខ្ញុំធ្វើសកម្មភាពផ្សព្វផ្សាយរបស់ពួកខ្ញុំ។ខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាពដែរបង ព្រោះពួកខ្ញុំតែងតែចេញធ្វើសកម្មភាពរហូតមក»។
ការរឹតត្បិតសេរីភាពនៃការជួបជុំ តាមរយៈការសំដែងមតិនេះ ត្រូវគេមើលឃើញថា វាហាក់ដើរផ្ទុយពីច្បាប់រដ្ឋដែលបើកផ្លូវឱ្យពលរដ្ឋគ្រប់រូប អាចធ្វើសកម្មភាពបាន ដែលសកម្មភាពនោះមិនធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មិនតែប៉ុណ្ណោះ បញ្ញត្តិមាត្រា៤១ ក៏កំណត់ដែរថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលរងខណ្ឌទួលគោក លោក ទៀង សំអឿន អះអាងថា ការហាមឃាត់សកម្មភាពយុវជនកន្លងមក នោះក៏ព្រោះតែសកម្មភាពរបស់ពួកគេ មិនបានសុំច្បាប់ឱ្យបានត្រឹមត្រូវពីសាលាក្រុង។ លោកបន្តថាករណីដែលហាមឃាត់នេះ គឺជាអាជ្ញាធរ មិនចង់ឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវប៉ុណ្ណោះ។ហើយលោកក៏បដិសេធដែរថា អាជ្ញាធរខណ្ឌពុំបានគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែស្នើឱ្យក្រុមយុវជនបរិស្ថានទាំងនោះ សុំច្បាប់ទៅសាលាក្រុងជាមុនសិន មុននឹងធ្វើសកម្មភាព។
លោកបន្តថា៖«ខ្ញុំសុំបដិសេធថា អាជ្ញាធរគំរាមកំហែងពួកគាត់ គឺអត់ទេ!។ខ្ញុំដេញគាត់ឱ្យទៅសុំច្បាប់សាលាក្រុងសិន ឱ្យតែមានច្បាប់ត្រឹមគឺពួកខ្ញុំសហការភ្លាម»។
ចំណែក អ្នកនាំពាក្យសាលាក្រុងភ្នំពេញលោក មាស ម៉េតភក្តី វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
នៅលើគេហទំព័រ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថាកោះកុងក្រៅ គឺជាកោះធំទី១របស់ប្រទេសកម្ពុជា ដែលមានទំហំសរុប១០៣គីឡូម៉ែត្រការ៉េ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃថែមទៀត។កោះកុងក្រៅនេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។
កោះនេះ សម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះនៅបាតសមុទ្រ ព្រមទាំងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់។ក៏ប៉ុន្តែ កាលពីខែ មិថុនា ឆ្នាំ២០១៩ កោះកុងក្រៅនេះ ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគឱ្យទៅក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី (KOH KONG SEZ CO., LTD.) របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍។
ចំណែកប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ថ្លែងថា ក្រុមយុវជនគួរដាក់បណ្តឹងប្រឆាំងសកម្មភាពនេះ ទៅស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវរកឱ្យឃើញថាតើ អ្នកដែលគំរាមកំហែងនេះជាអ្នកណាឱ្យប្រាកដ។ការធ្វើដូចនេះ ដើម្បីការពារសុវត្ថិភាពផង និងជាការផ្តល់យុត្តិធម៌សម្រាប់ខ្លួនឯងផង។
បើតាមលោក ហេង គឹមហុង ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល គាំទ្ររាល់កម្មភាពរបស់ក្រុមយុវជន ដែលចង់ថែរក្សា និងការពារធនធានធម្មជាតិ ជាពិសេសបញ្ហាកោះកុងក្រៅនេះ។
លោកបន្តថា៖«យុវជនគួរដាក់បណ្ដឹងទៅអាជ្ញាធរពីសកម្មភាពតាមដានទាំងនោះ ដើម្បីឱ្យស៊ើបអង្កេតថាជាក្រុមណា។ខ្ញុំគាំទ្ររាល់សកម្មភាពយុវជនទាំងដែលស្រលាញ់ប្រទេសជាតិ»។
បើទោះជាបែបណា កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ។ក្រសួងបរិស្ថានដែលជាស្ថាប័នសាម៉ី ដែលទទួលបន្ទុកលើការត្រួតពិនិត្យនេះ នៅមិនទាន់បានបង្ហាញពីលទ្ធផល នៃការត្រួតពិនិត្យនេះនៅឡើយទេ មកដល់ពេលនេះ
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ការទាមទាររបស់យុវជន វាជាសិទ្ធិសេរីភាពរបស់ពួកគេ។តែយ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ លោកថា ក្រសួងកំពុងតែពិនិត្យលើបញ្ហានេះ ជាពិសេសទាក់ទងនឹងការគ្រប់គ្រង់របស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគតែម្តង។
លោកបន្តថា៖«អាហ្នឹងជាសិទ្ធិគាត់។ហើយក្រសួងក៏កំពុងគិតគូរអំពីផែនការអភិវឌ្ឍន៍ដែរថាកន្លែងគួរធ្វើ និងកន្លែងណាមិនគួរធ្វើ »។
បើទោះជាយ៉ាងនេះក្តី ក្រុមយុវជនដែលស្រលាញ់បរិស្ថាន នៅបន្តប្តេជ្ញាចិត្តចូលរួមការពារកោះកុងក្រៅ និងបន្តផ្សព្វផ្សាយមិនរាថយ បើទោះជាត្រូវប្រឈមមុខនឹងការគំរាមកំហែងពីសុវត្ថិភាពក្តី៕
ដោយលោក ជា រ៉ាយុទ្ធ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។