ដោយ សុជីវី
2023.01.22
RFA

តារាចម្រៀងរ៉ែប (Rap) គា សុគន្ធ ពេលចូលរួមរំលឹកខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យថ្មី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ការហ៊ាននិយាយការពិតក្នុងសង្គម គឺជាតួនាទីសំខាន់មួយរបស់អ្នកនិពន្ធ។ តួនាទីនេះគឺកាន់តែសំខាន់ទៅទៀតនៅពេល ដែលពលរដ្ឋក្នុងសង្គមរស់នៅក្នុងភាពភ័យខ្លាចពីការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធ និងច្រៀងចម្រៀងបែបរ៉ែប (Rap) ជាប្រភេទអ្នកនិពន្ធកម្រ ដែលបានបំពេញតួនាទីសំខាន់របស់អ្នកតែងនិពន្ធនេះ។ ការណ៍នេះស្ដែងចេញតាមរយៈស្នាដៃជាច្រើនរបស់លោកជាពិសេសបទចម្រៀង «ឈាមបាតុករ»។
កូដករ សហជីព និងអ្នកស្រឡាញ់ការតែងនិពន្ធចាត់ទុកស្នាដៃតែងរបស់យុវជន គា សុគន្ធ ថាបានឆ្លុះបញ្ចាំងពីការពិត ដែលម្ចាស់ស្នាដៃបែបនេះគួរបានការសរសើរ និងការលើកទឹកចិត្ត ឬចាត់ទុកថាជាគំរូនៃអ្នកនិពន្ធឆ្លុះបញ្ចាំងការពិត និងបណ្ដុះស្មារតីស្នេហាជាតិ។
កូដករដែលចេញតវ៉ារយៈពេលជាង១ឆ្នាំមកហើយ ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដដ៏ (Naga World) គោរពសិទ្ធិការងារ និងសេរីភាពសហជីព កញ្ញា អានិច លើកឡើងថា កញ្ញាចូលចិត្តស្ដាប់ចម្រៀងរបស់លោក គា សុគន្ធ ជាពិសេសបទចម្រៀងចេញថ្មីរបស់លោក គឺបទ «ឈាមបាតុករ» នេះឯង។ កញ្ញាបន្តថា ពលរដ្ឋក្នុងសង្គមបច្ចុប្បន្ននេះសុទ្ធតែបានដឹងថា ពិតជាមានរឿងកើតឡើងដូចបទចម្រៀងរបស់លោក គា សុគន្ធ មែន ប៉ុន្តែពួកគេភាគច្រើនមិនហ៊ានលាតត្រដាងការពិតទាំងនោះទេ ដោយសារតែភាពភ័យខ្លាច។ កញ្ញាសង្កត់ធ្ងន់ថា ការតវ៉ារបស់ក្រុមបាតុករនៅក្នុងបទចម្រៀងនោះក៏ស្រដៀងគ្នានឹងការតវ៉ារបស់កូដករនៅណាហ្គាវើលដ៏ដែរ។
«សម្រាប់ខ្ញុំគឺវាឈឺចាប់ណាស់ ដោយសារតែខ្ញុំជួបផ្ទាល់ហើយ។ វាត្រូវគ្នាស្រដៀងនឹងរឿង ដែលឥឡូវហ្នឹងពួកខ្ញុំកំពុងកូដកម្មជាមួយណាហ្គា រឿងសហជីពដូចគ្នា ហើយនឹងរឿងតាមទាមទារប្រាក់ខែវិវាទការងារ»។
យុវជន គា សុគន្ធ ជាអ្នកនិពន្ធ និងអ្នកចម្រៀងរ៉ែប (Rapper) ផ្តោតលើបញ្ហាក្នុងសង្គម។ យុវជនវ័យ ២២ឆ្នាំរូបនេះ បានចេញបទចម្រៀងជាច្រើនផ្សព្វផ្សាយតាមបណ្ដាញសង្គម។ បទចម្រៀងថ្មី ដែលចេញនៅក្នុងខែមករា ដើមឆ្នាំ២០២៣នេះ គឺ «ឈាមបាតុករ» ដែលរៀបរាប់ពីអំពើហិង្សានៅផ្លូវវេងស្រេង និងការទន្ទឹងយុត្តិធម៌នៃអ្នករងគ្រោះដោយអំពើហិង្សានេះ ដែលរម្លងរយៈពេល៩ឆ្នាំមកហើយ។
«ចម្រៀង៖ ឆ្នាំ២០១៤ ឈឺចាប់បេះដូងអង្រួន ព្រឹត្តិការណ៍ផ្លូវវេងស្រេងហាក់ដូចគំនុំគុំកួន តវ៉ារឿងប្រាក់ឈ្នួល ដើម្បីតែជីវភាព អ្នកតស៊ូ ដើម្បីសិទ្ធិ ដើម្បីសេរីភាព ស្វែងរកនូវយុត្តិធម៌ពោពេញដោយឧបសគ្គ។ ឯណាអ្នកទទួលខុសត្រូវលើផ្លូវដែលគ្រោះថ្នាក់ ក្នុងស្ថានការណ៍ ដែលកំពុងតែវឹកវរបាតុករបានប៉ះទង្គិចជាមួយអាជ្ញាធរ បង្កជាហិង្សារងគ្រោះអាយុជីវិត មានអ្នកស្លាប់ មានអ្នករបួស ឈឺចាប់»។
កងកម្លាំងប្រដាប់អាវុធបានបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករតវ៉ាទាមទារប្រាក់ខែគោលកាលពីដើមឆ្នាំ ២០១៤ នៅលើផ្លូវវ៉េងស្រេង និងនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ដោយបានវាយដំ និងបាញ់រះ ធ្វើឱ្យមនុស្ស ៤នាក់ស្លាប់ ៣៨នាក់របួស ព្រមទាំងបាត់ខ្លួនក្មេងប្រុសម្នាក់។ យុវជន គា សុគន្ធ អះអាងថា បទចម្រៀងឈាមបាតុកររំឮកពីការតស៊ូរបស់កម្មករ ដែលបានលះបង់ឈាមស្រស់ នៅក្នុងការតវ៉ា រួមនឹងជាការពញ្ញាក់អារម្មណ៍ឱ្យគ្រប់ភាគីពាក់ព័ន្ធស្វះស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
យ៉ាងនេះក្ដីស្នាដៃនេះប្រែក្លាយជាដើមចមនៃការចោទប្រកាន់ថា «ញុះញង់»។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការការផ្សព្វផ្សាយបទចម្រៀង «ឈាមបាតុករ» ដោយចោទថា បទចម្រៀងនេះ មានខ្លឹមសារ «ញុះញង់» អាចបង្កជាអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលចំនួន៤ ដែលបានរួមគ្នារម្លឹកខួប ៩ឆ្នាំនៃអំពើហិង្សា និងបានផ្សព្វផ្សាយបទចម្រៀងនេះក៏ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ខំឱ្យលុបចម្រៀងនោះចេញពីបណ្ដាញសង្គមរបស់ពួកគេហើយដែរ។
ទាក់ទងនឹងរឿងនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតែចេញផ្សាយរបាយការណ៍ការពិតពីពលរដ្ឋបាត់ដីស្រែនៅតាមព្រំដែនកម្ពុជាវៀតណាម មើលឃើញថាក្រសួងវប្បធម៌គួរតែជាស្ថាប័នយកចិត្តទុកដាក់ជំរុញឱ្យយុវជនក្លាហានដូច គា សុគន្ធ នេះ ដើម្បីបណ្ដុះគ្រាប់ពូជយុវជនស្នេហាជាតិ។ លោកថា ការបំបិទមាត់អ្នកហ៊ាននិយាយការពិតបែបនេះបង្ហាញពីវប្បធម៌ក្ដិចត្រួយ៖
«យុវជនបែបហ្នឹងជាយុវជនកម្រ ដែលយើងគួរតែលើកទឹកចិត្តគាត់ ទី១គឺឱ្យគាត់បន្តដើម្បីឱ្យយុវជនផ្សេងទៀតចូលរួមជាមួយបានច្រើន។ ប្រសិនបើយើងគ្រាន់តែឃើញមានពន្លកមួយមកមានឆន្ទៈជាតិ ហើយយើងជាន់ពន្លិចវិញ គឺយើងកំពុងតែចូលរួមធ្វើឱ្យសង្គមយើងដើរថយក្រោយទៅវិញទេ»។
ចំណែកអ្នកចូលចិត្តការតែងនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ អ្នកនាង លឹម វីរីយ៉ា សោកស្ដាយ ដែលអាជ្ញាធរបន្ទច់បង្អាក់យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធហ៊ានលាតត្រដាងការពិតពីបញ្ហាក្នុងសង្គមបែបនេះ។ អ្នកនាងថា សង្គមមួយចាំបាច់ត្រូវមានអ្នកនិពន្ធ អ្នកសិល្បៈ ដែលជួយបណ្ដុះស្មារតីស្នេហាជាតិ ដែលមិនអាចខ្វះបាន៖
«វាពិតជាសំខាន់មែន សំខាន់ខ្លាំងណាស់ ព្រោះអីស្នាដៃសិល្បៈ ស្នាដៃចម្រៀង កំណាព្យ ការតែងនិពន្ធអីនេះវាធ្វើឱ្យមនុស្សចងចាំបានល្អប្រសើរជាងការនិយាយធម្មតាៗ»។
ចម្រៀង «ឈាមបាតុករ» ដែលនាំឱ្យមានភាពចម្រូងចម្រាស់នេះគ្រាន់តែជាផ្នែកមួយនៃស្នាដៃរបស់យុវជន គា សុគន្ធ ហើយយុវជនរូបនេះក៏ធ្លាប់បានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ក្នុងចំណោមទោសសរុប១ឆ្នាំ៨ខែ ដោយសារតែបទចម្រៀងទាំងនោះផង។ ចម្រៀងរបស់ គា សុគន្ធ ដែលមានអ្នកចូលមើលរាប់លាននាក់ក្នុងបណ្ដាញសង្គម យូធូប (YouTube) និងជាហេតុផលឱ្យអាជ្ញាធរចោទប្រកាន់ពីបទញុះញុងនោះរួមមាន៖ ទឹកភ្នែករាស្រ្ត សាសន៍កំសត់ ផ្លូវជីវិត និងដីខ្មែរជាដើម៖
«យើងបើអស់ដីគ្មានអ្វីនៅទៀតទេ កុំរវល់តែផឹកស៊ីប្រយ័ត្នផែនទីនៅលើគេ សាសន៍មួយចំនួនកំពុងតែឈ្លានពានពេលដែលយើងបាក់សាមគ្គីគេនឹងមកទន្រ្ទាន។ ស្ដាប់ខ្ញុំឱ្យជាក់ភ្ញាក់ពីដំណេកមក យើងជាវីរៈបុរស យកខ្នោះទៅចាប់ចោរ កម្ទេចពួកកេងប្រវ័ញ្ចន៍ ហើយចាក់សោ ស្វែងរកសេរីភាព។ កុំខ្លាចកុំឆោឡោ។ បើអ្នកខ្លាចអ្នកភ័យ ហើយអ្នកព្រួយ ចុះស្រុកកម្ពុជាបាននរណាគេមកជួយ បើបច្ចុប្បន្នកាលពោរពេញដោយពុករលួយ អាណានិគមជំនាន់ក្រោយ ច្បាស់ជាក្ស័យម្ដងមួយ»។
សមាជិកសមាគមអ្នកនិពន្ធខ្មែរ អ្នកនាង លឹម វីរីយ៉ា មើលឃើញព្រលឹងនៃអ្នកតែងនិពន្ធពិតប្រាកដនៅក្នុងខ្លួនរបស់យុវជនរូបនេះ។ អ្នកនាងថា មានតែអ្នកនិពន្ធ ដែលនិយាយពីការពិតក្នុងសង្គមទេ ដែលអាចបន្សល់ទុកស្នាដៃមានតម្លៃពិតប្រាកដ សម្រាប់ជាគតិដាស់តឿនអ្នកជំនាន់ក្រោយ៖
«តែបើវាក្លាយជាប្រវត្តិសាស្រ្តហើយស្នាដៃរបស់អ្នកនិពន្ធ ដែលមានគុណតម្លៃខ្ពង់ខ្ពស់បំផុត ដែលគេនឹងលើកទៅនិយាយ គឺមានតែរឿង ដែលនិយាយពីការតស៊ូ ដើម្បីសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ ដើម្បីសន្តិភាពអីញ្ចឹងទេ ដែលវាមានតម្លៃ»។
ទាំងកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៏ មេដឹកនាំសហជីព និងអ្នកចូលចិត្តការតែងនិពន្ធរំពឹងថា អាជ្ញាធរនឹងពិចារណាទុកសេរីភាពនៃការតែងនិពន្ធឱ្យយុវជនបានបញ្ចេញមតិ បាននិយាយពីបញ្ហាពិតជាក់ស្ដែង និងអំពើអយុត្តិធម៌ក្នុងសង្គម ដែលពួកគេកំពុងរស់នៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ិរីវត្ថ ដើម្បីឆ្លើយតបនឹងរឿងនេះបាននៅឡើយទេនៅថ្ងៃទី១៩ ខែមករា។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយតបថា រដ្ឋាភិបាលធានាសេរីភាពពលរដ្ឋក្នុងការតែងនិពន្ធ ប៉ុន្តែការតែងនិពន្ធត្រូវស្ថិតក្នុងក្របខណ្ឌកំណត់ ជាពិសេសនៅក្នុងស្ថានភាពមុនការបោះឆ្នោតបែបនេះ៖
«រដ្ឋាភិបាលត្រូវតែគ្រប់គ្រងស្ថានភាព ដើម្បីឱ្យដំណើរការបោះឆ្នោតប្រកបដោយសន្តិភាព សេរីភាព និងភាពស្និទ្ធស្នាលគ្នា ដើម្បីកសាងវប្បធម៌អ្វីមួយហៅថាប្រជាធិបតេយ្យហ្នឹងឯង ដូចជាចម្រៀងខ្លះ ការពិតខ្លះគេមិនឱ្យនិយាយណាការពិតវារែងស្លែង»។
ការតែងនិពន្ធ និងផ្សព្វផ្សាយជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិ ដែលមានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងស្របតាមបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលសេរីភាពនេះមិនត្រូវប្រើប្រាស់ជាដើមចមក្នុងការចាប់ឃុំខ្លួនដាក់ពន្ធនាគារឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I love this kind of you but I do not want them to expose too much the question why >> the killer are still at large
every Cambodian should know how dangerous their nation is . as some world agency said for a long time ago Cambodia the country for sell . don’t any Cambodian see how the uneducated leader HUN SEN sold off just about every thing in Cambodia right now . in the near future the triangle part of this country will put into used by three nation . the three provinces will belonging to UNITED ENDOCHEN to use under Vietnamese leadership . as you knew LAO was over right now they use two flags but in the future there will be one language one flag . I knew Cambodia future will be the same if HUN family still be in powers . I knew unless any new party come up in powers and reveal the PARIS peace accord by international agreement . please checking out how deep Cambodia in deft to CHINA and how Vietnam got their influent in Cambodia . didn’t any one see Vietnamese and Chines is more then Cambodian population ??. can you see Cambodian is getting out of it’s country and those two nations is getting in . I know sooner or later Cambodia is just only name and will become same as lower Cambodian .