អតីត​បុគ្គលិក​អះអាង​ថា មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​នៅ​ក្រុងបាវិត​នៅ​តែ​មាន​ករណី​ធ្វើ​ទារុណកម្ម​បុគ្គលិក

ដោយ មាន ឫទ្ធិ
2023.01.22
RFA

អតីត​បុគ្គលិក​អះអាង​ថា មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​នៅ​ក្រុងបាវិត​នៅ​តែ​មាន​ករណី​ធ្វើ​ទារុណកម្ម​បុគ្គលិក

អតីត​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​នៅ​ក្រុងបាវិត​ ដែលត្រូវបានចាប់បង្ខាំង​ធ្វើ​ទារុណកម្ម​នាពេលកន្លងមក។ រូប៖ បុគ្គលិកផ្តល់ឱ្យ


អតីត​បុគ្គលិក​​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​នៅ​តែ​អះអាង​ថា ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​នេះ​ពិតជា​មាន​ករណី​បង្ខាំង​មនុស្ស​បង្ខំ​ធ្វើការ​ឆបោក​តាម​អនឡាញ (Online) និង​​ធ្វើទារុណកម្ម​បុគ្គលិក​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្រុមហ៊ុន។ ប៉ុន្តែ អាជ្ញាធរ​ខេត្តស្វាយរៀង​ឆ្លើយតប​ថា មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​ពុំមាន​ករណី​បង្ខំាំង​មនុស្ស​ធ្វើ​ទារុណកម្ម​នោះទេ។ ទោះយ៉ាងណា មន្ត្រី​សង្គមស៊ីវិល​ទាមទារ​ដល់​អាជ្ញាធរ​ស៊ើបអង្កេត​បន្ថែមទៀត ដ្បិត​កន្លងទៅ​អាជ្ញាធរ​ពុំ​បាន​បង្ហាញព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ជុំវិញរឿង​នេះ​នៅ​ឡើយ​ទេ។

អ្នក​ធ្លាប់​ធ្វើការងារ​ផ្នែក​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត ខេត្តស្វាយរៀង​លើកឡើង​ថា បុគ្គលិក​ជនជាតិ​ខ្មែរ​ភាគច្រើន​បាន​លាឈប់​ពី​ការងារ​ក្រោយ​ពួកគេ​បាន​ដឹងថា មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​មាន​បង្កាប់​នូវ​អាជីវកម្ម​ខុសច្បាប់ និង​មាន​ករណី​ធ្វើ​ទារុណកម្ម​បុគ្គលិក​បរទេស។

អតីតបុគ្គលិក​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២២ ខែមករា​ថា លោក និង​មិត្តភក្តិ​របស់​លោក​មួយចំនួន​ទៀត​បាន​លាឈប់​ពី​ការងារ​នៅ​មជ្ឈមណ្ឌល​ទីក្រុងហេងហេង​ក្រោយ​ពី​ដឹង​ថា មាន​ការ​ធ្វើទារុណកម្ម​មនុស្ស។ លោក​រាប់រៀប​ថា ក្នុង​មជ្ឈមណ្ឌល​នោះ​មាន​អាជីវកម្ម​ចម្រុះ និង​មាន​អគារ​ពុះចែក​ដូចជា​ល្បែងស៊ីសង និង​កន្លែង​បាផឹកស៊ី​ផ្សេងៗគ្នា ព្រមទាំង​មាន​នារី​ជនជាតិ​វៀតណាម​រាំ​ស្លៀក​ពាក់​សិចស៊ី (Sexy) កំដរ​អារម្មណ៍​ជនជាតិចិន​នាពេល​រាត្រី​ថែមទៀត​ផង៖

«ប្រសិនជា​បុគ្គលិក​អត់ទាន់​ដល់​កុងត្រា ហើយ​ទាមទារ​ទៅ​ផ្ទះអត់​មាន​លុយ​សង ទីមួយ​គេ​ឱ្យ​បុគ្គលិក​ហ្នឹង​ទាក់ទង​ទៅ​អ្នកផ្ទះ។ បើ​អ្នក​ផ្ទះអត់​មាន​លុយ​សង [ក្រុមហ៊ុនគឺ​ដឹង​តែ​ធ្វើ​ទារុណកម្ម​ហើយ។ ដាក់​ខ្នោះ នៅ​ជើងគ្រែ​ហើយ​ឆក់​យក​ហ្មង។ គិត​ក្នុង​ចិត្ត​ខ្ញុំ​ថា ធ្វើការ​នៅ​ហ្នឹង​ក៏​អត់​បាន​យូរ​ដែរ ព្រោះ​ឃើញ​សភាព​បែបហ្នឹង ព្រោះ​មិន​ថា​ជនជាតិ​គេ មិនថា​ជនជាតិ​យើង​សុទ្ធ​តែ​មនុស្ស​ដូចគ្នា​ហើយ​ដាក់​គ្នា​ឆក់»

អតីត​បុគ្គលិក​រូបនេះ អះអាង​ទៀត​ថា ខាងក្រៅ​ជុំវិញ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​មាន​ព័ទ្ធ​របង​បន្លាលួសខ្ពស់ និង​មាន​ក្រុមសន្តិសុខ​ប្តូរវេណ​គ្នា​យាមកាម​ច្រកចេញចូល​យ៉ាង​ប្រុងប្រយ័ត្ន ២៤ម៉ោង។

ឆ្លើយតបនឹងរឿងនេះ អភិបាលក្រុងបាវិត លោក លឹម សៀងហេង ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រោយ​មាន​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​រាយការណ៍​ថា មាន​ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្ម សមត្ថកិច្ច​​បាន​ចុះស្រាវជ្រាវ និង​ពុំមាន​ករណី​ធ្វើទារុណកម្ម​នោះទេ។ លោក​បន្ថែម​ថា មកដល់ពេលនេះ​នៅ​ក្រុងបាវិត​ពុំ​មាន​មជ្ឈមណ្ឌល​ណា​ឈ្មោះ​ទីក្រុង​ហេងហេង​ទៀត​នោះដែរ ដោយសារ​តែ​គេ​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅ​ជា​ទីក្រុងបាវិត​វិញ៖

«អត់ទេ នៅ​ទីតាំង​ហ្នឹង​ដូចជា​មិន​មាន​ករណី​បង្ខាំង​វាយ​ខ្នោះ​ទេ ព្រោះ​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​រួចហើយ។ កន្លងមក​ហ្នឹង មជ្ឈដ្ឋាន​មួយ​ចំនួន​ចេះ​តែ​លើកឡើង​ថា ព័ត៌មាន​មាន​ករណី​បង្ខាំង​ចេះ បង្ខាំង​ចុះ ដល់ពេល​សមត្ថកិច្ច​យើង​ស្រាវជ្រាវ​ទៅ​ដូចជា​មិនមាន ករណី​បង្ខាំង​ណាមួយ​កើតឡើង​ទេ»

បន្ទាប់​ពី​អតីត​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​បាន​ទម្លាយ​ប្រាប់​វិទ្យុអាស៊ីសេរី​កាល​ពី​ខែតុលា ឆ្នាំ២០២២ ជុំវិញ​រឿងរ៉ាវ​មិន​ប្រក្រតី​មួយចំនួន​ដូចជា​ការនាំ​មនុស្ស​ចេញ​ស្ងាត់ៗ បង្កប់​មាន​សេវាកម្ម​ផ្លូវភេទ និង​មាន​ការ​ធ្វើទារុណកម្ម​បុគ្គលិក មជ្ឈមណ្ឌល​នេះ​បាន​បិទទ្វារ​ផ្អាក​មួយរយៈខ្លី បន្ទាប់​ពី​អាជ្ញាធរ​ចូល​ស្រាវជ្រាវ។ អ្នក​ធ្លាប់​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ហេងហេង​ឱ្យដឹង​ថា បច្ចុប្បន្ន​នៅមជ្ឈមណ្ឌល​កម្សាន្ត​នេះ​បាន​ដំណើរការ​ឡើងវិញ​ហើយ ខណៈ​បុគ្គលិក​ចាស់ៗ​បាន​លាឈប់​ពី​ការងារ​ជា​បន្ត​បន្ទាប់។

អតីត​សន្តិសុខ​ម្នាក់ទៀត​នៅ​មជ្ឈមណ្ឌល​ទីក្រុងហេងហេង​អះអាង​ថា ជនជាតិចិន និង​វៀតណាម​ដែល​មក​ចូលធ្វើការ​នៅ​មជ្ឈមណ្ឌល​មួយនេះ​គឺ​ពួកគេ​ឆ្លងដែនចូល​កម្ពុជា​ដោយ​ខុសច្បាប់។ លោក​បញ្ជាក់​ថា ជនជាតិវៀតណាម​ខ្លះ​ត្រូវបាន​ថៅកែចិន​ដឹក​ចូល​មក និង​អ្នកខ្លះដើរ​ចូល​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ស្បែងជើងពាក់ និង​ខ្លួនប្រាណ​ប្រឡាក់ភ្លក់ ជាដើម។ លោក​ឱ្យដឹង​ថា លោក​បាន​ចូល​ធ្វើការ​មជ្ឈមណ្ឌល​ទីក្រុងហេងហេង​បាន​ជាង​មួយឆ្នាំ ហើយ​ថៅកែ​ចាត់ឱ្យ​លោក​យាមកាម​បុគ្គលិក​ណា​ដែល​មាន​បំណង​រត់​គេចខ្លួន៖

«កាល​ខ្ញុំ​នៅ​ចូល​ជាង ៤រយនាក់ (៤០០សន្តិសុខ។ គេ​ឱ្យ​តែ​យាមខាងៗ គេ​ដាក់​ឆត្រ​ឱ្យ​យើង​អង្គុយ គេ​ដាក់​នៅ​កន្លែង​វាលៗ យាម​កុំ​ឱ្យ​វៀតណាម​គេ​រត់​ហ្នឹង។ រត់​រហូត​តើ​បង ផ្លោះ​របង​រត់​ទៅ​បាត់ៗ ចាប់​ម៉េច​ទាន់​ពួកវា រត់​លឿនៗ​ណាស់​លួច​លុយ​ក្រុមហ៊ុន។ គាត់ [ជនជាតិវៀតណាមច្រើន​តែ​លុយ​មក អត់​មាន​ពាក់ស្បែកជើង​អត់​មាន​អីទេ សុទ្ធ​តែ​ភក់។ ជនជាតិចិន​គេ​ចេញ​ចូល​សេរី គេចង់​ទៅ​ណា​ក៏​បាន។ ទាស់​តែ​បុគ្គលិក​ខ្មែរ បុគ្គលិក​វៀតណាម បុគ្គលិក​វៀតណាម​ចេញ​ក្រៅ​អត់​បាន​ហ្មង ចេញ​បាន​តែ​ខ្មែរ​ទាល់​តែ [ថ្ងៃ​ឈប់​សម្រាក] (Day off) ទៀត»

អតីត​សន្តិសុខ​រូបនេះ បញ្ជាក់​ថា បុគ្គលិក​ទាំងអស់​ក្នុងអគារក្រុមហ៊ុនថៅកែ​មិន​អនុញ្ញាត​ចេញចូល​ដោយ​សេរី​ដូចជា​កម្មករ​រោងចក្រ​ទេ។ លោក​ថា សម្រាប់​ជនជាតិចិន​វិញ​គឺ​អាច​ចេញចូល​ដោយ​សេរី។

មជ្ឈមណ្ឌល ទីក្រុង​ហេងហេង ស្ថិតនៅ​ជាប់ព្រំ​ប្រទល់​ប្រទេសវៀតណាម ដែល​ស្ថិតនៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង។ មជ្ឈមណ្ឌល​នេះ​ជាគឺជា​របស់​ក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុបមែន គ្រុប (Heng Heng Investment and Development Group Co., LTD) ហើយ​ម្ចាស់​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ ស៊ូ លៀងហ្សេង (Su Liangseng) ដែល​ជា​អ្នកជំនួញ​ជនជាតិចិន​ដែល​សិទ្ធិ​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន។

វិទ្យុអាស៊ីសេរី​មិនអាច​ទាក់ទង​ក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន និង​អភិបាល​រង​ខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ដើម្បី​សាកសួរបន្ថែម​ជុំវិញ​រឿងនេះ បានទេ​នៅ​ថ្ងៃ​ទី២២ ខែមករា។

ថ្វីដ្បិត អភិបាលក្រុងបាវិត លោក លឹម សៀងហេង បាន​បដិសេធ​ថា នៅ​​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ពុំមាន​ករណី​បង្ខាំងមនុស្ស​ធ្វើទារុណកម្ម​ក៏​ដោយ ក៏​លោក​មិន​បាន​បញ្ជាក់​ពី​ប្រភេទអាជីវកម្ម​ក្នុង​មជ្ឈមណ្ឌល​នេះ និង​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​បង្ហាញ​ឱ្យ​មហាជន​មាន​ជំនឿចិត្ត​នៅ​ឡើយ​ទេ។ កាល​ពី​ពាក់​កណ្ដាល​ខែតុលា ឆ្នាំ២០២២ កន្លងទៅ​សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​​ជិត៣រយនាក់​ឆ្លងដែន​ខុសច្បាប់​ចូល​ធ្វើការ​ក្នុង​ក្រុងបាវិត។ ក្រៅពីនេះ អាជ្ញាធរ​បាន​ចុះស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជា​បន្តបន្ទាប់ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់​លើកឡើងថា ខេត្តស្វាយរៀង និង​ខេត្តព្រះសីហនុ ជា​ទីតាំង​ប្រឈម​មាន​ការ​ជួញដូរមនុស្ស។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​សីហា មកដល់​ខែ​វិច្ឆិកា ឆ្នាំ២០២២ បាន​រក​ឃើញ​ជន​រងគ្រោះ​ជាង ១ពាន់នាក់ (១.១២២) ក្នុងនោះ​ស្រី​ជាង ១នាក់ (១២១)។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ថា មាន​ជនរងគ្រោះ​ដោយ​អំពើជួញដូរមនុស្ស ការបង្ខាំង និង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ចំនួន​ជាង ១រយនាក់ (១៥៣) ក្នុង​នោះស្រី ១៨នាក់។

ពាក់ព័ន្ធ​នឹង​រឿងនេះ កន្លងទៅ​មានការ​ចោទប្រកាន់​ថា ក្រុមហ៊ុនចិន​មួយចំនួន​នៅ​កម្ពុជា​ប្រតិបត្តិការ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​មាន​ក្រុម​ឈ្មួញ​ឧកញ៉ា​គ្រាក់ៗ សាច់ញាតិ​ត្រកូល ហ៊ុន និង​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន នៅ​ពី​ក្រោយខ្នង។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍​ថា រាល់​សេចក្ដីរាយការណ៍​របស់​ពលរដ្ឋ ពិសេស​ពាក់ព័ន្ធ​រឿង​អំពើ​ជួញដូរមនុស្ស អាជ្ញាធរ​គួរ​ស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់ និង​ពុំគួរ​ដាក់​សម្ពាធ​ពលរដ្ឋ​ដែល​បាន​រាយការណ៍​នោះទេ។ លោក​បញ្ជាក់​ថា អំពើ​ជួញដូរមនុស្ស​នៅ​កម្ពុជា​នៅតែ​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ ដ្បិត​ឧក្រិដ្ឋជន​មាន​វិធីសាស្រ្ត​កាន់តែ​ទំនើប​ក្នុង​ប្រតិបត្តិការ​ជួញដូរមនុស្ស​នៅ​កម្ពុជា៖

«អង្គការ​លីកាដូ យើង​នៅតែ​មាន​ការព្រួយបារម្ភ។ អ៊ីចឹង​ហើយ​នៅ​តែ​ទទូច​ថា ប្រសិន​ជា​មានការ​ទទួល​ព័ត៌មាន​បងប្អូន​ប្រជាពលរដ្ឋ ឬ​បងប្អូន​កម្មករ​ធ្វើការ​នៅទីនោះ​ហើយ​មាន​ព័ត៌មាន​ដែល​អាច​នាំឱ្យ​មាន​ការ​ជួញដូរមនុស្ស ឬ​ភាព​ប្រឈម​របស់​កម្មករ​នៅទីនោះ​គួរតែ​អាជ្ញាធរ​ចាត់វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់»

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២២ របស់​ក្រសួងការបរទេស​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា មក​កម្រិត​ទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពីឆ្នាំ២០១៥ មក។ អាមេរិក​រក​ឃើញ​ថា កម្ពុជា​ដើរ​ថយក្រោយ​ក្នុង​ការ​លុបបំបាត់​ការជួញដូរ​មនុស្ស​នេះ ដោយសារ​បញ្ហា​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការ​អនុវត្តច្បាប់​លើ​ក្រុមឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ជួញដូរ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment