អ្នកគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេស ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក ថាច់ សេដ្ឋា

កម្ពុជា-នយោបាយ
23/01/2023 – 07:21
ដោយ៖ សាំ ឧត្តម
RFI

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន © Internet


អ្នកគាំទ្រគណបក្សភ្លើងទៀនរស់នៅក្រៅប្រទេស បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន​ដែលត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាចាប់ឃុំខ្លួនក្រោមបទចោទ «ចេញសែកក្លែងក្លាយ»។ ក្រុមបាតុករបានលើកឡើងថា ការចេញធ្វើបាតុកម្មនេះ គឺដើម្បីជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុកបុកម្នេញមកលើអ្នកនយោបាយដែលមាននិន្នាការប្រឆាំងបន្តទៀត ខណៈពួកគេក៏អំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកទោសមនសិការផ្សេងទៀត។

លោក អន ចាន់ថន ប្រធានគណបក្សភ្លើងទៀនប្រចាំប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា ពលរដ្ឋខ្មែរដែលភាគច្រើនជាពលករនិងជាអ្នកគាំទ្រគណបក្សភ្លើងទៀនប្រមាណ៥០នាក់បាននាំគ្នាចេញតវ៉ានៅក្នុងតំបន់ក្វាងជូធំ ដើម្បីស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​​ សែន ដោះលែងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋាដោយឥតលក្ខខណ្ឌ ព្រមទាំងអ្នកទោសមនសិការជាតិទាំងអស់ដែលកំពុងរងភាពអយុត្តិធម៌ពីការអនុវត្តច្បាប់ដោយតុលាការក្រុងភ្នំពេញ។

សកម្មជនរូបនេះ បានចាត់ទុក ការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀនក្រោមការចោទប្រកាន់ថា បានចេញសែកក្លែងក្លាយ គឺជាហេតុផលនយោបាយ និងជាការគំរាមកំហែងដល់បរិយាកាសនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិ ខណៈករណីចាប់ខ្លួននេះទៀតសោធ​ លោកយល់ថា ជាការបំបាក់ស្មារតីកម្លាំងអ្នកគាំទ្របក្សភ្លើងទៀន។  

ប្រធានបក្សភ្លើងទៀនប្រចាំប្រទេសកូរ៉េរូបនេះ បន្តថា ប្រសិនបើ រដ្ឋាភិបាលចង់បានភាពស្របច្បាប់ពីសហគមន៍ជាតិ និងអន្តរជាតិ រដ្ឋាភិបាលខ្លួនឯង ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ និងបើកលំហរប្រជាធិបតេយ្យ តាមរយៈការបើកសិទ្ធិពេញលេញឱ្យអ្នកទោសនយោបាយអាចចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្តដាខាងមុខ។

ក្រៅតែពីពលរដ្ឋខ្មែររស់នៅឯប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅឯប្រទេសថៃ ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត ក៏បានចេញធ្វើបាតុកម្មដូចគ្នា។  នៅឯប្រទេសថៃ សកម្មជន និងអ្នកគាំទ្របក្សភ្លើងទៀនប្រមាណ៥០នាក់បានប្រមូលផ្តុំគ្នារៀបចំពិធីកោរសក់បែបសាសនានៅឯវត្តមួយកន្លែងនៃស្រុក ស៊ីរ៉ាឆា ក្នុងខេត្តឈុន បុរី ក្រោមកម្មវត្ថុដូចគ្នា។   

ចំណែកពលរដ្ឋរស់នៅឯប្រទេសជប៉ុន បានចេញក្បួនតវ៉ាផងដែរ ដោយនៅក្នុងក្បួនបាតុកម្មពួកគេបានលើកបដាថា ពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេសទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងស្នើឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យពលរដ្ឋរស់នៅក្រៅប្រទេសអាចធ្វើការបោះឆ្នោតបាន ជាពិសេសលុបបំបាត់រូបភាពអយុត្តិធម៌នៅក្នុងសង្គម និងបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកប្រជាធិបតេយ្យក្នុងស្រុក។

ជុំវិញការតវ៉ាពីពលរដ្ឋរស់នៅក្រៅប្រទេសនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា នេះសិទ្ធិសេរីភាពក្នុងការសម្តែងមតិ។ ប៉ុន្តែ លោកថា ការសម្តែងមតិរបស់ពួកគេ គឺដើម្បីកេងចំណេញផលប្រយោជន៍នយោបាយ ដោយមិនចេញពីឆន្ទះរបស់ពួកគេឡើយ ខណៈសំណុំរឿងរបស់លោក ថាច់ សេដ្ឋា លោកថាគឺជាការអនុវត្តតាមផ្លូវច្បាប់សុទ្ធសាធ។

បើតាម លោក ផៃ ស៊ីផាន ពលរដ្ឋខ្មែរគួរពង្រឹងការអនុវត្តនីតិរដ្ឋ ជាជាងការពារទង្វើខុសច្បាប់របស់បុគ្គលមួយចំនួន ដើម្បីហេតុផលនយោបាយរបស់ខ្លួន។

គួររំឭកបន្តិចថា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការចេញដីកាឱ្យចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែមករា ក្រោមបទចោទ ការចេញសែកក្លែងក្លាយកាលពីឆ្នាំ២០១៩ និងបញ្ចូនទៅឃុំខ្លួននៅឯពន្ធនាគារព្រៃស ក្រោយពេលលោកវិលត្រឡប់មកពីជួបជុំពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន៕

What Next?

Recent Articles

Leave a Reply

Submit Comment