អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ

ដោយ នៅ វណ្ណារិន
2023.01.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ

មហាសន្និបាតគណបក្សប្រជាជនកម្ពុជាតំណាងទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក SPM


មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពុំបាន​ប្រកាន់​ជំហរ​នយោបាយ​ការ​បរទេស​ដោយ​ឯករាជ្យ​ស្របតាម​ច្បាប់​នោះ​ទេ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ក្នុង​មហាសន្និបាត​របស់​បក្ស​ខ្លួន​ថា កម្ពុជា​ប្រកាន់​ការ​អនុវត្ត​នយោបាយ​បរទេស​ដោយ​ឯករាជ្យ។

មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ការ​ប្រកាស​របស់​គណបក្ស​កាន់​អំណាច​ថា កម្ពុជា​អនុវត្ត​នយោបាយ​ការ​បរទេស​ដោយ​ឯករាជ្យ​នោះ​គឺ​មាន​ចែង​តែ​ក្នុង​ក្រដាស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ជំហរ​លម្អៀង​ទៅ​រក​ប្រទេសចិន​កុម្មុយនីស្ត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៣០ ខែមករា​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិន​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​ស្រប​តាម​ច្បាប់​ទេ ព្រោះ​កន្លងទៅ​រដ្ឋាភិបាល​ឯក​បក្ស​តែងតែ​លម្អៀង​ទៅ​រក​ចិន និង​ដឹកនាំ​ប្រទេស​កាន់តែ​ប្រាស​ចាក​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។ ជាមួយ​គ្នា​នេះ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​គួរ​គិតគូរ​ប្រយោជន៍​ជាតិ​ជា​ធំ និង​ត្រូវ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​នយោបាយ​បរទេស​ឯករាជ្យ តាមរយៈ​មិន​លម្អៀង​ទៅ​ប្រទេស​មហា​អំណាច​ណាមួយ ព្រមទាំង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ នយោបាយ និង​សិទ្ធ​បញ្ចេញ​មតិ​ពលរដ្ឋ ផងដែរ៖

«ជាក់ស្ដែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​លោក ហ៊ុន សែន បាន​លម្អៀង​ទៅ​ប្រទេស​កុម្មុយនីស្ដ​ចិន គាត់​តែងតែ​យក​ចិន និង​យួន ជា​ចៅហ្វាយនាយ តែងតែ​ថ្នាំងថ្នាក់​ជាមួយ​នឹង​លោក​សេរី ជាពិសេស​សហរដ្ឋអាមេរិក និង​សភាព​អឺរ៉ុប ជាដើម។ លោក ហ៊ុន សែន យល់ថា មាន​តែ​ពឹង​ចិន​ទេ ដែល​អាច​ការពារ​ត​វង្ស​ត្រកូល​របស់​គាត់​បាន ហើយ​ចិន​ក៏​ជា​អ្នក​ជួយ​រដ្ឋាភិបាល​គាត់​តាម​រយៈ​កម្ចី និង​ជំនួយ​ផ្សេងៗ ដើម្បី​ឱ្យ​រដ្ឋាភិបាល​គាត់ អាច​រស់​ទៅ​មុខ​ទៀត​បាន»

លោក អ៊ុំ សំអាន បន្ថែម​ថា ប្រសិន​បើ​កម្ពុជា​អនុវត្ត​នយោបាយ​អព្យាក្រឹត្យ កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ទាំង​ពី​បណ្ដា​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​លោកសេរី។ ប៉ុន្តែ លោក​ថា បើ​កម្ពុជា​នៅតែ​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន​កម្ពុជា​នឹង​បាត់បង់​ការ​ផ្ដល់​ជំនួយ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ពី​ប្រទេស​លោកសេរី ហើយ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នឹង​មិន​ងាយ​ស្ដារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។

មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃទី២៩ ខែមករា សម្រេច​លើ​ចំណុច​សំខាន់ៗ​ជាង ១០ចំណុច​នៃ​គោលនយោបាយ​របស់​គណបក្ស​កាន់​អំណាច។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ប្រកាន់​ខ្ជាប់​ការ​អនុវត្ត​នយោបាយ​បរទេស​ឯករាជ្យ គោរព​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ (UN) និង​អាស៊ាន ដើម្បី​ចូល​រួម​ថែរក្សា​សន្តិភាព​ក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​មិន​បាន​រណប​ប្រទេស​មហា​អំណាច​ណា​មួយ​នោះ​ទេ។ លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែង​អនុវត្ត​គោល​នយោបាយ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ជុំវិញ​ពិភពលោក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ៖

«មែន​ទៅ​អែប​ចិន ដើម្បី​ទៅ​វាយ​អាមេរិក វាយ​បារាំង​ទេ មិន​មែន​អែប​ខាង​បារាំង ឬ​អាមេរិក វាយ​ចិន​ទេ​អត់​មាន​ទេ។ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ចង់​រស់​ជាមួយ​បណ្ដា​ប្រទេស​លើ​ពិភព​លោក​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត គោរព​គ្នា​ទៅវិញ​ទៅមក មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ផង​គ្នា ក៏​ប៉ុន្តែ ចំពោះ​ការណ៍​ជាក់ស្ដែង​វា​មិន​ដូច​ការ​ចោទ​ទេ»

ថ្វី​បើ​បែប​នេះ​ក្ដី ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មើលឃើញ​ថា ក្រោយ​ពី​រដ្ឋាភិបាល​ឯក​បក្ស​បាន​គាស់រម្លើង​ប្រជាធិបតេយ្យ​នៅកម្ពុជា​កាល​ពី​ឆ្នាំ២០១៧ មក​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ឱប​ក្រសោប​ចិន និង​លម្អៀង​ទៅ​រក​ចិន​ខ្លាំង។ លើស​ពី​នេះ កម្ពុជា និងចិន តែងតែ​ប្រកាស​ប្ដេជ្ញា​ប្រកៀក​ស្មា​រឹតចំណង​មិត្តភាព​ដែកថែប​បាន​ឈាន​ដល់​កម្រិត​កិច្ច​សហប្រតិបត្តិការ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ ក្រៅ​ពី​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារជាតិ និងការទូត ភាគី​ទាំង​ពីរ​ក៏​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ឈាន​រហូត​ដល់​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​មូលដ្ឋាន​ទៀតផង។

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ថា បើ​មិន​ឱ្យ​លោក​ទៅ​ពឹង​ពាក់​ប្រទេស​ចិន តើ​ឱ្យ​លោក​ទៅ​ពឹង​ប្រទេសណា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា នយោបាយ​ការ​បរទេស​របស់​កម្ពុជា​នៅ​មុន​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន គឺ​កម្ពុជា​ហាក់​គ្មាន​ជំហរ​អព្យាក្រឹត្យ​នោះ​ទេ​រហូត​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី​តែងតែ​ជំរុញ​ដល់​កម្ពុជា​រក្សា​អធិបតេយ្យភាព។ បន្ថែម​ពី​នេះ លោកថា ការណ៍ដែល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ចូល​ធ្វើ​ទំនើបកម្ម​នៅ​កំពង់រាម​ដែល​អាមេរិក​សង្ស័យ​ថា មាន​វត្តមាន​កងទ័ពចិន​លើ​ទឹកដី​ខ្មែរ ក៏​ជា​បន្ទុក​មួយ​សម្រាប់​រដ្ឋាភិបាល និង​មិនទាន់​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជម្រះ​មន្ទិល​តាម​ការ​ស្នើ​អាមេរិក​នៅ​ឡើយ៖

«ការ​ទាមទារ​ការ​លើកឡើង ពី​សហគមន៍​អន្តរជាតិ​ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ឱ្យ​កម្ពុជា​ឈរ​ជំហរ​អព្យាក្រឹត្យ​ហាក់​ដូចជា​កម្ពុជា​ហ្នឹង បាន​អនុញ្ញាត​ឱ្យ​ទ័ព​ចិន​មាន​វត្តមាន ឬ​ប្រើប្រាស់​ផែនរាម ជាដើម ដោយ​ដាក់​បន្ទុក ឬ​ចោទ​ប្រកាន់​មក​កម្ពុជា​អ៊ីចឹង ហើយ​បញ្ហា​នេះ​កម្ពុជា​ហាក់​ដូចជា​មិនទាន់​បាន​លាង​ជម្រះ​ទេ​ទាក់ទង វត្តមាន​យោធា​បរទេស​ហ្នឹង អា​ហ្នឹង​ជា​បន្ទុក​មួយ​ដែល​បង្ហាញ​ថា ជំហរ​អព្យាក្រឹត្យ​កម្ពុជា​វា​មិន​ពេញលេញ ឬ​ត្រូវ​បាន​ទទួល​យក​ដោយ​សហគមន៍​អន្តរជាតិ​ជា​ទូទៅ​ទេ»

លោក ឯម សុវណ្ណារ៉ា លើកឡើង​ទៀត​ថា កម្ពុជា​គួរ​ពន្លឿន​រក​មធ្យោបាយ​លាង​ជម្រះ​មន្ទិល​សង្ស័យ​នៃ​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែ​សមុទ្ររាម និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ព្រម​ទាំង​ស្ដារ​ប្រជាធិបតេយ្យ និង​គោរពសិទ្ធិ​តាម​ការ​ស្នើ​របស់​អាមេរិក។ លោក​បញ្ជាក់​ថា ប្រសិន​បើ​កម្ពុជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ទាំងនេះ ទោះ​បី​ជា​កម្ពុជា​មិន​អាច​ឈរ​លើ​ជំហរ​មួយ​អព្យាក្រឹត្យ​ទាំងស្រុង ប៉ុន្តែ​សហរដ្ឋ​អាមេរិក​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles