តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ០២ កុម្ភៈ ២០២៣ | ម៉ោង ១៤:៤៧
VOD

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មេធាវីការពារក្ដីឱ្យអនុប្រធានគណបក្សភ្លើងទៀន ស្នើសាលាឧទ្ធរណ៍ពន្លឿននីតិវិធីជុំវិញបណ្ដឹងជំទាស់ដីកាឃុំខ្លួន ក្រោយពី លោក ថាច់ សេដ្ឋា អះអាងថាខ្លួនមិនបានចេញមូលបទានបត្រដែលមិនមានទឹកប្រាក់ ដូចការចោទប្រកាន់។
លោក សឺន ជុំជួន ដែលជាសហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា សហមេធាវី បានដាក់បណ្ដឹងជំទាស់ដីកាឃុំខ្លួនកូនក្ដី ទៅសាលាឧទ្ធរណ៍ ដោយមេធាវីយល់ថា ការចាប់ឃុំខ្លួនកូនក្ដីនោះមានភាពមិនប្រក្រតី និងខ្វះភស្ដុតាង។
លោកបន្តថា ភាពមិនប្រក្រតីលើការចាប់ខ្លួននោះ គឺទាក់ទងនឹងមូលបទានបត្រ ឬសែក ដែលគ្មានសាច់ប្រាក់ ដោយកូនក្ដីរបស់លោកបានបដិសេធថាមិនបានចេញសែកនោះទេ ហើយកូនក្តីរបស់លោកយល់ថា អាចមានអ្នកណាផ្សេងជាអ្នកចេញសែកនោះ ដើម្បីដាក់បន្ទុកលើរូបគាត់។
លោកថា៖ «ខុសគ្នាហ្នឹងនៅត្រង់ចំណុចនៃការសរសេរមូលបទានបត្រ ថ្ងៃខែឆ្នាំ ចំណារជាអក្សរ និងចំនួនទឹកប្រាក់ គឺដូចគ្នាទាំងអស់ ទាំង៥សន្លឹក គឺដូចគ្នា! នៅពេលដែលជួបកូនក្ដីខ្ញុំនៅពន្ធនាគារ កូនក្ដីខ្ញុំថាគាត់មិនធ្លាប់ចេញមូលបទានបត្រទេ ឬជួបជាមួយម្ចាស់បំណុលអំឡុងឆ្នាំ២០១៩ ទេ»។
ករណីនេះ លោក សឺន ជុំជួន បានស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការបណ្ដឹងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្ដីរបស់លោក ខណៈសុខភាពលោក ថាច់ សេដ្ឋា កំពុងមានសភាពកាន់តែធ្ងន់ធ្ងរ។
លោកថា៖ «ខាងឧទ្ធរណ៍គួរតែមានសេចក្ដីសម្រេចមួយឱ្យមានការដោះលែងកូនក្ដីខ្ញុំបាទជាដើម ដោយសារយើងផ្អែកលើសំណុំរឿងហ្នឹងអត់មានភស្ដុតាងគ្រប់គ្រាន់។ អ៊ីចឹងយើងសង្ឃឹមថា ឧទ្ធរណ៍នឹងមានការវិនិច្ឆយយុត្តិធម៌សម្រាប់កូនក្ដីខ្ញុំ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង និងលោកស្រី ស្រេង សូយ៉េត នៅថ្ងៃព្រហស្បតិ៍នេះទេ។
លោក ថាច់ សេដ្ឋា ដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្តុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រោយចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នភ្លាមៗនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។