កម្ពុជា-សង្គម
02/02/2023 – 07:02
ដោយ៖ អោ ស្រីពេជ្រ
RFI

ក្រុមបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ © FB
សហរដ្ឋអាមេរិកនៅថ្ងៃទី២កុម្ភៈនេះបានប្រកាសប្រគល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ មេសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ មេសហជីពរូបនេះកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ១០សប្តាហ៍មកហើយ ក្រោយអាជ្ញាធរកម្ពុជាចោទថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់មិនឱ្យចាកចេញពីប្រទេស អំឡុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។
ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ទៅកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពកម្ពុជាជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ដោយការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទាក់ទងនឹងការធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏កន្លងទៅថ្មីៗនេះ។
កញ្ញា ឈឹម ស៊ីថរ គឺជាបុគ្គលខ្មែរទីមួយដែលទទួលបានពានរង្វាន់ «អ្នកការពារសិទ្ធិមនុស្ស» ពីសហរដ្ឋអាមេរិក ដែលជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកតែងផ្តល់រង្វាន់នេះទៅកាន់បុគ្គល១០រូប នៅជុំវិញសកលលោក។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ការផ្តល់ពានរង្វាន់ដែលខ្លួនហៅថា ជាពានរង្វាន់ដ៏មានកិត្យានុភាពនេះទៅដល់កញ្ញា ឈឹម ស៊ីថរ គឺដោយសារអាមេរិកទទួលស្គាល់ពីភាពក្លាហាននិងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកលនិងជាសេរីភាពជាមូលដ្ឋាន។ តែយ៉ាងណា កញ្ញា ឈឹម ស៊ីថរ មិនអាចធ្វើដំណើរទៅទទួលពានរង្វាន់នេះ នៅរដ្ឋធានីវ៉ាស៊ីនតោនបានឡើយ ដោយសារកញ្ញាជាប់ជាប់ឃុំឃាំងបណ្តោះអាសន្ន រងចាំការកាត់ទោសនៅកម្ពុជា។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានសាទរចំពោះការទទួលស្គាល់ កញ្ញា ឈឹម ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំពីសហរដ្ឋអាមេរិកនេះ និងដោយបញ្ជាក់ជាថ្មីថាការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្សគឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក។
បណ្តាទូតបរទេសលោកខាងលិចប្រចាំនៅកម្ពុជាមួយចំនួន បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឈរលើគោលការណ៍មិនបំពានសិទ្ធិមនុស្ស។ ចំណែកឯ អង្គការការពារសិទ្ធិមនុស្សមួយចំនួននៅកម្ពុជារួមមាន អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក អង្គការសង់ត្រាល់ និងសង្គមស៊ីវិលមួយចំនួនទៀត តែងតែបង្ហោះសារតាមបណ្តាញសង្គមអំពីការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យមានការដោះលែងកញ្ញាជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
សូមរំព្ញកថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពី ខែមករា ឆ្នាំ២០២២ ហើយបញ្ជូនទៅតុលាការពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីកញ្ញាបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិកជាច្រើនរយនាក់ដែលត្រូវបានបណ្តេញចេញទាំងបង្ខំឱ្យចូលធ្វើការវិញនិងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក។ ក្រៅពីនេះដែរ កញ្ញា ឈឹម ស៊ីថរ ក៏មានជាប់បណ្តឹងពីក្រុមហ៊ុន ពីបទធ្វើកូដកម្មខុសច្បាប់នាំខូចប្រយោជន៍ក្រុមហ៊ុនកាលពីឆ្នាំ២០១៣ ដែលត្រូវក្រុមហ៊ុនទាមទារសំណងមួយលានដុល្លារពីកញ្ញា៕