លោក គង់ គាំ លាលែងពីតួនាទី​ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាច​រឹប​អូស​ដីនិងផ្ទះ

ព័ត៌មានជាតិ គណបក្សនយោបាយ នយោបាយ
កញ្ញា ខាន់ លក្ខិណា | ០២ កុម្ភៈ ២០២៣ | ម៉ោង ១១:៣៥
VOD

អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ


លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

បើតាមលិខិតរបស់លោក គង់ គាំ ផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ​នេះ លោក គង់ គាំ បានប្រាប់លោក ហ៊ុន សែន ដោយទទួលស្គាល់កំហុស និងអំពើរបស់ខ្លួនក្នុងសកម្មភាពចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ។

លោក គង់ គាំ ក៏បានសុំទោសលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកថា៖ «រយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើស [ទាំងបង្ខំចិត្ត] ដកហូតដីផ្ទះលេខ​៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្តីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយ និង​ដឹងគុណចំពោះសណ្តានចិត្ត រំឭក និង​យកចិត្តទុកដាក់ សណ្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជាមធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ »។

ករណីនេះ​ លោក​បាន​សម្រេចចិត្តបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី​៣១ ខែ​មករា ឆ្នាំ២០២៣ តទៅ។

ការសម្រេចបែបនេះ លោក  គង់ គាំ លើកហេតុផលថា  ក្រោយពិនិត្យហេតុផល និង​ពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោក និងបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន។

ការប្រកាសលាលែងពីតួនាទី និងឧត្ដមប្រឹក្សាគណបក្សភ្លើងទៀននាពេលនេះ ក្រោយពីលោកគង់ គាំ និងភរិយា បានប្រគល់ដី និងផ្ទះមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រលប់មកឱ្យ​​ក្រ​​សួ​​ង​​​​ការ​បរទេស​វិញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នក្រោមបង្គាប់ពន្លឿនវិធានរឹបអូសដីនិងផ្ទះ។

​វិធាន​រឹប​អូស​អចលនទ្រព្យលោក គង់ គាំ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយ​លោក គង់ គាំ បានទ​ម្លាយ​ថា កាល​ពី​លោក​នៅ​ជាមួយ​គណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹក​ទឹក​ឱ្យនឹកប្រភព ជ្រកម្លប់​ឱ្យនឹក​អ្នក​ដាំ» តែ​ថា​ថ្ងៃ៧មករា ទំនង​ជាមិ​ន​មាន​ប្រភព​នៅ​កម្ពុជា ដូច​គណបក្ស​ភ្លើង​ទៀននោះ​ទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក គង់ គាំ លាលែងពីតួនាទី​ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាច​រឹប​អូស​ដីនិងផ្ទះ"

  1. Anonymous says:

    we understanding his situation this is what you have to do when you living among a group of shake