កម្ពុជា-នយោបាយ
02/02/2023 – 07:09
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុស្សិសនិទ្ទេស A ថ្នាក់បាក់ឌុបឆ្នាំសិក្សា ២០២២ © FB/SPM
ជាថ្មីម្តងទៀត នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុស្សិសនិទ្ទេស A ថ្នាក់បាក់ឌុបឆ្នាំសិក្សា ២០២២ នាព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យសកម្មជនគណបក្សប្រឆាំងកំពុងរស់នៅឯបរទេស ដែលបានជេររិះគន់លោកកន្លងមក អាចត្រលប់ចូលមកប្រទេសកម្ពុជាបាន ដោយមិនមានទោសពៃរ៍។ ក៏ប៉ុន្តែសម្រាប់អ្នកដែលមានដីកាតុលាការតាមចាប់ខ្លួន ក៏អាចត្រលប់ចូលមកស្រុកខ្មែរបានដែរ ប្រសិនបើពួកគេចង់ឲ្យមានការចាប់ខ្លួន។
ជាលើកទីពីរហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្រ អាចត្រលប់ចូលមកប្រទេសខ្មែរវិញបានប្រសិនបើពួកគេមិនមានដីកាតុលាការតាមចាប់ខ្លួនទេ។ ចំពោះអ្នកមានដីកាតុលាការ ក៏អាចចូលមកបានដែរប្រសិនបើពួកគេចង់ឲ្យមានការចាប់ខ្លួន។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ គឺបន្ទាប់ពីមានពលរដ្ឋខ្មែរមួយចំនួននៅឯបរទេសដែលធ្លាប់រិះគន់លោកក្នុងនាមអ្នកគាំទ្រគណបក្សប្រឆាំង មានការព្រួយបារម្ភ និងរារែកនៅពេលដែលពួកគេចង់វិលត្រលប់មកប្រទេសកម្ពុជា។
ដោយលើកឡើងពីលោកស្រី ហែម ចន្ថា អ្នកគាំទ្របក្សប្រឆាំងនៅសហរដ្ឋអាមេរិក ដែលបាននិយាយទូរស័ព្ទជាមួយលោកកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បញ្ជាក់ថា ការលើសលស់ពាក្យសម្តីបន្តិចបន្ទួចមិនមែនជាប្រធានបទសម្រាប់ប្រកាន់គ្នាមួយជីវិតនោះទេ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានលើកករណីវាយប្រយុទ្ធគ្នាជាមួយខ្មែរក្រហមយ៉ាងស្រួចស្រាល់ ទីបំផុតពេលនេះអង្គុយធ្វើការជាមួយគ្នា។ លោកថាទាំងនេះគឺជាដំណោះស្រាយ និងការបង្រួបបង្រួមខ្មែរ លើកលែងអ្នកដែលយកលោកជាសត្រូវ។
អ្នកតាមដាននយោបាយកម្ពុជាមួយចំនួន បានមើលឃើញថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ គឺជាយុទ្ធសាស្ត្របំបែក និងទាញសម្លេងគាំទ្រពីក្រុមប្រឆាំងនៅក្រៅប្រទេសខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ ក៏ប៉ុន្តែក៏ជាយុទ្ធសាស្ត្របង្រួបបង្រួមខ្មែរមួយដែរ ដើម្បីកុំឲ្យប្រទេសទន់ខ្សោយ។ នេះបើតាមអ្នកតាមដាននយោបាយ។
សូមរំលឹកថាកាលពីខែមុន លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកស្មោះស្ម័គ្រជាមួយក្រុមប្រឆាំង និងលោក សម រង្ស៊ី ដូចជាលោក ហូរ វណ្ណ ជាដើមអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ វិលត្រលប់មកកម្ពុជាបាន ដោយលោកសន្យាជួយលើកលែងទោសឲ្យ។ ក៏ប៉ុន្តែលើកលែងតែលោក សម រង្ស៊ី ម្នាក់គត់ ដែលលោក សម រង្ស៊ី ក្នុងនាមជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិត្រូវលោក ហ៊ុន សែន ចាត់ចូលទៅក្នុងយុទ្ធសាស្ត្រ (IF) របស់លោក គឺដាក់ឲ្យនៅឯកោ និងដល់ទីបញ្ចប់។
ជាការកត់សម្គាល់ ក្រៅពីភរិយាលោក សម រង្ស៊ី មានអ្នកនយោបាយដែលស្និទ្ធនឹងលោក សម រង្ស៊ី ចំនួន៧នាក់ផ្សេងទៀត កំពុងបន្តរស់នៅ និងធ្វើសកម្មភាពនយោបាយតាមលោក សម រង្ស៊ី ពីក្រៅប្រទេស។ អ្នកនយោបាយជាន់ខ្ពស់ទាំងនោះរួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ និងលោក នុត រំដួល។ អ្នកនយោបាយទាំងអស់នេះ សុទ្ធតែបានរងនូវបណ្តឹង និងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញជាច្រើនឆ្នាំពីបទចោទ «ឧបឃាត»។
លោក ម៉ែន សុថាវរិន្ទ្រ កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថាមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក សម រង្ស៊ី នឹងអាចវិលចូលប្រទេសកម្ពុជាវិញ ដរាបណាមានលោក សម រង្ស៊ី មកជាមួយ៕
YES…. are you sour how can any one believing your word????????? yesterday you swear that you are going to destroy any one who again with your ruling party . we heart so many time your massage every media you HUN SEN got so evil pointing fingers used all kind of evil word can not standstill on the chair look forward backward and see one of your high officers not clapping their hand to support you . I think you just asking every one to go back just want to kill them just like in POL POT regime . please do not trust this monster he just want to kill one more time just like he used to .