លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

ព័ត៌មានជាតិ គណបក្សនយោបាយ នយោបាយ បោះឆ្នោត
លោក ញឹម សុខន | ០២ កុម្ភៈ ២០២៣ | ម៉ោង ១៦:៣៥
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើដៃរេទៅមុខ ក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើដៃរេទៅមុខ ក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស អាចម​ក​​លេ​​​ងស្រុ​ក​​កំណើត ដោយមិនចាំបាច់ភ័យខ្លាច ក្រោមហេតុផលថា រដ្ឋាភិបាលនឹងមិនចាត់វិធានការច្បាប់នោះទេ វាលើ​ក​​លែ​​ងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

កា​​រថ្លែងរបស់មេដឹកនាំកម្ពុជានេះ ធ្វើឡើងក្នុង ពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិ​​​ទ្ទេស A សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២១ និង២០២២ នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ។

លោកថ្លែងថា អ្នកគាំទ្របក្សប្រឆាំងមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស មិនហ៊ានមកលេងស្រុកកំ​ណើ​​តរប​​ស់ខ្លួននៅកម្ពុជាទេ ដោយសារពួកគេធ្លាប់ជេរប្រមាថគណបក្សប្រជាជនកម្ពុជា និងខ្លះទៀតធ្លាប់រៃ​​អង្គាសលុយឱ្យមេដឹកនាំរបស់ពួកគេ ព្រោះតែខ្លាចអាជ្ញាធរចាត់វិធានការច្បាប់។

លោកគូសបញ្ជាក់ថា បញ្ហានេះ រដ្ឋាភិបាលនឹងមិនមានចំណាត់ការណាមួយចំពោះពួកគេដែលចង់មកលេ​ង​នៅស្រុកកំណើត​ក្នុងប្រទេសកម្ពុជាឡើយ វាលើកលែ​ង​​អ្នកដែលមានដីកាតាមចាប់ខ្លួនពីតុលាការកម្ពុជា។

បន្ថែ​​មពីនេះ លោកបញ្ជាក់ថា ការមើលឃើញកម្ពុជាផ្ទាល់ភ្នែក ក៏អាចឃើញការរីកចម្រើនរបស់កម្ពុជាក្រោ​ម​​កា​រដឹកនាំរបស់រដ្ឋាភិបាលដែរ ដើម្បីកុំឱ្យពួកគេបន្តចាញ់បោកអ្នកឃោសនាថា រដ្ឋាភិបាលបា​ន​លក់ទឹកដី​កម្ពុជាឱ្យទៅប្រទេសវៀតណាម។

លោកថា៖ «ចំណុចនេះ ក៏មានបងប្អូនយើងមួយចំនួននៅខាងក្រៅច្រឡំៗថា គាត់ធ្លាប់គាំទ្របក្សប្រឆាំង ចូលស្រុកខ្មែរអត់បាន។ អត់ទេ! សូមមកចុះ រាប់ទាំងអ្នកដែលមានដីកាចាប់ខ្លួន បើចង់ឱ្យគេចាប់ វាអត់មានទា​ស់​ខុសអីទេ ព្រោះខ្លួនមានសិទ្ធិមកតើ! […] នេះជាការដោះស្រាយបញ្ហាជាតិសាសន៍របស់យើងឱ្យមានកា​​ររួបរួមគ្នា អ្នកដែលយកយើងជាសត្រូវ យើងក៏មិនស្វាគមន៍គេដែរ»។

អ្នកវិភាគសង្គមដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារ ហើយកំពុងភៀសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ឃើញផ្សេងពីនេះ។

លោកមើលឃើញថា សាររបស់នាយករដ្ឋមន្ត្រី ជាការសារភាពថា ការដឹកនាំរបស់គាត់ ប្រទេសកម្ពុជាជាកន្លែងភ័​​យខ្លាចសម្រាប់អ្នកមាននិន្នាការជំទាស់ ហើយក៏បង្ហាញពីការដើរផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញដែលធានាពីសិទ្ធិព​លរដ្ឋ​ដែរ។

តែផ្ទុយទៅវិញ លោកយល់ថា សារនេះជាការបំបែកសំឡេងអ្នកប្រជាធិបតេយ្យ តាមយុទ្ធវិធីកៀ​រគរ និងប​ញ្ចុះ​បញ្ចូលគ្រប់រូបភាពអាចធ្វើទៅបាន។

លោកថា៖ «យុទ្ធវិធីនេះរបស់លោក ហ៊ុន សែន មិនមែនជាស្មារតីបង្រួបបង្រួមជាតិទេ។ បើបង្រួបបង្រួមជាតិ វាទាល់តែរកវិធីបញ្ចប់ជម្លោះផ្ទៃក្នុងជាតិ ឱ្យខ្មែរនិងខ្មែរអាចរស់នៅជាមួយគ្នា គ្រប់គ្នា ដោយមិនរើសមុខបុ​គ្គល។ ល្បែងរបស់លោក ហ៊ុន សែន នេះមិនត្រឹមតែមិនបង្រួបបង្រួមជាតិទេ ក៏ប៉ុន្តែព្យាយាមបំបែកបំបាក់ជា​តិ​កា​ន់តែធំ តាមរយៈបំបែកកម្លាំងអ្នកដែលមាននិន្នាការប្រជាធិបតេយ្យ»។

លោក ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ធ្លាប់បាន​អំពាវនាវ​ឱ្យ​​​ម​​នុស្ស​​​មួយ​​​ចំនួន ដែល​បន្ត​គាំទ្រ​លោក សម រង្ស៊ី ហើយចង់រួចខ្លួនពីបម្រាម​តុ​លា​​​​ការ អាច​ផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដោយ​ថា រដ្ឋាភិបាល​​ធានាបើកផ្លូវឱ្យបន្តជីវិតនយោបាយឡើងវិញបាន តាម​រយៈ​​​កា​​រ​​ស្នើ​​​​​​សុំ​ព្រះរា​​ជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ។

តែយ៉ាងណា សាររបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកតាមដានយល់ឃើញថា ជាយុទ្ធសាស្ត្រដើម្បីឱ្យលោក សម រង្ស៊ី នៅឯកោនៅក្រៅសង្វៀននយោបាយ។

ក៏ប៉ុន្តែជាង២ខែមកនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលប្រកាសឈ្មោះមន្ត្រីណាម្នាក់ដែលស្និទ្ធជាមួយលោ​ក​ សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីលោក​ សម រង្ស៊ី តាមការអំពាវនាវរបស់លោក ហ៊ុន សែន នោះទេ។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ហៅសារនាយករដ្ឋមន្ត្រីនេះនឹងបង្កើនទំនុកចិត្តដល់អ្នករិះគន់រដ្ឋាភិបាលមួយចំនួនឡើងវិញ។

ប៉ុន្តែលោកយល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យ ដើម្បីបិទខ្ទប់ដៃគូប្រកួតចេញពីទីលានប្រកួតការបោះឆ្នោត ជាការបំបិទមាត់ មិនមែនជាការបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញដែលចែងពីលំហប្រជាធិបតេយ្យនោះទេ ដែលការណ៍នេះ លោកថា ភាពរឹងមាំនៃដំណើរការប្រជាធិបតេយ្យ គឺការផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ។

លោកថា៖ «ផ្សះផ្សាជាតិ វាទាល់តែបើកចំហពហុទស្សនៈហើយទទួលយក អាហ្នឹងបានអាចផ្សះផ្សាជាតិកើត នៅក្នុងសង្គមប្រជាធិបតេយ្យនោះ ដែលគេហៅថាភាពចម្រុះនោះ។ តែបើយើងចង់ឱ្យទៅជាក្រុមតែមួ​យ ​ឱ្យយល់ដូចខ្លួនតែមួយ ហើយយល់ថាអាហ្នឹងផ្សះផ្សាជាតិ គឺមិនអាចទេៗ អាហ្នឹងជាការបំបិទមាត់ទេ»។

បន្ថែមពីនេះ លោកថា ៥ឆ្នាំក្រោយរំលាយគណបក្សសង្គ្រោះជាតិពីឆាកនយោបាយ កម្ពុជាបានបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មជាច្រើនពីលោកសេរី មន្ត្រីបក្សប្រឆាំងបានរត់ខ្ចាត់ខ្ចាយ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យបន្តធ្លាក់ចុះ អ្នកកាន់អំណាចដេកភ័យព្រួយពីការបះបោររបស់ពលរដ្ឋដែលរងអយុត្តិធម៌ រួមទាំងរងសម្ពាធពីអន្តរជាតិក្នុងការជំរុញឱ្យស្ថានការណ៍នយោបាយប្រសើរឡើងវិញ។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើក​ឡើងថា ការ​រីកចម្រើន​របស់​​កម្ពុជាត្រូវ​ផ្សារភ្ជាប់​នឹ​​ងការវិវឌ្ឍ​នយោបាយទៅរកគន្លងប្រជាធិបតេយ្យ ដែលទាមទារឱ្យមានការប្រកួតប្រជែងការបោះឆ្នោ​ត​ប្រកបដោយសុជីវធម៌ វិជ្ជាជីវៈ ខាងផ្នែកគោ​​​ល​នយោ​បាយ ចៀស​វាង​ការ​វាយ​ប្រហារ និង​ការ​ប្រើប្រាស់​វិ​ធាន​ការ​ច្បាប់ ដើម្បីគាបសង្កាត់ដៃគូប្រកួត​ដែ​ល​​ប្រើប្រាស់សិទ្ធិ ដើម្បីចូលរួមប្រកួតតាមស្មារតីរដ្ឋធម្មនុញ្ញ។

ជុំវិញបរិបទនយោយបាយនៅកម្ពុជា ក្រោយអ្នកនយោបាយប្រឆាំងត្រូវបានបិទខ្ទប់ដោយប្រព័ន្ធតុលាការ ​ស​ហភាពអឺរ៉ុប បានព្រមានរួចហើយពីវិធានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា បើការបោះឆ្នោ​ត​ខា​​ងមុខ ខ្វះលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញនោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា"

  1. Anonymous says:

    WOW … this is a true GOD of Cambodia it seem to be so sweet . sorry we can not trust crocodile changing to eat grass instate of meat . can you swear to GOD if all opposition go in you will not kill them ????????? we still be wideness if you kill any one all your families will be the same fate .