ដោយ យ៉ង ចាន់តារា
2023.02.09
RFA

ក្រុមយុវជនខ្មែរថាវរៈ និងក្រុមករុណាព្រៃអារ៉ែង ជាង ៣០នាក់ ចុះសិក្សាស្រាវជ្រាវតំបន់អារ៉ែង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង បានប្រទះឃើញដើមឈើធំៗ ត្រូវបានគេកាប់រំលំ និងសកម្មភាពកាប់ទន្ទ្រានព្រៃរានយកដីខុសច្បាប់។ រូបពីពលរដ្ឋ
ដើមឈើធំៗ ដុះអែបដងស្ទឹងអារ៉ែង ដែលភ្ញៀវទេសចរតែងតែជិះទូកទស្សនាកម្សាន្ត និងគយគន់ទេសភាព ក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល នាខេត្តកោះកុង កំពុងទទួលរងការកាប់ផ្ដួលធ្វើអាជីវកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។
ព្រះសង្ឃ និងក្រុមយុវជន បានចុះដល់ទីតាំងនោះ ស្រក់ទឹកភ្នែកស្ដាយស្រណោះ ដើមគគីរ និងឈើទាល ដែលពួកគាត់បានបំបួស កាលពីឆ្នាំមុន ត្រូវគេកាប់រំលំ ធ្វើអាជីវកម្ម។
ក្រុមយុវជនខ្មែរថាវរៈ និង ក្រុមករុណាព្រៃអារ៉ែងរកឃើញភស្តុតាងជាថ្មីទៀត បង្ហាញថា ដើមឈើធំៗ ដែលភ្ញៀវទេសចរតែងតែទៅជ្រកម្លប់ និង ថតរូបភាព បង្ហោះតាមបណ្ដាញសង្គមត្រូវគេកាប់ផ្ដួលយកដើម ដឹកយកទៅលក់ឱ្យឈ្មួញមកពីខាងក្រៅ។
ពួកគាត់សោកស្ដាយ ដើមឈើ ៤ដើម ខ្លះឱបគ្នា ៥នាក់មិនជុំ និងដើមខ្លះទៀត មានមុខកាត់ជាង ២ម៉ែត្រ ដែលជាអត្តសញ្ញាណភូមិកំណើត របស់ជនជាតិដើមភាគតិចជង នឹងលែងមានវត្តមាននៅតំបន់នោះទៀតហើយ។
សមាជិកក្រុមករុណាព្រៃអារ៉ែង ព្រះតេជព្រះគុណ ជា វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីថា ដើមឈើ ដែលព្រះអង្គបានបំបួស ដោយរុំស្បង់ចីពរ កាលពីឆ្នាំមុន តែត្រូវបានគេកាប់រំលំ ធ្វើអាជីវកម្ម កាលពីពេលថ្មីៗ នេះ។
ព្រះអង្គសោកស្ដាយ ដើមគគីរធំៗ ផ្តល់ប្រយោជន៍ច្រើនដល់បរិស្ថាន ជីវចម្រុះ និង វិស័យទេសចរណ៍ ត្រូវគេកាប់ផ្ដួល ដោយគ្មានការទប់ស្កាត់ ៖
ព្រះតេជព្រះគុណ ជា វុទ្ធី៖ «ពលរដ្ឋជាអ្នកកាន់ពុទ្ធសាសនា នៅពេលគាត់ឃើញទ្រង់ព្រះអរហន្ត ស្បង់រុំជាប់ដើមឈើ អាត្មាមិននឹកស្មានថា គាត់ហ៊ានបំផ្លាញ។ នៅពេលអាត្មាមើលហើយ ស្រក់ទឹកភ្នែក មានអារម្មណ៍សោកស្ដាយខ្លាំង ដែលបាត់ដើមឈើធំៗ ហើយដើមឈើគគីរ ជាដើមឈើប្រណិត ហើយមានតម្លៃ តែត្រូវបានដួលរលំដល់ដីបាត់។
កាលពីសប្ដាហ៍មុន ក្រុមយុវជនខ្មែរថាវរៈ និងក្រុមករុណាព្រៃអារ៉ែង ជាង ៣០នាក់ បានចុះសិក្សាស្រាវជ្រាវតំបន់អារ៉ែង នៅចំណុច ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ប្រទះឃើញដើមឈើធំៗ ត្រូវបានគេកាប់រំលំ និងសកម្មភាពកាប់ទន្ទ្រានព្រៃរានយកដីខុសច្បាប់។
បេសកកម្មនេះ ធ្វើឡើង រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែ កុម្ភៈ ក្នុងបំណងប្រមូលព័ត៌មាន ស្រាវជ្រាវ និងចងក្រងឯកសារភ្ជាប់ភស្តុតាងជាថ្មីទៀត ដើម្បីផ្ញើជូនស្ថាប័នពាក់ព័ន្ធវិធានការដោះស្រាយ វិបត្តិព្រៃឈើទាំងនេះ។
សមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា សុគុណ តុលា ឱ្យដឹងថា បច្ចុប្បន្នមានរ៉ៃអារឈើ និង ទីតាំង តំបន់បាតអាង ដែលអាជ្ញាធរកំពុងឈូសឆាយព្រៃ ដើម្បីសងទំនប់វារីអគ្គិសនីនៅតំបន់នោះ ដោយក្រុមឈ្មួញកំពុងប្រើល្បិចដឹកឈើចូលតំបន់បាតអាង ហើយបំប្លែងជាឈើស្របច្បាប់។
កញ្ញាបារម្ភថា ព្រៃអារ៉ែងដ៏ស្រស់ស្អាត ដែលជនជាតិដើមជងអាស្រ័យផល កំពុងប្រឈមការកាប់បំផ្លាញកាន់តែខ្លាំងឡើង នៅចំពោះមុខអាជ្ញាធរ៖
កញ្ញា សុគុណ តុលា៖ «ឈើដែលនាំចូលហើយ យកទៅទម្លាក់ក្នុងហ្នឹង ហើយគេថា ឈើគេបានស្ដារបាតអាងហើយ។ អ៊ីចឹងមានន័យថា ឈើដែលស្តារបាតអាង ជាឈើស្របច្បាប់ គេយកទៅលក់ ដើម្បីឱ្យឈើដែរគេស្តារ ជាឈើមានតម្លៃថ្លៃ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី និងអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង បាននៅឡើយទេនៅថ្ងៃទី៩ ខែកុម្ភៈ ដោយសារទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ក៏មិនអាចសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា បំណងរបស់លោក ចង់រក្សាតំបន់អារ៉ែង ទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេចថា តើត្រូវធ្វើដូចម្ដេច?
ការលើកឡើងនេះ គឺ ស្របទៅនឹងអ្វីដែលក្រុមយុវជន ចង់រក្សាតំបន់ព្រៃភ្នំអារ៉ែងនេះ ឲ្យគង់វង្ស និងប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិយូរអង្វែង។
ជុំវិញរឿងនេះ សមាជិកសហគមន៍ជនជាតិដើមភាគតិចជងតំបន់អារ៉ែង លោក វ៉ែន វ៉ន បារម្ភថា ប្រជាសហគមន៍គ្មានសមត្ថភាពការពារព្រៃនៅតំបន់អារ៉ែង ឱ្យគង់វង្សទេ ដរាបណា អាជ្ញាធរនៅតែបើកដៃឱ្យឈ្មួញកាប់ឈើ ដោយក្នុងមួយម៉ែត្រគូបមានតម្លៃ ៨០០ ទៅ ១.២០០ដុល្លារ។
លោកថា ព្រៃអារ៉ែងកំពុងឋិតក្នុងភាពគ្រោះថ្នាក់ ខណៈបច្ចុប្បន្នដើមគគីរ និងដើមឈើទាលជាដើមដុះតាមបណ្ដោយដងស្ទឹងអារ៉ែង ដែលជាអត្តសញ្ញាណប្រពៃណីជនជាតិដើមភាគតិចកំពុងប្រឈមការបាត់បង់។
លោក វ៉ែន វ៉ន៖«ដើមឈើហ្នឹងពីមុនមក យើងតែងតែទុកវាតាមមាត់ស្ទឹង ការពារបាក់ដីផង ហើយជាជម្រកសត្វព្រៃពពួកស្វាមាននៅតាមដើមឈើធំៗ តាមមាត់ស្ទឹង។ មកដល់ពេលនេះគេកាប់ ខ្ញុំក៏សោកស្ដាយដែរ ធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃ ទឹកក្ដៅ ត្រីក៏ថយចុះដែរ»។
សមាជិកសហគមន៍តំបន់អារ៉ែងរូបនេះចាត់ទុក ការបាត់បង់ ដើមឈើដុះតាមដងស្ទឹងអារ៉ែង នឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់អត្តសញ្ញាណប្រពៃណីជនជាតិដើមភាគតិចជង ប៉ះពាល់ជម្រកត្រី ក្រពើភ្នំ ត្រីនាគ និងជីវភាពពលរដ្ឋ ដែលអាស្រ័យផលព្រៃឈើ។
ជ្រលងអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុង ដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើដ៏ស្រស់ត្រកាល សល់ចុងក្រោយនៅកម្ពុជា។
តំបន់នោះជាកន្លែង ដែលជនជាតិដើមភាគតិចជងជាង ១.៥០០នាក់ កំពុងរស់នៅ។
អ្នកភូមិបារម្ភថា ប្រសិនបើព្រៃឈើត្រូវគេកាប់អស់ សត្វព្រៃកម្រ ដូចជា ដំរី ស្វា ខ្ទីង ត្រីនាគ និង ក្រពើភ្នំនឹងលែងមានវត្តមាននៅតំបន់នោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។