ដោយ មាន ឫទ្ធិ
2023.02.09
RFA

ទិដ្ឋភាពទន្លេមេគង្គនៅកម្ពុជា នារដូវប្រាំង។ Photo Courtesy of MRC
អ្នកជំនាញមិនរំពឹងថា អាចនឹងមានកិច្ចពិភាក្សានៅឯសន្និសីទកំពូលមេគង្គ (Mekong Summit) នៅឯទីក្រុងវៀងចន្ទន៍ (Vientiane) ប្រទេសឡាវ (Lao) នាដើមខែមេសាខាងមុខនេះ ជុំវិញដំណោះស្រាយលើបញ្ហាដែលចិនបានបើកទ្វារទឹកទំនប់វារីអគ្គិសនីនៅមុនកាលកំណត់នៅរដូវប្រាំងឆ្នាំនេះ។ អ្នកជំនាញរូបនោះលើកឡើងថា ការណ៍នេះ គឺដោយសារតែប្រទេសនៅខ្សែទឹកខាងលើមិនចង់លើកឡើងពីផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយទំនប់វារីអគ្គិសនីរបស់ខ្លួន។ ការសិក្សានានារកឃើញថា ទង្វើរបស់ចិនបង្កឱ្យមាននូវភាពមិនប្រក្រតីនៃរំហូរទឹកទន្លេដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការប្រកបជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ។
ការប្រែប្រួលរំហូរទឹកទន្លេមេគង្គខុសពីប្រក្រតីដោយសារតែការបិទបើកទ្វារទឹកនៃទំនប់វារីអគ្គិសនីនៅតាមប្រទេសខ្សែទឹកខាងលើទន្លេមេគង្គ កំពុងក្លាយជាប្រធានបទក្តៅមួយដែលក្រុមអ្នកជំនាញតំបន់មេគង្គលើកយកមកពិភាក្សាដើម្បីស្វែងយល់ពីបញ្ហា ផលប៉ះពាល់ និងដំណោះស្រាយ។
សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យ វីសខុនសិន-មេឌីសិន (Wisconsin-Madison University) នៃសហរដ្ឋអាមេរិក បណ្ឌិត អ៊ៀន ប៊ែអឺរដ៍ (Ian Baird) ថ្លែងក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធអនឡាញហ៊្សូម (Zoom) រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) កាលពីថ្ងៃទី០៨ ខែកុម្ភៈ ថា លោកមិនសង្ឃឹមថា នឹងមានការពិភាក្សាជុំវិញរឿងដំណោះស្រាយចំពោះបញ្ហានេះនៅឯសន្និសីទកំពូលមេគង្គនាពេលខាងមុខទេ។ លោកពន្យល់ថា ការណ៍នេះគឺដោយសារតែប្រទេសពាក់ព័ន្ធនៅតាមខ្សែទឹកខាងលើទន្លេមេគង្គមិនចង់ផ្ដោតលើផលប៉ះពាល់ជាអវិជ្ជមានដែលបង្កឡើងដោយទំនប់វារីអគ្គិសនីរបស់ពួកគេ។
អ្នកជំនាញភូមិសាស្ត្ររូបនេះ ព្រមានពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រទេសខ្សែទឹកខាងលើនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីបន្ថែម និងបិទបើកទឹកខុសពីប្រក្រតីទៀត។
បណ្ឌិត អ៊ៀន ប៊ែអឺរដ៍៖ «បញ្ហាគឺនៅត្រង់ថា ប្រសិនបើទំនប់វារីអគ្គិសនីកាន់តែច្រើនឡើងៗត្រូវបានគេសាងសង់ ឬក៏ថាប្រសិនបើបរិមាណទឹកជាច្រើនទៀតត្រូវបានប្រទេសទាំងនោះស្តុកទុក នោះផលប៉ះពាល់នឹងកើតមានឡើងរឹតតែអាក្រក់ជាងនេះទៀត។ យើងឃើញកើតមានរួចហើយនូវផលប៉ះពាល់ធ្ងន់ធ្ងរ ដែលតំបន់ខ្សែទឹកខាងលើ ប្រហែលជាបានបាត់បង់អស់ជំពូកសត្វនិងរុក្ខជាតិមួយចំនួនរហូតដល់ទៅ ៥០ភាគរយ ឬច្រើនជាងនេះ។ យើងមិនបានបាត់បង់ច្រើនដូចគ្នានេះនៅតាមតំបន់ខ្សែទឹកខាងក្រោមនៅឡើយទេ។ ប៉ុន្តែ យើងអាចបាត់បង់ជំពូកសត្វ និងរុក្ខជាតិច្រើនថែមទៀតប្រសិនបើវារីអគ្គិសនីត្រូវបានគេសាងសង់បន្ថែមទៀតក្នុងពេលនេះ»។
កម្មវិធីតាមដានវារីអគ្គិសនីលើដងទន្លេមេគង្គ (Mekong Dam Monitor) នៃមជ្ឈមណ្ឌល ស្ទីមសុន សេនធឺរ រកឃើញថា ជាលើកទីមួយហើយក្នុងរយៈពេល៤ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០២២កន្លងទៅ ដែលទន្លេមេគង្គបានឆ្លងកាត់រដូវវស្សាក្នុងសភាពដូចប្រក្រតី។ ក៏ប៉ុន្តែ សម្រាប់រដូវប្រាំងក្នុងឆ្នាំ២០២៣នេះ ប្រទេសចិនដែលស្ថិតនៅខ្សែទឹកខាងលើទន្លេមេគង្គ កំពុងបើកទ្វារទឹកនៅតាមវារីអគ្គិសនីធំៗរបស់ខ្លួនដើម្បីផលិតអគ្គិសនី ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។ តាមទម្លាប់ ប្រទេសចិនតែងបើកទ្វារទឹកដើម្បីផលិតអគ្គិសនីនៅរដូវប្រាំង នៅរៀងរាល់ខែមីនា។
មជ្ឈមណ្ឌលនេះក៏រកឃើញដែរថា ផលប៉ះពាល់កាន់តែកើនឡើងដោយសារទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ កំពុងរំខានដល់ចរន្តទឹកស្រក និងរំហូរទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃលិចទឹក ដោយសារតែបរិមាណទឹកខ្ពស់នៅរដូវប្រាំង។ មជ្ឈមណ្ឌលនេះថា ការសាងសង់ទំនប់វារីអគ្គិសនីបន្ថែម និងការប្រែប្រួលរំហូរទឹកទន្លេបង្កឡើងដោយទំនប់វារីអគ្គិសនីទាំងនេះ អាចនឹងធ្វើឱ្យព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីដ៏កម្ររបស់វាត្រូវបាត់បង់ ប្រសិនបើគ្មានការចាត់វិធានការបន្ថែមនោះទេ។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក ឡេង ប៊ុនលាភ ប្រាប់វិទ្យុអាស៊ីសេរីថា ដោយសារតែការបិទបើកទឹកខុសប្រក្រតីរបស់ប្រទេសនៅតាមខ្សែទឹកខាងលើនារយៈពេល ២ឆ្នាំចុងក្រោយនេះ ការណ៍នេះបានបណ្តាលឱ្យព្រៃលិចទឹកនៅកម្ពុជាប្រឈមនឹងការបាត់បង់ប្រមាណពី ២០ ទៅ ៣០ភាគរយ៖
លោក ឡេង ប៊ុនលាភ៖«ប្រាកដណាស់ វាប៉ះពាល់ទៅលើទន្លេមេគង្គ ពីព្រោះតាមទន្លេមេគង្គ យើងសង្កេតឃើញនៅ២ឆ្នាំកន្លងមកនេះ យើងឃើញថា នៅរដូវដែលទឹកសម្រក ដើមឈើលិចទឹក គេហៅថា flooded forests គាត់ត្រូវការលូតលាស់ឫស។ តែគាត់អត់បានលូតលាស់ទេ ដែលធ្វើឱ្យតំបន់រ៉ាមសារ (Ramsar Site) ខាងផ្នែកខេត្តស្ទឹងត្រែង គឺដើមឈើត្រូវស្លាប់អស់ជាច្រើនរហូតដល់ទៅ ២០ទៅ៣០ភាគរយ។ នេះគឺយើងពិនិត្យមើលដោយផ្ទាល់ភ្នែក»។
លោក ឡេង ប៊ុនលាភ ពន្យល់ថា ដើមឈើលិចទឹកត្រូវចាប់ឫសនៅរដូវទឹកស្រក ក៏ប៉ុន្តែបែរជាមានទឹកឡើងមកច្រើនដោយសារតែការបើកទ្វារទំនប់នៅរដូវប្រាំង ដែលលើសពីប្រក្រតីប្រមាណជាង ១ម៉ែត្រ។ ការណ៍នេះ ធ្វើឱ្យដើមឈើលិចទឹកទាំងនោះមិនអាចលូតលាស់បាន។ ផ្ទុយទៅវិញ នៅរដូវដែលដើមឈើទាំងនេះត្រូវទឹកលិចលង់វិញ គឺនៅខែកញ្ញា ឬខែតុលា ទឹកទន្លេបែរជាថមថយទៅវិញ ដោយសារប្រទេសខ្សែទឹកខាងលើស្តុកទឹកទុក។ លោកថា ការណ៍នេះបានបណ្តាលឱ្យតំបន់រ៉ាមសារ ដែលមានព្រៃលិចទឹកសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះត្រូវទទួលបរាជ័យ៖
លោក ឡេង ប៊ុនលាភ៖«ទទួលបរាជ័យដោយសារតែដើមឈើទាំងអស់នោះ មានស្ថានភាពស្វិតងាប់អស់ចង់ ២០ទៅ៣០ភាគរយ ដែលធ្វើឱ្យបាត់ចំណូលក្នុងសហគមន៍ ហើយក៏សត្វផ្សោតនៅក្នុងអន្លង់កាំពីនៅឯស្ទឹងត្រែងហ្នឹងទៀតក៏បាត់ទាំងអស់តាំងពីខែ២ ឆ្នាំទៅមកម៉្លេះ។ អ៊ីចឹង វាជាហេតុមួយដែលយើងឃើញថា រំហូរទឹកនេះ វាប៉ះពាល់ដល់ជីវចម្រុះ រុក្ខជាតិ ឬក៏អ្វីៗដែលស្ថិតនៅក្នុងប្រព័ន្ធទន្លេមេគង្គក្រោមនៃប្រទេសយើងហ្នឹងឯង»។
តំបន់រ៉ាមសារនៅខេត្តស្ទឹងត្រែង មានផ្ទៃដីជាង ១ម៉ឺនហិកតា (១,៤ម៉ឺនហិកតារ)។ តំបន់នេះគ្របដណ្តប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗ ដែលជាជង្រុកត្រីជាច្រើន រួមទាំងសត្វស្លាបចម្រុះផង។
បណ្ឌិត អ៊ៀន ប៊ែអឺរដ៍ ផ្តល់ជាដំណោះស្រាយថា រឿងរ៉ាវពីរដែលគេអាចធ្វើបាននៅពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ព្រៃលិចទឹកទាំងនេះ គឺតាមរយៈការកាត់បន្ថយបរិមាណទឹកដែលត្រូវបញ្ចេញដោយទំនប់វារីអគ្គិសនីក្នុងរដូវក្តៅ។ រឿងមួយទៀតគឺថា ប្រទេសពាក់ព័ន្ធមិនត្រូវសាងសង់ទំនប់វារីអគ្គិសនីធំៗបន្ថែមទៀតដែលអាចស្តុកទឹកទុក និងមិនត្រូវស្តុកទឹកទុកបន្ថែមទៅលើអ្វីដែលកំពុងកើតមាននេះទេ។
គិតត្រឹមយប់ថ្ងៃទី០៩ ខែកុម្ភៈ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីសុំការពន្យល់បន្ថែមពីផលប៉ះពាល់ទាំងនេះនៅឡើយទេ។
ក្រុមមេដឹកនាំមកពីបណ្តាប្រទេសក្នុងតំបន់មេគង្គ គ្រោងអំពាវនាវឱ្យមានដំណោះស្រាយថ្មីៗប្រកបដោយការច្នៃប្រឌិតដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលតំបន់មេគង្គកំពុងជួបប្រទះ។ ពួកគេនឹងបើកកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គនៅដើមខែមេសា ខាងមុខនេះ នៅប្រទេសឡាវ ដើម្បីកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។