ADB ផ្តល់​ប្រាក់​កម្ចី​ដល់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ១០​លាន​ដុល្លារ​សំរាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម

ដោយ ម៉ៅ សុធានី
2023.02.10
RFA

ADB ផ្តល់​ប្រាក់​កម្ចី​ដល់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ១០​លាន​ដុល្លារ​សំរាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម

សកម្មភាព​លក់ដូរ​របស់​អាជីវករ​នៅ​ផ្សារ​ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១៦។ RFA File


ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ចុះ​កិច្ចសន្យា​ផ្តល់​ប្រាក់​កម្ចី ចំនួន​១០​លាន​ដុល្លារ ដល់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា (CP Bank) សំរាប់​កម្មវិធី​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ជួយ​ស្តារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ឡើងវិញ ក្រោយពី​ជំងឺ​រាតត្បាត​កូវីដ​១៩ ហើយ​ដែល​៥០% នៃ​អ្នក​ខ្ចីប្រាក់ គឺជា​ស្ត្រី។

គេហទំព័រ​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​បាន​ដកស្រង់​សំដី​អនុប្រធាន​ធនាគារ អ្នកស្រី អាស្សហុក ឡាវ៉ាសា (Ashok Lavasa) ឲ្យ​ដឹង​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​លទ្ធភាព​ទទួល​បាន​ប្រាក់កម្ចី មាន​អត្ថប្រយោជន៍​មិន​ត្រឹមតែ​កំណើនសេដ្ឋកិច្ច​របស់​ពួកគេ​នោះ​ទេ គឺ​ថែមទាំង​ជួយ​បង្កើន​ការងារ​បន្ថែម និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឲ្យ​បាន​ទំ​លំ​ទូលាយ​ផង​ដែរ​។ បន្ថែម​ពី​នេះ គម្រោង​ផ្តល់​ប្រាក់កម្ចី​នេះ នឹង​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​របស់​ពួកគេ ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​បណ្ដាញ​ផលិតកម្ម​ក្នុង​ស្រុក និង​អន្តរជាតិ។

ធនាគារ​ប្រៃសណីយ៍​កម្ពុជា នឹង​ផ្តល់​អាទិភាព ដល់​ការអភិវឌ្ឍន៍​ហិរញ្ញប្បទាន សំរាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងនោះ ដែល​ត្រូវការ​ដើមទុន និង​ការ​វិនិយោគ​របស់​ពួកគេ​។ ធនាគារ​ប្រៃសណីយ៍​កម្ពុជា (CP Bank) គឺជា​ធនាគារ​ដែល​មាន​បណ្ដាញ​សាខា​ធំ​លំដាប់​ទី​៥ នៅ​ប្រទេស​កម្ពុជា ដោយ​បាន​ផ្តល់​ប្រាក់កម្ចី​សំរាប់​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ដល់​អតិថិជន ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ (២៥៨.៦០០) នៅ​ទីក្រុង​និង​នៅ​តំបន់​ជនបទ។

ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន ជិត ៥​ពាន់​លាន​ដុល្លារ (4.7 Billion)​។ ប្រាក់កម្ចី​ដល់​រដ្ឋាភិបាល គឺ​ប្រើប្រាស់ សំរាប់ វិស័យ​កសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ ហិរញ្ញវត្ថុ ការ​ដឹកជញ្ជូន ថាមពល និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ។

ជំងឺ​រាតត្បាត​កូវីដ​-១៩ បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា ធ្លាក់​ចូល​ភាព​ក្រីក្រ ភាព​គ្មាន​ការងារ​ធ្វើ និង​វិសមភាព​សង្គម កាន់តែ​កើនឡើង​ខ្លាំង​ថែមទៀត​។​

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ បង្ហាញថា នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១៩ អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​កម្រិត​ជិត ៣៤% (៣៣,៨) មក​នៅ​ត្រឹម​ជិត ១៨% (១៧,៨) ដោយ​ជួយ​ឱ្យ​ពលរដ្ឋ​ជិត ២​លាន​នាក់​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​។ ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ​២០២០​មក ប្រជាជន​ប្រមាណ​ជាង​កន្លះ​លាន​នាក់ បាន​ធ្លាក់​ចូល​នៅ​ក្រោម​កម្រិត​ប្រាក់ចំណូល​នៃ​ភាព​ក្រីក្រ​វិញ គឺ​ប្រមាណ​ជាង ១​ម៉ឺន​រៀល ឬ​២,៧ ដុល្លារ​ក្នុង​មួយថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles