ដោយ មាន ឫទ្ធិ
2023.03.09
RFA
(រូបឯកសារ) លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសងង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលថ្លែងការណ៍នៅឯកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ រូប៖ UN Human Rights Council
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្កោលទោសសាលក្រមកាត់ទោសមេបក្សប្រឆាំង លោក កឹម សុខា។ ពួកគេព្រមានថា ការកាត់ទោសនេះជះឥទ្ធិពល និងរារាំងដល់សកម្មភាពនយោបាយ និងសេរីភាពនៃការបញ្ចេញមតិនៅមុនពេលបោះឆ្នោតជាតិ ខែកក្កដាខាងមុខ។
នេះគឺជាលើកទីមួយហើយដែលក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានគ្នារហូតដល់ទៅ ៩នាក់ បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំណាត់ការរបស់តុលាការនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ទោសលោក កឹម សុខា ក្នុងសំណុំរឿង «ក្បត់ជាតិ» ឬ «ឃុបឃិត» ជាមួយរដ្ឋបរទេសដ៏ចម្រូងចម្រាស។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនេះ លើកឡើងថា ការកាត់ទោសប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាចេតនានយោបាយ និងជាការបញ្ជាក់បន្ថែមអំពីលំនាំដែលកំពុងបន្តកើតមានឡើងនៃការអនុវត្តខុសច្បាប់ដោយសារការដាក់គោលដៅទៅលើដៃគូនយោបាយប្រឆាំង និងការរិះគន់នានា មកលើរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំង ៩នាក់នេះ រួមមាន អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិនៃសេរីភាពនៃការបញ្ចេញទស្សនៈ និងសម្ដែងមតិ អ្នកស្រី អាយរ៉ីន ខាន (Irene Khan) ក្រុមការងារស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត អ្នករាយការណ៍ពិសេសស្ដីពីសេរីភាពនៃការប្រមូលផ្ដុំដោយសន្តិវិធី និងសមាគម និងអ្នករាយការណ៍ពិសេសស្ដីពីឯករាជ្យនៃចៅក្រម និងមេធាវីជាដើម។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា បានកាត់ទោសលោក កឹម សុខា អាយុ ៦៩ឆ្នាំ ឱ្យជាប់គុករយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ ការកាត់ទោសឱ្យជាប់គុកនេះ ត្រូវបានជំនួសដោយការឃុំខ្លួនក្នុងផ្ទះ និងទោសបន្ថែមមួយចំនួន ដូចជា ដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញមួយជីវិត។ ទន្ទឹមនឹងនេះ លោកក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ហាមប្រាមមិនឱ្យចេញពីបរិវេណនៃលំនៅឋាន និងមិនឱ្យជួបបុគ្គលណាម្នាក់ ទាំងខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសមាជិកគ្រួសារ។
គិតត្រឹមម៉ោងផ្សាយនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មតបណាមួយជាផ្លូវការនៅឡើយទេ ជុំវិញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនេះ។ ក៏ប៉ុន្តែ កន្លងទៅ ក្រសួងការបរទេសកម្ពុជា បានគាំទ្រចំណាត់ការរបស់តុលាការកម្ពុជា ដោយអះអាងថា សំណុំរឿងលោក កឹម សុខា នេះមិនមែនជាចេតនានយោបាយទេ និងថាការចោទប្រកាន់នានាចំពោះការផ្ដន្ទាទោសលោក កឹម សុខា ដែលថា ជា «ភាពបរាជ័យនៃយុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកបានព្រមានបរទេសកុំឱ្យគាំទ្រនូវអ្វីដែលលោកហៅថា ជា «ចលនាបដិវត្តន៍ពណ៌» នៅកម្ពុជា។
ទោះយ៉ាងណាក្ដី ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនេះ កត់សម្គាល់ថា សវនាការកាត់ក្ដីលោក កឹម សុខា ទំនងជាត្រូវបានអូសបន្លាយតាមរបៀបបែបសិប្បនិមិត្ត។ ពួកគេ សង្កត់ធ្ងន់ថា ដំណើរការសវនាការទាំងមូលនៃសំណុំរឿងលោក កឹម សុខា នេះ ពោរពេញទៅដោយភាពមិនប្រក្រតី។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត ពួកគេថា សវនាការសំណុំរឿងលោក កឹម សុខា ធ្វើឡើងផ្ទុយពីបទដ្ឋានច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សបន្តថា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា ត្រូវបានចាប់ និងឃុំខ្លួនដោយគ្មានដីកាចាប់ខ្លួន និងមិនបានគិតគូរពីអភ័យឯកសិទ្ធិសភារបស់លោក។ ពួកគេផ្ដល់អំណះអំណាងថា លោក កឹម សុខា ត្រូវបានបដិសេធមិនឱ្យជួបមេធាវីរបស់លោក ក្នុងដំណាក់កាលដំបូងនៃការឃុំខ្លួន ហើយត្រូវបានដាក់ឱ្យជាប់ឃុំមុនសវនាការលើអង្គសេចក្ដីហួសពីរយៈពេលកំណត់នៃច្បាប់។ បន្ថែមពីលើនេះ ពួកគេថា សវនាការលោក កឹម សុខា ត្រូវបានរឹតត្បិតមិនឱ្យសាធារណជនអាចចូលរួមបានជាសាធារណៈឡើយ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កត់សម្គាល់ថា ការថ្លែងនានាអំពីសវនាការក្នុងសំណុំរឿងក្តីនេះដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក្នុងពេលដែលសវនាការកំពុងដំណើរការ នៅឡើយ បានបង្កើតឱ្យមានការសង្ស័យអំពីយុត្តិធម៌នៃដំណើរការសវនាការទាំងមូល។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សង្កត់ធ្ងន់ថា ការកាត់ទោសមេបក្សប្រឆាំងរូបនេះ នៅមុនពេលបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ បញ្ជាក់ឱ្យឃើញពីការប៉ះពាល់ដល់ភាពសកម្មនិយមផ្នែកនយោបាយ។ ពួកគេជំរុញឱ្យអាជ្ញាធរកម្ពុជា ផ្ដល់សេរីភាពឱ្យលោក កឹម សុខា ឡើងវិញ និងធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់លោក។
ការកាត់ទោសលោក កឹម សុខា ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីបំបិទមាត់លោកឱ្យនៅសម្ងំស្ងៀមនៅមុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាខាងមុខនេះ។ ក្រុមអ្នកតាមដាននិយាយថា ការកាត់ទោសលោក កឹម សុខា នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីធានាការផ្ទេរអំណាចដោយរលូនទៅឱ្យកូនប្រុសច្បងរបស់លោក និងជាអ្នកស៊ីកេរឪពុក គឺលោក ហ៊ុន ម៉ាណែត។ ស្របពេលដែលលោក ហ៊ុន សែន ត្រៀមផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត គិតមកទល់ពេលនេះ មានអ្នកនយោបាយជើងចាស់របស់បក្សប្រឆាំងចំនួនពីររូបហើយ ត្រូវបានតុលាការរបស់លោក ហ៊ុន សែន ដកហូតសិទ្ធិមិនឱ្យធ្វើនយោបាយអស់មួយជីវិត ក្នុងនោះគឺលោក សម រង្ស៊ី និងចុងក្រោយនេះ គឺលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Haha justice ?? in cambodia ?? so funny’
the UN can not fight with that former Khmer Rue HUN SEN . some body have convincing me to go back to live in Cambodia . you knew what I said ?? my life just about over during POL POT I was run away not just for fun . and I will never go back when the former Khmer Rue is in powers . please take a look right now you can see what the former Khmer Rue is capable of . killing is his job that he can get the powers to eliminate his own nation . this is what I call the evil uneducated animal HUN NAL call HUN SEN