ក្រុម​ស្ត្រី​ចង់​ឃើញ​លោក ហ៊ុន សែន ផ្តល់​តម្លៃ​និង​ការពារ​ស្ត្រី​គ្រប់រូប​ឱ្យ​ដូច​ប្រពន្ធ​កូន​របស់​លោក

ដោយ នៅ វណ្ណារិន
2023.03.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ស្ត្រី​ចង់​ឃើញ​លោក ហ៊ុន សែន ផ្តល់​តម្លៃ​និង​ការពារ​ស្ត្រី​គ្រប់រូប​ឱ្យ​ដូច​ប្រពន្ធ​កូន​របស់​លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកម្មវិធី​កាលពីថ្ងៃទី១៤ មករា ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ក្រុម​ស្ត្រី ចង់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​តួនាទី​ជា​មេដឹកនាំ​ល្អ ការពារ​ស្ត្រី​គ្រប់រូប​ពី​ការ​រំលោភបំពាន​ផ្សេងៗ ឱ្យ​ដូចដែល​លោក​កំពុង​ធ្វើជា​ប្ដី​និង​ឪពុក​ល្អ ។ ការ​លើកឡើង​នេះ ស្របពេល​លោក ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ថា លោក​នឹង​មិន​អត់ឱន​ឱ្យ​អ្នក​ដែល​បាន​ប្រមាថ​លើ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ជាពិសេស​ប្រពន្ធ​របស់​លោក​ឡើយ ហើយ​បែរជា​គំរាមកំហែង​ទៅ​សកម្មជន​ស្ត្រី​ដែល​គ្រាន់​តែ​មាន​និន្នាការ​ផ្ទុយ​ពី​នយោបាយ​របស់​លោក។

លោក ហ៊ុន សែន ជា​មេដឹកនាំ​គ្រួសារ​ដ៏​ល្អ​ម្នាក់ ដែល​ការពារ​តម្លៃ​ភរិយា កូនៗ និង​បងប្អូន​ស្រី​របស់​លោក ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ក៏​លោក​មិន​ឱ្យ​អ្នកណា​បំពាន ឬ​និយាយ​ប៉ះពាល់​បាន​ឡើយ។ ប៉ុន្តែ​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​វិញ លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិនបាន​បំពេញ​តួនាទី​ល្អ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​និង​ការពារ​ស្ត្រី​ខ្មែរ​គ្រប់រូប​នោះ​ទេ ហើយ​ពេលខ្លះ លោក ហ៊ុន សែន ខ្លួនឯង តែង​ចេញមុខ​និយាយ​ពាក្យ​អសុរោះ ជេរប្រមាថ និង​គំរាមកំហែង​ស្ត្រី​នៅ​តាម​វេទិកា​សាធារណៈ ដោយ​មិន​ញញើត​មាត់​ឡើយ ដោយសារតែ​ស្ត្រី​ទាំងនោះ និយាយ​រិះគន់​ការដឹកនាំ​របស់​លោក ឬក៏​មិន​គាំទ្រ​នយោបាយ​របស់​លោក។

ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជាទី​ប្រឹក្សា​យេនឌ័រ​អ្នកស្រី ប្រុក វ៉ាន្នី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ មីនា នេះ​ថា លោកស្រី​មិន​ចង់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ប៉ុន្តែ​បែរជា​លើកឡើង​ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី​សម្រាប់​តែ​ទៅលើ​ក្រុម​សាច់ញាតិ​របស់​លោក ឬ​ក្រុម​ស្ត្រី​ដែល​នៅ​ជិត​ខ្លួន​លោក​ប៉ុណ្ណោះ​ទេ គឺ​លោក​ត្រូវតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ស្មើៗ​គ្នា​សម្រាប់​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ទាំងអស់។

​អ្នកស្រី ប្រុក វ៉ាន្នី៖ «អ្នកណា​ក៏​ដូច​អ្នកណា​ដែរ កាលណា​និយាយ គឺ​និយាយ​សំដៅ​ទៅលើ​ខ្លួនឯង​មុន ហើយ​ទើប​និយាយ​សំដៅ​ទៅ​ក្រុម​គ្រួសារ​ខ្លួនឯង ហើយ​ចុងក្រោយ​អ្នក​ដែល​ក្រៅពី​ខ្លួនឯង។ ដល់​អ៊ីចឹង​គឺ​ដូច​នេះឯង លោក (ហ៊ុន សែនមិនដឹង​លើក​អ្នកណា​ទេ គឺ​លោក​មានតែ​លើកឡើង​ការពារ​អ្នក​ជិតៗ​ខ្លួន​ហ្នឹងហើយ បើ​អ្នក​ជិត​ខ្លួន​មិន​ការពារ ឱ្យ​ការពារ​អ្នកណា​វិញ អានេះ​ជា​ចំណុច​មួយ​ដែល​មើលឃើញ​។ ប៉ុន្តែ យើង​មិន​ចង់​ឃើញ​អ៊ីចឹង​ទេ ព្រោះ​លោក​ជា​អ្នកដឹកនាំ បើ​លោក​ជា​អ្នកដឹកនាំ លោក​ត្រូវ​គិត​ទាំងអស់»។

អ្នកស្រី​បន្ត​ថា ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស គឺ​ដូច​នឹង​តួនាទី​ឪពុក​ដែរ គឺ​លោក ហ៊ុន សែន មិន​ត្រូវ​យកចិត្តទុកដាក់​និង​ខ្វល់ខ្វាយ​ការពារ​សម្រាប់​តែ​កូន​ណា​ដែល​នៅ​ជិត​ខ្លួន​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កូន​ផ្សេងទៀត មើល​មក​ឳ​ពុក​ក្នុង​ផ្លូវ អវិជ្ជមាន នាំ​ឱ្យ​កើតមាន​សេចក្ដី​ឈឺចាប់​និង​ច្រណែន​និន្ទា ហើយ​បើ​លោក ហ៊ុន សែន មើល​មិន​អស់​នៅ​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​តួនាទី​ភារៈ​កិច្ចការពារ​សិទ្ធិ​ស្ត្រី ដូចជា​ក្រសួង​កិច្ច​ការនារី ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សិទ្ធិ​ស្ត្រី រួម​ទាំង​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ​ជាដើម។

អ្នកស្រី ប្រុក វ៉ាន្នី លើកឡើង​ទៀត​ថា កម្ពុជា​មាន​ទាំង​ច្បាប់​ជាតិ និង​បាន​ចុះហត្ថលេខា​ទទួល​យក​ច្បាប់​អន្តរជាតិ​ជាច្រើន​ស្ដីពី​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី ដើម្បី​យក​មក​អនុវត្ត ហើយ​រដ្ឋាភិបាល ជា​អ្នកមាន​កាតព្វកិច្ច​ប្រតិបត្តិ​តាមច្បាប់​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ រីឯ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​ច្បាប់​ទាំងអស់​នោះ។

លោក ហ៊ុន សែន បាន​លើក​ឡើង​កាលពី​ថ្ងៃទី​៨ មីនា ដោយ​បាន​ប្រៀបធៀប​អ្នក​ដែល​បន្ត​វាយប្រហារ និង​ប្រមាថ​ក្រុម​គ្រួសារ​និង​ប្រពន្ធ​របស់​លោក ថា មិន​ស្មើនឹង​សត្វ​តិរច្ឆាន​ឡើយ ហើយ​លោក​ក៏​ថ្ងៃ​គ្មាន​ថ្ងៃ​យោគយល់​និង​លើកលែងទោស​ឱ្យ​អ្នក​ដែល​បាន​ប្រមាថ​នោះ​ដែរ។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​សំដៅ​ទៅលើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ កាលពីដើម​ខែកុម្ភៈ បាន​ចោទប្រកាន់​លោក ហ៊ុន សែន រួម​ទាំង​ប្រពន្ធ​លោកស្រី ប៊ុន រ៉ានី ជា​ឃាតក​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលិកា ក្នុង​ឆ្នាំ​១៩៩៩ និង​ប្អូនថ្លៃ​ស្រី​របស់​លោក អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែល​ទើប​ទទួល​មរណៈភាព​នោះ ថា​ជា​ឃាតក​សម្លាប់​ប្ដី​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​រួមគំនិត​ជាមួយ​លោក ហ៊ុន សែន ប្រឌិត​ទៅជា​រឿង​នយោបាយ​ទម្លាក់​កំហុស​ទៅលើ​ប្រធាន​អង្គរក្ស​របស់​លោក សម រង្ស៊ី។

លោក ហ៊ុន សែន៖ «កុំ​សង្ឃឹមថា ហ៊ុន សែន នឹង​ប្រើ​ប៊ិក ដើម្បី​នឹង​សុំ​ការ​លើកលែង​ទោស​ឱ្យ​អ្នកណា ក្នុង​ករណី​ដែល​ពួក​អ្នក​ឯង ធ្វើ​របៀប​នេះ នេះ​គឺជា​រឿង​ដែល​ចាំបាច់​។ ហើយ​ខ្ញុំ​ប្រកាស​នៅ​ថ្ងៃ​នេះ ដើម្បី​បញ្ជាក់​ថា ប្អូនថ្លៃ​ខ្ញុំ​ជា​ស្រី ប្រពន្ធ​ខ្ញុំ​ជា​ស្រី ហេតុ​អី​បាន​គេ​ប្រមាថ​ដល់​ថ្នាក់​ប៉ុណ្ណឹង»។

ជារឿយៗ លោក ហ៊ុន សែន តែង​បង្ហាញ​ការឈឺចាប់​នៅពេល​អ្នកណាម្នាក់​និយាយ​ប៉ះពាល់​ដល់​ប្រពន្ធ​កូន​របស់​លោក ហើយ​តែង​ប្រកាស​តាម​កម្ទេច​អ្នក​ទាំងនោះ​វិញ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ព្រោះ​លោក ចាត់ទុកថា ការប្រមាថ​គ្រួសារ​របស់​លោក ស្មើនឹង​ការប្រមាថ​រដ្ឋាភិបាល​របស់​លោក​ទាំងមូល​។ បុរស​ខ្លាំង​រូប​នេះ មិន​ត្រឹមតែ​ចេញ​ការពារ​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ លោក​ថែម​ទាំង​ខំ​ចំណាយធនធាន​ជួល​ក្រុម​សិល្បករ​ទាំង​សម័យ និង​បុរាណ ដើម្បី​តាក់តែង​បទ​ចម្រៀង ដើម្បី​លើក​សរសើរ​ភរិយា និង​ក្រុម​គ្រួសារ​របស់​លោក។ តាមពិត​បើ​ទោះ​បី​ជា​លោក ហ៊ុន សែន មិន​ចេញមុខ​ការពារ​និង​លើកកម្ពស់​សិទ្ធ​ភរិយា និង​កូនៗ​របស់​លោក​ក្តី ក៏​អ្នកស្រី ប៊ុន រ៉ានី និង​កូនចៅ​របស់​លោក​ទាំងប្រុស​ស្រី មានអំណាច​និង​ឥទ្ធិពល​លើសលុប ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ហើយ​ពួកគេ​ចង់បាន​ដី និង​ភ្នំ​កន្លែង​ណា​ក៏បាន​ដែរ​។ ជាទូទៅ​គេ​មើល​ឃើញ​ថា មន្ត្រី​អា​មី​អា​ថោង និង​ក្រុម​ឧកញ៉ា ដែល​ស្វែងរក​ប្រយោជន៍ តែងតែ​ឱនលំទោន​និង​ខ្ចប់​លុយ​ទាំង​ខ្ទាស់ៗ​ទៅ​ជូន​ភរិយា​របស់​លោក ក្នុង​ពិធី​កាកបាទក្រហម​ម្តងៗ ដើម្បី​បាន​ថតរូប​សម្រាប់​ធ្វើជា​យ័ន្ត​ការពារ​តួនាទី​និង​មុខរបរ​របស់​ពួកគេ​។ លើស​ពី​នេះ បើ​ទោះ​បី​ជា​មន្ត្រីរាជការ​និង​ក្រុម​ឧកញ៉ា​ខ្លះ ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក្តី ក៏​ពួកគេ ត្រូវតែ​ផ្ញើ​លិខិត​ជូនពរ​ដែល​ចម្លង​ខ្លឹមសារ​ដូចៗ​គ្នា​ដើម្បី​ជូនពរ​ដល់​ភរិយា​លោក ហ៊ុន សែន នៅពេល​ដល់​ថ្ងៃ​ខួបកំណើត ថ្ងៃបុណ្យ​ជាតិ​សំខាន់ៗ ដូចជា​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី៨ មីនា​ជាដើម។

ស្រប​ពេល​លោក ហ៊ុន សែន ចេញមុខ​ការពារ​កិត្តិយស​ប្រពន្ធ​កូន និង​ប្អូនថ្លៃ​ស្រី​របស់​លោក​នោះ ប៉ុន្តែ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​បែរជា​មិន​ជួយ​ឈឺឆ្អាល​នឹង​ការប្រមាថ​នឹង​ការ​រំលោភបំពាន​ទៅលើ​ស្ត្រី​ទន់ខ្សោយ​ផ្សេងទៀត ដែល​ជា​កម្មករ សកម្មជន​សហជីព សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី និង​ស្ត្រី​ជា​ភរិយា​របស់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ជាដើម។ ជាក់ស្ដែង ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​កាន់ជើង​មន្ត្រី​បក្ស​កាន់អំណាច​ម្នាក់ គឺ​លោក ផែង វណ្ណៈ ដែល​ប្រមាថ និង​និយាយ​បៀតបៀន​ស្ត្រី​អ្នកសារព័ត៌មាន​វ័យក្មេង​មួយ​រូប​របស់​វិទ្យុ​វីអូឌី ក្រោយ​នាង​សរសេរ​អត្ថបទ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត។ ពេលខ្លះ លោក ហ៊ុន សែន បាន​ប្រើ​ពាក្យ​សម្ដី​អសុរោះ គំរាមកំហែង ជេរប្រមាថ​និង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​ស្ត្រី ឬ​ប្រពន្ធ​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង ដោយសារ​តែ​ពួកគេ មិន​គាំទ្រ​នយោបាយ​របស់​បក្ស​កាន់អំណាច និង​ចេញមុខ​ទាមទារ​យុត្តិធម៌​សង្គម​។ ដោយឡែក ក្រុម​ស្ត្រី​កូដកម្ម​ណាហ្គាវើលដ៍ ដែល​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ ហើយ​តែង​ទទួលរង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​រាងកាយ​ពី​ក្រុម​អាជ្ញាធរ​ជា​បន្តបន្ទាប់ បែរ​ត្រូវ​លោក ហ៊ុន សែន ចោទប្រកាន់​ពួកគេ​ថា ជា​ក្រុម​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​និង​ក្រុម​បដិវត្តន៍​ពណ៌​ទៅវិញ។

លោក ហ៊ុន សែន៖ «បើ​ខ្ញុំ​ទៅ​ចាប់​អា​កន្លែង​ផ្គត់ផ្គង់​លុយ​ឱ្យធ្វើ​បាតុកម្ម ខ្ញុំ​ក៏​ចាប់​បាន​ដែរ អ្នកឯង​កុំ​គិត​ស្មានថា ខ្ញុំ​មិនដឹង​។ ឥឡូវ​យើង​គិត​ខ្លួន​គេ​ខ្លួន​យើង អត់​មាន​ការងារ​ធ្វើ​ជាង​មួយឆ្នាំ នៅ​មាន​លទ្ធភាព​បាយ​ស៊ី​យ៉ាង​ស្រួល​ហើយ​ទៅ​ធ្វើ​បាតុកម្ម​។ សម្រាប់​អ្នក​ដែល​អត់​ការងារ​ធ្វើ​ពិត​ប្រា​ដក តើ​អាច​រស់​បានទេ»។

ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​ជា​ភាគច្រើន​ជា​ស្ត្រី ក្រៅពី​បាត់បង់​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ពួកគេ​បាន​រង​ការបំពាន​ស្ទើរ​គ្រប់​រូបភាព ទាំង​ការ​វាយដំ​ទាត់​ធាក់​លើ​រាងកាយ​រហូត​បែក​មុខ​បែក​មាត់ ការ​បៀតបៀន​ផ្លូវភេទ ការប្រើប្រាស់​ហិង្សា​បណ្ដាល​ឱ្យ​ស្ដ្រី​កូដករ​ម្នាក់​រលូត​កូន និង​ការ​ធ្វើ​ឱ្យ​សកម្មជន​និង​សហជីព​ជាច្រើន​នាក់​ទៀត​ត្រូវ​ព្រាត់ប្រាស​គ្រួសារ​តាមរយៈ​ការ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ពួកគេ​ចេញ​តវ៉ា​ឱ្យ​អាជ្ញាធរ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ស្វែងរក​យុត្តិធម៌​ជុំវិញ​រឿង​វិវាទ​ការងារ​ជាមួយ​ថៅកែ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​នេះ។

កូដករ​ណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន បាន​លើកឡើង​ថា វា​ជា​ការ​រំលោភបំពាន​សិទ្ធិ​លើ​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​យ៉ាងធ្ងន់ធ្ងរ​បំផុត នៅពេល​ទទួល​ភាព​អយុត្តិធម៌​ពី​កន្លែង​ការងារ និង​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ចាស់ដៃ មាន​ទាំង​បៀតបៀន​កេរ្តិ៍ និង​វាយដំ​ជាន់​ធាក់​ជាដើម ហើយ​ចុងក្រោយ​ត្រូវ​បាន​លោក ហ៊ុន សែន លាប​ពណ៌​ថា ជា​ក្រុម​បដិវត្តន៍​ទៅ​ទៀត​។ កញ្ញា​ថា កម្ពុជា​មានច្បាប់​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ហើយ​មិនបាន​យក​មក​អនុវត្ត​ជួយ​ការពារ​ពលរដ្ឋ​ស្លូតត្រង់​ឡើយ ដោយ​ទុក​ឱ្យ​ថៅកែ​បរទេស​មក​ធ្វើបាប​ពលរដ្ឋ​ខ្លួន​តាម​អំពើ​ចិត្ត។

កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «បែរ​ជួយ​ជ្រោមជ្រែង​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍ រំលោភច្បាប់​ប្រទេស​ខ្លួនឯង​តាមតែ​អំពើ​ចិត្ត​។ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា ពួក​ខ្ញុំ​ជា​កម្មករ​ខ្មែរ គ្រាន់តែ​ទាមទារ​សិទ្ធិ​ការងារ ជាមួយ​ថៅកែ​ខ្លួនឯង​សោះ ពួក​ខ្ញុំ​ត្រូវ​រង​ភាព​អយុត្តិធម៌ ត្រូវ​គេ​ធ្វើបាប ធ្វើទុក្ខបុកម្នេញ​សព្វគ្រប់​បែបយ៉ាង​។ ដល់​ថ្នាក់​កូដកម្ម​ម្នាក់ ត្រូវ​អាជ្ញាធរ​ធាក់​ឡើង​រលូត​កូន តែ​បែរ​ជា​ពួកគេ​ថា ពួក​ខ្ញុំ​សម្ដែង កន្លែង​ហ្នឹង ខ្ញុំ​សោកស្ដាយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ»។

ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​លោកស្រី អ៊ូ ទេពផល្លីន លើកឡើង​ថា មិន​ថា នាយករដ្ឋមន្ត្រី​ឬ​ពលរដ្ឋ​សាមញ្ញ​ឡើយ តែង​មាន​ចិត្ត​ដូចគ្នា​ចង់​ការពារ​ក្រុម​គ្រួសារ មិន​ចង់ឱ្យ​អ្នកណា​ប្រមាថ​មាក់ងាយ ឬ​រំលោភបំពាន​ឡើយ​។ ប៉ុន្តែ​លោកស្រី​ចង់ឱ្យ​លោក ហ៊ុន សែន និង​អ្នកដឹកនាំ​ធ្វើការ​សម្រេចចិត្ត​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ត្រូវ​មើល​ឱ្យ​ហួស​ពី​ភារកិច្ច​ឃុំគ្រង​និង​ថែរក្សា​ក្រុម​គ្រួសារ​របស់​ខ្លួន ដើម្បី​ដើរ​តួនាទី​ជា​អ្នក​បម្រើ និង​ការពារ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ចាត់ទុក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​គឺជា​ទុក្ខ​លំបាក​របស់​ខ្លួន។

លោកស្រី អ៊ូ ទេពផល្លីន៖ «ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ នៅ​ពេល​ដែល​ឮ​ថា មានការ​ចោទប្រកាន់​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ហ្នឹង បាន​លុយ​មកពី​អ្នកណា​អ្នក​ណី កូដកម្ម​យូរហើយ អត់​ព្រម​ដើរចេញ ទៅ​ធ្វើ​ការ​អី​ផ្សេង។ នេះ​យើង​គួរ​អរគុណ​ចំពោះ​កម្មករ​និយោជិត ដែល​គាត់​ហ៊ាន​លះបង់​សេចក្ដីសុខ​ផ្ទាល់ខ្លួន ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​សហជីព ពីព្រោះ​នៅ​ស្រុក​យើង កម្រ​ណាស់ ពីព្រោះ​ត្រូវ​បាន​បំពុល​ទៅ​ដោយ​ភាព​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី​សេចក្ដីសុខ​អ្នកដទៃ គិតតែ​អត្ថប្រយោជន៍​រឿង​គ្រួសារ​អីហ្នឹង»។

ស្ត្រី​ដែល​ធ្លាប់​រងគ្រោះ និង​អ្នកឃ្លាំមើល​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​បំពេញ​តួនាទី​ជា​មេដឹកនាំ​ប្រទេស​ល្អ ការពារ​ស្ត្រី​គ្រប់រូប​ពី​ការ​រំលោភបំពាន​ផ្សេងៗ ឱ្យ​ដូចដែល​លោក​កំពុង​ធ្វើជា​មេដឹកនាំ​គ្រួសារ​ដ៏​ល្អ​ដែរ ។ ពួកគាត់​យល់​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​ចាត់ទុក​ស្ត្រី ឬ​អ្នក​ដែល​ធ្វើ​សកម្មភាព ឬ​និយាយ​ការពិត​ដើម្បី​ប្រយោជន៍​សាធារណៈ តែ​មិន​ស្រប​នឹង​ទស្សនៈ​របស់​លោក​នោះ​ថា ជា​សត្រូវ ជា​ក្រុម​បដិវត្ត​ពណ៌ ជា​ក្រុម​អគតិ ឬ​ក្បត់ជាតិ ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក ប្រើ​ហិង្សា ឬ​ត្រូវ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​រស់នៅ​បែកបាក់​គ្រួសារ​ជា​បន្តបន្ទាប់​នោះ មេដឹកនាំ​គណបក្សកាន់អំណាច​រូប​នេះ នឹង​កាន់តែ​បាត់បង់​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles