ទិវាជាតិអំណានឆ្នាំនេះជំរុញឱ្យពង្រឹងការអានរបស់កុមារនិងយុវជនកម្ពុជា

11 មីនា 2023
ស៊ឹម ចាន់សំណាង
វីអូអេខ្មែរ

កម្ពុជាបានប្រារព្ធទិវាជាតិអំណានលើកទី ៨ បន្ទាប់ពីខកខាន​រយៈពេល​ពីរឆ្នាំ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទិ ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កម្ពុជាបានប្រារព្ធទិវាជាតិអំណានលើកទី ៨ បន្ទាប់ពីខកខាន​រយៈពេល​ពីរឆ្នាំ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទិ ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ភ្នំពេញ —  សំឡេង​អ៊ូអរ​ ពោរពេញ​ដោយ​មនុស្ស​ដើរ​កាត់​ទៅ​មក ​នៅ​ពី​មុខ​ស្តង់​សៀវភៅ​ជាច្រើន​ ដែលមាន​គ្រប់​ជម្រើស​សម្រាប់​អ្នក​ចូលចិត្តអាន ​នៅ​ក្នុងទិវា​ជាតិ​អំណាន​លើក​ទី ៨​ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុង​រាជធានីភ្នំពេញ។

កំពុង​ឈរ​អាន​សៀវភៅ​យ៉ាង​ជក់ចិត្ត​នៅ​មុខ​ស្តង់​លក់​សៀវភៅ​មួយ​ លោក ហ៊ាវ តេងហ័រ អាយុ​ ២២ ឆ្នាំ​ បាន​ប្រាប់វីអូអេ​ថា​ លោក​ចូលចិត្ត​សៀវភៅ​ស្តីអំពីការ​អភិវឌ្ឍ​ខ្លួន​ និង​សៀវភៅ​ដែល​និយាយ​ពី​ប្រវត្តិ​របស់​បុគ្គល​ជោគជ័យ​ណាមួយ​។ ​លោក​យល់​ឃើញ​សៀវភៅ​ទាំងនេះ ពេល​អាន​ហើយ អាច​នឹង​ចូល​ទៅ​ក្នុង​ការ​គិតរបស់​អ្នក​អាននៅ​ថ្ងៃ​ណា​មួយ ហើយ​អ្នក​អាន​ដូចជា​រូបលោក​អាចប្រើប្រាស់​ទ្រឹស្តីណាមួយ​ ដោយ​មិន​ដឹង​ខ្លួន​។


លោក​ថ្លែង​ថា​៖ «សៀវភៅ​ទាំងអស់​ហ្នឹង​ ខ្ញុំ​គិតថា​ បើ​សម្រាប់​ខ្ញុំ​ អាន​ទាំងអស់​វា​អត់​ចាំ​ទេ​ ប៉ុន្តែ​ពេល​ដែល​យើង​អាន ​វា​អាច​ថា​មាន​គំនិត​ណា​មួយ​នឹង​ជ្រាប​ចូល​នៅ​ក្នុង​ខ្លួន​យើង​ ហើយ​អាច​ថា​ថ្ងៃ​ណាមួយ​យើង​អាច​ប្រើប្រាស់​វា​ ដោយ​មិនដឹង​ខ្លួន​។ ខ្ញុំ​អាន​សៀវភៅ​ភាគ​ច្រើន​នៅ​ពេល​ល្ងាច ក្រោយ​ពេល​ទំនេរ​អ៊ីចឹង​ ប៉ុន្តែ​មិន​ជា​ឧស្សាហ៍​ប៉ុន្មាន​ទេ​ ដោយសារ​តែ​យើង​រៀន​សាកល ​អ៊ីចឹង​វា​មាន​ការងារ​ច្រើន​ វាមាន documents [ឯកសារ] ផ្សេងៗ​ដែល​ត្រូវ​អាន​ research [ស្រាវជ្រាវ]​»

លោក ហ៊ាវ តេងហ័រ និស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ហ៊ាវ តេងហ័រ និស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

និស្សិត​ឆ្នាំ​ទី​ ៤ ផ្នែក​អគិ្គសនី​និង​ថាមពល​រូប​នេះ​ ថ្លែងបន្ថែម​ថា​ លោក​សង្កេត​ឃើញ​កម្រិត​នៃ​ការ​អាន​សព្វថ្ងៃ​មាន​ការ​កើនឡើង​ក្នុងចំណោមមនុស្ស​វ័យជំទង់​។ លោកថា ​នៅ​ពេល​ដែល​លោកទៅ​បណ្ណាល័យ ឬ​កន្លែង​លក់​សៀវភៅ​មួយចំនួន​ ភាគច្រើន​លោក​បាន​ឃើញ​ឪពុកម្តាយ​នាំ​កូន​របស់​ពួកគេ ​ទៅ​ទិញ​សៀវភៅដែល​ពួកគេ​ពេញចិត្ត​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​សង្កេត​ឃើញ​ថា​ ការ​អាន​មាន​ការ​កើន​ឡើង​ដែរ​ ហើយ​ការ​អាន​ខ្ញុំ​សង្កេត​ឃើញ​ទៅ​លើ​មនុស្ស​រាងវ័យ​អាយុ​ចាប់​ពី ១៨ ១៧ អី​ឡើង​ទៅ​ ហើយ​ភាគ​ច្រើន​ខ្ញុំ​ធ្លាប់​ទៅ​បណ្ណាគារ​ IBC ធ្លាប់​ឃើញ​កត្តា​មក​ពី​ឳពុកម្តាយ​ដែរ​ គាត់​ផ្តោត​ទៅ​លើ​សៀវភៅ​ដែរ​ ឥឡូវ​ឃើញ​គាត់​នាំ​កូន​គាត់​ទៅ​អាន​សៀវភៅ​ នាំ​កូន​គាត់​ទិញ​សៀវភៅ​ផ្សេងៗ​អ៊ីចឹង​ទៅ​ ដែល​កូន​គាត់​ចូលចិត្ត​»

កំពុង​តែ​ដើរ​ជាមួយ​មតិ្តភក្តិ​ក្នុង​ឯកសណ្ឋាន​ជា​សិស្ស​វិទ្យាល័យ​ យុវជន លីម សុខសំណាង អាយុ ១៨ ឆ្នាំ បាន​ប្រាប់​វីអូអេ​ថា​ ខ្លួន​ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​។ ​សៀវភៅ​ប្រលោមលោក​នេះ​បាន​ជួយ​ លីម សុខសំណាង កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរសព្ទ​ ឬ​ចំណាយ​ពេល​ទៅ​លើ​ការ​លេង​ហ្គេម​។

យុវជន​នេះ​ថ្លែង​ថា៖ «អាហ្នឹង​វា​បែប​ថា​ វា​អត់សូវ​ឱ្យ​ខ្ញុំ​លេង​ទូរសព្ទ​អី​ច្រើន​ ពេល​ខ្លះ​ខ្ញុំ​ទំនេរ​អី​ភាគ​ច្រើន​លេង​ហ្គេម​ តែ​តាំង​ពី​អាន​សៀវភៅ​អី​មក​ចូលចិត្ត​តែ​កាន់​ទៅ​អាន​រឿង»

លោក លីម សុខសំណាង សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក លីម សុខសំណាង សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

សិស្សថ្នាក់​ទី ​១២ នៃ​វិទ្យាល័យ ​ជាស៊ីម​ សាមគ្គី​រូប​នេះ​បន្ត​ថា​ ខ្លួន​ទើប​តែ​ចាប់ផ្តើម​ចូលចិត្ត​អាន​សៀវភៅ​ ដោយសារ​តែ​មាន​ការ​ជំរុញ​ពី​មិត្តភក្តិ​ ជា​ហេតុ​នាំ​ឱ្យ​រូបគេ​បន្ត​ទម្លាប់អាន​មក​ដល់​ពេល​បច្ចុប្បន្ន​។

លីម សុខសំណាង ​ថ្លែង​ថា៖ «ខ្ញុំ​តាម​មិត្តភកិ្ត​ ដំបូង​មិត្តភកិ្ត​ណែនាំ​ទៅ​ ខ្ញុំ​ដំបូង​ក៏​អត់​ចូលចិត្ត​ដែរ​ ហើយ​ក្រោយ​មក​បែរ​ថា ​សាក​អាន​មួយ​ក្បាល​លេង​ទៅ​ ក្រោយ​មក​វា​ជក់​ដល់​ឥឡូវ​»

ទិវា​ជាតិ​អំណាន​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ហើយទិវា​ជាតិ​អំណាន​លើកទី ១ ត្រូវបានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ ក្រោម​ប្រធានបទ​ដែល​មាន​ចំណង​ជើង​ថា «បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន»។ ក្នុង​រយៈពេល​ប្រមាណ ៦ ឆ្នាំ​មក​នេះ ទិវាអំណាន​នេះ​នៅតែ​បន្ត​ប្រារព្ធធ្វើឡើងនៅ​រាជធានី​ភ្នំពេញ​ បើ​ទោះបីជា​ខកខាន​រយៈពេល​ ២ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ១៩ ក្តី។

សម្រាប់អ្នក​និពន្ធសៀវភៅវិញ ទិវាជាតិ​អំណាន​នេះ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ការ​អប់រំ​ក្រៅប្រព័ន្ធ ក៏ដូចជា​ជំរុញ​ឱ្យ​មាន​កិច្ច​ប្រឹងប្រែង​បន្ថែម​លើ​វិស័យ​និពន្ធ​សៀវភៅនៅកម្ពុជា​ផងដែរ។ ​

កំពុង​ឈរ​ថត​រូប​ និង​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​សៀវភៅ​ លោក​ តារា លី ​អ្នកនិពន្ធ​ និង​ស្ថាបនិក DARA LY Books បាន​ប្រាប់វីអូអេ​ថា សៀវភៅ​របស់​លោក​ ​ផ្តោតសំខាន់​លើ​ប្រធានបទ​បី​ធំៗ​គឺ ការអប់រំ លើកទឹកចិត្ត​ និង​ការកម្សាន្ត​ ដែល​ជំរុញ​ឱ្យ​មាន​ទម្លាប់​ការអាន​ ពីព្រោះ​លោក​យល់ឃើញ​ថា​ ការ​អាន​គឺជា​ផ្នែក​មួយនៃការ​សិក្សា​ពេញ​មួយជីវិត​។

លោក​ថ្លែង​ថា​៖ «ដោយសារ​តែ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ ក៏​ទទួល​បាន​ប្រយោជន៍​ច្រើន ​នៅ​ពេល​ដែល​ខ្ញុំ​អនុវត្តការ​អាន​សៀវភៅ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា​តែ​ម្តង។ ខ្ញុំ​សង្កេត​ឃើញ​ថា ​ ភាព​ខុស​ប្លែក​គ្នា​រវាង​ពេល​ដែល​យើង​អត់​អាន​ ដល់​ពេល​ដែល​យើង​ចាប់​ផ្តើម​អាន​ ហើយ​ពេល​ដែល​យើង​បន្ត​អាន​ហ្នឹង ​គឺ​វា​ធ្វើ​ឱ្យ​ការ​គិត​របស់​យើង​ ការ​គណនា​នៃ​ខួរក្បាល​របស់​យើង ​វា​មាន​ភាព​រហ័សរហួន​ជាង​មុន ​ដូច​ពេល​ដែល​យើង​ចូល​រៀន​នៅ​សាលា​ដែរ​»

លោក​ តារា លី ក៏សង្កេតឃើញថា​ បរិមាណ​និង​គុណភាព​នៃ​ការ​និពន្ធ​សៀវភៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ ពីព្រោះ​អ្នកនិពន្ធ​បាន​ខិតខំ​ពង្រឹង​ការ​តាក់តែង​និពន្ធ​របស់​ខ្លួន​ ជាជាង​យក​សៀវភៅ​មក​បកប្រែ​។

លោក​ថ្លែង​ថា​៖ «កន្លង​មក ​យើង​សង្កេត​ឃើញ​ថា​មាន​សៀវភៅ​មាន​មួយ​ចំនួន​ធំ​ដែល​ជា​សៀវភៅ​បកប្រែ​ អ៊ីចឹង​អ្នក​ដែល​អាន​គាត់​តែងតែ​មាន​ជា ​Comment, feedback [មតិ​យោបល់​យល់​ឃើញ​] យោបល់​ណែនាំ​ខ្លះ​ សៀវភៅ​បកប្រែ​វា​ល្អ​ដែលអត្ថន័យ​មួយ​ចំនួន​ វា​អត់​ទាន់​ស៊ីជម្រៅ​ ឬ​ក៏​ការ​បកប្រែ​ បច្ចេកទេស​នៃ​ការ​បកប្រែ​របស់​គាត់​ គឺ​នៅ​មានកម្រិត​មួយ​»

បន្ថែម​ពី​នេះ​ លោក​ក៏​លើក​ឡើង​ថា​ សម្រាប់​យុវជន​សៀវភៅ​ដែល​អាន​គួរ​តែ​ជា​សៀវភៅ​ប្រលោម​លោក​បែប​អប់រំ​ និង​សៀវភៅ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ដែល​ពួកគេ​កំពុង​តែ​សិក្សា​ផង​ដែរ​។

អ្នកស្រី សែត ហត្ថា អ្នកនិពន្ធដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះ កូនចាបមាស ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី សែត ហត្ថា អ្នកនិពន្ធដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះ កូនចាបមាស ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក តារា លី អ្នកនិពន្ធ និងស្ថាបនិក DARA LY Books ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក តារា លី អ្នកនិពន្ធ និងស្ថាបនិក DARA LY Books ផ្តល់បទសម្ភាសន៍ឱ្យ​វីអូអេ នៅ​អំឡុងទិវា​ជាតិ​អំណាន​លើកទី ៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ដូចគ្នាដែរ អ្នកស្រី សែត ហត្ថា ដែល​មនុស្ស​ទូទៅ​ស្គាល់​តាម​រយៈ​ឈ្មោះ ​កូន​ចាប​មាស​ បាន​ប្រាប់​វីអូអេ​ថា​ សៀវភៅ​របស់​អ្នកស្រីផ្តោត​សំខាន់​ទៅ​លើ​សៀវភៅ​បែប​លើក​ទឹក​ចិត្ត​ គំនិត​ទស្សនៈ​ ប្រលោម​លោក​ និង​ជីវប្រវត្តិពិត​។ អ្នកស្រី​បន្ត​ថា​ មូលហេតុ​ដែល​អ្នកស្រី​សម្រេច​ចិត្ត​ដាក់​លក់​សៀវភៅ​នៅ​ក្នុង​កម្មវិធី​នេះ​ ពីព្រោះ​មនុស្សម្នា​ដែលចូលរួម​ទិវាអំណាន​ ភាគច្រើន​មាន​គោលដៅ​ថា​នឹង​មក​ទិញ​ទៅ​សៀវភៅ​សម្រាប់​អាន​។

អ្នកស្រី​ថ្លែង​ថា​៖ «កន្លែង​នេះ ​គឺ​គេ​ផ្តោត​សំខាន់​ទៅ​លើ​សៀវភៅ​តែ​ម្តង​ អ៊ីចឹង​អ្នក​ដែល​អញ្ចើញ​មក​នេះ​គឺ​គាត់​សំដៅ​មក​រក​សៀវភៅ​ ឬ​ក៏​មក​មើល​សៀវភៅ​ហើយ​សុទ្ធ​តែ​អ្នក​រៀនសូត្រ​ ចង់​ចេះ​ចង់​ដឹង​អ៊ីចឹង​។ ប្រសិន​បើ​សៀវភៅ​ជ្រាប​ចូល​ទៅ​ក្នុង​កម្មវិធី​អីផ្សេង​ដែល​មាន​ផលិត​ផល​អី​ចម្រុះ​ហ្នឹង​គឺ​វា​ពិបាក​ យើង​ពិបាក​ប៉ាន់ស្មាន​ថា​អ្នក​មក​ហ្នឹង​គាត់​នឹង​ទិញ​សៀវភៅ​ដែរ​ឬ​ក៏​អ៊ីចឹង​ទៅណា​»

សម្រាប់​ស្ត្រី​អ្នក​និពន្ធ​រូបនេះ សេចក្តី​សប្បាយ​រីករាយ​តែងតែកើត​មាន នៅពេល​ដែលអ្នកស្រីឃើញយុវជន​ងាក​មក​រក​ការ​អាន​សៀវភៅ​ច្រើន​ ពីព្រោះ​អ្នកស្រី​យល់ថា​ ការ​អាន​សៀវភៅ​នឹង​ធ្វើ​ឱ្យ​ចំណេះដឹង​និង​ការ​គិត​របស់​អ្នក​អានមាន​ការ​វិវត្តល្អ​ប្រសើរ​។

អ្នកស្រី​ថ្លែង​ថា​៖ «ចំពោះ​ខ្ញុំ​គឺ​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែន​ទែន​ ដោយសារ​តែ​ខ្ញុំ​គិត​ថា ​បើ​ពួកគាត់​ចាប់ផ្តើម​អាន​ពី​ឥឡូវ​នេះ​ទៅ​ គឺ​បើ​សម្រាប់​ជីវិត​គាត់​ផ្ទាល់​ បើ​គាត់​អាន​ជាប់លាប់​ ហើយ​មាន​ទម្លាប់​ក្នុង​ការ​អាន​ហ្នឹង​ជា​ប្រចាំ ​គឺ​គាត់​នឹង​សង្កេត​ឃើញ​ខ្លួនឯង​រីកចម្រើន​ រីកចម្រើន​យ៉ាងយូរ​បំផុត​ ២ ឬ ៣ ឆ្នាំ​ គឺ​រីកចម្រើន​ខុស​ពី​មនុស្ស​ទូទៅ​ដោយ​គ្រាន់​តែ​ទៅ​សាលារៀន​អត់​អាន​សៀវភៅ​ មាន​ន័យ​ថា ​គ្រាន់​តែ​អាន​សៀវភៅ​ក្នុង​កម្មវិធី​សិក្សា​អត់​អាន​សៀវភៅ​បែប​គំនិត​ ឬ​អី​ផ្សេងៗ​អ៊ីចឹង​ទៅ​»

យុវជនកម្ពុជាចូលរួមទិវាជាតិអំណានលើកទី ៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
យុវជនកម្ពុជាចូលរួមទិវាជាតិអំណានលើកទី ៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក លីម សុខសំណាង បង្ហាញសៀវភៅដែលលោក​បាន​ទិញ ក្នុទិវាជាតិអំណានលើកទី ៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក លីម សុខសំណាង បង្ហាញសៀវភៅដែលលោក​បាន​ទិញ ក្នុទិវាជាតិអំណានលើកទី ៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា ងិន ម៉ិសស៊ែល អ្នក​សម្រប​សម្រួល​យុវជន​ស្ម័គ្រចិត្តក្នុង​កម្មវិធី​ទិវា​ជាតិ​អំណាន​លើក​ទី ​៨ នេះ​ បាន​ប្រាប់​វីអូអេ​តាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​ថា​ ការ​ដាក់​តាំង​ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​ ដើម្បី​អបអរ​ទិវា​ជាតិ​អំណាន ​ក្រោយ​អាក់ខាន​ប្រារព្ធ​អស់​រយៈ​ពេល​ ២​ ឆ្នាំ​ ដោយ​សារ​បញ្ហា​ជំងឺ​រាតត្បាត​កូវីត​១៩​។ ទោះ​ជា​យ៉ាង​ក្តី​ កញ្ញា​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​កាន់​តែ​ច្រើន​។

កញ្ញា​ថ្លែង​ថា​៖ «ខ្ញុំ​រំពឹង​ថា​នឹង​ចូលរួម​ច្រើន​ ពីព្រោះ​យើង​ខកខាន​អស់រយៈ​ច្រើន​ឆ្នាំ​ដែរ​បង​ អស់​ពីរ​ឆ្នាំ។ ហើយ​ម្យ៉ាង​ទៀត​ស្តង់​ក៏​បាន​ Collaborate [សហការ] ជាមួយ​នឹង​គ្នា​ច្រើន​ គាត់​មាន ​Promotion [បញ្ចុះតម្លៃ] ស្ទង់​គ្រប់​ស្តង់​តែ​ម្តង​ គាត់​មាន​ Promotion [បញ្ចុះតម្លៃ] គាត់ខំ​ Promote [ផ្សព្វផ្សាយ] លើ​ផេក​គាត់​ ដែល​ខ្ញុំ​ឃើញ​មាន​កំណើន​ការ​ Share [ចែកចាយ] ពិត​ជា​ច្រើន​មែនទែន»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សមិទ្ធផល​ដែល​កញ្ញា​និង​ក្រុម​ការងារ​ទទួល​បាន​ ការ​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​លើក​កម្ពស់​ការ​អាន​ទៅ​កាន់​ក្មេង​តូចៗ​ ព្រម​ទាំង​ជួយ​ដល់​អ្នក​និពន្ធ​ខ្មែរ​ដែល​បាន​បោះពុម្ភៈ​សៀវភៅ​ហើយ​មិនមាន​ទីផ្សារ​ ឱ្យ​ទទួល​បាន​ឱកាស​ដាក់​សៀវភៅ​របស់​ខ្លួន​។

កញ្ញា​ថ្លែង​ថា​៖ «ហើយ​ក៏​ពួក​ខ្ញុំ​រំពឹង​ថា​នឹង​បាន​បណ្តាញ​ដ៏​ល្អ​រវាង​បណ្តុំ​នៃ​អ្នក​និពន្ធ​ ក៏​ដូចជា​ស្ថាប័ន​ផ្សេងៗ​ដែល​បោះពុម្ព​សៀវភៅ​តែ​អាច​នឹង​អត់​មាន​ទីផ្សារ​ ឬ​ក៏​អត់​មាន​ឱកាស​បង្ហាញ​សៀវភៅ​របស់​គាត់​បង​»

ទិវា​ជាតិ​អំណាន​លើក​ទី ៨ កំពុង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃទី ១០ ទី ១១ និងទី ១២ ខែមីនា ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕

What Next?

Recent Articles