លោក ទៀ បាញ់ អះអាងពីការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយថ្កោលទោសលោក សម រង្ស៊ី

កម្ពុជា-នយោបាយ
11/03/2023 – 07:41
ដោយ៖ សឿង ភារៈ
RFI

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ © Internet


លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​លោក​ ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប​ បាន​បន្ត​អះអាង​ពី​ការ​គាំទ្រ​លោក​ ហ៊ុន ម៉ាណែត ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី ​និង​ភាព​ស្មោះស្ម័គ្រ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប្រតិកម្ម​ពី​ប្រមុខ​កង​ទ័ព​ នា​ពេល​នេះ ​គឺ​កើត​ឡើង​ បន្ទាប់​ពី​លោក​ សម រង្ស៊ី ​មេ​ដឹកនាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក ​ទៀ សីហា ​ជា​នាយក​រដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ឆ្នាំ២០២៣​ ដល់​ ២០២៨​ ខណៈ​សារព័ត៌មាន​បរទេស​ខ្លះ​ផ្សាយ​ថា ​កងទ័ព​មិន​គាំទ្រ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន។​

កាលពីថ្ងៃទី១០ ខែមីនា លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថាលោកប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ សម រង្ស៊ី ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។

លោក ទៀ បាញ់​ ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងនោះ បានសរសេរទៀតថា “ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។


រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជា​កូនប្រុសរបស់លោក ទៀ បាញ់ ក៏បានចេញមកប្រតិកម្មទៅនឹងសាររបស់លោក សម រង្ស៊ី។ នៅថ្ងៃទី១១ ខែមីនា តាមទំព័រហ្វេសប៊ុក លោក ទៀ សីហា ​បានហៅលោក សម រង្ស៊ី​ថាជាទណ្ឌិតក្បត់ជាតិបីជំនាន់ និងប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោស ចំពោះលោក សម រង្សី ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត និងញុះញង់តាមរយះបណ្តាញសង្គមមកលើក្រុមគ្រួសាររបស់លោក។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលបានទទួលសំឡេងសន្លឹកឆ្នោត ៤៤%  ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧ លោក សូមគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី៧ គឺពីឆ្នាំ ២០២៣ ដល់ ២០២៨។

តាមរយៈសំណេរនៅលើហ្វេសប៊ុកនេះ លោក សម រង្ស៊ី​ ក៏បានដាក់ភ្ជាប់មកជាមួយរូបថតរបស់លោក លោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញផង។ លោក សម​ រង្ស៊ី បានសរសេរថាប្រជារាស្ត្រខ្មែរ ដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញលោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។

ក្រៅតែពីលោក ទៀ បាញ់ និងលោក ទៀ សីហា លោក ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក និងក្រសួងការពារជាតិតាមរយៈអ្នកនាំពាក្យក៏បានប្រតិកម្មទៅនឹងសាររបស់លោក សម រង្ស៊ី។ បើតាមកក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់របស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងគាំទ្រ លោក ហ៊ុ​ន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

កាសែត ASIA TIMES ក៏បានចុះផ្សាយនូវអត្ថបទមួយ កាលពីថ្ងៃទី០៧ ខែមីនា ដោយបានសរសេរយោងតាមសេចក្តីរាយការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិកម្ពុជាក៏មានឥទ្ធិពលមិនគាំទ្រ និងអាចធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់ លោក ហ៊ុន សែន ក្នុងការប្រគល់អំណាចទៅកូនប្រុសរបស់គាត់។

សូមជម្រាបថា កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត​ ដែល​ជាកូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទឲ្យ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕

What Next?

Recent Articles

2 Responses to "លោក ទៀ បាញ់ អះអាងពីការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយថ្កោលទោសលោក សម រង្ស៊ី"

  1. អ្នកលេងជើងចាស់ says:

    លោក សមរង្ស៊ី បានបកស្បែកលោក ទៀ បាញ់ ជូនលោក ហ៊ុនសែន ឲ្យអស់ការសង្ស័យហើយ សូមជ្រាបនេះជាឆាកនយោបាយដែលគេលេងជាមួយគ្នា សែន + សុី រីឯអ្នកភ្លើគឺ ទៀបាញ់

  2. Anonymous says:

    HAS….. it can be I think you already knew what HUN SEN capable of . killing was HUN SEN expertise other wide this animal can not be Evil prime minister till this day