ដោយ ទីន ហ្សាការីយ៉ា
2023.03.11
RFA

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។ រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ច្រានចោលការប្រកាសរបស់លោក សម រង្ស៊ី ដែលប្រកាសគាំទ្រកូនប្រុសរបស់លោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងលោក ទៀ បាញ់ ចេញមុខបដិសេធការលើកឡើងរបស់លោក សម រង្ស៊ី នេះ ស្ថាប័នកងយោគពលខេមរភូមិន្ទចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ចេញញត្តិថ្កោលទោស លោក សម រង្ស៊ី ព្រោងព្រាត។
រីឯអ្នកវិភាគវិញអះអាងថា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា កំពុងតែបែកបាក់ផ្ទៃក្នុង ដោយសារតែពួកគេមួយចំនួន មិនគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីតពូជ។
អ្នកវិភាគនយោបាយ អះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងតែបែកបាក់ផ្ទៃក្នុង ដោយសារតែពួកគេមិនគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តពីឪពុក។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន ដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ មិនមែនមានតែប្រជាពលរដ្ឋទេ ដែលរងការឈឺចាប់ ទទួលទុក្ខទោស សូម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សកាន់អំណាច ក៏មិនពេញចិត្តការដឹកនាំរបស់លោក ហ៊ុន សែន ដែរ។ លោកបន្ថែមថា កម្ពុជាមិនមានបដិវត្តន៍ពណ៌កើតចេញពីប្រជាពលរដ្ឋ ឬក្រុមណាមួយនៅក្រៅរដ្ឋាភិបាលនោះឡើយ។ លោកអះអាងថា បដិវត្តន៍ពណ៌អាចកើតឡើង ផុសចេញពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាតែម្ដង។ លោកអះអាង ទៀតថា ឥលូវនេះ ក្រុមលោក ស ខេង និង លោក ទៀ បាញ់ មិនពេញចិត្តលោក ហ៊ុន សែន ដែលគ្រោងចែកកេរ្តិ៍ឲ្យកូនដឹកនាំកម្ពុជាបន្តឡើយ។
លោក គឹម សុខ៖ «លោក ទៀ បាញ់ តតាំងជាមួយលោក ហ៊ុន សែន តាំងពីអាណត្តិទី១មកម្ល៉េះ នេះជាសញ្ញាដែលអាចផ្ទុះបដិវត្តន៍នៅក្នុងគណបក្ស។ មួយវិញទៀត លោក ហ៊ុន សែន ធ្លាប់លើកឡើងហើយ លោកនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល រីឯកូនរបស់លោក ជានាយករដ្ឋមន្ត្រី។ បញ្ហានេះ ទំនងជាកំពុងតែបែកបាក់ផ្ទៃក្នុងហើយ ពីព្រោះទាំងលោក ស ខេង និង លោក ទៀ បាញ់ មិនព្រមឲ្យកូនឡើងជានាយករដ្ឋមន្ត្រី ហើយលោក ហ៊ុន សែន ជាប្រធានគណបក្សនោះទេ»។
ការលើកឡើងរបស់លោក គឹម សុខ នៅក្រោយពេលលោក ហ៊ុន សែន ប្រកាសអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ហើយនាំគ្នាការពារសន្តិភាពរបស់លោក។
លោក ហ៊ុន សែន៖ «សូមកុំធ្វើសកម្មភាពណាមួយដែលជំរុញឲ្យមានសង្គ្រាមឬបដិវត្តន៍ពណ៌ឲ្យសោះ ទោះក្នុងតម្លៃណាក៏ដោយ យើងមិនអនុញ្ញាតឲ្យអ្នកណាធ្វើសកម្មភាពបដិវត្តន៍ពណ៌ទាំងនៅក្នុងស្រុក ឬបរទេសក្រោមរូបភាពសិទ្ធិមនុស្សនោះឡើយ យើងមិនឲ្យមានសង្គ្រាមឡើងវិញនោះទេ»។
ទោះបីជាយ៉ាងនេះក្ដី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងជាសាធារណៈថា ចលនាបដិវត្តន៍ពណ៌គឺកើតចេញពីផ្ទៃក្នុង របស់រដ្ឋាភិបាលខ្លួនឯងតែម្តង ដែលមានមន្ត្រីអសកម្មមិនយកចិត្តទុកដាក់បម្រើរាស្ត្រ ហើយធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាព និងប្រយោជន៍របស់ពលរដ្ឋ។
ការលើកឡើងរបស់លោក ស ខេង នេះ ត្រូវបានអ្នកវិភាគថា ជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា កំពុងតែប្រេះស្រាំ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងវិញ ក៏បានអះអាងអំពីមូលហេតុនៃការបិទសារព័ត៌មានវីអូឌី (VOD) កាលពីពេលថ្មីៗនេះ ថា ជាការផ្សាយធ្វើឲ្យបែកបាក់ផ្ទៃក្នុងនេះដែរ។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា វិទ្យុវីអូឌី ផ្សាយថា លោក ហ៊ុន ម៉ាណែត ចុហត្ថលេខាផ្ដល់ជំនួយឲ្យប្រទេសតួគី (Turkey) ជំនួសលោកនោះ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក និងកូនប្រុសរបស់លោក។ លោកអះអាងទៀតថា ការផ្សាយបែបនេះ គឺធ្វើឲ្យបែកបាក់ផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីដែរ។
ទាក់ទងនឹងបញ្ហានេះ កាលពីពេលថ្មីៗនេះ កាសែត Asia Time បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះអំពីជម្លោះដណ្តើមអំណាចរវាងគ្រួសារលោក ទៀ បាញ់ និងលោក ហ៊ុន សែន នៅក្រសួងការពារជាតិ។ កាសែតផ្សាយថា លោក ទៀ បាញ់ព្រមទទួលយក ហ៊ុន ម៉ាណែត ដោយសារតែលោក ហ៊ុន សែន បានសន្យាថា កូនប្រុសលោក ទៀ បាញ់ លោក ទៀ សីហា សព្វថ្ងៃជាអភិបាលខេត្តសៀមរាប នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ កាសែតក៏បន្តទៀតថា ចិនប្រហែលជាមិនពេញចិត្តនឹងបេក្ខជននាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត នោះទេ ដោយសារតែ លោកទទួលបានការអប់រំពីប្រទេសលោកខាងលិច។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលបានទទួលសំឡេងសន្លឹកឆ្នោត ៤៤% (សល់ពីគេលួច) ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧។ លោកសូមគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី ៧ គឺពីឆ្នាំ ២០២៣ ដល់ ២០២៨។
លោក សម រង្ស៊ី បន្តថា ប្រជារាស្ត្រខ្មែរ ដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញករណី លោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ការផ្លាស់ប្ដូរបែបនេះ នឹងនាំឲ្យប្រទេសកម្ពុជា មានអ្នកដឹកនាំថ្មី ដែលមិនមែនជា ឃាតក ជាជនមហាសែនពុករលួយបំផ្លាញជាតិ និងជនក្បត់ជាតិ ដូចលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនោះឡើយ។
ឆ្លើយតបនឹងចំពោះគាំទ្ររបស់លោក សម រង្ស៊ី នេះ លោក ទៀ បាញ់ និងស្ថាប័នកងទ័ពផ្សេងទៀត នៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិនោះ បានចេញលិខិតបដិសេធ និងថ្កោលទោស លោក សម រង្ស៊ី។ លោក ទៀ បាញ់ ហៅខ្លឹមសារ លោក សម រង្ស៊ី លើកឡើងបែបនេះថា ជារឿងញុះញង់ និងបំបែកបំបាក់ទៅវិញ។ លោក ទៀ បាញ់ សរសេរទៀតថា លោក និងក្រុមគ្រួសារនៅតែគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគលើកឡើងថា ការចេញលិខិតបដិសេធរបស់លោក ទៀ បាញ់ នេះ មិនអាចសន្មតថា ជារឿងធ្វើឡើងដោយគ្មានការបង្ខិតបង្ខំរបស់លោក ហ៊ុន សែន ឡើយ។ អ្នកវិភាគនៅតែមើលឃើញថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាប្រាកដជាមានអ្នកជំទាស់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនេះ បើមិនអីចឹងទេ មិនមែនលោក ហ៊ុន សែន ដាក់ផែនការបន្សុទ្ធអំណាចខ្សែស្រឡាយលោក ជា ស៊ីម នោះទេ។ លោក ហ៊ុន សែន ធ្លាប់ចាប់ប្រធានអង្គរក្ស និងជំនួយការផ្ទាល់លោក ជា ស៊ីម ដាក់ពន្ធនាគារ កាលលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជានៅមានជីវិត ដែលបញ្ហានេះ អ្នកវិភាគមើលឃើញថា ជាផែនការរបស់លោក ហ៊ុន សែន គ្រោងទុកតាំងពីយូរមកណាស់ហើយ ចំពោះអ្នកណាហើយ ដែលលោកមើលឃើញថា ជាឧបសគ្គដល់ផែនការផ្ទេរអំណាចរបស់លោក។ មកទល់ពេលនេះ ត្រកូលលោក ជា ស៊ីម សឹងតែបាត់នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។
អ្នកវិភាគមើលឃើញថា មានតែលោក ទៀ បាញ់ និង លោក ស ខេង ប៉ុណ្ណោះ ដែលជាឧបសគ្គរបស់លោក ហ៊ុន សែន ដោយសារតែលោក ស ខេង គ្រប់គ្រងក្រសួងមហាផ្ទៃ ហើយលោក ទៀ បាញ់ កាន់កាប់ក្រសួងការពារជាតិ មានកងកម្លាំងនៅក្នុងដៃ។ ក្រុមអ្នកវិភាគលើកឡើងថា នៅពេលខាងមុខ ប្រសិនបើមានចលនាងើបឡើងប្រឆាំងនឹងលោក ហ៊ុន សែន នោះ មិនមែនកើតចេញពីប្រជាពលរដ្ឋនោះទេ គឺកើតចេញពីផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ដែលកំពុងតែរង្គោះរង្គើស្រាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។