ដោយ ថា ថៃ
2023.03.11
RFA

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ (ឆ្វេង) ប្រកាសផ្ដល់តួនាទីលោក ហ៊ុន ម៉ាណែត (ស្ដាំ) ក្នុងជួរទ័ព កាលពីឆ្នាំ២០១៨។ រូប៖ ហ្វ្រេសញូវ
អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំង លើកឡើងថា មេយោធាជាន់ខ្ពស់ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កំពុងបំពាន និងដើរតួនាទីជំនួសរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។ ការលើកឡើងដូច្នេះ ដោយសារពួកគាត់ សង្កេតឃើញថា លោក ហ៊ុន ម៉ាណែត ក្រៅពីសាកល្បងធ្វើការងារនយោបាយជំនួសឪពុកលោកនោះ អ្នកចាំស៊ីកេរឪពុករូបនេះ ក៏កំពុងក្ដោបក្ដាប់ការងារសំខាន់ៗនៅក្នុងជួរកងទ័ព ការដើរតែងតាំង និងការកែសម្រួលមុខតំណែងជូននាយទាហានតាមអង្គភាពផ្សេងៗ និងតែងជួបទំនាក់ទំនងជាមួយប្រមុខការពារជាតិ ឬមន្ត្រីយោធាជាន់ខ្ពស់របស់បរទេសជាដើម ដែលសកម្មភាពនេះជាការពង្រឹងអំណាចផ្ទាល់ខ្លួន ហើយកាត់បន្ថយអំណាចរបស់លោក ទៀ បាញ់ ដើម្បីធានាសុវត្ថិភាពក្នុងការឆ្ពោះទៅកាន់តួនាទីកំពូល។
ថ្វីដ្បិតតែលោក ហ៊ុន ម៉ាណែត មានឋានៈតួនាទីទាបជាងលោក ទៀ បាញ់ ទាំងក្នុងជួរគណបក្សប្រជាជនកម្ពុជា និងក្នុងជួរកងទ័ពក្ដី ក៏អ្នកឃ្លាំមើល កត់សម្គាល់ឃើញថា លោក ហ៊ុន ម៉ាណែត បានធ្វើសកម្មភាពច្រើនលើសលប់នៅក្នុងកិច្ចការងារគ្រប់គ្រងកងទ័ព ដើម្បីកាត់បន្ថយអំណាចបន្តិចម្តងៗរបស់ប្រមុខការពារជាតិរូបនេះ ដែលអាចគំរាមកំហែងដល់ការឡើងស្នងតំណែងតពីឪពុករបស់លោក។ អ្នកវិភាគនយោបាយ លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ាណែត នៅរយៈពេលចុងក្រោយនេះ ស្ទើរតែបង្ហាញថា លោកកំពុងដឹកនាំក្រសួងការពារជាតិទាំងមូល ដែលទង្វើនេះ អាចធ្វើឲ្យលោក ទៀ បាញ់ មិនពេញចិត្ត និងប្រេះឆាផ្ទៃក្នុង បើទោះបីជាមិនទាន់ដល់កម្រិតលេចចេញមកខាងក្រៅក្តី។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា លោក ហ៊ុន ម៉ាណែត បានដើរតួនាទីជំនួសមុខរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ គឺជាសញ្ញាបញ្ជាក់បន្ថែមពីការពង្រឹងអំណាចគ្រួសារត្រកូល ហ៊ុន នៅក្នុងក្រសួងមួយនេះ។ លោកបន្ថែមថា តាមរយៈការពង្រឹងអំណាចគ្រួសារលោក ហ៊ុន សែន នេះ ក៏នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក គឹម សុខ៖ «ខ្ញុំគិតថាលោក ទៀ បាញ់ ត្រូវបានលោក ហ៊ុន សែន ដកអំណាចស្ទើរតែអស់ទៅហើយ ជាពិសេសអំណាចបញ្ជាប្រតិបត្តិ គាត់នៅតែដំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិតែប៉ុណ្ណោះ ហើយមែនទែនទៅដូចដំណែងទីងមោងអ៊ីចឹង ក៏ប៉ុន្តែអំណាចបញ្ជាគ្រប់ស្ថានការណ៍ គឺស្ថិតនៅលើកណ្ដាប់ដៃលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ការលើកឡើងរបស់អ្នកវិភាគរូបនេះ គឺស្របគ្នាទៅនឹងអត្ថបទស្រាវជ្រាវមួយរបស់សារព័ត៌មានអន្តរជាតិ អេស៊ា ថាមស៍ (Asia Times) ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែមិនា ថា រដ្ឋមន្ត្រីក្រសួងការពារជាតិដ៏មានឥទ្ធិពល លោក ទៀ បាញ់ ត្រូវបានគេរាយការណ៍ថា កំពុងទប់ទល់ និងអាចបំផ្លាញផែនការរបស់លោក ហ៊ុន សែន ក្នុងការប្រគល់អំណាចទៅកូនប្រុសរបស់គាត់។ អត្ថបទកាសែតដដែលនេះ លើកឡើងដោយផ្អែកតាមព័ត៌មានពីប្រភពផ្ទៃក្នុងជាច្រើនរបស់បក្សកាន់អំណាចថា កន្លងមកលោក ទៀ បាញ់ បានព្រមទទួលយកបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត ជាថ្នូរទៅនឹងការសន្យារបស់លោក ហ៊ុន សែន ថា នឹងឱ្យកូនរបស់លោកធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្តវេនពីលោក។ ក៏ប៉ុន្តែដោយសារតែ ពាក្យសន្យាមិនត្រូវបានគោរព ហើយចិនក៏ហាក់ដូចជាមិនទុកចិត្តលោក ហ៊ុន ម៉ាណែត ដូច្នេះវានឹងធ្វើឱ្យផែនការផ្ទេរអំណាចពីឪពុកទៅកូនរបស់លោក ហ៊ុន សែន នឹងកាន់តែមានភាពស្មុគស្មាញ។ សារព័ត៌មានអន្តរជាតិ អេស៊ា ថាមស៍ គូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង មិនសូវមានទំនុកចិត្តថាលោក ហ៊ុន ម៉ាណែត មានអំណាចពេញលេញអាចដឹកនាំប្រទេសកម្ពុជាបានដូចឪពុកនោះទេ ប៉ុន្តែមេដឹកនាំចិន ជឿជាក់ទៅលើក្រុមកងកម្លាំងរបស់លោក ទៀ បាញ់ ជាង និងចង់ចាប់យកក្រសួងការពារជាតិ ធ្វើជាបង្អែកយោធារបស់ខ្លួនតទៅថ្ងៃមុខ ដោយសារតែចិនធ្លាប់បានសហការជាមួយលោក ទៀ បាញ់ ជុំវិញការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម។ ក្រុមលោក ទៀ បាញ់ ជាប៉ូលអំណាចធំមួយនៅកម្ពុជា ព្រោះលោក ទៀ បាញ់ បានដឹកនាំក្រសួងការពារជាតិប្រមាណ៤ទស្សវត្សន៍មកហើយ និងថែមទាំងមានតួនាទីជាអនុប្រធានបក្សកាន់អំណាចទៀតផង។លោក ទៀ បាញ់ មានកូនប្រុសជាចៅហ្វាយខេត្តសៀមរាប គឺលោក ទៀ សីហា និងមានប្អូនប្រុសជាមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ។ក្រុមលោក ទៀ បាញ់ នេះសម្បូរទាំងលុយ មានទាំងកាំភ្លើងនៅក្នុងដៃ ហើយកំពុងគ្រប់គ្រងដែនលំហសមុទ្ររបស់កម្ពុជាទាំងមូលផង។
ក្រោយការចុះផ្សាយរបស់អត្ថបទសារព័ត៌មានបរទេសមួយនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក(Facebook) របស់លោក ជាបន្តបន្ទាប់ថា លោក ហ៊ុន សែន អាចបញ្ជាឲ្យចាប់ លោក ទៀ បាញ់ ពីព្រោះមានការខ្វែងគំនិតគ្នា ទាក់ទងនឹងសមាសភាពរដ្ឋាភិបាលអាណត្តិក្រោយ ដែលមាន លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ជំនួសឪពុករបស់លោក ។ ប៉ុន្តែលោក សម រង្ស៊ី យល់ថា លោក ទៀ បាញ់ ដែលសព្វថ្ងៃ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ មានកងកម្លាំងប្រដាប់អាវុធក្រោមបញ្ជាគាត់ ដែលច្បាស់ជាការពារគាត់ មិនឲ្យ លោក ហ៊ុន សែន ចាប់បានទេ។ លើសពីនេះ លោក សម រង្សី ក៏បានប្រកាសគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់លោក ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ លោក សម រង្សី អំពាវនាវឱ្យប្រជាពលរដ្ឋដែលចង់បានសេរីភាព និងយុត្តិធម៌រួមគ្នាជាមួយលោក ទៀ បាញ់ លោក ទៀ សីហា និងលោក ទៀ វិញ ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មេបក្សប្រឆាំងរូបនេះ ចាត់ទុកថា ការផ្លាស់ប្ដូរបែបនេះ នឹងនាំឲ្យប្រទេសកម្ពុជា មានអ្នកដឹកនាំថ្មី ដែលមិនមែនជាក្រុមគ្រួសារលោក ហ៊ុន សែន ដែលលោកចោទថា ជាក្រុមឃាតក ពុករលួយបំផ្លាញនិងក្បត់ជាតិ។
ទោះជាយ៉ាងណា ទាក់ទងនឹងការបង្ហោះសាររបស់លោក សម រង្ស៊ី នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបង្ហោះសារបដិសេធភ្លាមៗនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃទី១០ មីនា ដោយលោកបានបញ្ជាក់ជាថ្មីថា លោកនិងគ្រួសារនៅតែគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ លោកបន្ថែមថា ការលើកឡើងរបស់លោក សម រង្សី មានចេតនាញុះញង់ បំបែកបំបាក់ជាតិ។ លោក ទៀ បាញ់ បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បន្តប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ហើយប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្រៅពីនេះ ក្រុមមេទ័ព និងស្ថាប័នកងទ័ពនានា បានចេញសារថ្កោលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់។
នៅកម្ពុជា ថ្វីត្បិតតែសញ្ញានៃការប្រកួតប្រជែងដណ្ដើមអំណាចនៅក្នុងជួរបក្សប្រជាជនកម្ពុជា ត្រូវគេខំលាក់មិនអោយលេចធ្លាយចេញមកក្រៅ និងមើលទៅហាក់រឹងមាំពីលើដល់ក្រោម ក៏ប៉ុន្តែ អ្នកឃ្លាំមើល សង្កេតឃើញថា នៅក្នុងបក្សនេះមានប៉ូលអំណាចធំផ្សេងៗគ្នា ដូចជាក្រុម លោក ទៀ បាញ់ និងក្រុមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម ដែលកំពុងសម្លឹងចង់គ្រងតំណែងកំពូលរបស់លោក ហ៊ុន សែន និងព្យាយាមទប់ទល់ផែនការផ្ទេរអំណាចបែបសន្តតិវង្សនៃត្រកូលហ៊ុន។ ថ្មីៗនេះ សូម្បីតែវិទ្យុវីអូឌី (VOD) ចុះផ្សាយអត្ថបទព័ត៌មានមួយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសរដ្ឋាភិបាលលើប្រាក់ជំនួយដល់ប្រទេសតួគី (Turkey) នោះ ធ្វើឲ្យលោក ហ៊ុន សែន និងកូនប្រុស ខឹងក្រោធយ៉ាងខ្លាំង និងបានប្រើអំណាចទាំងបំពានច្បាប់បិទវិទ្យុវីអូឌីទាំងកម្រោល ដោយចោទថា អត្ថបទព័ត៌មាននេះ ធ្វើឱ្យឈានដល់ការបែកបាក់ផ្ទៃក្នុងរបស់រដ្ឋាភិបាល។ នេះហាក់បង្ហាញថា ផ្ទៃក្នុងបក្សកាន់អំណាច មិនសូវរឹងមាំ និងមិនទុកចិត្តគ្នានោះទេ។
អ្នកឃ្លាំមើល ក៏ពិនិត្យឃើញថា ការជ្រើសតាំងបេក្ខភាពលោក ហ៊ុន ម៉ាណែត ចាប់ផ្ដើមមានឧបសគ្គតាំងពីដើមម៉្លេះ ដោយស្តែងឲ្យឃើញតាមរយៈកាយវិការរបស់ក្រមលោក ទៀ បាញ់ និងក្រុម លោក ស ខេង មិនបានចេញសារលិខិតគាំទ្របេក្ខភាពរបស់លោក ម៉ាណែត ភ្លាមៗនោះទេ លុះរហូតដល់មានការព្រមានពីលោក ហ៊ុន សែន ខ្លាំងៗទើបពួកលោកចេញលិខិតគាំទ្រ។ ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនបានចេញលិខិតគាំទ្រលោក ហ៊ុន ម៉ាណែត នោះឡើយ ដោយលោកលើកឡើងថា លោកគាំទ្របេក្ខជននាយករដ្ឋមន្ត្រីដែលបានសម្រេចដោយសមាជគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងបក្សកាន់អំណាច កាលពីចុងឆ្នាំ២០២១ ដែលដំបូងឡើយប្រកាសឲ្យសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សម្នាក់ៗបោះឆ្នោតដោយសម្ងាត់នោះ តែទីបំផុតគណបក្សប្រជាជនកម្ពុជា បែរជាប្រកាសសម្រេចជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត តាមផែនការនិងការចង់បានរបស់លោក ហ៊ុន សែន ទៅវិញ ដែលធ្វើឲ្យមន្ត្រីបក្សកាន់អំណាចផ្សេងទៀត បាត់ឱកាសបោះឆ្នោតចេញពីឆន្ទៈរបស់ពួកគេ។
សមាជិកថ្នាក់ខេត្ត នៃគណបក្សសង្គ្រោះជាតិ លោក ម៉េង សុធារ៉ា យល់ឃើញថា តាំងពីមុន និងក្រោយពេល លោក ហ៊ុន ម៉ាណែត បានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឪពុកលោកហើយនោះ ទាំងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានខិតខំពង្រីកបណ្ដាញអ្នកគាំទ្រខាងក្រុមខ្លួន ដើម្បីអោយមានតុល្យភាពខាងអំណាចផង និងឲ្យមានប្រៀបជាងក្រុមលោក ទៀ បាញ់ ឬ ក្រុម លោក ស ខេង ផង។ លោកបន្ថែមថា ការតែងតាំងមន្ត្រីដោយតាមរយៈបក្ខពួកដូច្នេះ នឹងធ្វើឱ្យមន្ត្រីទាំងនោះធ្វើការដោយមិនគិតពីផលប្រយោជន៍សង្គមជាតិជាធំនោះឡើយ ព្រោះពួកគេត្រូវការពារអំណាច និងអត្ថប្រយោជន៍ត្រកូល ហ៊ុន វិញ។
លោក ម៉េង សុធារ៉ា៖ «ផលប៉ះពាល់នោះគឺធ្វើឱ្យប្រព័ន្ធគ្រប់គ្រងរដ្ឋទន់ខ្សោយ តាមរយៈការលូកដៃ បានន័យថាឆ្លងការងារមិនគោរពតាមឋានានុក្រម អ៊ីចឹងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងតាមស្ថាប័ននីមួយៗធ្វើឱ្យខ្សោយ តាមរយៈការងារទទួលខុសត្រូវតាមស្ថាប័នហ្នឹង រង់ចាំស្ដាប់តែបញ្ជាពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នោះទេ»។
តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាឪពុក លោក ហ៊ុន ម៉ាណែត ដែលមានវ័យត្រឹម៤៥ឆ្នាំ កំពុងកាន់តំណែងគ្រាក់ៗនៅក្នុងជួរកងទ័ពរដ្ឋាភិបាល និងក្នុងជួរបក្ស។ កាលពីឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ពាក់ផ្កាយ៣លើស្មា បន្ថែមពីលើតួនាទីជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏ដំឡើងតួនាទីមនុស្សជំនិតរបស់លោកជាបន្តបន្ទាប់ទៅកាន់តួនាទីជាមេបញ្ជាការកងទ័ពកំពូលៗ ដូចជា លោក សៅ សុខា លោក វង្ស ពិសេន និងលោក ឥត សារ៉ាត់ ជាដើម ក្រោយផ្ទេរឧត្តមសេនីយ៍គ្រាក់ៗ៣ រូប គឺលោក គន់ គីម លោក ប៉ុល សារឿន និងលោក មាស សុភា ឲ្យទៅឈរឈ្មោះជាតំណាងរាស្ត្រវិញ។ ក្រោយពីទទួលបានតួនាទីនោះ ក្រុមមេបញ្ជាការកំពូលថ្មីៗទាំងនេះ តែងប្រកាសបង្ហាញភាពស្មោះត្រង់ឥតងាករេ និងប្រកាសការពារដល់ក្រុមគ្រួសារលោក ហ៊ុន សែន ជានិច្ច ខុសពីមេបញ្ជាការកំពូលៗចាស់ៗ ដែលជាសមមិត្តរួមអាវុធរបស់លោក ហ៊ុន សែន កន្លងមក។ សូម្បីតែអង្គភាពផ្សេងៗនៅក្នុងក្រសួងការពារជាតិ ក៏លោក ហ៊ុន សែន ដកមកឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់កូនប្រុសលោកដែរ។ ចំពោះលោក ហ៊ុន ម៉ាណែតវិញ មួយរយៈចុងក្រោយនេះ លោក កំពុងធ្វើកំណែទម្រង់កងទ័ពយ៉ាងសកម្មដោយបញ្ចូលឈាមថ្មីទៅជំនួសឈាមចាស់ពីលើ ដល់ក្រោម។ លោក តែងតែចុះតែងតាំងនិងផ្លាស់ប្តូរមុខតំណែងដល់នាយទាហានតាមគ្រប់រាជធានីខេត្ត ដូចជាកាលពីថ្ងៃទី៩ មីនា លោកចុះផ្លាស់ប្ដូរមុខដំណែងដល់នាយទាហាន និងសម្ពោធសមិទ្ធផលក្រសួងការពារជាតិនៅខេត្តស្ទឹងត្រែង។ ជាញឹកញយ លោក ហ៊ុន ម៉ាណែត ក៏តែងចុះសំណេះសំណាលជាមួយកងទ័ព និងចុះបិទវគ្គហ្វឹកហ្វឺនកងទ័ព ឬសម្ពោធសមិទ្ធផលថ្មីរបស់កងទ័ពនៅតាមមូលដ្ឋានទ័ពនានា ជំនួសតួនាទីរបស់លោក ទៀ បាញ់។ បន្ថែមពីនេះ គិតត្រឹមខែមករា ដល់ខែមីនានេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំយោធាជាន់ខ្ពស់នៃប្រទេសជាដៃគូចំនួន៥ រួមមានដូចជា ចិន (China) ឥណ្ឌា (India) ហ្វីលីពីន (Philipine) ជប៉ុន (Japan) ជាដើម ខណៈលោក ទៀ បាញ់ លេចមុខមាត់តែនៅក្នុងកម្មវិធីតូចតាច នៅក្នុងប្រទេសរបស់ក្រសួងការពារជាតិតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏ទើបតែដឹកដៃកូនប្រុសរបស់លោក ទៅជួបមេដឹកនាំចិន និងវៀតណាម ដែលអ្នកឃ្លាំមើល ជឿថា ជាការស្វែងរកការគាំទ្រផែនការផ្ទេរអំណាចរបស់ត្រកូលហ៊ុន។
ជុំវិញរឿងនេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី យល់ឃើញថា លោក ហ៊ុន សែន បានដកដំណែងមេយោធាចាស់ៗ និងដាក់មន្ត្រីថ្មីចូល ដើម្បីជួយឱ្យលោក ហ៊ុន ម៉ាណែត មានឥទ្ធិពលនៅក្នុងវិស័យយោធា។ ទោះជាយ៉ាងណា លោកថា លោក ហ៊ុន ម៉ាណែត នឹងមិនមានឥទ្ធិពលនោះឡើយ ព្រោះការរៀបចំទាំងនេះ ធ្វើឡើងដោយមានឪពុកលោកជាបង្អែក។
បណ្ឌិត សេង សារី៖ «បើយើងសង្កេតឱ្យច្បាស់ទៅ គឺលោក ហ៊ុន ម៉ាណែត គាត់ប្រើអំណាចរបស់ឪពុកនោះទេនៅក្នុងការពង្រឹងអំណាច ហើយខ្ញុំមើលឃើញថា ការខ្ចីអំណាចរបស់ឪពុកខ្លួនមិនអាចទទួលឥទ្ធិពលពិតប្រាកដនោះទេ ក៏ប៉ុន្តែទោះបីជាយ៉ាងណា ការបង្កើតក្ដីសង្ឃឹមនៅក្នុងការទទួលតួនាទី ដំណែងក្នុងវិស័យកងទ័ពតាមរយៈលោក ហ៊ុន ម៉ាណែត ហ្នឹង ក៏ជាកត្តាជំរុញមួយដ៏សំខាន់ដែរ ដែលធ្វើឱ្យមេទ័ពក្មេងៗបច្ចុប្បន្ននេះប្រឹងប្រែង នៅក្នុងការបង្ហាញភាពស្មោះត្រង់ទៅដល់គ្រួសារត្រកូល ហ៊ុន»។
គ្រួសារត្រកូល ហ៊ុន គឺជាគ្រួសារដែលមានឥទ្ធិពលជាងគេក្នុងប្រទេស ដោយបានគ្រប់គ្រងវិស័យសំខាន់ៗជាច្រើនរបស់ជាតិ ក្នុងនោះរួមមានទាំងវិស័យសេដ្ឋកិច្ច យោធា និងរដ្ឋាភិបាល។ ទោះជាយ៉ាងណា ការពង្រឹងអំណាចគ្រួសាររបស់លោក ហ៊ុន សែន ដើម្បីផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក មិនមែនជាភាពងាយស្រួលនោះឡើយ ព្រោះសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកតស៊ូជំនាន់ចាស់ ហាក់មិនទុកចិត្តទៅលើ លោក ហ៊ុន ម៉ាណែត នោះឡើយ។ អ្នកវិភាគនយោបាយ លើកឡើងថា លោក ហ៊ុន ម៉ាណែត នឹងមិនចែករំលែកអំណាចទៅដល់កូនចៅមន្ត្រីគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជានោះឡើយ នៅពេលលោកបានអំណាចទាំងស្រុង ។ ប្រការនេះហើយដែលធ្វើឱ្យមន្ត្រីធំៗក្នុងគណបក្សប្រជាជនកម្ពុជាខ្លះ មិនបានគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីឪពុករបស់លោកពិតប្រាកដនោះឡើយ។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងយល់ថា ដោយសារតែការប្រកួតប្រជែងដណ្ដើមអំណាចនៅក្នុងជួរបក្សប្រជាជនកម្ពុជាកំពុងតែបន្តឡើងកម្ដៅនេះហើយ ទើបបានជាលោក ហ៊ុន សែន ប្រកាសបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ហើយមិនទាន់បង្ហាញជាក់លាក់ថា លោកនឹងផ្ទេរអំណាចទាំងស្រុងឲ្យកូនប្រុសរបស់លោក នៅឆ្នាំណាពិតប្រាកដបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
CHHAIYO SANTEPHEAP soon you will see