អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ចុះ

ដោយ សេក បណ្ឌិត
2023.03.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ចុះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ មីនា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នកជំនាញ​មើល​ឃើញ​ថា ប្រជាប្រិយ​ភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ធ្លាក់ចុះ ដោយសារ​កា​រំលោភសិទ្ធិ​មនុស្ស ការ​បង្ក្រាប់​លើ​សំឡេង​ប្រឆាំង ជាពិសេស​ខកខាន​ដោះស្រាយ​កង្វល់​របស់​ពល​រដ្ឋ​ជាដើម។

ការ​សង្កេត​ឃើញ​យ៉ាង​ដូច្នេះ ពួកគាត់​ផ្អែកលើ​ជនបរទេស​មួយ​ក្រុម​ដែល​ចុះ​មក​ស្ទង់​មតិ​អំពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​រក​ឃើញ​ថា អត្រា​ស្ត្រី​គាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ច្រើន​ជាង​បុរស។

អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា លោក ហ៊ុន សែន អាច នឹង​បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត បើសិន​នៅតែ​រឹត​ត្បិត​លើ​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​នយោបាយ និង​ការ​គំរាមកំហែង បំភិតបំភ័យ​ពលរដ្ឋ​គ្រប់​រូបភាព​ដូច​នៅក្នុង​សង្គម​បច្ចុប្បន្ន។

ការសង្កេត​ឃើញ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​នារី​អន្តរជាតិ​កាលពី​ថ្ងៃទី​៧ ខែមីនា ថ្មី​នេះ បញ្ជាក់​ថា លោក​មាន​ក្រុម​អ្នកឯកទេស​មកពី​ក្រៅប្រទេស​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ការដឹកនាំ​របស់​លោក​ជា​ញឹកញាប់។

លោក ហ៊ុន សែន បង្ហើប​ពី​អាថ៌កំបាំង​ជុំវិញ​រឿង​នេះ ឱ្យ​ដឹង​ថា តាមរយៈ​លទ្ធផល​នៃ​ការស្ទង់មតិ​ចំនួន​បី​ដង​ចុងក្រោយ​នេះ គឺ​នៅ​ខែមករា ខែតុលា​ឆ្នាំ​២០២២ និង​ខែមករា ឆ្នាំ​២០២៣ បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​គាំទ្រ​លោក​កើន​ឡើង និង​ថយ​ចុះ​ទៅតាម​តំបន់ ប៉ុន្តែ​លោក​អះអាង​ថា អត្រា​ស្ត្រី​ពេញចិត្ត​លោក​ច្រើនជាង​បុរស​។

លោ​កថា​លទ្ធផល​នេះ គឺ​ជា​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក ហ៊ុន សែន៖ «ចំនួន​ចូលចិត្ត ហ៊ុន សែន អត្រា​ស្ត្រី​ខ្ពស់​ជាង​បុរស​ឆ្ងាយ អរគុណ​ស្ត្រី​ទាំងឡាយ​ដែល​បាន​គាំទ្រ អត្រា​នេះ​គឺជា​អត្រា​សន្លឹកឆ្នោត​ដែល​តែងតែ​ធ្វើឡើង ហើយ​មិនមែន​ជា​ជាតិខ្មែរ​ជា​អ្នកធ្វើ​នោះ​ទេ យើង​មាន​ក្រុម​ឯកទេស​មកពី​ក្រៅប្រទេស​មាន​ការ​ស្ទង់​…. »។

ទាក់​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែប​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ការណ៍​ដែល​អ្នក​នយោបាយ​ប្រើប្រាស់​ទិន្នន័យ​បាន​មក​ពី​ការ​ស្រាវជ្រាវ​តាម​លក្ខណៈ​បច្ចេកទេស​របស់​អ្នកជំនាញ​ត្រឹមត្រូវ គឺជា​រឿង​ល្អ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ឱ្យ​ដឹង​ថា របៀប​នៃ​ការស្រាវជ្រាវ​ទាក់ទង​ប្រជាប្រិយភាព​របស់​មេដឹកនាំ​ប្រទេស​តែង​បង្ហាញ​នូវ​ចំណុច​ចំនួន​ពីរ គឺ​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ផ្តល់​អនុសាសន៍​ជា​ចុងក្រោយ។

ប៉ុន្តែ​លោក​យល់​ថា មេដឹកនាំ​បក្ស​កាន់អំណាច​គួរ​ពិនិត្យ​មើល​លើ​គោលនយោបាយ ហើយ​ដោះស្រាយ​លើ​ចំណុច​ខ្វះខាត​ដើម្បី​កែ​លម្អ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាជាង​ប្រើ​លទ្ធផល​ស្រាវជ្រាវ​បែប​វិធីសាស្ត្រ​នោះ​ធ្វើជា​មូលដ្ឋាន​តាម​ធ្វើទុក្ខបុកម្នេញ​លើ​ដៃគូ​ប្រកួតប្រជែង ឬ​អ្នកមាន​និន្នាការ​ផ្ទុយ។

បណ្ឌិត សេង សារី៖ «បើសិន​អ្នកនយោបាយ​ប្រើ​ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​លម្អៀង​តិចតួច​ដើម្បី​ចាត់ការ​ដៃគូ​របស់​ខ្លួន គឺ​មានន័យថា រក​ឃើញ​អ្នកណា​គំរាមកំហែង ឬ​គណបក្ស​គំរាមកំហែង​ការដឹកនាំ​ហើយ​ចាត់ការ​តាម​មធ្យោបាយ​កន្លងមក​អាហ្នឹង​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​នៅក្នុង​សង្គម​របស់​កម្ពុជា ប៉ុន្តែ​បើ​អ្នកនយោបាយ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​នេះ​យក​ទៅ​ដោះស្រាយ​ជូន​ពលរដ្ឋ និង​សង្គម ខ្ញុំ​យល់ថា​ជា​រឿង​គួរ​ឱ្យ​អបអរសាទរ»។

ទាក់ទង​ទង​នឹង​ការស្ទង់មតិ​អំពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​ដែរ ឯកសារ​ការ​បែកធ្លាយ​មួយ​បាន​បង្ហាញថា ក្រុម​លោក ហ៊ុន សែន ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន បាន​ជួល​ក្រុមហ៊ុន​ស្រាវជ្រាវ​បរទេស​មួយ​ក្រុម ឲ្យ​ជួយ​ស្ទង់​មតិ​អ្នកបោះឆ្នោត​កម្ពុជា កាលពី​មុននឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុងឆ្នាំ​២០១៧។

ក្រុមហ៊ុន​បរទេស​នោះ​ជា​របស់​ប្រទេស​អ៊ីស្រាអែល ឈ្មោះ ក្រុម​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ស្ហាវីវ ឬ​ជា​ភាសា​អង់គ្លេស​ថា (Shaviv Strategy and Campaign)។

ក្រុមហ៊ុន​នេះ​រក​ឃើញ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅលើ​លោក សម រង្ស៊ី កាន់តែ​ខ្លាំង ពលរដ្ឋ​ខ្មែរ ក៏​កាន់តែ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះជាតិ និង​លោក សម រង្ស៊ី ហើយក៏​នឹង​នាំគ្នា​បោះឆ្នោត​ឱ្យ​គណបក្សប្រឆាំង​នេះ កាន់តែ​ច្រើន​ដែរ។

ទោះយ៉ាងណា អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ទោះបី​រម្លាយ​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ លោក ហ៊ុន សែន នៅតែ​បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ដដែល។

អ្នកវិភាគ​នយោបាយ ដែល​បាន​ភៀសខ្លួន​មក​នៅ​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ មើលឃើញ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជិត​៤០​ឆ្នាំ​មក​នេះ ហើយ​ពួកគេ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។

លោក​យល់​ថា បើសិន​លោក ហ៊ុន សែន មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន​ដូច​ការ​លើកឡើង​នោះ​គួរ​បើក​លំហ​ប្រជាធិបតេយ្យ ហើយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​វិញ ដោយ​មិន​ត្រូវ​យក​លទ្ធផល​ស្ទង់​មតិ​តាម​កម្ទេច​ក្រុម​ប្រឆាំង អង្គការ​សង្គម និង​សារព័ត៌មាន​ឯករាជ្យ ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក គឹម សុខ៖ «ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាដក​របស់​ប្រជាពលរដ្ឋ​ខ្មែរ លុះត្រាតែ​បើក​បរិយាកាស​នៃ​ការប្រកួតប្រជែង​នយោបាយ យ៉ាងហោចណាស់​ដូច​ការបោះឆ្នោត​កាល​ឆ្នាំ​២០១៧ ឃុំ​សង្កាត់ ទើប​ប្រជាពលរដ្ឋ​ហ៊ាន​និយាយ​រឿង​ថា ពួកគាត់​ពេញចិត្ត ហ៊ុន សែន ឬ​មិន​ពេញចិត្ត ហ៊ុន សែន ពេញចិត្ត​គណបក្ស​ប្រជាជន ឬ​ស្អប់​កម្រិត​ណា ទិន្នន័យ​បែប​នោះ ពេល​នោះ​ទើប​ឆ្លុះបញ្ចាំង​ការពិត​ភាគច្រើន​នៃ​ស្ថានភាព​ចិត្ត​របស់​ពលរដ្ឋ»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​ថា លោក​ពុំ​ដឹង​រឿង​លម្អិត​ជុំវិញ​ការជួល​ជនបរទេស​មក​ស្រាវជ្រាវ​នោះ​ទេ។

ទោះយ៉ាង​ណា​លោក​អះអាង​ថា ប្រជាប្រិយភាព​លោក ហ៊ុន សែន ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ផុលផុស ដោយសារតែ​ស្នាដៃ និង​ការ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក។

លោក សុខ ឥសាន៖ «ពាក្យ​ថា​ស្ទង់​មតិ​ហ្នឹង​គឺ​គេ​ចង់​ដឹង​អំពី​តើ​ការដឹកនាំ​របស់​គេ​ឡើង​ដល់​កម្រិត​ណា វា​មាន​ចំណុចខ្លាំង ចំណុចខ្សោយ​យ៉ាងណា​ដើម្បី​គេ​ដក​ពិសោធ​ហើយ​បំពេញ​បន្ថែម​នៅ​ចំណុច​ខ្វះខាត​កន្លែង​ណា ហើយ​គេ​ខិតខំ​ពង្រីក​ចំណុចខ្លាំង​អាហ្នឹង​វា​អ៊ីចឹង​មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ»។

អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ជួល​ក្រុមហ៊ុន​បរទេស​សិក្សា​ពី​ការដឹកនាំ​បន្ត​ទៀត​នេះ ដើម្បី​ធានា​ឱ្យ​បាន​ថា លោក ហ៊ុន សែន លែង​មាន​គូប្រកួត និង​គ្មាន​អ្នក​តាម​លង​បន្លាច​ការ​ដឹកនាំ​របស់​លោក​តទៅ​ទៀត ខណៈ​ពលរដ្ឋ​នៅតែ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ពួកគេ​យល់​ថា បើសិន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​មិន​ងាក​មក​យកចិត្ត​ទុក​ដោះស្រាយ​អំពី​ទុក្ខ​លំបាក និង​តម្រូវការ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ទេ លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នឹង​បាត់បង់​ការ​គាំទ្រ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ចុះ"

  1. Anonymous says:

    WELL …. I tell you what?????? HUN SEN ..ORS LEAK >>CHHEAM SREK SBEKHOV . the sole of so many Cambodian that was murder by this evil will come to hunt him every day