ដោយ សេក បណ្ឌិត
2023.03.15
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីគណបក្សប្រឆាំង រិះគន់ថា លោក ហ៊ុន សែន ថា គួរងាកមកដោះស្រាយបញ្ហា និងវិបត្តិនយោបាយក្នុងប្រទេសឱ្យបានល្អប្រសើរជាមុនសិន មុននឹងនិយាយពីដំណោះស្រាយជម្លោះបរទេស។ អ្នកវិភាគថា បញ្ហាជម្លោះនយោបាយនៅកម្ពុជារវាងគណបក្សប្រឆាំង និងបក្សកាន់អំណាច គឺហួសពេលដែលត្រូវស្វែងរកការចរចាគ្នាទៀតហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែឈឺឆ្អាលនឹងបញ្ហាពិភពលោក ជុំវិញជម្លោះប្រដាប់អាវុធរវាងរុស្សី (Russia) និងអ៊ុយក្រែន (Ukraine) ដោយផ្ដល់យោបល់ឱ្យប្រទេសទាំងពីរចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាមមួយនេះ។ តែបើក្រឡេកមើលស្ថានភាពនយោបាយ និងប្រជាធិបតេយ្យនៅក្នុងប្រទេសក្រោមការដឹកនាំរបស់លោកវិញ លោក ហ៊ុន សែន មិនបានលើកយកបញ្ហាទាំងនេះមកដាក់នៅលើតុចរចាស្វែងរកការរួបរួមគ្នានោះឡើយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីថា លើកមើលឃើញថា លោក ហ៊ុន សែន មិនបានដោះស្រាយបញ្ហាផ្ទៃក្នុងដោយសន្តិវិធី ដូចអ្វី ដែលលោកផ្ដល់យោបល់ឱ្យបរទេសនោះឡើយ។ លោកបន្តថា លោក ហ៊ុន សែន គួរងាកមកដោះស្រាយបញ្ហានយោបាយ និងបើកលំហប្រជាធិបតេយ្យឱ្យបានទូលាយ ដើម្បីស្វែងរកឯកភាពជាតិ និងធ្វើជាគំរូសម្រាប់បរទេស ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈចង់ចូលរួមបញ្ឈប់សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនពិតមែននោះ។
លោក ម៉ន ផល្លា៖ «សូមឱ្យលោក ហ៊ុន សែន ហ្នឹង ដោះស្រាយជម្លោះផ្ទៃក្នុងរបស់យើងឱ្យបានរួចរាល់សិន មុននឹងទៅដោះស្រាយជម្លោះខាងក្រៅដទៃផ្សេងទៀត។ ហេតុដូច្នេះ ធ្វើឱ្យឥទ្ធិពលនៃការលើកឡើងរបស់លោក ហ៊ុន សែន មិនមានន័យ មិនមានតម្លៃសម្រាប់ជាប្រយោជន៍ទៅដល់គូជម្លោះ កើតឡើងនៅខាងក្រៅនោះទេ»។
ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្លែងថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនអាចបញ្ចប់ទៅបាន លុះត្រាតែមានការចរចាដោយសន្តិវិធី មិនមែនយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះឡើយ។
ក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅថ្ងៃទី១៥ មីនា លោក ហ៊ុន សែន ថ្លែងថា ការលេចចេញនូវការប្រណាំងប្រជែងរបស់មហាអំណាចធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពិភពលោក និងការបំផ្លាញធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ។ ក្នុងន័យនេះ លោកសំដៅទៅលើសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលអូសបន្លាយជាង ១ឆ្នាំមកនេះ។ លោក ហ៊ុន សែន ថា មានតែការគោរពជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកយកបញ្ហាមកចរចាគ្នាដោយសន្តិវិធីនោះទេ ទើបជាដំណោះស្រាយមានប្រសិទ្ធភាពក្នុងការបញ្ចប់សង្គ្រាម។
លោក ហ៊ុន សែន៖ «ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ ដែលអាចចងក្រងជាប្រវត្តិសាស្ត្រ ហើយជាការពិត «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ»។
ពាក្យថា គេមិនអាចយកសង្គ្រាម មកបញ្ចប់សង្គ្រាមនេះ បានក្លាយជាមេសូត្រដ៏ពេញនិយមរបស់លោក ហ៊ុន សែន ដែលលោកបានទន្ទិញចាំមាត់តាំងពីមានការផ្ទុះសង្គ្រាមរវាង រុស្សី (Russia) និងអ៊ុយក្រែន (Ukraine) កាលពីដើមឆ្នាំ២០២២ មកម្លេះ។ លោក ហ៊ុន សែន តែងតែប្រៀបធៀបសង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន ទៅនឹងសង្គ្រាមនៅកម្ពុជា ដែលបានអូសបន្លាយតាំងពីសម័យខ្មែរក្រហមមក។ ក្នុងឱកាសនោះ លោក ហ៊ុន សែន មិនដែលភ្លេចឡើយ ក្នុងការតាំងខ្លួនលោកជាវីរបុរស ដែលបានបញ្ចប់សង្គ្រាម ឬជាស្ថាបនិកសន្តិភាព ដោយសារគោលនយោបាយឈ្នះឈ្នះរបស់លោក ដែលបានបញ្ចុះបញ្ចូលឱ្យមេខ្មែរក្រហម ដែលតស៊ូ ឱ្យទម្លាក់អាវុធចុះ ជាថ្នូរនឹងការផ្ដល់អំណាច និងតួនាទីក្នុងជួររដ្ឋាភិបាល។
ដោយឡែក មន្រ្តីបក្សប្រឆាំងមើលឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលថា គេមិនអាចយកសង្គ្រាម មកបញ្ចប់សង្គ្រាមនេះ គឺជាអំនួតនយោបាយ ដែលខុសពីការពិត។ ពួកគេលើកឡើងថា លោក ហ៊ុន សែន ដែលជាមេដឹកនាំមាត់ឆៅ ដៃដល់ ក៏ធ្លាប់បញ្ឆេះសង្គ្រាម ដើម្បីដណ្ដើមអំណាចដែរ។ ជាក់ស្ដែង គឺព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមដឹកនាំដោយសហនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ទម្លាក់សហនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីអំណាច កាលពីឆ្នាំ១៩៩៧។ ក្នុងរដ្ឋប្រហារដោយការវាយឆ្មក់ ដើម្បីដណ្ដើមអំណាច ឬសង្គ្រាមមួយចម្អិនកំពឹសនេះ បានសម្លាប់ទាហាន និងមន្ត្រីរាជានិយម ដែលស្មោះត្រង់នឹងគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យ៉ាងតិច ២០០នាក់។ ពាក់ព័ន្ធនឹងរឿងនេះ នាយកប្រតិបត្តិផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ដែលបានឃ្លាំមើលការវិវត្តន៍នូវស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា តាំងពីដើមទសវត្សឆ្នាំ១៩៩០ មកនោះថា ជាសង្គ្រាមដណ្ដើមអំណាចរបស់លោក ហ៊ុន សែន។
ទាក់ទិនរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា គាំទ្រយោបល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឱ្យចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងនេះក្ដី លោកយល់ឃើញថា បញ្ហាជម្លោះនយោបាយនៅកម្ពុជារវាងគណបក្សប្រឆាំង និងបក្សកាន់អំណាច គឺហួសពេលដែលត្រូវស្វែងរកការចរចាគ្នាទៀតហើយ បន្ទាប់ពីមានការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិកន្លងទៅ ដែលមានរយៈពេល ៥ឆ្នាំមកហើយ។
លោក ឯម សុវណ្ណារ៉ា៖ «បើយើងនិយាយទៅអ្វីៗ ទាំងអស់វាអត់ទាមទារការសម្របសម្រួល ដើម្បីបន្ថយកម្ដៅនយោបាយទេ។ វាទាមទារឱ្យតែអ្នកនយោបាយគណបក្សកាន់អំណាចហ្នឹង អនុវត្តតាមគោលការណ៍ច្បាប់ ប្រជាធិបតេយ្យពេញលេញ ទៅតាមគោលការណ៍ច្បាប់អន្តរជាតិស្ដីពីសន្ធិសញ្ញាទីក្រុងប៉ារីស តាមអ្វីដែលជារដ្ឋហត្ថលេខីចុះឱ្យសច្ចាប័ន ចុះហត្ថលេខានៅក្របខ័ណ្ឌអន្តរជាតិ»។
ការលើកឡើងពីគុណតម្លៃនៃសន្តិភាព លោក ហ៊ុន សែន ក៏ធ្លាប់យកសង្គ្រាមជាដើមទុនឃោសនានយោបាយដែរ ជាពិសេស នៅរៀងរាល់មុនការបោះឆ្នោតថ្នាក់ជាតិម្ដងៗ ដោយលោកព្រមានថា សង្គ្រាមនឹងកើតឡើង ប្រសិនបើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។ មន្រ្តីគណបក្សប្រឆាំង ចង់ឃើញលោក ហ៊ុន សែន បើកលំហសេរីភាពរបស់អ្នកនយោបាយ ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដាខាងមុខ ដោយគិតពីប្រយោជន៍ជាតិជាធំ ជាជាងប្រយោជន៍បក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
that what I used to say a childish leader crying and happy at the same time . HUN SEN words is so good but it mixing with ivy poisoning some one who have a small brain. I do not think HUN SEN can poison the liver eyes people who always want to help Cambodian . after all this evil HUN SEN is making every one so sick to see or even hearing his uneducated words .