តំណាងរាស្ត្រ​សភា​អឺរ៉ុប​ព្រមាន​ស្នើ​ដក EBA បន្ថែម​ទៀត​ពី​កម្ពុជា​បើ​ការ​បោះឆ្នោត​មិន​ស្រប​តាម​ស្តង់ដារ

ដោយ មាន ឫទ្ធិ
2023.03.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​សភា​អឺរ៉ុប​ព្រមាន​ស្នើ​ដក EBA បន្ថែម​ទៀត​ពី​កម្ពុជា​បើ​ការ​បោះឆ្នោត​មិន​ស្រប​តាម​ស្តង់ដារ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែ​មិថុនា ២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


តំណាងរាស្ត្រ​សភា​អឺរ៉ុប ជាង​៥០នាក់ ស្នើ​សេចក្តី​សម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ ប្រព្រឹត្តទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស។ ការ​ស្នើ​សេចក្តី​សម្រេច​ថ្មីនេះ ធ្វើឡើង​ក្រោយ​តុលាការ​ក្រោម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់ទោស​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ឱ្យ​ជាប់គុក ២៧ឆ្នាំ ជំនួស​ដោយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ការ​ដក​​​​ហូត​សិទ្ធិ​ធ្វើនយោបាយ​អស់​មួយ​ជីវិត។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​ស្នើ​ដោយ​ក្រុម​តំណាងរាស្ត្រ​សភា​​​​​អឺរ៉ុប​ជាង ៥០នាក់​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៥ ខែមីនា ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​សភា​អឺរ៉ុប ជជែក​ដេញដោល និង​បោះឆ្នោត​អនុម័ត​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មីនា។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ​មាន ៧ចំណុចធំៗ។ ចំណុច​សំខាន់​មួយ​នៃ​សេចក្តី​សម្រេច​នេះ គឺ​ការ​អំពាវនាវ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខ​នេះ ធ្វើឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​បន្ត​កើតមាន​ការ​រំលោភ​សិទ្ធិមនុស្ស។

ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ២០២០​មក កម្ពុជា​បាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​អឺរ៉ុប ស្មើនឹង​តម្លៃ​ទំនិញ​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១ពាន់​លាន​ដុល្លារ។ ការណ៍​នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧ និង​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ដែល​រង​នូវ​ការរិះគន់​ថា ជា​ការ​បោះឆ្នោត «ក្លែងក្លាយ» ឬ «បង្គ្រប់កិច្ច» កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ។

ប្រសិនបើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ថ្មីនេះ ត្រូវ​បាន​បោះឆ្នោត​អនុម័ត​នៅ​ល្ងាច​ថ្ងៃទី១៦ ខែមីនា នោះ​សេចក្តី​សម្រេច​ចុងក្រោយ​នេះ​នឹង​ក្លាយ​ជា​ការ​ព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទីពីរ​ក្រោយ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ កាលពី​ខែមិថុនា ឆ្នាំ២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្តី​សម្រេច​ម្តង​រួច​មក​ហើយ​ដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ EBA ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រៅពី​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​​​ទៀត​នេះ សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ​ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុវត្ត​ការ​​​​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ និង​ការ​រឹតត្បិត​ជាបន្តបន្ទាប់​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា ផង​ដែរ។

វិទ្យុអាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅថ្ងៃទី១៦ ខែ​មីនា ដោយ​ជំនួយ​ការ​លោក​ប្រាប់​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៦ ខែ​មីនា បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង ក្រោយ​តុលាការ​របស់​លោក​បាន​ចេញ​សាលក្រម​កាត់ទោស​លោក កឹម សុខា។ លោក ហ៊ុន សែន ស្តីបន្ទោស​ទូត​បរទេស​លោកខាងលិច​មួយចំនួន​ ដែល​លោកថា​ជាអ្នក​ចូលរួម​ចំណែក​«ដាក់ទោស»​លោក កឹម សុខា ដោយសារ​តែ​ពួកគេ​បាន​មាន​ជំនួបផ្ទាល់​ជាបន្តបន្ទាប់​ជាមួយ​លោក កឹម សុខា។

លោក ហ៊ុន សែន៖ «វាជា​ការ​ជ្រៀតជ្រែក​មួយ​ដែល​មាន​ចរិត​ជា​យុទ្ធនាការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ ហើយ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លើកនេះ គឺចំពេល​ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត។ អ៊ីចឹង​ទេ បាន​ជា​ខ្ញុំ​ប្រាប់​ទូត​មួយ​ថា កន្លងទៅ​នេះ ពួក​អ្នក​ឯង​ធ្វើ​សកម្មភាព​រួមចំណែក​ដាក់ទោស​មនុស្ស​ដែល​គេ​ទើបនឹង​កាត់ទោស។ អ្នកឯង​សួរសុខទុក្ខ​ចុះ សួរសុខទុក្ខ​ឡើង។ បន្តិច​ជួប​ៗ។ អាហ្នឹង​ហើយ​ស្មាន​តែ​តុលាការ​គេ​មិន​យក​ចិត្ត​ទុកដាក់​អាហ្នឹង

លោក ហ៊ុន សែន ទម្លាយ​ថា គឺ​ដោយសារតែ​រឿង​មន្ត្រី​ទូត​លោកខាងលិច​ជួប​លោក កឹម សុខា បែប​នេះ ដែល​ធ្វើ​ឱ្យ​លោក​មិន​ទុក​ចិត្ត​លើកលែង​ទោស​ឱ្យ​អ្នកណា​ទាំងអស់។

ទោះ​យ៉ាងណា លោក ហ៊ុន សែន ខ្លួនឯង​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​​​​​​​​​​​​​បញ្ជា​ក្នុង​សំណុំរឿង«ក្បត់ជាតិ» របស់​មេ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នេះ រាប់​ចាប់តាំង​ពី​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កណ្តាល​យប់ រហូតដល់​ការ​និយាយ​ក្នុង​ន័យ​ឱ្យ​តុលាការ​អូស​បន្លាយ​​សំណុំរឿង​លោក កឹម សុខា រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣។

តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី០៣ ខែមីនា បាន​កាត់ទោស​លោក កឹម សុខា អាយុ ៦៩ឆ្នាំ ឱ្យ​ជាប់គុក​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវ​រ៉ូវគ្នា​ជាមួយ​បរទេស។ ការ​កាត់ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ទោស​បន្ថែម​មួយចំនួន ដូចជា​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​កាត់ទោស ឬ​ឃុំឃាំង​ដោយសារ​តែ​រឿង​នយោបាយ ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ។ សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដដែល​ ក៏​មិន​ភ្លេច​និយាយ​យោង​ទៅដល់​ការ​កាត់ទោស​ជា​ក្រុម​ក្នុង​ពេល​តែមួយ​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ការ​កាត់ទោស​កញ្ញា សេង ធារី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ដទៃទៀត នា​រយៈពេល​កន្លង​មក​នេះ ព្រមទាំង​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ផង​ដែរ។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ដដែល ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការបោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣​នេះ នឹង​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើ​ភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ត្រូវ​មាន​តម្លាភាព និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ និង​អាច​ចូលរួម​​ក្នុង​ការបោះឆ្នោត​ខាងមុខ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តំណាងរាស្ត្រ​សភា​អឺរ៉ុប​ព្រមាន​ស្នើ​ដក EBA បន្ថែម​ទៀត​ពី​កម្ពុជា​បើ​ការ​បោះឆ្នោត​មិន​ស្រប​តាម​ស្តង់ដារ"

  1. Anonymous says:

    I honestly telling every bodies that I’m so sick to this evil face over and over please get lost you are so ugly to showing your face to the world .